ប្រទេសកូរ៉េខាងជើងបានផ្តល់កិត្តិយសដល់សពអតីតមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុង អ៊ីល (Kim Jung Il) នៅខួបកំណើតទី៧៣ឆ្នាំរបស់លោកកាលពីថ្ងៃច័ន្ទ ដោយមានការសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលខាងនយោបាយ និងការជំទាស់របស់លោកប្រឆាំងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែក្រុមសិទ្ធិមនុស្សនៅក្រៅប្រទេសកូរ៉េខាងជើងចង់ឲ្យពិភពលោកចងចាំពីកេរដំណែលរបស់អតីតមេដឹកនាំផ្តាច់ការពីការរំលោភសិទ្ធិមនុស្ស ការធ្វើពលកម្មដោយបង្ខំ និងការបង្អត់អាហារពលរដ្ឋដ៏ច្រើន។
ការប្រារព្ធពិធីសម្រាប់អតីតមេដឹកនាំ គីម ជុង អ៊ីល បានចាប់ផ្តើមដោយមានការបាញ់កាំជ្រួចដ៏ច្រើននៅក្នុងរដ្ឋធានីព្យុងយ៉ាង។
អតីតមេដឹកនាំកូរ៉េខាងជើងបានទទួលមរណភាពដោយសារជំងឺគាំងបេះដូងកាលពីខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីគ្រប់គ្រងប្រទេសកូរ៉េខាងជើងអស់រយៈពេល១៧ឆ្នាំ។ ថ្ងៃបុណ្យកំណើតរបស់លោកបានក្លាយជាថ្ងៃឈប់សម្រាកបុណ្យជាតិដែលមានរយៈពេល៣ថ្ងៃ មានឈ្មោះថា «ពិធីបុណ្យតារារះភ្លឺចិញ្ចាច(Shining Star Festival)»។
នៅថ្ងៃពិធីដែលរួមមានការរាំរបាំក្នុងទឹកនិងការតាំងបង្ហាញរូបតាមរយៈការជិះស្គីទឹកកកនោះលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នបានគោរពវិញ្ញាណក្ខន្ធនៅឯវិមានព្រះអាទិត្យ Kumsusan ដែលរំឭកដល់ឪពុកខ្លួននិងលោក Kim Il Sung ដែលជាជីតារបស់ខ្លួន។
ពិធីនេះក៏មានការចែកម្ហូបអាហារដោយមិនគិតថ្លៃផងដែរ។
លោក Ahn Chan-il ប្រធានវិទ្យាស្ថានពិភពលោកសម្រាប់ការសិក្សាអំពីប្រទេសកូរ៉េខាងជើងនិយាយថា ថ្ងៃឈប់សម្រាកទាំងនេះមានសារៈសំខាន់ដើម្បីជំរុញភាពស្របច្បាប់របស់ក្រុមគ្រួសារត្រកូល Kim និងការបន្តកាន់អំណាច។
លោកនិយាយថា កូរ៉េខាងជើងកំពុងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវថ្ងៃឈប់សម្រាកទាំងនេះដើម្បីពង្រឹងភាពស្មោះត្រង់របស់ពលរដ្ឋខ្លួនចំពោះមេដឹកនាំរបស់គេ ដោយការផ្តល់រង្វាន់ដល់ពលរដ្ឋនៅថ្ងៃកំណើតនេះ។
នៅឯជំនួបរបស់គណបក្ស ក្រុមមន្រ្តីរដ្ឋនិងកងទ័ព មេដឹកនាំរបស់បក្សពលករកូរ៉េ បានធ្វើសុន្ទរកថាសរសើរអតីតមេដឹកនាំរបស់គេចំពោះការប្រែក្លាយប្រទេសកូរ៉េខាងជើងឲ្យក្លាយទៅជា «មហាអំណាចខាងយោធាថ្នាក់ពិភពលោកនិងបានធ្វើឲ្យកូរ៉េខាងជើងក្លាយជារដ្ឋនុយក្លេអ៊ែរដ៏ថ្លៃថ្នូរមួយដែលគ្មានប្រទេសណាមួយហ៊ានរករឿង»។
នៅទីបញ្ចប់ ការចរចាអន្តរជាតិដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានបរាជ័យក្នុងអំឡុងពេលនៃការកាន់អំណាចរបស់ គីម ជុង អ៊ីល ដែលបណ្តាលឲ្យមានការដាក់ទណ្ឌកម្មខាងការទូត និងសេដ្ឋកិច្ចយ៉ាងខ្លាំងពីប្រទេសលោកខាងលិច។
