កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១២កន្លងទៅ ដែលជាការជជែកដេញដោលលើកទី៣របស់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនៅទីក្រុង Houston រដ្ឋតិចសាស់ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ABC បានចាក់ផ្សាយវីដេអូឃោសនានយោបាយមួយរបស់គណបក្សសាធារណរដ្ឋ។
វីដេអូឃោសនានយោបាយនោះបានព្រមានអ្នកទស្សនាអំពីមនោគមវិជ្ជាសង្គមនិយម ដោយលើកឡើងពីសោកនាដកម្មនៅប្រទេសកម្ពុជា ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម នេះបើតាមការរៀបរាប់របស់ស្ត្រីម្នាក់ដែលអានសារឃោសនានយោបាយនោះ។
វីដេអូឃោសនានយោបាយនោះ ដែលមានរយៈពេល៣០វិនាទី ចាប់ផ្តើមឡើងដោយគេឃើញរូបអ្នកស្រី Alexandria Ocasio-Cortez សមាជិកតំណាងរាស្ត្រសភាម្នាក់ប្រចាំរដ្ឋញូវយ៉កមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានដុតបំផ្លាញដោយភ្លើង និងរូបលលាល៍ក្បាលរបស់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហើយអ្នកអានសាររបស់វីដេអូឃោសនានយោបាយ ដែលជាស្ត្រីវ័យកណ្តាលអាមេរិកាំងដើមកំណើតខ្មែរម្នាក់ ឈ្មោះ Elizabeth Heng បាននិយាយថា «នេះគឺជាមុខនៃមនោគមវិជ្ជាសង្គមនិយម»។
កញ្ញា Elizabeth Heng បានបន្តនិយាយទៀតថា ឪពុករបស់នាងបានរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម ក៏ដោយសារតែការរៀបការទាំងបង្ខំ ហើយថា «នេះហើយគឺជាមុខនៃមនោមវិជ្ជាសង្គមនិយម»។ នាងក៏បានបន្តថា «មុខរបស់ខ្ញុំគឺជាមុខនៃសេរីភាព ស្បែករបស់ខ្ញុំមិនសមែន តែខ្ញុំមិនឃោរឃៅ មិនប្រកាន់ពូជសាសន៍ និងមិនជាអ្នកគាំទ្រសង្គមនិយមទេ»។
យោងតាមកាសែត The New York Times ក្រុម New Faces GOP របស់គណបក្សសាធារណរដ្ឋ គឺជាអ្នកផលិត និងចំណាយថវិកាលើថ្លៃចាក់ផ្សាយវីដេអូឃោសនាមួយនេះ ដែលបង្កឲ្យមានការរិះគន់ខ្លាំងពីក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យលើបណ្តាញផ្សព្វផ្សាយព័ត៌មាន ABC។ បើតាមគេហទំព័ររបស់ក្រុមនេះ បេសកកម្មរបស់ពួកគេគឺ «ជួយជំរុញឲ្យមានអ្នកជំនាន់ថ្មីនៃគណបក្សសាធារណរដ្ឋ» ដែលមកពីសហគមន៍ចម្រុះពូជសាសន៍។
ភ្លាមៗក្រោយវីដេអូឃោសនានយោបាយនេះត្រូវបានចាក់ផ្សាយ អ្នកស្រី Alexandria Ocasio-Cortez បានសរសេរនៅលើបណ្តាញ Twitter ថា «អ្នកត្រូវដឹងថា នេះមិនមែនជាការឃោសនាសម្រាប់ក្រុមអភិរក្សនិយមមកពីសហគមន៍ជនជាតិភាគតិចទេ តែជារឿងប្រឌិតឡើង។ អ្វីដែលអ្នកទើបតែបានឃើញ គឺជាសំបុត្រស្នេហាផ្ញើជូនដល់ក្រុមស្បែកសជ្រុលនិយមរបស់គណបក្សសាធារណរដ្ឋ»។
ជាការឆ្លើយតប កញ្ញា Elizabeth Heng បានសរសេរតាមបណ្តាញ Twitter ទៅវិញថា «តើអ្នកកំពុងតែថាខ្ញុំជាអ្នកប្រកាន់ពូជសាសន៍មែនទេ? ខ្ញុំគ្រាន់តែចង់បង្ហាញឲ្យឃើញពីការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យលើមនោគមនវិជ្ជាដ៏ព្រៃផ្សៃមួយតែប៉ុណ្ណោះ»។
កាលពីចុងឆ្នាំ២០១៨កន្លងទៅ កញ្ញា Elizabeth Heng ដែលមានឪពុកម្តាយជាជនជាតិខ្មែរដែលភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ធ្លាប់បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រប្រចាំសង្កាត់ទី១៦ នៃរដ្ឋកាលីហ្វ័រញ៉ា ដណ្តើមតំណែងពីសមាជិកម្នាក់មកពីគណបក្សប្រជាធិបតេយ្យ ប៉ុន្តែបានចាញ់ការបោះឆ្នោតនោះ។
នៅថ្ងៃចន្ទនេះ នៅក្នុងពេលសម្ភាសកញ្ញា Elizabeth Heng លោក Chris Cuomo អ្នកយកព័ត៌មានឲ្យបណ្តាញផ្សាយព័ត៌មាន CNN បានហៅការប្រៀបធៀបមនោគមន៍វិជ្ជាសង្គមនិយមទៅនឹងអំពើព្រៃផ្សៃរបស់ខ្មែរក្រហម នៅប្រទេសកម្ពុជា ដូចដែលមានក្នុងវីដេអូឃោសនានយោបាយរបស់គណបក្សសាធារណរដ្ឋនោះថា ជា «នយោបាយបែបពិសពុល» ប៉ុន្តែ កញ្ញា Elizabeth Heng បានអះអាងថា នាងបានផ្តួចផ្តើមវីដេអូឃោសនានយោបាយនេះឡើង ដើម្បីបង្ហាញឲ្យឃើញថា មនោគមវិជ្ជាសង្គមនិយម«មិនដំណើរការទេ» ហើយអាច«ញុះញុងឲ្យមានអំពើហិង្សា»ទៀតផង។
ស្របពេលជាមួយគ្នានោះ គេក៏ឃើញសហគមន៍ខ្មែរអាមេរិកាំងមួយចំនួន បានបង្ហាញភាពភ្ញាក់ផ្អើលនិងការមិនពេញចិត្តរបស់ពួកគេ នៅពេលអ្នកនយោបាយអាមេរិកបានលើកយកអំពើព្រៃផ្សៃរបស់ខ្មែរក្រហមមកធ្វើជាយុទ្ធសាស្ត្រនយោបាយ៕