ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រំឭក​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​អត្តសញ្ញាណ​វប្បធម៌​ជាតិ

អ្នក​ចូល​រូម​ឈរ​នៅ​មុខ​ផ្លាក​សម្គាល់​ចូល​ឆ្នាំ​ថ្មី​ ក្នុង​បុណ្យ​ភូមិ​ នៅ​វត្ត​ព្រែក​ថ្លឹង​ ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ថៃ្ង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​មមែ សប្តស័ក ព.ស ២៥៥៨ នឹង​ខិត​ជិត​ចូល​មក​ដល់​ហើយ។ ក្រៅ​ពី​ទៅ​វត្ត​អារាម​ប្រគេន​ចង្ហាន់​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​បុព្វបុរស បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​តែង​តែ​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​ស្រង់​ព្រះ ពូន​ភ្នំ​ខ្សាច់ លេង​ល្បែង​ប្រជាប្រិយ និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទី​រមណីយដ្ឋាន​នានា។ ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ជា​ពេល​វេលា​មួយ ដែល​រំឭក​អំពី​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ខ្មែរ។

Your browser doesn’t support HTML5

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រំឭក​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​អត្តសញ្ញាណ​វប្បធម៌​ជាតិ

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ចាប់​ពី​ថ្ងៃ​ទី១៤ ទី​១៥ ទី១៦ ខែ​មេសា ឆ្នាំ​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ១១​រោច ១២​រោច ១៣រោច ខែ​ចេត្រ ឆ្នាំ​មមែ សប្តស័ក ព.ស.២៥៥៨ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី គឺ​ឆ្នាំ​មមែ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខែ​មេសា​នេះ ក្រោយ​ពេល​ដែល​ប្រជា​កសិករ​ខ្មែរ​យើង​បាន​ប្រមូល​ទិន្នផល​ស្រូវ​រួច ដើម្បី​ឲ្យ​ប្រជា​កសិករ សិស្សានុសិស្ស មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ឈប់​សម្រាក​និង​ជួប​ជុំ​គ្នា។

ជា​រៀង​រាល់​ឆ្នាំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ។ មុន​ពេល​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​មក​ដល់ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​មាន​ភាព​មមាញឹក​រៀប​ចំ​បោស​សម្អាត តុបតែង និង​លំអ​គេហដ្ឋាន​រៀងៗ​ខ្លួន ជា​ពិសេស​គឺ​រៀប​ចំ​រៀន​ទេវតា ដើម្បី​រៀប​ធូប​ទៀន បារី បាយ​សី ស្លាធម៌ ផ្លែ​ឈើ នំ​ចំណី និង​ម្ហូប​អាហារ​គ្រប់​បែប​យ៉ាង ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។

ហូ ពុទ្ធិពង្ស ជា​និស្សិត​ឆ្នាំ​ទី៤​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យល់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ប្រមូល​សមាជិក​គ្រួសារ​ទាំង​អស់​ឲ្យ​ជួប​ជុំ​គ្នា។ ពុទ្ធិពង្ស និយាយ​ថា៖ «‍ចំណុច​សំខាន់​មួយ​គឺ​ការ​ជួប​ជុំ​គ្នា។ ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ពួក​យើង​ជួប​ជុំ​គ្នា ទាំង​បង​ប្អូន និង​មិត្តភក្តិ ដើម្បី​ទៅ​វត្ត​ធ្វើ​បុណ្យ សប្បាយ​ជុំ​គ្នា​ទាំង​អស់»។

ស្រ្តី​ម្នាក់​បួង​សួង​មុន​នឹង​ចាក់​ទឹក​ដើម្បី​ស្រង់​ព្រះ​ ក្នុង​បុណ្យ​ភូមិ​ នៅ​វត្ត​ព្រែក​ថ្លឹង​ ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

