ជន​រងគ្រោះ​ខ្មែរ​ក្រហម​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា​នៅ​ថ្ងៃ​៩​មិថុនា

លោក ជុំ ម៉ី ​អតីតអ្នកទោសគុក​ទួលស្លែង​ប្រកាស​មហាបាតុកម្ម​ប្រឆាំង​លោក​កឹម សុខា​

អ្នក​រស់​រានមានជីវិត​មួយ​រូប​ពីមន្ទីរឃុំឃាំងគុក​ទួល​ស្លែង​នៅក្នុង​របបកម្ពុជាប្រជា​ធិបតេយ្យគឺលោកជុំ ម៉ី​បាន​កំណត់​យក​ថ្ងៃទី៩​ខែ​មិថុនា​ខាង​មុខ​នេះ​ជាថ្ងៃ​ធ្វើ​មហាបាតុ​កម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។​ស្រប​ពេលនេះ​ដែរ​ គណៈ​កម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​គ្រោង​នឹងដាក់​សេចក្តី​ព្រាងច្បាប់​ដើម្បី​ដាក់ទោស​អ្នក​ដែល​រិះគន់​ថា ​គ្មាន​របប​ខ្មែរ​ក្រហមនៅក្នុង​កិច្ច​ពិភាក្សា​ពេញ​អង្គ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍នេះ។​
គម្រោង​ធ្វើ​បាតុកម្ម​នេះ​នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​២ម៉ឺន​នាក់​ដោយគ្រោងនឹង​ធ្វើការ​ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​២.០០០​នាក់​ផ្សេងទៀត​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា​ អាជ្ញាធរ​ក្រុង​ភ្នំពេញ​នឹង​អនុញ្ញាត​ច្បាប់​ឱ្យ​ធ្វើ​មហាបាតុកម្ម​អហិង្សា​នេះ​ឬក៏យ៉ាង​ណា​ ព្រោះថា ​ជាញឹកញាប់​អាជ្ញាធរ​ក្រុង​ភ្នំពេញបដិសេធ​ការស្នើសុំធ្វើ​មហាបាតុកម្ម​ពី​អង្គការ​សង្គម​ស៊ីវិល​និង​ពី​គណបក្ស​ប្រឆាំង។​
ថ្លែង​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​រៀប​ចំឡើង​នៅ​ក្នុង​បរិវេណ​មន្ទីរ​ឃុំ​ឃាំង​ស២១​ឬគុកទួល​ស្លែង ​ជាទី​កន្លែង​ដែល​លោក​ធ្លាប់បាន​ជាប់​ឃុំ​កាល​ពី​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ លោកជុំ ម៉ីបាន​ប្រកាស​ដោយ​លាយ​ឡំ​នឹង​សំឡេង​អួល​ដើម​ក​ថា​ ការធ្វើ​មហា​បាតុកម្ម​នេះ​មិនមែន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ណាមួយ​ទេ។​
លោក​ ជុំ ម៉ី​ ប្រធាន​សមាគម​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ហៅកាត់​ថា​«ក្សេមក្សាន្ត»​បាន​និយាយ​ថា​ លោកចង់​ប្រាប់​ពិភពលោក​អំពី​ការឈឺចាប់​របស់​លោក​ចំពោះ​អ្វីដែល​លោក​កឹម សុខា​និយាយថា​ បាន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​លោក​យ៉ាង​ខ្លាំង។​
«យើង​ឈឺចាប់​មែនទែន​ អាដំបៅ​ វាចង់​ជាទៅ​ហើយ​មិន​គួរ​លោក​កឹម សុខា​ទៅឆ្កឹះ​ឱ្យ​វាកម្រើក​ឡើង​វិញ​ទេ។អញ្ចឹង​ជន​រងគ្រោះ​៣ឆ្នាំ​៨ខែ​២០ថ្ងៃ​គាត់មាន​ការ​ឈឺចាប់ណាស់»។​
ថ្លែង​ក្នុង​សន្និសីទ​កាសែត​លោក​ជុំ ម៉ី ​ដំបូង​លោក​បាន​ទម្លាក់​ការទទួល​ខុស​ត្រូវ​ចំពោះ​កាំង ហ្កេកអ៊ាវ​ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​ស​២១​ តែ​ក្រោយ​មក​បន្ទាប់​ពី​សហការី​របស់​លោក​បាន​ខ្សិប​ប្រាប់​ ទើប​លោក​បាន​កែតម្រូវ​ពាក្យថា​ លោក​កឹម សុខា​វិញ។​
នៅ​ក្នុង​សន្និសីទ​កាសែត​ហាក់​បីដូច​ជា​មិនមាន​ការ​ចុះ​សម្រុង​គ្នារវាង​សមាគមជន​រងគ្រោះទេ​ ​ដោយសារ​តែ​មាន​មន្ត្រី​ម្នាក់​ដែល​អះអាង​ថា ​ជាប្រធាន​រដ្ឋបាល​បាន​ចោទ​សំណួរ​សួរលោក​ជុំ ម៉ីថា​ ការ​ដឹកនាំធ្វើ​មហា​បាតុកម្ម​ជា​រឿង​បុគ្គល​លោក​ផ្ទាល់​ឬក៏មាន​ការចូល​រួម​ពី​ជនរងគ្រោះ​ក្នុង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​។ ​លោក​ជុំ ម៉ី​គិត​បន្តិច ​រួច​ឆ្លើយថា ​តំណាង​ជនរងគ្រោះ​ទាំង​អស់​ក្នុង​របប​ខ្មែរ​ក្រហម​គ្រោង​នឹង​ចូល​រួម។​
​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បច្ចុប្បន្ន​នេះកំពុង​មាន​បេសកម្ម​នៅ​ឯ​បរទេស ​ត្រូវ​បាន​ដកស្រង់​សម្តីមកថា ​លោក​បាន​រិះគន់​គុកទួល​ស្លែងឬ​មន្ទីរ​ស២១​ថា​ជា​គុក​«សិប្បនិម្មិត»​របស់​ពួក​ខ្មែរក្រហម​ដែល​«រៀបចំ​ឡើង​ដោយ​វៀតណាម»។​ ​

