មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានផ្អាកសកម្មភាពយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនៅថ្ងៃពុធនេះ។ នេះបង្ហាញឲ្យឃើញពីការកាត់បន្ថយភាពតានតឹង បន្ទាប់ពីមានការគំរាមកំហែងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។
នៅក្នុងការប្រជុំរបស់គណៈកម្មការយោធាមជ្ឈិមរបស់គណបក្សកាន់អំណាច លោក Kim Jong Un «បានធ្វើការវាយតម្លៃលើស្ថានការណ៍ទូទៅ និងបានផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង»។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង។
គេនៅមិនទាន់ច្បាស់ទេថាតើលោក Kim Jong Un នឹងផ្អាកសកម្មភាពអ្វី ហើយថាតើករណីនេះចង់មានន័យថា កូរ៉េខាងជើងឥឡូវនេះនឹងបញ្ចប់យុទ្ធនាការបង្កជម្លោះបន្ថែមប្រឆាំងនឹងកូរ៉េខាងត្បូង ឬក៏ យ៉ាងណានោះ។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េនៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងសេអ៊ូលបានតាមដានស្ថានការណ៍ ហើយនឹងបន្តគោរពទៅតាមកិច្ចព្រមព្រៀងរវាងកូរ៉េទាំងពីរ។
កូរ៉េខាងជើងខកចិត្តនឹងកូរ៉េខាងត្បូងថាមិនបានបន្តការព្រមព្រៀងមួយចំនួនកាលពីឆ្នាំ ២០១៨ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកាត់បន្ថយភាពតានតឹងយោធា។ ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើងបានរារាំងរដ្ឋាភិបាលក្រុងសេអ៊ូលមិនឲ្យអនុវត្តបានពេញលេញនូវការព្រមព្រៀងទាំងនេះ៕