សហព្រះរាជអាជ្ញាអន្តរជាតិបានប្រកាសថា សាលាក្តីខ្មែរក្រហមនឹងមិនមានសំណុំរឿងបន្ថែមទៀតទេ បន្ទាប់ពីសំណុំរឿង០០៣ និង០០៤ ដែលស្ថិតនៅក្រោមការស៊ើបអង្កេតដំណាក់កាលចុងក្រោយនេះ។ ជនរងគ្រោះនឹងអ្នកវិភាគខ្លះអះអាងថា ការបញ្ចប់សំណុំរឿងដែលនៅសេសសល់ឲ្យបានត្រឹមត្រូវជារឿងសំខាន់សម្រាប់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលទន្ទឹងរង់ចាំជាង៣០ឆ្នាំមកនេះ។
លោក នីកូឡាស គុមជាន (Nicholas Koumjian) សហព្រះរាជអាជ្ញាអាមេរិកាំង បានបញ្ជាក់ ជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃពុធថា នឹងគ្មានសំណុំរឿងខ្មែរក្រហម កើតឡើងបន្តទៀត ចេញពីការិយាល័យរបស់លោកដើម្បីបញ្ជូនទៅកាន់សហចៅក្រមស៊ើប អង្កេតទេ បន្ទាប់ពីសំណុំរឿង០០៣ និង០០៤ ដ៏ចម្រូងចម្រាស់ ហើយដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកសហព្រះរាជអាជ្ញាបានអះអាងជាថ្មីថា ការិយាល័យរបស់លោកនៅតែមិនប្រែប្រួលគោលនយោបាយរបស់ខ្លួន ដូចធ្លាប់បានប្រកាសតាំងពីដំបូងដោយសហព្រះរាជអាជ្ញាមុន កាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០០៩ថា៖ គ្មានសំណុំរឿងផ្សេងទៀតនឹងត្រូវដាក់ជូនទៅសហចៅក្រមស៊ើបអង្កេតនោះទេ។
លោកដូច្នេះគឺក្រោយពីមានរបាយការណ៍ព័ត៌មាននានា ដែលបានបញ្ជាក់ថា មានសំណួរមួយចំនួនត្រូវចោទសួរក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយកាលពីពេលថ្មីៗថា តើនៅមានសំណុំរឿងបន្ថែមទៀតដែរឬទេ បន្ទាប់ពីសំណុំរឿង០០៣ និង០០៤នោះ។
សំណុំរឿង០០៣ និង០០៤មានជនជាប់ចោទ៥នាក់ តែអ្នកនៅមានជីវិតរស់មានតែ៤នាក់ ប៉ុណ្ណោះ។ ទោះបីជាសាលាក្តីមិនបានបង្ហាញអត្តសញ្ញាណជនសង្ស័យក្តី តែគេបានដឹងថា សំណុំរឿង០០៣ គឺមានលោក មាស មុត អតីតមេបញ្ជាការយោធាជើងទឹក និងលោក ស៊ូ ម៉េត ជាមេបញ្ជាការទ័ពអាកាស ដែលបានស្លាប់មុនដំណើរការនីតិវិធី។ ហើយសំណុំរឿង០០៤ដែលមានកម្មាភិបាលជាន់ខ្ពស់នៃរបបខ្មែរក្រហមគឺមាន លោកយឹម ទិត ហៅតាទិត អ្នកស្រី អ៊ឹម ចែមហៅយាយ ចែម និងលោកអោម អាន ហៅតាអាន។
លោក ស៊ុំ ឫទ្ធី អ្នករួចជីវិតពីគុកខ្មែរក្រហមដ៏កម្រក្នុងខេត្តសៀមរាប បានថ្លែងថា ជាការល្អហើយប្រសិនបើសាលាក្តីនេះអាចបញ្ចប់សំណុំរឿង០០២ វគ្គ២ ដោយត្រឹមត្រូវ និង០០៣ និង ០០៤ ដោយគ្មានឧបសគ្គនោះ។
«ជនរងគ្រោះគ្នាចាំតែទទួលយុត្តិធម៌ទេតើ ព្រោះយុត្តិធម៌ បើធ្វើអារឿង០០៣ និង០០៤នេះបានជោគជ័យ អាហ្នឹងយុត្តិធម៌ក៏បានជោគជ័យស្ទើរតែ១០០ភាគរយ ព្រោះជនរងគ្រោះនៅរង់ ចាំរឿងហ្នឹងដែរ»។
លោកបានអះអាងពីការឈឺចាប់របស់លោក នៅពេលដែលសំណុំរឿងរបស់លោកមិនស្ថិត ក្នុងទីតាំងឧក្រិដ្ឋកម្មដែលតុលាការជ្រើសរើស ហើយលោកបានស្តីបន្ទោសលើអ.ស.ប.ថា ជាអ្នកធ្វើឲ្យលោកខកចិត្ត ចំពោះការធ្វើកិច្ចការមិនត្រឹមត្រូវនេះ។ លោកនឹងផ្ញើសារទៅកាន់លោកអគ្គលេខាធិការអ.ស.ប. បាន់ គីម៊ូនថា ប្រសិនបើតុលាការអន្តរជាតិ ដែលជនរងគ្រោះ ទុកចិត្តនេះ មិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងមិនលើករឿងហេតុជាក់ស្តែង កន្លែងទីតាំង ឧក្រិដ្ឋកម្មពិតប្រាកដ ដែលលោកឆ្លងកាត់មកកាត់ទោសទេនោះ តុលាការនេះ លោករិះគន់ថា ជាតុលាការអន់ជាងតុលាការកម្ពុជាក្នុងឆ្នាំ១៩៧៩។
«ខ្ញុំសុំផ្តាំទៅផង ធ្វើម៉េចឲ្យអ.ស.ប. ធ្វើអាកន្លែងភូមិភាគឧត្តរហ្នឹងឲ្យចេញមើល។ សូមជម្រាបទៅលោកបាន់ គីម៊ូនផង ឲ្យពាក្យសម្តីខ្ញុំហ្នឹងឮទៅដល់ប្រធានអ.ស.ប.ផង»។
លោកស៊ុំ ឫទ្ធី ជាអ្នកទោសដែលរួចពីស្លាប់និងមានរបួសក្នុងខ្លួនដោយសារការធ្វើទារុណ្មកម្មក្នុងគុក ហើយអះអាងថា លោកបានឃើញហេតុការផ្ទាល់ភ្នែកនិងដឹងអំពីការកាប់សម្លាប់រង្គាលយ៉ាងសាហាវរបស់ពួកខ្មែរក្រហម ដែលជនដៃដល់នៅមានជីវិតរស់នៅឡើយ។
លោកសាស្ត្រាចារ្យច្បាប់អាមេរិកាំង ភីធ័រ ម៉ាខ្វៃអ័រ (Peter Marguire) ដែលជាអ្នកនិពន្ធសៀវភៅខ្មែរក្រហម «ប្រឈមមុខនឹងការស្លាប់ក្នុងប្រទេសកម្ពុជា»ឬ “Facing Death in Cambodia” បានប្រាបវីអូអេថ្មីៗថា វាជាសំណាងសម្រាប់ជនរងគ្រោះ ដែលសាលាក្តី ខ្មែរក្រហមអាចបញ្ចប់សំណុំរឿង០០២នេះបានដោយជោគជ័យ ក្នុងពេលជនជាប់ចោទនៅមានជីវិត។ ហើយលោកពិបាកជឿថា សំណុំរឿង០០៣ និង០០៤អាចត្រូវគេកាត់ទោសបាន នៅពេលមានការប្រទាញប្រទង់គ្នា និងមានសម្ពាធផ្នែកនយោបាយនោះ។
សហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប. កំពុងបន្តស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤ ដែលមានជនជាប់ចោទ៤នាក់នៅមានជីវិតក្នុងដំណាក់កាលចុងក្រោយ ខណៈពេល ដែលតុលាការកំពុងបន្តការកាត់ទោសសំណុំរឿង០០២ វគ្គទី២ដ៏ចម្រូងចម្រាសនោះ។ តែគេគ្មានឃើញវិធានការបន្តយ៉ាងណាទេ នៅពេលដែលជនសង្ស័យបដិសេធមិនធ្វើតាមការជូនដំណឹងរបស់សហចៅក្រមស៊ើបអង្កេត ជាពិសេសក្នុងដំណាក់កាលចាប់ឃុំខ្លួននិងចោទប្រកាន់ជាចុងក្រោយនោះ។ កិច្ចសហការរវាងសហចៅក្រមបរទេស និងសហចៅក្រមខ្មែរ ឬកិច្ចសហការពីអាជ្ញាធរខ្មែរលើការចាប់ខ្លួនជាចំណុចសំខាន់ដែលអ្នកវិភាគកំពុងតាមឃ្លាំមើល។
មានជនជាប់ចោទវ័យជាង៨០ឆ្នាំពីរនាក់ជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម គឺ នួន ជា និង ខៀវ សំផនកំពុងប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសំខាន់ជាច្រើនក្នុងទសវត្សរ៍១៩៧០ ដែលត្រូវស្តីបន្ទោសថា មានជាប់ទាក់ទងនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជិតពីរលាននាក់៕