តុលាការ​ខ្មែរ​ក្រហម កំណត់​ពេល​បិទ​ការ​ជជែក​ដេញ​ដោល​ក្នុង​រឿង​ក្តី​ដ៏​សំខាន់

  • Robert Carmichael

នួន ជា (ឆ្វេង) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បង​ធំ​ទីពីរ ជាជនជាប់ចោទម្នាក់ក្នុងចំណោម​ជន​​ជាប់​ចោទ​ចាស់​ជរា​២​នាក់ ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​ ទី១៦ ខែតុលា ឆ្នាំ២០១៣​នេះ។

ភ្នំពេញ៖ តុលាការ​ឧក្រិដ្ឋកម្មសង្គ្រាម​ដែល​ជួយ​ឧបត្ថម្ភ​ដោយ​អង្គការ​សហ​ប្រជាជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្រោង​ចាប់​ផ្តើម​បើក​សវនា​ការ​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​លើ​សំណុំ​រឿង ​០០២​ វគ្គមួយ​នៅ​ថ្ងៃ​ពុធ​នេះ ប្រឆាំងលើ​ពួក​មេដឹកនាំ​ចលនា​ខ្មែរ​ក្រហម​ដែល​នៅ​រស់។ ចលនា​នេះ ត្រូវ​គេ​ស្តី​បន្ទោស​ថា ​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​១លាន​៧​សែន​នាក់​ស្លាប់ នៅ​ពេល​ដែល​ខ្លួន​ដឹក​នាំ​ប្រទេស​រវាង​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

ជន​ជាប់​ចោទ​ចាស់​ជរា​២​នាក់ ត្រូវ​គេ​រំពឹង​ថា​ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ គ្រា​ដែល​តុលាការខ្មែរ​ក្រហម​ចាប់​ផ្តើមបើក​សវនា​ការ​ធ្វើ​សេចក្តី​សន្និ​ដ្ឋាន​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល​លើ​ការ​កាត់ទោស​ទី​មួយ​នៃ​ការ​កាត់​ទោសយ៉ាងតិច​២ ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ។

សវនាការ​ដែល​គេគ្រោង​ធ្វើ​ចំនួន​២​សប្តាហ៍​ខាង​មុខ​នេះ ជាឱកាស​ចុង​ក្រោយ​សម្រាប់​ឲ្យ​ក្រុម​មេធាវី​របស់​ចុង​ចោទ ព្រះរាជ​អាជ្ញា និង ក្រុមមេធាវីតំណាង​ឲ្យ​ជន​រង​គ្រោះ​រាប់​ពាន់​នាក់ ថ្លែង​ទៅ​កាន់​តុលាការ។

អ្នកនាំ​ពាក្យ​សាលាក្តី​ លោក​ Lars Olsen ថ្លែង​ថា សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ ជា​ព្រឹត្តិការណ៍​សំខាន់​មួយ។

«សវនាការ​នេះ​មាន​សេចក្តី​ថា​ជន​រង​គ្រោះ​ដែល​បាន​ទន្ទឹង​រង់​ចាំ​អស់​ពេល​ជាង​៣៨​ឆ្នាំ​មក​ហើយ​នោះ និង​ឃើញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ យ៉ាង​ហោច​ណាស់​ក៏នូវ​ការ​សម្រេច​របស់​តុលាការ ប្រឆាំង​លើមនុស្ស​២​នាក់​ដែល​ត្រូវ​បាន​ចោទ​ថា​បាន​ចូលរួម​នៅ​ក្នុង​របប​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​យ៉ាង​ធំ​ធេង​មួយ​ប្រឆាំង​លើ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ដូច្នេះ​សវនាការ​នេះ​ ប្រាកដ​ជាព្រឹត្តិការណ៍​សំខាន់​មួយ ហើយ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅរក​ការ​ស្ងប់​ចិត្ត​សម្រាប់​ជន​រង​គ្រោះ»។

