លោក Kim Jong Un ​ព្រមាន​អំពីការ​លំបាក​​នៅ​ក្នុង​ការ​ប្រឈម​មុខ​​ជាមួយ​សហរដ្ឋអាមេរិក​រយៈ​ពេល​យូរ​អង្វែង

រូបថតបញ្ចេញដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បង្ហាញពីមេដឹកនាំលោក Kim Jong Un ចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី០៥។

នៅ​ក្នុង​អត្ថាធិប្បាយ​របស់​លោកនៅ​ទី​បញ្ចប់​នៃ​កិច្ច​ប្រជុំរបស់​គណបក្ស​ចំនួន​ ០៤​ថ្ងៃ មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ​បាន​បង្ហាញ​នូវ​គោល​ជំហរ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​សហរដ្ឋអាមេរិកសម្រាប់​រយៈពេល​យូរ​អង្វែង ហើយ​បាន​លើកឡើង​ថា ​ប្រទេស​របស់លោក​អាច​ប្រឈម​ជាមួយ​នឹងការ​លំបាកនាពេល​ខាង​មុខ។

លោក Kim ​ថ្លែង​ថា ដោយ​សារ​ការ​ប្រឈម​មុខ​ដាក់​គ្នារយៈពេល​វែង​ឆ្ងាយ​យើង​ដឹង​ថា​យើង​ត្រូវ​តែ​រស់​នៅ​ក្រោម​ការ​ដាក់​ទណ្ណកម្មរបស់​កម្លាំងបង្ក​រឿង​ហេតុទៅ​អនាគត។

លោក Kim ថែម​ទាំង​បាន​គំរាម​ចង់​បន្ត​ការ​សាក​ល្បង​កាំ​ជ្រួច​ម៉ីស៊ីល​ឆ្លង​ទ្វីបឬ ការ​សាកល្បង​នុយក្លេអ៊ែរ ហើយ​បាន​ព្រមាន​ពិភពលោក​ថា​ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ នឹង​ឃើញ​«អាវុធ​យុទ្ធ​សាស្ត្រ​ថ្មី​មួយ​‍»។

អត្ថាធិប្បាយទាំង​នេះ​បាន​នាំ​ឲ្យ​អ្នក​កាសែត​អន្តរជាតិ​ចាប់​អារម្មណ៍​ជាងគេ។ ក៏​ប៉ុន្តែសារ​ក្នុង​ស្រុក​របស់​លោក​ក៏​បានបង្ហាញ​អំពីបរាជ័យ​ ក្រោយ​ពី​លោក Kim ដែល​ព្យាយាមបង្ហាញ​ថា​ លោក​មាន​ឋានៈ​ប្រៀប​ដូច​ព្រះនោះបាន​វិល​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេរ​ ក្រោយ​កិច្ច​ប្រជុំ​កំពូលរបស់​លោក​ក្នុង​ទីក្រុង​ហាណូយ​ជាមួយ​លោក​ប្រធានាធិបតី​សរអា Donald Trump កាល​ពី​ខែ​កុម្ភះ​ឆ្នាំ​២០១៩៕