នៅក្នុងប្រទេសលោកខាងលិច អតីតមេដឹកនាំនេះបានក្លាយជាប្រធានបទនៃការចំអកនិងមាក់ងាយលើការឃោសនាផ្ទៃក្នុងរបស់កូរ៉េខាងជើង ដែលបានសរសើរអ្វីសមិទ្ធផល ដែលលោក គីម ជុង អ៊ីល អួតដូចជាថា តើលោកបានសរសេរសៀវភៅ១៥០០ក្បាលនិងល្ខោន Operas ចំនួន៣ក្នុងរយៈពេលជាង៣ឆ្នាំដោយរបៀបម៉េច ឬថា តើលោកវាយកូនហ្គោលចូល១១រន្ធក្នុងពេលតែមួយយ៉ាងដូចម្តេច នៅពេលលោកលេងកូនហ្គោលជាលើកដំបូងនោះ។
ក៏ប៉ុន្តែ លោក Phil Robertson នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សឯករាជ្យមួយឈ្មោះ Human Rights Watch និយាយថា ទាំងការលើកតម្កើងនិងការចំអកចំពោះលោក គីម ជុង អ៊ីល បានមើលរំលងកេរដំណែលនៃការជិះជាន់សង្កត់សង្កិនរបស់លោក។
«លោក គីម ជុង អ៊ីល បានគ្រប់គ្រងកូរ៉េខាងជើងដោយផ្អែកលើការរំលោភសិទ្ធិមនុស្ស។ កេរដំណែលដ៏ពិតប្រាកដរបស់លោកគឺការជិះជាន់សង្កត់សង្កិន ភាពគ្មានមេត្តាធម៌របស់លោក អាទិភាពរបស់លោកក្នុងការថែរក្សាអំណាចសំខាន់ជាងសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់លោក»។
លោក Robertson និយាយថា ខណៈកូរ៉េខាងជើងបន្តការស្ថាបនាកម្លាំងអាវុធនុយក្លេអ៊ែរនោះ អតីតមេដឹកនាំប្រទេសនេះមិនយកចិត្តទុកដាក់ការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំងក្នុងប្រទេសនៅពាក់កណ្តាលទសវត្សរ៍១៩៩០ឡើយ នៅពេលដែលជនជាតិកូរ៉េខាងជើងជិត៣លាន៥សែននាក់ត្រូវគេប៉ាន់ស្មានថា បានស្លាប់ដោយសារការអត់ឃ្លាន។
លោកRobertson និយាយបន្តទៀតថា អតីតមេដឹកនាំផ្តាច់ការនេះបានត្រួតត្រាប្រព័ន្ធឃុំឃាំងអ្នកទោសនយោបាយដ៏ធំមួយ ដែលបច្ចុប្បន្ននេះបានដាក់គុកជនជាតិកូរ៉េខាងជើងជាង១សែននាក់ ដោយប្រើប្រាស់ពួកគេឲ្យធ្វើពលកម្មដូចទាសករ ហើយធ្វើទារុណកម្មនិងសម្លាប់ពួកគេ។
ពីដំបូង គេមានសេចក្តីសង្ឃឹមលើលោក គីម ជុង អ៊ុន (Kim Jong Un) ពីព្រោះលោកបានទទួលការអប់រំនៅបរទេស ហើយអាចធ្វើការកែទម្រង់ប្រព័ន្ធជិះជាន់សង្កត់សង្កិននេះ។ ក៏ប៉ុន្តែលោក Phil Robertson បាននិយាយបន្តទៀតថា មេដឹកនាំនេះកំពុងបង្ហាញថា កូននិងឪពុកគឺដូចគ្នា។
«យើងទើបតែឃើញថា លោក គីម ជុង អ៊ុន បានបន្តគោលនយោបាយជាច្រើនរបស់ឪពុកខ្លួនគឺគោលនយោបាយរំលោភធ្វើបាប។ ហើយជាការពិតណាស់ លោក គីម ជុង អ៊ុន ត្រូវតែប្រារព្ធបុណ្យកំណើតរបស់ឪពុកខ្លួន ពីព្រោះការនេះប្រហែលជាប្រភពតែមួយគត់នៃភាពស្របច្បាប់ដែលលោកគីម ជុង អ៊ុន មាន»។
កាលពីខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិចារណាជាលើកដំបូងនូវរបាយការណ៍ស៊ើបអង្កេតរបស់គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលផ្តល់អនុសាសន៍ថា ត្រូវបញ្ជូនក្រុមមេដឹកនាំកូរ៉េខាងជើងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ខណៈដែលវិធានការនេះមិនទាន់ធ្វើនៅឡើយនោះ លោក Robertson និយាយថា ក្រុមសកម្មជនសិទ្ធិមនុស្សនឹងបន្តរិះគន់កេរដំណែលនៃការរំលោភធ្វើបាបដោយក្រុមគ្រួសារត្រកូលគីមរហូតទាល់តែប្រព័ន្ធជិះជាន់សង្កត់សង្កិននេះត្រូវរុះរើ ហើយមេដឹកនាំនៅពេលបច្ចុប្បន្ននេះត្រូវចាប់ឲ្យទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន