សាលាក្ដី​ខ្មែរ​ក្រហម បំបែក​សំណុំ​រឿង​ អោ អាន ចេញ​ពី​សំណុំ​រឿង​០០៤

ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក​ នេត​ ភក្ត្រា មន្ត្រី​​អ្នកនាំ​ពាក្យ​សាលា​ក្ដី​​ខ្មែរ​ក្រហម​ថា​​ តុលាការ​មិន​អាច​ទុក​ជន​ត្រូវ​ចោទ​លោក​ អោ​ អាន​ នៅ​ក្នុង​សំណុំ​រឿង​ ០០៤​បាន​នោះ​ទេ​ ដោយ​សារ​តុលាការ​យល់​ថា​ លោក​ អោ អាន អាច​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ក្នុង​ការ​រង់​ចាំ​ដីកា​ដំណោះ​ស្រាយ។​​

តុលាការ​ខ្មែរ​ក្រហម​ ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅនេះ​ បាន​សម្រេច​បំបែក​សំណុំ​រឿង​របស់​ លោក​ អោ​ អាន ​ហៅ ​តា​អាន ចេញ​ពី​សំណុំ​រឿង​ ០០៤​ ហើយ​បាន​បង្កើត​សំណុំ​រឿង​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា ០០៤​/០២​ ដើម្បី​បើក​ផ្លូវ​ឲ្យ​សំណុំរឿង​លោក​ អោ អាន ទទួល​ការ​សម្រេច​សេចក្ដី​អំពីបទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ ​នៅ​គ្រា​ដែល​ដំណើរការ​ស៊ើបសួរ​ដែល​នៅ​សេស​សល់​ទាំង​អស់​ក្នុង​សំណុំរឿង​ ០០៤​ នៅ​តែ​បន្ត​ដំណើរ​ការ។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ការិយាល័យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ និង​មន្ត្រី​នាំ​ពាក្យសាលា​ក្ដី​ខ្មែរ​ក្រហម។

លោក អោ​ អាន​ គឺ​ជា​អតីត​អនុ​គណៈ​តំបន់​មជ្ឈិម​សម័យ​ខ្មែរ​ក្រហម។

លោក​ប្រឈម​នឹង​ការ​ចោទប្រកាន់​ជា​ច្រើន​រួម​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​មនុស្ស​ឃាត ​ការសម្លាប់​រង្គាល​ ទាស​ភាព​ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រជាជន​១៧​មេសា​ អតីត​ទាហាន​ ​លន់​ នល់ ​ កម្មាភិបាល​ខ្មែរ​ក្រហម​ភូមិភាគ​កណ្ដាល ​និង​ប្រជាជន​មក​ពី​ភូមិភាគ​បូព៌ា។

ក្រៅ​ពី​នេះ ​ក៏​មាន​ការ​ទុក្ខ​បុក​ម្នេញ​ ជន​ជាតិ​ចាម ​ជនជាតិ​វៀតណាម ​និង​មាន​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ ​ហើយ​នឹង​មានការ​រំលោភ​ផ្លូវ​ភេទ​ផង​ដែរ។​

សេចក្ដី​ថ្លែង​ការណ៍​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេតជាតិ​ លោក​ យូ ប៊ុន​ឡេង​ និង​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ លោក​ Michael Bohlander ​ដែល​ចេញ​ផ្សាយ​កាលពីថ្ងៃ​ទី​១៦ ខែ​ធ្នូ​កន្លងទៅ​ នេះ​ បាន​បញ្ជាក់​ថា៖

«សហ​ចៅក្រម​ស៊ើប​អង្កេត​ បាន​ចេញ​ដីកា​សម្រេច​បំបែក​នីតិ​វិធី​ពាក់​ព័ន្ធ​នឹង​ អោ​ អាន​ ដោយ​សារ​ថា​ ជន​ត្រូវ​ចោទ​ មាន​សិទ្ធិ​ទទួល​បាន​សេចក្ដី​សម្រេច​លើ​បទ​ចោទ​ប្រកាន់​ ប្រឆាំង​នឹង​គាត់​ដោយ​ឥត​ពន្យារ​ពេល​យូរ​ ​និង​ដើម្បី​អាច​ចេញដីកា​ដំណោះស្រាយ​ ក្នុង​រយៈពេល​មួយ​សម​ស្រប»។​

សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​បន្ត​ថា​ការ​ចេញ​ដីកា​នេះ​ អាច​ជា​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ ឬ​ការ​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​ជំនុំ​ជម្រះ។ ​

