កម្មវិធីវិទ្យុប្រចាំសប្តាហ៍របស់សាលាក្តីកាត់ទោសខ្មែរក្រហមបានធ្វើការផ្សាយសាជាថ្មីឡើងវិញហើយកាលពីថ្ងៃទី១០ ខែកញ្ញាថ្មីៗនេះ នៅលើរលកវិទ្យុ FM 102 របស់មណ្ឌលស្រី្តកម្ពុជា ក្រោយពីការផ្លាស់ប្តូរពីរដងកន្លងទៅពីវិទ្យុជាតិកម្ពុជាទៅវិទ្យុបាយ័ន និងចុងក្រោយមកវិទ្យុមណ្ឌលស្រ្តីកម្ពុជា។
អមទៅនឹងដំណើរការនៃការកាត់ទោស មេដឹកនាំក្នុងរបបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬដែលគេស្គាល់ថា សាលាក្តីកាត់ទោសខ្មែរក្រហម បានបើកការផ្សាយកម្មវិធីវិទ្យុរបស់ខ្លួនតាំងពីខែវិច្ឆិកា ឆ្នាំ២០១១មកតាមវិទ្យុជាតិកម្ពុជា។
ហើយនៅខែកញ្ញាថ្មីៗនេះ កម្មវិធីវិទ្យុរបស់អ.វ.ត.ក.ដែលមានឈ្មោះថា «ការជំនុំជម្រះក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម»នោះត្រូវបានបើកឲ្យមានការផ្សាយផ្ទាល់សាជាថ្មីម្តងទៀត តាមរយៈរលកវិទ្យុស្រ្តីកម្ពុជា FM 102 ក្រោយពីការផ្លាស់ប្តូរចំនួនពីរដង គឺពីវិទ្យុជាតិកម្ពុជាទៅវិទ្យុបាយ័ននៅឆ្នាំ២០១៣ និងចុងក្រោយប្តូរមកផ្សាយតាមវិទ្យុស្រ្តីកម្ពុជា FM 102។
ទាក់ទងនឹងការផ្អាក និងការផ្លាស់ប្តូរនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា មិនមានហេតុផលក្រៅពីការផ្លាស់ប្តូរកុងត្រាមួយឆ្នាំម្តងៗនោះទេ។
បច្ចុប្បន្ន កម្មវិធីវិទ្យុប្រចាំសប្តាហ៍ដែលមានរយៈពេល១ម៉ោងនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃព្រហស្បតិ៍ ពីម៉ោង៦ដល់ម៉ោង៧ល្ងាច។
លោក នេត្រ ភក្ត្រា បានឲ្យដឹងថា កម្មវិធីវិទ្យុនេះមិនត្រឹមតែបង្ហាញពីការវិវឌ្ឍថ្មីៗជុំវិញដំណើរការជំនុំជម្រះក្តីប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាវេទិកាដែលអាចសួរដេញដោលអំពីដំណើរការនីតិវិធីនៃការកាត់ក្តីផងដែរ ដោយមានវាគ្មិនជាអ្នកជំនាញមកពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចូលរួម។
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា វិទ្យុនេះគឺសម្រាប់មហាជនទូទៅ គឺមិនមានកំណត់ក្រុមគោលដៅនៃអ្នកស្តាប់នោះទេ។ ហើយសម្រាប់ការផ្សាយដំបូងក្នុងខែកញ្ញាឆ្នាំ២០១៥នេះ ប្រធានបទដែលលើកយកមកពិភាក្សានោះទាក់ទងទៅនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងជនជាតិចាម ដែលអង្គជំនុំជម្រះសាលាដំបូងចាប់ផ្តើមសវនាការកាលពីថ្ងៃទី៧ ខែកញ្ញាកន្លងទៅ។
«ពេលនេះការជំនុំជម្រះក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានឈានដល់ដំណាក់កាលសវនាការលើសុំណុំរឿង០០២ វគ្គ២ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន ហើយអង្គជំនុំជម្រះសាលាដំបូងបានឈានដល់ដំណាក់កាលផ្តោតទៅលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម ដែលមកដល់ពេលនេះ អង្គជំនុំជម្រះបានស្តាប់សក្ខីកម្មរបស់សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន៨រូបរួចហើយ»។
ចំពោះកម្មវិធីវិទ្យុនេះដែរ លោក ដៀប សុផល សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យកម្ពុជា បានបង្ហាញការគាំទ្រចំពោះការបង្កើតវេទិកាសួរដេញដោលអំពីចម្ងល់ទាក់ទងនឹងប្រវត្តិសាស្រ្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកឲ្យដឹងថា វាជាវិធីផ្សះផ្សារផ្លូវចិត្តមួយដ៏ប្រសើរ ហើយលោកក៏សំណូមពរឲ្យមានការចូលរួមពីអ្នកឯកទេសខាងប្រវត្តិសាស្រ្ត និងចិត្តសាស្រ្តផងដែរ។
«បើសិនអ្នកនឹងជាអ្នករងគ្រោះ ហើយមានឱកាសផ្តល់យោបល់គឺជាថ្នាំព្យាបាលផ្លូវចិត្តមួយដ៏សំខាន់ ព្រោះនេះជារឿងដ៏ចុកអួលណែនជាច្រើនឆ្នាំមកហើយ។ វិទ្យុនេះអាចឲ្យគាត់ទម្លាយអាថ៍កំបាំង និងរឿងក្រៀមក្រំរបស់គាត់»។
លោកសាស្រ្តាចារ្យបន្តទៀតថា ការសិក្សាប្រវត្តិសាស្រ្តជារឿងមួយដ៏សំខាន់ណាស់សម្រាប់យុវជន និងនិស្សិតទាំងឡាយ ដែលជាអ្នកស្នងតំណែងដឹកនាំនាថ្ងៃអនាគត ដើម្បីចៀសវាងការកើតមានព្រឹត្តិការណ៍សោកនាដកម្មជាថ្មីទៀតក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ដូចនេះពួកគេក៏គួរតែតាមដានស្តាប់ និងយល់ដឹងអំពីប្រវត្តិសាស្រ្តដ៏ជូរចត់ក្នុងសម័យខ្មែរក្រហមនេះដែរ។
«ដើម្បីស្នងមរតកទៅថ្ងៃមុខទៀត ដើម្បីកសាងប្រទេសកុំឲ្យជាន់ដានចាស់ គាត់ត្រូវតែចេះរឿងនេះឲ្យបានច្បាស់»។
លោកបានផ្តល់អនុសាសន៍ថា ការធ្វើឲ្យនិស្សិតចាប់អារម្មណ៍គឺជារឿងមួយសំខាន់ហើយវិទ្យុនេះត្រូវមានបច្ចេកទេស ឬមធ្យោបាយយ៉ាងណាធ្វើឲ្យនិស្សិតចាប់អារម្មណ៍ ឲ្យនិស្សិតបានចូលរួមនៅក្នុងរឿងនេះ៕