ករណី​០០២​នេះ​បាន​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​២០១១​ ដោយ​មាន​ជន​ជាប់​ចោទ​ចាស់​ជរា​៤​នាក់។ ក៏​ប៉ុន្តែ​កាល​ពី​ឆ្នាំ​ទៅ អតីត​រដ្ឋ​មន្ត្រីសង្គមកិច្ច​ អៀង ធីរិទ្ធ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជម្ងឺ​វង្វេង​ស្មារតី ហេតុ​ដូច្នេះ​មិន​អាច​ឲ្យ​តុលាការ​កាត់​ក្តី។ នៅ​ខែ​មិនា ប្តី​របស់​លោកស្រី គឺ​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ អៀង​ សារី បាន​ស្លាប់​ដោយសារ​ជម្ងឺ​បេះ​ដូង។
ដូច្នេះនៅ​សល់​តែ នួន ជា ដែល​ត្រូវ​ជា​បង​ធំ​ទី​២​ក្រោម​ ប៉ុល​ ពត​ និង ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ នៃ​របប​ខ្មែរ​ក្រហម ដែល​កាន់​កាប់​ប្រទេស​កម្ពុជារវាង​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩។

វ័យ​ចំណាស់​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ ​និងភាព​ស្មុគស្មាញ​នៃបទ​ចោទ ​បាន​នាំ​ឲ្យ​ចៅ​ក្រមបែង​ចែកសំណុំ​រឿងប្រឆាំង​នឹង​ពួក​គេ ឲ្យ​ទៅ​ជា​ការ​កាត់​ទោសដាច់​ដោយ​ឡែក​ពីគ្នាផ្សេងៗ។ នេះ​ជាការ​កាត់​ទោស​ទីមួយ​ ដែល​សាលា​ក្តីខ្មែរ​ក្រហម នឹង​ចាប់​ផ្តើម​បញ្ចប់​នៅ​សប្តាហ៍​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្វី​ដែល​នាំ​ឲ្យ​មាន​រឿង​ចម្រូង​ចម្រាស់ នៅ​ក្នុង​រឿង​ក្តី​ទី​មួយ​នេះ គឺការ​មិន​បាន​និយាយ​អំពី​ឧក្រិដ្ឋកម្មដែល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ភាគច្រើន គឺស្ថានភាព​ប្រៀប​ដូច​ទាសករ នៅ​ក្រោម​របបខ្មែរ​ក្រហម​ដែលប្រើ​មនុស្ស​ឲ្យ​លើក​ទំនប់ និង​ធ្វើ​ស្រែ​ចម្ការ ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ការ​បង្អត់​អាហារ​នោះ។

ផ្ទុយ​ទៅ​វិញករណី​ទីមួយ​នេះ​ផ្តោត​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ដែល​ពាក់​ព័ន្ធ​ជាមួយ​ការ​ជម្លៀស​មនុស្ស​ដោយ​បង្ខំ​ទៅវិញ។

បទចោទ​ទីមួយ​ផ្តោត​ទៅលើពេល​វេលា​ប៉ុន្មាន​សប្តាហ៍​ដំបូង​ក្រោយ​ពី​ពួក​ខ្មែរ​ក្រហម ឡើង​កាន់​អំណាច​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ នៅ​ពេល​ដែលមនុស្ស​ជាង​២​លាន​នាក់ ​នៅ​តាម​បណ្តា​ទីក្រុង​ ត្រូវ​បញ្ជា​ឲ្យចាក​ចេញ​ពី​ទីក្រុង ទៅ​រស់​នៅ​ដូច​ទាសករ​នៅ​តំបន់​ជន​បទ។ បទចោទ​ទី២ ផ្តោត​ទៅលើ​រយៈ​ពេល​២​ឆ្នាំក្រោយ​មក​ ​នៅ​ពេល​ដែល​មនុស្ស​រាប់​សែន​នាក់​ត្រូវ​បង្ខំ​ឲ្យ​ផ្លាស់ប្តូរ​ទីលំនៅ ទូទាំង​ប្រទេស។ ផ្នែក​ទី​៣នៃ​ការ​កាត់​ទោស​ជា​ផ្នែកតូចៗ​នេះ ពិនិត្យ​មើល ការ​សម្លាប់​យ៉ាង​រង្គាល​លើ​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរដែល​ចាញ់​សង្គ្រាម​នៅ​ឆ្នាំ​១៩៧៥។