មាស ចាន់សត្យា ជា​សមាជិក​ក្រុម​ប្រឹក្សា​យុវជន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក។ សត្យា ក៏​យល់​ឃើញ​ដូច​គ្នា​នឹង ពុទ្ធិពង្ស ដែរ។ «‍ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​គឺ​ជា​ពិធី​បុណ្យ​មួយ ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ឈប់​សម្រាក​ពី​ការ​ស្រែ​ចម្ការ ដើម្បី​ជួប​ជុំ​គ្រួសារ ហើយ​ទាំង​សិស្ស និង​និស្សិត​វិញ គាត់​បាន​ឈប់​សម្រាក​ដើម្បី​ជួប​ជុំ​គ្រួសារ​គាត់​នៅ​តាម​ខេត្ត ក៏​ដូច​ជា​តាម​ក្រុង​នានា​ដែល​ពួក​គាត់​រស់​នៅ»។

សម្រាប់​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​មេសា​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ចង្អិន​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់ មាន​ទាំង​ផ្កា​ឈូក និង​ទៀន​ធូប នំ​ចំណី ធ្វើ​ជា​ចង្ហាន់ ដើម្បី​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ និង​ដាក់​បាត្រ​នៅ​តាម​ទី​វត្ត​អារាម​ក្នុង​សហគមន៍​របស់​គេ​រៀងៗ​ខ្លួន ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ឲ្យ​បុព្វបុរស ជីដូន​ជីតា ដែល​បាន​ទៅ​សុគតិភព និង​ទទួល​ពរជ័យ​សិរី​មង្គល​ដល់​ក្រុម​គ្រួសារ​របស់​គេ​សម្រាប់​ឆ្នាំ​ថ្មី។ ជាមួយ​គ្នា​នោះ ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ក៏​បាន​ធ្វើ​បុណ្យ រំលែក​ទាន​ជាមួយ​នឹង​អ្នក​ក្រ​ខ្សត់។

ជា​រៀង​រាល់​ឆ្នាំ លោក ចាន់ សាម៉ន អ្នក​រត់​ម៉ូតូ​ឌុប តែង​តែ​ទៅ​វត្ត​ធ្វើ​បុណ្យ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​ជីដូន​ជីតា​របស់​លោក ហើយ​ជួប​ជុំ​បង​ប្អូន ក្រុម​គ្រួសារ។ លោក សាម៉ន មាន​ប្រសាសន៍​ថា៖ «‍យើង​ទៅ​វត្ត អុជ​ធូប​ទៀន រំឭក​ដល់​ជីដូន​ជីតា​របស់​យើង ដែល​ចាក​ឋាន​ទៅ​ពី​មុន ដើម្បី​ឲ្យ​គាត់​បាន​ទទួល​បុណ្យ ដែល​កូន​ចៅ​បាន​យក​របស់​របប​ទៅ​វេរ​ប្រគេន​តាម​ព្រះ​សង្ឃ»។

សម្រាប់​ថ្ងៃ​ទី​ពីរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១៥ ខែ​មេសា ជា​ថ្ងៃ​វារៈវនបត ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ប្រារព្ធ​ពិធី​ស្រង់​ព្រះ និង​ពូន​ភ្នំ​ខ្សាច់​នៅ​តាម​ទី​វត្ត​អារាម ឬ​តាម​គេហដ្ឋាន​របស់​គេ​រៀងៗ​ខ្លួន។ សម្រាប់​ពិធី​ស្រង់​ព្រះ នៅ​តាម​ផ្ទះ​នីមួយៗ គេ​ឃើញ​កូន​ចៅ​តែង​តែ​នាំ​គ្នា​មុជ​ទឹក​សម្អាត​ខ្លួន​ប្រាណ​ដល់​ជីដូន​ជីតា និង​ឪពុក​ម្តាយ ជូន​សម្លៀក​បំពាក់​ថ្មី​ដល់​ពួក​គាត់ និង​ថ្វាយ​បង្គំ​សុំ​ខមាទោស​ចំពោះ​ទង្វើ​ទាំង​ឡាយ​ណា ដែល​កូន​ចៅ​បាន​ប្រព្រឹត្តិ​ទៅ​លើ​ឪពុក​ម្តាយ និង​ជីដូន​ជីតា​ដោយ​អចេតនា។

