ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដោយ​កុំ​ឱ្យ​បារម្ភ​ពី​ការ​គំរាម​កំហែង

រូប​ឯកសារ៖ ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី យាង​ចូល​រួម​ព្រះរាជ្យ​ពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

ព្រះ​មហាក្សត្រ​ ព្រះ​បាទ​នរោត្តម​សីហមុនីបាន​អំពាវ​នាវ​ឱ្យប្រជាពលរដ្ឋ​ខ្មែរទៅបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ ដោយកុំ​ឱ្យ​មាន​ក្តី​បារម្ភ​អំពី​ការ​គំរាម​កំហែង​អ្វី​ឡើយ។ នេះ​បើ​យោង​តាម​ព្រះ​រាជ​សារ​លិខិត​ ​ចុះ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ Freshnewsដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

បើ​តាម​ព្រះ​រាជ​សារ​លិខិត​នោះ ព្រះ​អង្គ​បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗគ្នា ដោយ​ព្រះអង្គ​បញ្ជាក់​ថា​ការ​បោះឆ្នោត​នា​ខែ​ក្រោយនេះ «គឺ​ជា​ការ​បោះ​ឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច្នេះ​សុំ​កុំ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការគំរាមកំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​ណាមួយ​ឱ្យ​សោះ»។

ព្រះ​អង្គ​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​បង​ប្អូន កូន​ក្មួយ មេត្តា​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បោះ​ឆ្នោត​ទៅ​តាម​សតិ​សម្ប​ជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ ដែល​មាន​ទំនុក​ចិត្ត​ទៅ​លើ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ»។

កាល​ពី​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​ឆ្នាំ​២០១៨ ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ ​ដោយ​សារ​អវត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នា​ខែ​ក្រោយ​នេះ គណបក្ស​ភ្លើង​ទៀន​ដែល​ជា​អតីត​គណបក្ស​សម រង្ស៊ី និង​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ ក៏​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​ក្រុម​ប្រឹក្សា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

​គួរ​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៩​លាន​នាក់ មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប)៕