លោក ​ឡុង បញ្ញាវុធ​ ជាមន្ត្រី​រៀប​ចំ​កម្មវិធី​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ ដែល​ជាអង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ឃ្លាំ​មើលដំណើការកាត់ទោសខ្មែរក្រហម​។ លោក​ថ្លែង​ថាការ​កាត់​ទោស​នេះ​ជា​ជំហានសំខាន់​មួយ ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រកទី​បញ្ចប់​នៃ​និទណ្ឌភាព​នៅក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​លោក​សោក​ស្តាយដែលការ​កាត់​ទោស​ជា​ផ្នែកតូចៗ​ទី​មួយ​នេះ ​មាន​កម្រិត​ពេក។

«ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មាន​ការ​បារម្ហខ្លាំង​ពេកអំពីថាតើសាល​ក្រមនិង​ចេញ​ទាន់​ពេលដែល​ជន​ជាប់​ចោទ​និង​ជន​រង​គ្រោះ​ខ្លះ​នៅ​រស់​ឬទេ ​ហើយ​ទី​២ ថា​តើសាលាក្តី​ខ្មែរ​ក្រហម ​និង​ព្យាយាម​កាត់​ទោសបទ​ចោទ​ទាំងអស់​ ស្រប​តាមការ​ចោទ​ប្រកាន់ទាំង​អស់ដែរ​ឬ​ទេ?»

ការ​កាត់​ក្តីទី​២​នេះ ពាក់​ព័ន្ធ​និងបទ​ចោទ​ប្រល័យ​ពូជសាសន៍ ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ធានា​រ៉ាប់​រង​ថារឿង​ក្តី​នេះ​ឆ្លើយ​តប​ចំពោះ​ការ​ឈឺ​ចាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ឲ្យ​បាន​ច្រើន​ជាង​មុន។ ប៉ុន្តែ​សាលាក្តី​ខ្មែរ​ក្រហមនៅ​មិន​ទាន់​និយាយ​ថា​តើ​ការ​កាត់​ក្តីផ្នែក​ទី​២​នឹង​ចាប់​ផ្តើម​នៅ​ពេលណា​ទេ។ មាន​ការ​ភ័យ​ខ្លា​ច​ជន​ជាប់​ចោទ​ដែល​នៅ​សេសសល់​ម្នាក់ ឬ​ទាំង​២​នាក់ អាច​ឈឺ​ឬ​ស្លាប់ ​ដែល​នាំ​ឲ្យ​ពួកគេ​គេច​ផុត​ពី​ការកាត់​ទោស​នេះ។

នៅក្នុង​ការ​កាត់​ក្តី​ជា​ផ្នែក​ទី​មួយនោះ ​ជនជាប់​ចោទ​ទាំង​ពីរ ​បាន​បដិសេធ​បទ​ចោទ​ប្រឆាំង​នឹង​ពួក​គេ។ នៅគ្រាមួយ​ក្នុង​ឆ្នាំ​នេះ​ នួន ជា​ និង ​ខៀវ សំផន បាន​សូមទោសជន​រងគ្រោះ ហើយ​បាន​ទទួល​ការ​ខុស​ត្រូវ​ខ្លះ​ចំពោះឧក្រិដ្ឋកម្មនៃ​របប​របស់​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ពួកគេបាន​និយាយ​ថា ពួកគេ​ខ្វះ​អំណាច​ពិត​ប្រាកដ ដូច្នេះ​មិន​បាន​ដឹង​អំពី​ការ​ឈឺ​ចាប់​របស់​ប្រជា​ពលរដ្ឋ​ទេ។