ថ្ងៃ​ទី​បី​ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១៦ ខែ​មេសា ជា​ថ្ងៃ​ឡើង​ស័ក គឺ​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ថ្មី។ ជា​ទូ​ទៅ តាម​គេហដ្ឋាន​នីមួយៗ ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​បើក​ទូរទស្សន៍ និង​វិទ្យុ ដើម្បី​ស្តាប់​ការ​ប្រកាស​នៅ​ពេល​ដែល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមែ​នេះ​ចុះ​មក​ដល់។ សមាជិក​ក្រុម​គ្រួសារ​ខ្មែរ​ទាំង​អស់​បាន​ជួប​ជុំ នាំ​គ្នា​អុជ​ធូប​ទាន ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី ហើយ​ជូនពរ​សិរី​សួស្ដី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​តែង​តែ​នាំ​គ្នា​បរិភោគ​អាហារ​ជុំ​គ្នា ដោយ​ពោរ​ពេញ​ទៅ​ដោយ​ភាព​អ៊ូអរ និង​សប្បាយ​រីក​រាយ។

អ្នក​ចូល​រូម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ប្រណាំង​គ្នា​លោត​បាវ​ នៅ​ក្នុងពិធី​តាំង​ពិព័រណ៌​ «ទេព​កោសល្យ​និង​ស្នាដៃ» ក្នុង​សាលក​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នាំ​គ្នា​ធ្វើ​ដំណើរ​ទស្សនា​រមណីយដ្ឋាន​កម្សាន្ត​នានា​ជុំវិញ​ប្រទេស​កម្ពុជា។ ទី​រមណីយដ្ឋាន​ដែល​ពេញ​និយម​ជាង​គេ មាន​ដូច​ជា ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប ដែល​មាន​រៀបចំ​កម្មវិធី​ចូលឆ្នាំ «‍សង្ក្រាន្ត​ឆ្នាំ​ថ្មី» ឆ្នេរ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ និង​ក្រុង​កែប ភ្នំ​បូកគោ ភ្នំ​សំពៅ​នៅ​ខេត្ត​បាត់ដំបង និង​ទី​រមណីយដ្ឋាន​ផ្សេងៗ​ទៀត។

ក៏​ប៉ុន្តែ ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លះ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​រមណីយដ្ឋាន​អ្វី​ទេ។ នេះ​គឺ​បណ្ដាល​មក​ពី​កត្តា​ជីវភាព​រស់នៅ​របស់​ពួក​គាត់។ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​ជន​បទ ពួក​គាត់​នាំ​គ្នា​ទៅ​វត្ត និង​ជួប​ជុំ​បង​ប្អូន​បន្តិច​បន្តួច​ប៉ុណ្ណោះ។ លោក សាម៉ន បាន​និយាយ​ថា៖ «‍ដូច​ថា ខ្ញុំ​មិន​សូវ​បាន​សប្បាយ​ដូច​គេ​ដូច​ឯង​ទេ។ ជួន​កាល​ខែ​បុណ្យ​ទាន គ្រាន់​តែ​បាន​ទៅ​វត្ត ពេល​មក​វិញ​នៅ​តែ​ផ្ទះ ហើយ​ហូប​ចុក​បន្តិច​បន្តួច។ រឿង​ដើរ​លេង​ទៅ​ណា ខ្ញុំ​មិន​ដែល​បាន​ទៅ​ណា​ហ្នឹង​គេ​ទេ។ និយាយ​ទៅ​មិន​ដែល​បាន​ស្គាល់​ស្រុក​ភូមិ​គេ​ទេ»។

បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ជាពិសេស​យុវជន និង​យុវនារី​ក៏​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​ក្នុង​នោះ​រួម​មាន ចោល​ឈូង បោះ​អង្គញ់ ចាប់​កូន​ខ្លែង លាក់​កន្សែង បាយ​ខំ វាយ​ក្អម និង​ទាញ​ព្រ័ត្រ​ជា​ដើម។ តាមពិត ការ​លែង​ល្បែង​ប្រជាប្រិយ​នេះ​ចាប់​ផ្តើម​រយៈពេល​ពីរ ឬ​បី​សប្ដាហ៍​មុន​ពេល​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ដល់។

