គណបក្សឆន្ទៈខ្មែរខកចិត្តចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ៥៥ ចំណែកគណបក្សឆន្ទៈខ្មែរទទួលបាន ៣ អាសនៈ ក្នុងចំណោមអាសនៈចំនួន ៦២។
ក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ត្រូវបានបិទបញ្ចប់ គ.ជ.ប បានបង្ហាញលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះថា ក្រៅពីអាសនៈដែលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោក ហ៊ុន សែន និងគណបក្សឆន្ទៈខ្មែរទទួលបាន អាសនៈចំនួន ៤ ទៀត នឹងត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ និងរដ្ឋសភា។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកសោកស្តាយដែលលទ្ធផលបឋមនៃការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នេះ មិនដូចទៅនឹងការរំពឹងទុក។ ទោះយ៉ាងណាលោកថា លទ្ធផលនេះជាជំហានថ្មីមួយដើម្បីកសាងឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនិងសេរីពហុបក្ស។
លោកថ្លែងថា៖ «ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះ យើងគិតថា យ៉ាងហោចណាស់ យើងបានកសាងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់ជាតិនៅអង្គនីតិបញ្ញត្តិ ជាពិសេសស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ជាតិហ្នឹង ដែលកន្លងមកគ្រប់គ្រងដោយឯកបក្ស។ ដូច្នេះនៅអាណត្តិខាងមុខនេះ យ៉ាងហោចណាស់ យើងមានតំណាងរបស់យើងពីគណបក្សក្រៅរដ្ឋាភិបាល ចូលទៅស្ថាប័នកំពូលនេះចំនួន ៣ នាក់ដែរ ដែលជាការកសាងឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលយើងបាត់បង់កន្លងទៅ»។
លោក គង់ មុនីកា ថ្លែងបន្ថែមដោយជឿជាក់ថា តំណាងទាំង ៣ នាក់ដែលទទួលបានការគាំទ្រពីអង្គបោះឆ្នោតនាពេលនេះ នឹងបន្តតស៊ូមតិជាមួយគណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពល្អប្រសើរ។
លោកបន្ថែមថា៖ «ហើយយើងជឿជាក់ថា យើងនៅតែអាចធ្វើការតស៊ូមតិ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលកំពុងតែជួបប្រទះការលំបាក។ ហើយដូចដែលបានជម្រាបជូនថា គោលនយោបាយសំខាន់របស់គណបក្សឆន្ទៈខ្មែរ គឺផ្តោតទៅលើវិស័យសេដ្ឋកិច្ច ដូច្នេះហើយយើងនឹងផ្តោតទៅលើការលើកកម្ពស់ជីវភាព និងការកាត់បន្ថយនូវបន្ទុកទាំងឡាយ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ»។
នៅមុនការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នេះ គណបក្សប្រឆាំងដ៏ធំក្នុងស្រុក គឺគណបក្សភ្លើងទៀនដែលមានអង្គបោះឆ្នោតជាង ២.០០០នាក់ មិនអាចចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន ដោយសារមិនមានឯកសារដើមដែលតម្រូវដោយ គ.ជ.ប សម្រាប់ចុះឈ្មោះ។ ក្រោយមកគណបក្សភ្លើងទៀនក៏សម្រេចចងសម្ព័ន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន និងបានសម្រេចយកគណបក្សឆន្ទៈខ្មែរធ្វើជាតំណាងសម្រាប់ចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅនីតិកាលទី ៥ នេះ ដោយបានរំពឹងថា អាចទទួលបានអសនៈព្រឹទ្ធសភាយ៉ាងតិច៨។
ក្រោយលទ្ធផលមិនដូចការរំពឹងទុក អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សភ្លើងទៀននឹងពង្រឹងស្មារតី និងគោលជំហររបស់អង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនបន្ថែមទៀត។
