កុមារ​នៅ​កម្ពុជា​ក្រោម​ចង់​សិក្សា​អក្សរ​ខ្មែរ​ប៉ុន្តែ​ខ្វះខាត​សៀវភៅ

សៀវភៅ​ដែល​ត្រូវ​បាន​បរិច្ចាគ​ដល់​ព្រះសង្ឃ​កម្ពុជា​ក្រោម។ (រូប​ផ្តល់​ដោយ​លោក​ថាច់ ង៉ុកថាច់ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក)

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោកកំពុង​ធ្វើ​សកម្មភាព​រៃ​អង្គាស​ថវិកាដើម្បី​ជួយទិញ​សៀវភៅសិក្សា​ផ្តល់ឱ្យ​កុមារ​នៅ​កម្ពុជា​ក្រោម​ដែលមានចំនួនកាន់តែ​ច្រើន​ឡើងចង់​សិក្សា​អក្សរសាស្រ្ត​ខ្មែរ​ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​កង្វះខាត​សៀវភៅ​អាន​និង​ឯកសារយោង។ ​

លោក​ថាច់ ង៉ុកថាច់ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​បាន​លើក​ឡើងថាក្នុង​រយៈ​ពេលជាច្រើន​ឆ្នាំ​មក​នេះ​ក្រុម​សកម្មជន​បាន​ជួយ​ឧបត្ថម្ភ​សៀវភៅ​ជាច្រើន​ពាន់​ក្បាល​ដល់​កុមារ​ទាំងនោះ។​

លោក​ថាច់ ង៉ុកថាច់​បាន​បន្ថែម​ថា៖

«ក្នុងរយៈពេល​ជាច្រើនឆ្នាំ​មកនេះ​គឺ​យើង​វឹកវល់​នឹង​បញ្ហា​នយោបាយ​។ អីចឹង​បងប្អូនខ្មែរ​យើង​ជា​ពិសេស​នៅ​កម្ពុជា​ក្រោមភ្លេច​ ភ្លេច​ដល់​ថាតើទៅដល់​ថ្ងៃមុខ​មានអ្វីខ្លះ? អីចឹង​ហើយ​យើង​ភ្លេច​ជួយដល់​កុមារា​កុមារី ​ជួយ​ដល់​ព្រះសង្ឃ​ដែល​នៅ​កម្ពុជា​ក្រោម ​ជួយ​ដល់ឪពុកម្តាយ​។ អីចឹង​ហើយ​យើង​ឃើញ​ថា​យើង​ត្រូវ​ងាកមក​ខាងហ្នឹង​ជាធំ​។ យើង​នាំគ្នា​ថា​ទំពាំង​ស្នង​ឫស្សី​ប៉ុន្តែ​សព្វថ្ងៃ​នៅ​សល់​តែ​ឫស្សី យើង​មិន​បាន​មើលទំពាំង​វាលូត​ដោយ​របៀបណា​ដោយសារតែ​យើង​វឹកវរ​បញ្ហា​នយោបាយ‍»។​

សៀវភៅ​ដែល​ផ្ញើ​ដល់​កុមារ​ទាំងនោះ​មាន​កម្មវិធីសិក្សា​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាពី​ថ្នាក់​ទី​១​ដល់​ថ្នាក់ទី៥​ និងសៀវភៅ​វចនានុក្រម​ខ្មែរ​របស់សម្តេចសង្ឃរាជ​ ជួនណាត​ដែល​ព្រះសង្ឃខ្មែរ​អាច​យក​ទៅបង្រៀន​កុមារ​ទាំងនោះ​នៅក្នុងវត្ត​អារ៉ាម​នារដូវ​វិស្សមកាល។ ការណ៍នេះដោយសារតែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​សិក្សា​ភាសា​ខ្មែរ​នៅ​តាម​សាលារៀន​របស់​រដ្ឋ​ទេ។

ប៉ុន្តែពួកគេ​ក៏​ជួប​ការលំបាក​ក្នុងការបញ្ជូន​សៀវភៅ​ទាំងនោះ​ទៅ​ដល់​កុមារទាំងនោះ​ផងដែរ។

លោក​ថាច់ ង៉ុកថាច់​បាន​បន្ថែម​ថា៖

«ការផ្ញើ​មាន​ការរឹតត្បិត​នៅ​តាម​ព្រំដែន​ មិនមែន​មិនមាន​ទេ​ប៉ុន្តែ​យើង​រក​វិធីសាស្រ្ត។ ការផ្ញើទៅ​តាម​រយៈបងប្អូនក្តី​តាមរយៈ​ព្រះសង្ឃក្តី​ឬតាម​រយៈអ្នកណា​ដែល​យើង​អាចធ្វើបាន​។ យើង​ចេះតែ​ជំរុញ​ យើង​ចេះតែធ្វើ‍»។​

