ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ធ្វើសន្និសីទព័ត៌មានអំពីការជ្រើសរើសគ្រូអប់រំកាយ និងកីឡា នៅក្នុងសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ធ្វើសន្និសីទព័ត៌មានអំពីការជ្រើសរើសគ្រូអប់រំកាយ និងកីឡា នៅក្នុងសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃសុក្រ ទី ២៦ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

សមាជិក​សភា​ចំនួន ​១២០ រូប ​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​តែង​តាំងលោក​ ហ៊ុន ម៉ា​នី​ ​ជា​ឧបនាយក​រដ្ឋ​មន្រ្តី ​នៅក្នុងសម័យ​ប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ​ នីតិ​កាល​ទី​ ៧ នា​ថ្ងៃពុធ​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អគ្គ​លេ​ខា​ធិ​ការដ្ឋាន​រដ្ឋ​សភា។

លោក ហ៊ុន ម៉ានី​ ជាកូន​ប្រុស​ពៅ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន សែន ​និង​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​មុខងារ​សាធារណៈ​ មុនពេល​លោក​ក្លាយ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ទី ១១ នៅក្នុង​រដ្ឋាភិបាល​អណត្តិ​ទី ៧ ​ក្រោមការ​ដឹកនាំ​ដោយ​បង​ប្រុស​របស់​លោក​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត​។

យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អគ្គ​លេ​ខា​ធិ​ការដ្ឋាន​រដ្ឋ​សភា​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ​២១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤​ នេះ​ បន្ថែម​លើការ​តែងតាំង​លោក​ ហ៊ុន ម៉ានី ​សភា​ក៏បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើការ​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ពីររូប​ទៀតគឺ​លោក ​ស្រ៊ី ថាមរុង្គ និង​លោក ​ប៉ែន វិបុល ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស។

លោក​ ហ៊ុន ម៉ានី​ បាន​បញ្ចប់​បរិញ្ញា​បត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យា​ល័យ​ Hofstra ទីក្រុង​ Long Island ​ពី​ឆ្នាំ​ ២០០២-២០០៦។ ហើយ​ពី​ឆ្នាំ​ ២០០៦-២០០៨​ លោក​បាន​បញ្ចប់​សញ្ញា​បត្រ​អនុ​បណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យមែលប៊ឺន ​Melbourne ​ប្រទេស​អូស្ត្រាលី។​ នេះ​បើ​តាម​សៀវ​ភៅ​មាន​ចំណង​ជើង​ថា៖ ​«បង​ប្អូន​ប្រុស​ទាំង ៣៖ ​ឈាម​ថ្មី​ក្នុង​ចំណោម​អ្នក​បន្តវេន» ​សរសេរ​ដោយរដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ ឆាយ សុផល។​

បើ​តាម​សៀវភៅ​ដដែល​ ក្នុង​ឆ្នាំ​ ២០០៩-២០១០ ​បន្ទាប់​ពី​បំពេញ​ការងារ​ជា​ជំនួយ​ការ​ផ្ទាល់​របស់​ឪពុក​ លោក​ ហ៊ុន ម៉ានី ​បាន​ទៅ​រៀន​បន្ត​នៅ​សាកល​វិទ្យាល័យ​ការពារជាតិ ​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន ​ហើយ​ទទួល​បាន​សញ្ញា​បត្រ​អនុ​បណ្ឌិត​ផ្នែក​សន្តិសុខ​ជា​យុទ្ធ​សាស្រ្ត​ផ្តោត​លើ​ការ​ប្រឆាំង​ភេរវ​កម្ម។​

ក្រៅពី​តួនាទី​ក្នុង​រដ្ឋាភិបាល​ លោក​ ហ៊ុន ម៉ានី ​ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដែល​បាន​ផ្ដល់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ច្រើន​ជាង​អង្គការ​ស្ថាប័ន​ និង​គណបក្ស​នយោបាយ ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៧ ​មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG