មេដឹកនាំខ្មែរក្រហម​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​មេធាវី​របស់​​ខ្លួន

លោកចៅក្រម និល​ ណុន ​​ប្រធាន​​អង្គ​ជំនុំជម្រះ​​សាលា​ដំបូង​​កាត់ទោស​​មេ​ដឹកនាំ​ខ្មែរក្រហម​​

ជន​ជាប់​ចោទ​នួន​ ជា និង​ខៀវ សំផន​បានព្រមានថា​ ខ្លួន​នឹង​មិន​ចូល​រួម​ដំណើរ​ការ​កាត់ក្តី​ក្នុងសំណុំ​រឿង​០០២​វគ្គ​ទី​២​ទេ​ ប្រសិន​បើ​មេធាវី​របស់​ពួក​គេ​ត្រូវ​ជំនួស​ដោយ​មេធាវី​ថ្មី​នោះ។​

នៅ​ក្នុង​លិខិត​សរសេរ​ដោយ​ដៃ​ទៅ​អង្គភាពការ​ការ​ពារក្តី​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​ត្រូវ​គេចែក​ចាយ​ដល់​ដៃ​បណ្តាញ​ផ្សព្វផ្សាយមួយ​ថ្ងៃ​បន្ទាប់​មកនោះ​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​នួន ជា​បាន​ប្រកាស​ថា​ ​លោក​«នឹង​មិន​ចូល​រួម​ក្នុងសវនាការ​ទេ ​ប្រសិន​បើ​តុលាការ​តែង​តាំង​មេធាវី​ថ្មី​នោះ»។​ ​

កាល​ពី​ថ្ងៃ​អង្គារ ​សហ​ព្រះ​រាជ​អាជ្ញា​បាន​ស្នើដល់អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ឲ្យ​ពិចារណាជំនួស​សហ​មេធាវី​របស់​នួន ជា ​និង​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​របស់​ពួក​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ នៅ​ពេល​ដែល​ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​បន្ត​ធ្វើ​ពហិការមិន​ចូលរួម​ការកាត់​ទោស​វគ្គ​ទី​២​នៃ​សំណុំ​រឿង​០០២​នោះ។​

ទាំង​លោក​សុន អរុណ ​សហ​មេធាវី​កម្ពុជា​របស់​នួន ជា ​ទាំង​លោក​គង់ សំអុន ​សហ​មេធាវី​កម្ពុជា​របស់​ខៀវ ​សំផន ​បក​ស្រាយ​ថា​ ការ​ផ្លាស់​ប្តូរ​មេធាវីដោយ​មិន​មាន​ការ​ឯកភាព​ពី​កូន​ក្តី​ ឬ​ពីមេធាវី​ការពារ​កូន​ក្តី​ដែល​កំពុង​ស្ថិត​ក្នុងភារកិច្ច​នោះ​គឺ​ជា​«អំពើ​ខុស​ច្បាប់​និងប្រាសចាក​ក្រម​សីលធម៌​មេធាវី»។​

ក្រុម​មេធាវីរបស់​ជនជាប់​ចោទ​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​តុលា​ នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បើក​ការ​កាត់​ក្តី​ជា​លើក​ដំបូង​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២។​

សហ​មេធាវី​របស់​ខៀវ សំផន​សំអាង​ថា ​ការ​ធ្វើ​ពហិការ​របស់​ខ្លួន​គឺ​ដើម្បី​យក​ពេល​វេលា​ត្រៀម​ការ​តតាំង​ក្តី​ក្នុង​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ដាក់​ទោស​កូន​ក្តី​ខ្លួន​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​នោះ។​ រីឯ​សហ​មេធាវី​របស់​នួន ជា ​សំអាង​ថា​ ការ​ធ្វើ​ពហិការ​របស់​ខ្លួនគឺ​ដើម្បី​ទាម​ទារ​ឲ្យ​ដក​ចៅ​ក្រម​ជំនុំ​ជម្រះ​ចំនួន​បួន​រូប​ចេញ​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ជា​មុន​សិន​ មុន​នឹង​បន្តការ​កាត់​ក្តី​ដំណាក់​កាល​បន្ទាប់។​

លោក​គង់ សំអុន​បាន​ឲ្យ​ដឹង​ដូច​គ្នា​ដែរ​ថា​ ខៀវ សំផន​បាន​ប្រឆាំង​នឹង​ការ​ប្តូរ​មេធាវី​ថ្មី​ដូច​នួន ជា​ដែរ។​

យោង​តាម​សហ​មេធាវី​របស់​នួន ជា ​និង​ខៀវ សំផន​ឲ្យ​ដឹង​ថា ​ជនជាប់​ចោទ​ទាំង​ពីរ​ប្រកាស​ថា​ នឹង​មិន​ទទួល​ស្គាល់​មេធាវី​ថ្មី​ណា​មួយ​នោះ​ទេ​ក្នុងដំណាក់​កាល​ដែល​មេធាវី​របស់​ពួក​ខ្លួន​ស្ថិត​ក្នុងការ​ធ្វើ​ពហិការ​នោះ។​

ក្រុម​មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​មិនធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​ ដោយ​យោង​ដល់​កិច្ច​ប្រជុំ​ស្តីពី​ការ​រៀបចំ​សវនាការ​កាល​ពី​ថ្ងៃ​អង្គារ​ដែល​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ ​មិន​ទាន់​ត្រូវ​បាន​ដាក់​ជា​សាធារណៈ​នោះ៕