លោក​ជុំ ម៉ី​ បាន​ទុក​រយៈពេល​ចំនួន​១០​ថ្ងៃ​ដើម្បី​ឱ្យ​លោក​កឹម សុខា​សុំទោស​ តែមក​ដល់​ថ្ងៃ​អង្គារ​នេះ​រយៈ​ពេល​នៃការ​សុំ​ទោស​បាន​ផុត​កំណត់។​
លោក​ជុំ ម៉ី​បាន​និយាយ​ថា លោក​លែង​ត្រូវ​ការ​សុំទោស​ទៀត​ហើយ ​ហើយ​វិធាន​ការ​បន្ទាប់​គឺការ​ដឹកនាំធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លោក​កឹម សុខា។​

លោក​ យ៉ែម ​បុញ្ញាឫទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​ ការ​ដឹកនាំធ្វើ​បាតុកម្មជាសិទ្ធិ​របស់​លោក​ជុំ ម៉ី។ ​លោកនៅ​តែ​ថ្លែង​ការពារ​ថា ​សេចក្តី​ថ្លែងការណ៍​របស់​លោក​កឹម សុខា​កន្លង​មកត្រូវ​បាន​បកស្រាយ​ខុស​ពីការ​ណ៍ពិត។​
«ល្មម​ខ្មែរ​ហ៊ាន​និយាយ​ការ​ណ៍ពិត​តាម​រយៈ​ថ្ងៃ​ខែនិង​ទី​ន្លែង​ខុស​ហ្នឹង​បាទ»។

​លោក​ ប៊ូ ម៉េង​ អនុប្រធាន​សមាគម​ជនរងគ្រោះ​ខ្មែរ​ក្រហម​និង​ជា​អតីត​អ្នក​រស់​រាន​មាន​ជីវិត​ពីគុកទួល​ស្លែង​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដាច់​ដោយឡែក​ ដោយ​ចាត់​ទុក​ថា​ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក​ជុំ ម៉ី​ ប្រឆាំង​នឹង​លោក​កឹម សុខា​គឺធ្វើ​ក្នុង​នាមខ្លួន​លោក​តែ​ប៉ុណ្ណោះ ​មិន​មែន​តាង​នាម​សមាគម​ក្សេមក្សាន្ត​ឡើយ។​
លោក​ ប៊ូ ម៉េង​បាន​ប្រកាស​ថា​ លោក​នៅ​ប្រកាន់​ជំហរ​អព្យាក្រិត្យមិន​ចូលរួម​បាតុកម្ម​នោះ​ទេ។​ លោក​បញ្ជាក់​ថា ​សមាគម​មាន​គោលការណ៍​ផ្សះផ្សា​ជាតិ​ មិន​មាន​គោលការណ៍​បំបែក​បំបាក់​ជាតិ​នោះ​ទេ៕