លោក​ នេត​ ភក្ត្រា មន្ត្រីអ្នកនាំ​ពាក្យ​សាលា​ក្ដី​ ខ្មែរ​ក្រហម​ ប្រាប់​VOA​ នៅ​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ ថា​ ការ​បំបែក​សំណុំរឿង​នេះ​គឺ​ធ្វើ​ឡើង​ដូច​គ្នា​ នឹង​ការ​បំបែក​សំណុំ​រឿង​របស់​អ្នកស្រី អ៊ឹម ចែម​ ហៅ​ ​យាយ​ចែម ​ចេញ​ ពី​សំណុំរឿង០០៤​ និង​បង្កើត​សំណុំរឿង​ថ្មី​ ដែល​មាន​ឈ្មោះថា​សំណុំរឿង​ ០០៤​/០១។

លោក​បន្ត​ថា តុលាការ​មិន​អាច​ទុក​ជន​ត្រូវ​ចោទ​លោក​ អោ​ អាន​ នៅ​ក្នុង​សំណុំ​រឿង​ ០០៤​បាន​នោះ​ទេ​ ដោយ​សារ​តុលាការ​យល់​ថា​ លោក​ អោ អាន អាច​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ក្នុង​ការ​រង់​ចាំ​ដីកា​ដំណោះ​ស្រាយ។

«បើ​សិន​ជា​យើង​មិន​បំបែក​គាត់​ចេញ​ពី​សំណុំ​រឿង​ ០០៤​ ហ្នឹង​ទេ​ គឺ​លោក​ អោ​ អាន​ ត្រូវ​រង់​ចាំ​រហូត​ទៅដល់​សំណុំ​រឿង​ របស់​លោក​ យឹម​ ទិត្យ បញ្ចប់​ ទើប​អាច​ សម្រេច​សេចក្ដី​ចុង​ក្រោយ​ទៅលើ​ថា​តើ​ ចេញ​ដី​កា​ដំណោះស្រាយ​ពី​សំណាក់​សហ​ចៅក្រម​ស៊ើប​ អង្កេត​ហ្នឹង​យ៉ាង​ដូចម្ដេច​ខ្លះ»។​

​លោក​ ​នេត​ ​ភក្រ្តា​ បាន​ពន្យល់​បន្ថែម​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ មិន​មាន​ការ​ខ្វែង​គំនិត​គ្នា​ ក្នុង​ការ​បិទ​ការ​ស៊ើប​សួរ​ប្រឆាំង​នឹង​ លោក​ អោ​ អាន នោះ​ទេ​ ក៏ប៉ុន្តែ​ពួកគេ​ នឹង​នៅតែ​មាន​ការ​ខ្វែង​យោបល់គ្នានៅ​ក្នុង​សំណុំ​រឿង​ ដែល​ពួកគេ​នឹង​បន្ត​ធ្វើ​នៅ​ក្រោយ​ការ​បិទកិច្ច​ស៊ើប​សួរ​នេះ។​

«សំណុំ​រឿង​នៅ​ពេល​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ការ​សម្ងាត់​នៅ​ឡើយ​ ហើយ​យើង​នឹង​អាច​ដឹង​នៅ​ពេល​ខាង​មុខ​ថា​តើ​ គាត់​ខ្វែង​យោបល់​គ្នា​ទៅលើ​ចំណុច​ណាខ្លះ។​ ប៉ុន្តែ​នៅ​ពេល​នេះ​ គឺ​មាន​ការ​បញ្ជាក់​អំពី​ការ​ខ្វែង​យោបល់គ្នា មិន​ត្រឹម​តែ​សម័យ​ចៅក្រម​ Michael Bohlander ​ហ្នឹង​ទេ​ គឺ​មានការ​ខ្វែង​យោបល់​តាំង​តែ​ពី​ដើម​មក​ម្ល៉េះ​រវាង​ភាគី​ ចៅក្រម​ជាតិ​ និង​ភាគី​ចៅក្រមអន្តរជាតិ។ ក៏ប៉ុន្តែ​ ទោះបី​ជា​គាត់​មាន​ការ​ខ្វែង​យោបល់​គ្នា​ទៅលើ​នីតិវិធី​ ក៏ប៉ុន្តែ​ចៅក្រម​ទាំង​ពីរ​ គឺ​គាត់​ធ្វើ​ការ​ជាមួយ​គ្នា​ជានិច្ច​បាទ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​ VOA ​បាន​ទៅ​ជួប​សម្ភាសន៍​ជន​សង្ស័យ​ឈ្មោះ​ អោ អាន​ ហៅ តា ​អាន ​នៅ​ផ្ទះ​របស់​គាត់​នៅ​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង​ កាល​ពី​ចុង​ឆ្នាំ២០១១ ​ ​អនុ​គណៈ​តំបន់​មជ្ឈិម​សម័យ​ខ្មែរក្រហម​រូប​នេះ ​បាន​បដិសេធ​ ដោយ​បង្ហាញ​សេចក្ដី​ក្លាហាន​ដែល​បង្កប់​ដោយ​កំហឹង​ថា ​គាត់​អត់​ភ័យ​នឹង​តុលាការ​ ​អត់​ភ័យ​ហ្នឹង​យមបាល​នោះ​ទេ។ ​

