ការ​អនុវត្ត​ដីកា​កោះហៅ​ជនសង្ស័យ​ អ៊ឹម ចែម ជួប​ការ​លំបាក

លោកស្រី ​អ៊ឹម ចែម​ អាយុ​៦៨ឆ្នាំ​ដែល​រស់​នៅ​ក្នុង​ឃុំ​ត្រពាំងតាវ ​ស្រុក​អន្លង់វែង​ ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​៣​នាក់​នៃ​សំណុំ​រឿង​០០៤ ​ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ជាច្រើន​ក្នុង​សម័យ​ខ្មែរក្រហម។​

ក្រុម​មន្ត្រី​អ្នក​ឃ្លាំមើល​និង​មន្ត្រី​មូលដ្ឋាន​បាន​អះអាង​ថា ឱកាស​ក្នុង​ការ​កោះ​ហៅ ​អ្នកស្រី ​អ៊ឹម ចែម ​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ខ្មែរ​ក្រហម​០០៤​មក​សាក​សួរ​ អាច​ត្រូវ​ពន្យារ​ពេល​ដោយសារ​កិច្ចសហ​ប្រតិបត្តិការ​ពី​មន្ត្រី​មូលដ្ឋាន ​ហើយ​នឹង​ សិទ្ធិ​បដិសេធ​របស់​ជនសង្ស័យ។​ នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​និង​អ្នក​ឃ្លាំ​មើល។

លោកស្រី ​អ៊ឹម ចែម​ អាយុ​៦៨ឆ្នាំ​ដែល​រស់​នៅ​ក្នុង​ឃុំ​ត្រពាំងតាវ ​ស្រុក​អន្លង់វែង​ ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​៣​នាក់​នៃ​សំណុំ​រឿង​០០៤ ​ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​ជាច្រើន​ក្នុង​សម័យ​ខ្មែរក្រហម។​ សំណុំ​រឿង​០០៤​មាន​ជន​សង្ស័យ​៣នាក់ ​គឺ​អ្នកស្រី ​អ៊ឹម ចែម​ ឬ យាយ​ ចែម​ ជា អតីត​អភិបាល​ស្រុក​ព្រះនេត្រព្រះ​សម័យ​ខ្មែរក្រហម​ លោក​ យឹម ទិត​ ឬ តាទិត ​និង លោក​ ឱម អាន ​ឬ ​តា អាន​ ជា​ប្រធាន​និង​អនុប្រធាន​តំបន់​ខ្មែរក្រហម ​ដែល​សហ​ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​ថា ​មាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​ក្នុង​តំបន់​ដែល​ពួក​គេកាន់​កាប់។​

ដោយ​ឡែក អ្នក​ស្រី​អ៊ឹម ចែម​ ត្រូវ​សហ​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ថា​ បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​៤ម៉ឺន​នាក់​ក្នុង​តំបន់​ពាយ័ព្យ​ប្រទេស​និង​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​សម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ​ជាមួយ​លោក​ យឹម ទិត ​ដែល​ ធ្លាប់​មិន​ផ្តល់​ការ​បំភ្លឺ​ជាមួយ​វីអូអេ​នោះ។ ​អ្នកស្រី ​អ៊ឹម ចែម​ និង​ តា អាន ​បាន​ បដិសេធ​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ណា​មួយ​ទេ ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​នឹង​វីអូអេ​ផ្នែក​ខេមរភាសា​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០១១​នោះ។

រដ្ឋាភិបាល​ធ្លាប់​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ការ​អនុវត្ត​នីតិវិធី​បន្ត​ទេ។ តែ​អ្នកស្រី​ត្រូវ​តុលាការ​ខ្មែរ​ក្រហម​កោះ​ហៅ​ឲ្យ​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃច័ន្ទ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​អភិបាល​ស្រុក​ យឹម ផាន់ណា​ កាល​ពី​ថ្ងៃ​អាទិត្យ។​ តែ​លោក​ផាន់ណា​បាន​បញ្ជាក់​ជា​ថ្មី​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អ្នកស្រី​ អ៊ឹម ចែម ​«មិន​ទាន់​បាន​ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ»។​ លោក​ យឹម ផាន់ណា​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​លម្អិត​ទេ​ ដោយ​អះអាង​ថា​ជាប់​ប្រជុំ។

មេធាវី​ម្នាក់​នៃ​សំណុំ​រឿង​០០៤ ​គឺ​ លោក ​ប៊ិត ស៊ាងលឹម​ បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ ដោយ​អះអាង​ថា ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ក្នុង​ដំណាក់កាល​នេះ​ទេ​ ហើយ​បង្វែរ​សំណួរ​ទៅ​កាន់​តុលាការ​ខ្មែរក្រហម។

អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ គឺ ​លោក​ ឡា អូលសិន (Lars Olsen) ​បាន​អះអាង​ប្រាប់​វីអូអេ​ថា នេះ​ជា​រឿង​ចចាមរ៉ាម ​ដោយ​លោក​អះអាង​ថា​ លោក​មិន​អាច​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​លើ​ពាក្យ​ចចាមអារ៉ាម។

ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​នៅ​មូលដ្ឋាន​បាន​អះអាង​ថា​ សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជូន​ លិខិត​ទៅ​កាន់​អ្នកស្រី​ អ៊ឹម ចែម ​មែន​ដើម្បី​កោះហៅ​មក​កាន់​តុលាការ​ក្នុង​រាជធានី​ភ្នំពេញ ​តែ​ត្រូវ​អ្នកស្រី​ អ៊ឹម ចែម​បដិសេធ​ជា​ថ្មី​ទៀត​ថា​នឹង​មិន​ទៅ​កាន់​តុលាការ។

អ្នកស្រី ​អ៊ឹម ចែម​ ធ្លាប់​បដិសេធ​មិន​ទៅ​តុលាការ​ម្តង​នៅ​ពេល​មាន​ការ​កោះហៅ​ ដើម្បី​ទៅ​បំភ្លឺ​ពី​អតីត​សហចៅក្រម​ស៊ើប​អង្កេត​បម្រុង ​គឺ ​លោក ​Laurent Kasper Ansermet ​កាល​ពី​ថ្ងៃ​ទី២៤ ​ខែ​កុម្ភៈ​ឆ្នាំ​២០១២។ ​ការ​កោះ​ហៅ​នោះ​គឺ​ចំ​ពេល​ ដែល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​កំពុង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​អំពី​សំណុំ​រឿង​បន្ថែម​នេះ​ ទាំង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហចៅក្រម​ស៊ើប​អង្កេត​បរទេស​និង​ភាគី​កម្ពុជា​និង​បញ្ហា​ថវិកា ​ហើយ​នឹង​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។​ លោក​ចៅក្រម Ansermet ​បាន​លា​ឈប់​ក្រោយ​ពេល​លោក​មិន​អាច​បំពេញ​កិច្ចការ​របស់​លោក​បាន​ដោយសារ​តែ​គេ​បាន​រាយការណ៍​មក​ថា ​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​កោះ​ហៅ​អ្នកស្រី​ អ៊ឹម ចែម ​ជា​ថ្មី​នេះ​ក៏​កើត​ឡើង​ ក្រោយ​រយៈពេល​២ឆ្នាំ​បន្ទាប់​ពី​សហចៅក្រម​ស៊ើប​អង្កេត​អ.ស.ប​សញ្ជាតិ​ អាមរិកាំង​គឺ​លោក ​Mark Harmon ​បាន​ចូល​កាន់​មុខ​តំណែង​និងការ​បន្តកិច្ច ការ​ភាគច្រើន​ពាក់ព័ន្ធនឹង​សំណុំរឿង​ ០០៣​ និង​០០៤ ​នេះ។

ក្រុម​អ្នក​វិភាគ​បាន​អះអាង​ថា​ បញ្ហា​គឺ​តើ​អាជ្ញាធរ​នឹង​ហ៊ាន​អនុវត្ត​ការ​នាំខ្លួន​របស់​ តុលាការ​ឬ​មិន​ហ៊ាន? ហើយ​តើ​រឿង​នេះ​នឹង​ក្លាយ​ទៅ​ជា​រឿង​មាន​បញ្ហា​រវាង​សហចៅក្រម​ស៊ើប​អង្កេត​ខ្មែរ​និង​បរទេស​ថ្មី​ទៀត​ឬ​ក៏​យ៉ាង​ណា?

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​គេ​អាច​ដឹង​ដំណឹង​នេះ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ថា​ តើ នឹង​មាន​ការ​អនុវត្ត​ដីកា​របស់​តុលាការ​ឬក៏​មិន​មាន។

លោក ​ឡាត់ គី ​អ្នកឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​ម្នាក់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក​ បាន​បន្ទោស​តុលាការ​ដែល​មិន​ទាន់​បង្ហាញ​ឈ្មោះ​ជន​សង្ស័យ​និង​ដំណើរការ​យឺត​យ៉ាវ​នៃ​សំណុំរឿង​បន្ថែម​នេះ។

«ព្រោះ​ពេល​វេលា​ប៉ុណ្ណេះ​ហើយ ​ជា​ពេល​វេលា​សមរម្យ​ហើយ​ក្នុង​ការ​បង្ហាញ​ ឈ្មោះ​ជនសង្ស័យ​ក្នុង​សំណុំរឿង។ ​តែ​ជា​អកុសល​មាន​ន័យ​ថា​ ស្ថិត​នៅ​ក្នុង​ការ​សម្ងាត់​នៅ​ឡើយ។ ​អញ្ចឹង​យើង​អត់​ដឹង​ថា​ រឿង​ហ្នឹង​វា​ទៅ​ណា​មក​ណី»។

ទាំង​លោក​ ឡាត់ គី​ និង​ អ្នក​វិភាគ​ដទៃ​បាន​ទទូច​ដល់​សាលាក្តី​ឲ្យ​បង្ហាញ​តម្លាភាព​ក្នុង​សំណុំ​រឿង​បន្ថែម ​ដើម្បី​ឲ្យ​ភាគី​នានា​ ដូច​ជា​ជនរងគ្រោះ​ ជនជាប់​ចោទ​បាន​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​ដោយ​រលូន​និង​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់៕