លោក ឆាំង​ យុ ជា​ប្រធាន​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ដែល​ជាអង្គការ​ស្រាវជ្រាវ​នាំ​មុខ ក្នុងឧក្រិដ្ឋកម្មក្នុង​ជំនាន់​នោះ។ លោក​ថ្លែង​ថា​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា ការ​ដែលជន​ជាប់​ចោទ​ត្រូវ​ចាប់​ខ្លួន ហើយ​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការតុលាការ​នេះ មាន​សារៈ​សំខាន់​ជាង​ការ​សុំ​ទោស​របស់​ពួកគេ​ទៅទៀត។

«ហើយ​យើង​ដឹង​ថា​ពួកគេ​នឹង​មិន​ត្រូវ​ដោះលែងវិញ​ទេ ក្នុងមួយ​ជីវិត​របស់​ពួកគេ វៀលែង​តែ​ពួកគេ​ស្លាប់​ដូច​ អៀង សារី ។ ហើយ​បើ​សិន​ជា​ពួកគេ​ស្លាប់​ក្នុង​ពន្ធនាគារ​ក៏​ដោយ ខ្ញុំ​ចង់​និយាយ​ថា ចំពោះ​ពលរដ្ឋ​កម្ពុជា ពួកគេ​ត្រូវ​បណ្តាសា​ដោយសារ​កម្មពារ​របស់​ពួកគេ។ មនុស្ស​ស្វែង​រកការ​រំពឹង​ទុកក្នុង​សង្គម ហើយ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​នឹងបញ្ជាក់​ថា ទោះ​ជា​មិន​មាន​យុត្តិធម៌ឲ្យ​បាន​ពេញ​លេញ​ក្នុង​ច្បាប់​ក៏​ដោយ ក៏សម្រាប់​សាធារណជន អ្នក​ទាំង​នេះ​ជា​ជន​ជាប់​ទោស​ហើយ»។

នៅ​ក្នុង​ការ​កាត់​ក្តី​ចំនួន​២១២​ថ្ងៃ​ ជនជាប់​ចោទ បាន​បដិសេធ​មិន​ឆ្លើយ​និង​សំណួរ​ដែល​ពាក់​ព័ន្ធ​នឹង​តួ​នាទី​របស់​ខ្លួនទេ។ អ្នក​នាំ​ពាក្យ​សាលាក្តី Lars Olsen ថ្លែង​ថា ទោះ​ជាសាធារណជនចង់​ស្តាប់​ជន​ជាប់​ចោទ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ក្តី ក៏​ពួក​ជន​ជាប់​ចោទ​មាន​សិទ្ធិ​មិន​និយាយ​ស្តី​ដែរ។

«ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​យើងបាន​ទទួល​សញ្ញា​ថា​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ នឹង​ឡើង​និយាយ ក្នុង​អម្លុង​សវនា​ការ​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល ​ដើម្បី​យ៉ាង​ហោច​ណាស់​ក៏ផ្តល់​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​តាម​ការ​យល់​ឃើញ​របស់​ពួកគាត់ដែរ ។ ដូច្នេះយើង​សង្ឃឹម​ថានេះ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ សម្រាប់ជន​រងគ្រោះ និង អ្នក​សង្កេត​ការណ៍​ឯ​ទៀត ​ដែល​ចាំ​ស្តាប់»។

សវនា​ការ​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញ​ដោល គ្រោង​នឹង​ធ្វើរហូត​ដល់​ចុង​ខែតុលា។ គេ​រំពឹងថា​ក្រុម​ចៅក្រម​និង​ចេញ​សាល​ក្រម​របស់​ពួកគេ ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

ប្រែ​សម្រួល​ដោយ​ ប៉ូច រាសី