ព្រះ​មហាក្សត្រ​ខ្មែរ​សុំ​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​មុន​ការប្រកាស​លទ្ធផល​ឆ្នោត

ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី ពេល​ជាង​​សម្ពោធ​​វិមាន​សន្តិភាព។​​

ព្រះ​មហាក្សត្រ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ក្នុង​ខណៈ​ពេល​ដែល​គណបក្សសង្រ្គោះ​ជាតិ​កំពុង​រៀបចំ​ផែនការ​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ ថ្ងៃ​ទី​៧​ខែ​កញ្ញា​ដើម្បី​តវ៉ា​នឹងលទ្ធផ​ល​ឆ្នោត​ជាតិ។​

នៅ​ក្នុង​ព្រះរាជសារ​មួយ​ចុះ​ថ្ងៃ​ទី​៣០​ខែ​សីហា​ ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​ បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​រងនូវ​ការ​បែក​បាក់​កន្លង​មក​ដែល​នាំ​ឱ្យ​មាន​ការ​ឈឺ​ចាប់​ឥត​គណនា ​ហើយ​ព្រះ​អង្គ​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​រង់ចាំ​ស្តាប់​លទ្ធផល​ឆ្នោត​ដែល​នឹង​ប្រកាសយ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៨​ខែ​កញ្ញា។ ​

លទ្ធផល​ការ​បោះឆ្នោត​ជាតិ​កាលពីថ្ងៃ​ទី​២៨​ខែ​កក្កដា​បង្ហាញ​ជា​បណ្តោះ​អាសន្ន​ថា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​បាន​ទទួល​អាសនៈ​នៅ​ក្នុង​សភាជាតិ។ ​

ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ​នឹង​ធ្វើ​បាតុកម្ម​អហិង្សា​មួយដើម្បី​ទាម​ទារ​យុត្តិធម៌​សម្រាប់​អ្នក​បោះឆ្នោត​ដែល​គេ​យល់​ថា ​ត្រូវបាន​គៃ​បន្លំ​ជា​ប្រព័ន្ធ។​ ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​សម រង្ស៊ី​បាន​ស្នើ​សុំ​ឱ្យមាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​កន្លង​មក​និង​បញ្ចៀស​នូវ​វិបត្តិ​នយោបាយ៕