យុវជន គ្រុយ វណ្ណា បង្កើត​ក្តារ​ចុច​អក្សរ​ខ្មែរ​ថ្មី​សម្រាប់​ទូរស័ព្ទ Smart Phone

  • អ៊ឹម សុធារិទ្ធ

គ្រុយ វណ្ណា អ្នក​បង្កើត​ក្តារ​ចុច​អក្សរ​ខ្មែរ​ថ្មី​សម្រាប់​ទូរស័ព្ទ Smart Phone។ (រូបថត​ផ្តល់​ឲ្យ​ដោយ​គ្រុយ វណ្ណា)

ក្តារចុច​ឆ្លាតវៃ​ ឬ ​Smart Keyboard ​ដែល​អ្នក​ប្រើ​អាច​វាយ​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទ​បាន​លឿន​ជាង​មុន ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវជន​គ្រុយ វណ្ណា​ នាពេលថ្មីៗ​នេះ។ ​ លោក​គ្រុយ វណ្ណា ​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា ​លោកឆ្លៀត​ឱកាស​ដែល​ IOS 8​ថ្មី ​របស់ក្រុមហ៊ុន ​Apple ​អនុញ្ញាត​អ្នក​ប្រើអាចសរសេរ​ក្តារ​ចុច​បញ្ចូល​ដោយ​មិន​ចាំ​បាច់ ​Jailbreak ​នោះ​ លោក​បាន​បង្កើត​ក្តារ​ចុច​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ខ្ចី​ពី​ថៃ​ទៀត​ទេ។​ (ចុច​ទាញ​យក​ត្រ់ង​នេះ)

«Version 7 ​ទាល់​តែ​យើង​Jailbreak និង​ខ្ចី​ keyboard ​ពី​ថៃយក​មក​ដាក់​ដើម្បី​ដូរ​ទៅជា​ខ្មែរ។ ​អញ្ចឹង​ យើង​ចង់​ធ្វើ​ ​Keyboard ​មួយ​ ដែល​ធ្វើ​ដោយ​ខ្មែរ។ ​មួយ​ទៀត​ខ្ញុំផ្តោត​លើ​ល្បឿន​នៃ​ការ​ចុច​គឺ​ធ្វើ​ឲ្យ​វាលឿន​ជាង​មុន​ទ្វេ​ដង»។​

យុវជន​គ្រុយ វណ្ណា​បាន​ប្រាប់​វីអូអេ​ថា ​ក្តារ​ចុច​ឆ្លាត​វៃ​ថ្មី​ខុស​ពី​មុន​ដោយ​សារ​ អ្នក​ប្រើ​មិន​ចាំ​បាច់​ប្រើ​ Shift​ ដើម្បី​ប្តូរ​អក្សរ។​

«រាល់ ​ដង​ បើ​យើង​ចង់​បាន​អក្សរ​«ទ» ​យើង​ត្រូវ​ចុច ​Shift ​ហើយ​ចុច​អក្សរ «ត»។ ​ប៉ុន្តែ​ក្តារ​ចុច​ថ្មី​នេះ ​យើង​គ្រាន់​តែ​ចុច ​«ត»​ ហើយ​ទាញ​ចុះ​ក្រោមទៅ​ ចេញ​«ទ»​ហើយ។ ​ដូច្នេះ​ យើង​ចំណេញ​ពេល​បាន​ច្រើន»។​

យុវជន ​គ្រុយ វណ្ណា​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា ​លោក​បាន​ទទួល​ចំណេះ​ដឹង​ទាំង​នេះ​មក​ពី​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ជា​ទី​ដែល​លោក​បាន​ទទួ​លបរិញ្ញាប័ត្រ​នៅ​ឆ្នាំ​២០០៧ ​ហើយលោក​បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​សាកល​វិទ្យាល័យ ​វ៉ាសេដា ​នៃ​ប្រទេស​ជប៉ុន។ ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ លោក​បាន​ចូលធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ​មួយ​នៅប្រទេស​ជប៉ុន​រយៈ​ពេល​បីឆ្នាំ ​មុន​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ។​

«ការ​ធ្វើការ​នៅ​ក្រុម​ហ៊ុន​សរសេរ​កម្ម​វិធីនៅ​ប្រទេស​ជប៉ុន​រយៈពេល​បី​ឆ្នាំ​ ខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន។ ​អញ្ចឹង​ខ្ញុំ​យក​បទ​ពិសោធន៍ហ្នឹង​មក​ស្រុក​ខ្មែរ​ ដើម្បី​បង្កើត​ក្រុម​ហ៊ុន​មួយ​ផ្តោត​លើ​IT។​ ក្រុមហ៊ុន​នេះ​នឹង​ប្រើ​បច្ចេក​វិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ដែល​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ»។​

យុវជន​គ្រុយ វណ្ណា​ប្រាប់​វីអូអេ​ថា ​សម្រាប់​កម្ពុជា ​ផ្នែក​បច្ចេក​វិទ្យា​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង​នៅ​ឡើយ ​តែ​លោក​សង្កេត​ឃើញ​ថា ​មាន​យុវជន​ខ្មែរ​ជាច្រើន​ចាប់​អារម្មណ៍​លើ​វិស័យ​នេះ។ ​ប៉ុន្តែ​កម្ពុជា​ត្រូវ​ការ​អ្នក​ជួយ​ចែក​រំលែក​ចំណេះ​ដឹង​ និង​ផ្តល់​ប្រឹក្សា​ដល់​ពួក​គេ​អំពី​អនាគត​នៃ​បច្ចេក​វិទ្យា។​

«ខ្ញុំ​គិត​ថា ​ប្រទេស​ខ្មែរ​យើង​ ថ្ងៃ​ក្រោយ​នឹង​មាន​អ្នក​មាន​ចំណេះ​ដឹង​ខាង​ផ្នែក​បច្ចេក​វិទ្យា​ច្រើន»។​

តាម​រយៈវីអូអេ ​យុវជន​គ្រុយ វណ្ណា​បាន​ផ្តាំ​ផ្ញើ​ថា ​បើ​យុវជន​នានាចង់​ដឹង​បន្ថែម​អំពី​បច្ចេក​វិទ្យា ​ពួក​គេ​អាច​ទាក់​ទង​នឹង​លោក​បាន​នៅ​ផ្ទះ​លេខ​២៩៦ ​ផ្លូវ​ ២៧១ ​សង្កាត់​ទួល​ទំពូង​២ ​ខណ្ឌ​ចម្ការមន ​រាជធានី​ភ្នំពេញ៕