សត្យា យល់​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ក៏​ដើរ​តួនាទី​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ។ សត្យា និយាយ​ថា៖ «‍ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា វា​ជា​អត្ត​សញ្ញាណ​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ដែល​យើង​ចូល​ឆ្នាំ​ខ្មែរ យើង​មាន​ល្បែង​ប្រជាប្រិយ​លេង​ជុំ​គ្នា ដូច​ជា​ល្បែង​ចោល​ឈូង ឬ​មួយ​ក៏​ទាញ​ព្រ័ត្រ និង​ល្បែង​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ពី​ភាព​សាមគ្គីភាព​របស់​ខ្មែរ​យើង»។

ស្តង់​ម្ហូប​ដែល​រៀប​តុប​តែង​ជា​របៀប​ខ្មែរ​ ក្នុង​បុណ្យ​ភូមិ​ នៅ​វត្ត​ព្រែក​ថ្លឹង​ ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ពុទ្ធិពង្ស ដែល​ជា​និស្សិត​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សកលវិទ្យាល័យ​ភូមិន្ទិ​ភ្នំពេញ ក៏​ចូល​ចិត្ត​លែង​ល្បែង​ប្រជាប្រិយ​ខ្មែរ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ដែរ។

ពុទ្ធិពង្ស បាន​និយាយ​ថា៖ «‍ល្បែង​ប្រជាប្រិយ​ខ្ញុំ​លែង​ច្រើន​ដែរ មាន​លែង​ចោល​ឈូង បោះ​អង្គញ់ លែង​បី​ដក​មួយ និង​លែង​រាំ​ដណ្ដើម​កៅអី​ជាដើម»។

សម្រាប់ ឡូវ លីហ្សា ជា​សិស្ស​នារី​ថ្នាក់​ទី៨​នៃ​សាលា​អន្តរ​ទ្វីប​អាមេរិកាំង។ នាង​យល់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​គឺ​ឆ្លុះ​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ដែល​មាន​ប្រវត្តិ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ នាង បាន​និយាយ​ថា៖ «‍ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​ឆ្នាំ​ដែល​រំឭក​ពី​ប្រទេស​ខ្មែរ ហើយ​ឲ្យ​សិស្សានុសិស្ស​ឈប់​សម្រាក ហើយ​ប្រជាជន​ខ្មែរ​នាំ​គ្នា​បោស​សម្អាត​រៀប​ចំ​ផ្ទះ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី»។

លីហ្សា បាន​បន្ថែម​ថា នាង​ចូល​ចិត្ត​លែង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដូច​ជា ចោល​ឈូង លាក់​កន្សែង ចាប់​កូន​មាន់។ នាង​និយាយ​ថា៖ «‍ការ​លែង​ល្បែង​នេះ​គឺ​របៀប​ប្រពៃណី​ខ្មែរ និង​លែង​ដោយ​របៀប​របប​ប្រពៃ​មួយ»។

ពុទ្ធិពង្ស ក៏​យល់​ឃើញ​ដូច​គ្នា​នឹង លីហ្សា ដែរ។ ពុទ្ធិពង្ស ប្រាប់ ​VOA​ ថា៖ «‍ល្បែង​បោះ​អង្គញ់ យើង​ឃើញ​ថា មាន​ម្ខាង​ប្រុស និង​ម្ខាង​ស្រី។ នៅ​ពេល​បោះ​ឈូង​ទៅ​ម្ខាង​ប្រុស ហើយ​ម្តង​ទៅ​ម្ខាង​ខាង​ស្រី មិន​អាច​ដាច់​គ្នា​បាន​ទេ»។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​គឺ​ជា​ឱកាស​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​រំឭក​អំពី​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​យូរ​លង់​ណាស់​មក​ហើយ៕