បើតាម លោក លី សុធារ៉ាយុត្តិ ការបោះឆ្នោតនាថ្ងៃអាទិត្យ គឺអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន ប្រមាណ ៣០% មិនបានបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ដោយទៅបោះឆ្នោតឱ្យគណបក្សផ្សេង។
លោកប្រាប់វីអូអេថា៖ «ការបោះឆ្នោតនាពេលអនាគត យើង[ជា]គណបក្សភ្លើងទៀនមានពេលគ្រប់គ្រាន់សម្រាប់ការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធរបស់គណបក្សភ្លើងទៀនទូទាំងប្រទេស ជាពិសេសគឺការពង្រឹងស្មារតី និងគោលជំហររបស់អង្គបោះ ឆ្នោតរបស់យើងទាំង ២.១៨៩រូប នៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យគាត់នៅតែមានភក្តីភាព និងភាពស្មោះត្រង់ជាមួយគណបក្ស ហើយបោះឆ្នោតជូនបេក្ខជនរបស់យើងក្នុងការបោះឆ្នោតនាពេលខាងមុខ»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា គណបក្សប្រជាជនកម្ពុជាសាទរចំពោះលទ្ធផលដែលទទួលបាន ៥៥ អាសនៈនេះ។ លោកថា គណបក្សប្រជាជនកម្ពុជានឹងអនុវត្តតាមគោលការណ៍ច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។
លោកប្រាប់វីអូអេថា៖ «គណបក្សប្រជាជន ក្នុងនាមជាគណបក្សសំឡេងច្រើនលើសលុបនេះ គឺថាធ្វើការតាមគោលការណ៍ដែលមានទម្ងន់ក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា អត់មានសហការជាមួយគណបក្សសំឡេងភាគតិចទេ មានតែភាគតិចទេដែលសម្របសម្រួលជាមួយគណបក្សសំឡេងភាគច្រើន»។
ទាក់ទងតំណែងប្រធានព្រឹទ្ធសភាសម្រាប់អាណត្តិទី ៥ នេះ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រកាសជាសាធារណៈនៅមុនពេលលោកចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាថា លោកនឹងទៅធ្វើជាប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ ដែលគណបក្សរបស់លោករំពឹងថា ឈ្នះអាសនៈច្រើនលើសលប់ ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា តែងធ្វើឡើងរៀងរាល់ ៦ ឆ្នាំម្តង សម្រាប់មួយអាណត្តិ។ ក្នុងអាណត្តិទី៤នៃព្រឹទ្ធសភា លោក សាយ ឈុំ ជាប្រធាន បានដឹកនាំសមាជិកមកពីគណបក្សប្រជាជនកម្ពុជាទាំងស្រុង ដោយសារគ្រានោះតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ កាលអំឡុងឆ្នាំ ២០១៧។
លោក មាស នី អ្នកវិភាគនយោបាយ លើកឡើងថា សំឡេងរបស់គណបក្សប្រឆាំងក្នុងព្រឹទ្ធសភា មិនមានឥទ្ធិពលអ្វីក្នុងព្រឹទ្ធសភានោះទេ។ លោកបន្តថា រាល់ការលើកយកបញ្ហារបស់ប្រជាពលរដ្ឋទៅជជែកក្នុងព្រឹទ្ធសភា ក៏អាស្រ័យលើការយកចិត្តទុកដាក់របស់គណបក្សកាន់អំណាច និងការឱ្យតម្លៃរបស់គណបក្សកាន់អំណាចទៅលើសមាសភាពគណបក្សក្រៅរដ្ឋាភិបាល។
លោកថា៖ «ទោះបីជាសំឡេងក្រៅពីគណបក្សកាន់អំណាច ខំនិយាយប៉ុណ្ណា ក៏វាអាចមិនមានឥទ្ធិពលអ្វីទៅលើការផ្លាស់ប្តូរជាដុំកំភួន ទៅលើការមើលឃើញ និងការយល់ឃើញរបស់គណបក្សកាន់អំណាចបានទេ។ នេះបើយើងមើលទៅលើបទពិសោធន៍នៃដំណើរការនយោបាយកន្លងមកក្នុងប្រទេសយើង»។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ គឺស្ទើតែ ១០០% ដោយខកខានតែ ១៧ នាក់ ក្នុងចំណោមអង្គបោះឆ្នោតសរុប ១១,៧៤៧នាក់។ គ.ជ.ប ថា លទ្ធផលផ្លូវការ នឹងប្រកាសនៅថ្ងៃទី ២ ខែមេសា ក្រោយដោះស្រាយពាក្យបណ្តឹងរួចរាល់៕