លោក​ ឡាត់​ គី​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​ឃ្លាំ​មើល​ដំណើរការ​កាត់​ទោស​ខ្មែរ​ក្រហម​ ប្រាប់​VOA​ ​ថា​ការ​បំបែក​សំណុំរឿង​នេះ​ ជា​ដំណាក់​កាល​មួយ​ដ៏​មាន​សារៈសំខាន់​ សម្រាប់​សាលាក្ដី​ ដើម្បី​រកឲ្យ​ឃើញ​ការ​ពិត​ ​ថា​ នឹង​ត្រូវ​កាត់​ទោស​ តា​ អាន​ឬ​យ៉ាង​ណា​នោះ។

លោក​និយាយ​ថា​ ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​សំណុំរឿង​ ដែល​អាច​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ​ គឺ​ជា​ឧបសគ្គ​ចម្បង​មួយ​របស់​សាលាក្ដី​ ក្នុង​ការ​កាត់​សេចក្ដី​សំណុំរឿង​ដែល​មាន​អាយុ​កាល​៨​ ឆ្នាំ​នេះ។​

​«សម្រាប់​សំណុំ​រឿង​ហ្នឹង​ ខ្ញុំ​មើល​ទៅ​ ពាក់​ព័ន្ធ​ជាមួយ​នឹង​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ហ្នឹង​ គឺ​ធ្វើ​ឡើង​យូរឆ្នាំហើយ។​ ប៉ុន្តែ​វា​មាន​ឧបសគ្គ​ច្រើន​ ដូច​យើង​បាន​ដឹង​ច្រើន​ហើយ​ គឺ​ទី​មួយ​ចៅក្រម​ស៊ើប​អង្កេត​ហ្នឹង​គឺ​បាន​ផ្លាស់​ប្ដូរ​រាល់ខែ។ ហើយ​ចំណុច​ទីពីរ​គឺ​មាន​អត់​មាន​ការ​យល់​ស៊ី​សង្វាក់​គ្នា​រវាង​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ និង​អន្តរជាតិ​ទេ។ អញ្ចឹង​រឿង​នេះ​ ជា​រឿង​ដែល​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ ​ដឹង​ការពិត​ផង​ដែរ»។​

សាលាក្ដី​ខ្មែរ​ក្រហម​នៅ​មាន​ជន​ជាប់​ចោទ​បី​នាក់​ទៀត​ក្នុង​សំណុំ​រឿង​០០៤ ដែល​អ្នក​ទាំង​នោះ​រួមមាន អ្នកស្រី ​អ៊ឹម ចែម​ តា ទិត ​ឬ យឹម ទិត្យ​ ​ដែល​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​កណ្ដាល។

​ដោយ​ឡែក​សំណុំ​រឿង ០០៣ ​មាន​ជន​ជាប់ចោទ​ម្នាក់ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ឈ្មោះ ​មាស មុត ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម។

សាលាក្ដី​នេះ​កំពុង​បន្ត​សំណុំរឿង​០០២ ​វគ្គ២ ដែល​មាន​ជន​ជាប់​ចោទ​ពីរ​រូប​គឺ​ ខៀវ សំផន​ និង​នួន ។

អ្នក​ទាំងពីរ​នេះ​ ត្រូវ​បាន​តុលាការដាក់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយ​ជីវិតពី​បទ​ជម្លៀស​ប្រជាជន​ដោយបង្ខំ​ និង​ការ​សម្លាប់​មន្ត្រី​ក្នុង​រដ្ឋការ​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ​ ខេត្ត​ពោធិ៍សាត់៕​