មានពលរដ្ឋ​ខ្មែរចំនួន​៧លាននាក់រស់នៅ​តំបន់​ខ្មែរ​កម្ពុជាក្រោម។ នេះ​បើ​តាម​តួលេខ​របស់អង្គការ​ពលរដ្ឋ​និង​ប្រជាជាតិ​គ្មានតំណាង​(UNPO) ​។ ប៉ុន្តែតួលេខ​ផ្លូវការ​របស់រដ្ឋាភិបាល​វៀតណាម​ថា​មាន​ពលរដ្ឋ​ខ្មែរ​តែ​ចំនួន​១,២លាននាក់​តែប៉ុណ្ណោះ។​

អង្គការ​ UNPO បាន​រកឃើញ​ថា​នៅលើផ្នែក​អប់រំសិក្សា​ធិការ​គឺ​កុមារខ្មែរ​កម្ពុជា​ក្រោម​មិន​អាច​សិក្សា​ភាសាខ្មែរ​ដោយ​ទូលំទូលាយ​ទេ​ដែល​នេះ​គឺជា​ការរំលោភ​អនុ​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​កុមារ។ កុមារទាំងនោះ​ក៏មិន​អាច​សិក្សា​ប្រវត្តិសាស្រ្ត​ពិត​របស់​ខ្មែរ​ផងដែរ។​

លោក​ ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោមបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​សូម្បី​តែ​នៅពេល​ដែល​សៀវភៅ​ទាំងនោះ​ទៅដល់​វៀតណាម​ក៏ត្រូវ​អាជ្ញាធរពិនិត្យ​យ៉ាងម៉តចត់៖

«បើទាក់ទង​នឹង​ប្រវត្តិសាស្រ្ត​ឬភូមិសាស្រ្ត​គឺ​គេ​មិន​ឱ្យ​រៀនទេ​គឺ​រដ្ឋ​គេ​គ្រប់​គ្រង​តឹង​រ៉ឹងណាស់‍»។​

លោក​ថាច់ សេដ្ឋា​បន្ថែម​ថាការរឹតត្បិតនេះ​កើត​ឡើង​តំាងដើម​ទសវត្សរ៍​១៩៨០​ក្នុង​ខណៈពេល​ដែល​កងទ័ព​វៀតណាម​បាន​ចូលឈ្លានពាន​និង​គ្រប់​គ្រង​ប្រទេស​កម្ពុជា​រយៈពេល​១០ឆ្នាំ។

«អាជ្ញាធរ​គេ​មិន​អនុញ្ញាត​ឱ្យ​យើង​រៀន​ជា​សាធារណៈ​ អីចឹង​សៀវភៅ​ក្បួន​ខ្នាត​គឺ​មិនមែន​តែ​បឋម​សិក្សា​ទេ​គឺ​គ្រប់​កម្រិត។ ពីមុន​យើង​យក​ពីស្រុក​ខ្មែរ​បាន​ ដល់​ក្រោយ​មក​ឆ្នាំ​១៩៧៥ដល់​៧៩​ហ្នឹង​គឺ​មិន​អាច​យក​បាន​រហូតដល់​ឥឡូវ​ហ្នឹង​ គឺ​សុទ្ធតែមានការត្រួតពិនិត្យ​របស់​រដ្ឋ​គេ​អីចឹង​ សៀវភៅ​ក្បួនខ្នាត​អី​អត់​មានទេ​គឺ​មាន​តែ ចម្លងតគ្នា​សូម្បី​គម្ពី​ព្រះពុទ្ធសាសនា​កម្រាស់​រាប់​រយ​រាប់​ពាន់​ទំព័រ​ក៏​អង្គុយ​ចម្លង​សរសេរ​ដៃ​ដែរ‍»។​

ក្រុមសកម្មជន​មើលឃើញ​ថា​កម្រិត​នៃ​ការចាប់​អារម្មណ៍​សិក្សា​ភាសាខ្មែរ​និង​ការផ្តល់តម្លៃ​លើ​វប្បធម៌​ខ្មែរ​បាន​ចាប់ផ្តើម​ឡើងវិញខ្លះដោយសារតែ​ការផ្សព្វផ្សាយ​វប្បធម៌​ពី​ប្រទេស​កម្ពុជា។

លោក​ថាច់​ង៉ុកថាច់​បាន​បន្ថែមថា៖

«ពីដើម​ទាល់តែ​ទៅបួស​បាន​រៀនភាសា​ចេះ​ ឥឡូវនេះ​មិនត្រឹមតែក្មេង​ប្រុស​ទេ​ សូម្បី​ក្មេងស្រី​ក៏ទៅ​រៀន​ដែរ​ហើយគ្រូបង្រៀន​មិន​ថា​តែ​ព្រះសង្ឃទេ​សូម្បីស្ត្រី​ក៏បង្រៀន​ភាសា​ខ្មែរដែរ​... អីចឹង​ហើយ​ធ្វើ​ឱ្យការជំរុញ​កាន់តែផុលផុស​ឡើង‍»។​

សម្រាប់​ពេល​អនាគត​ក្រុមសកម្មជន​ក៏​មានគម្រោង​ដើម្បី​បង្កើត​កម្មវិធី​ជួយបង្រៀន​តាម​អនឡាញ​ដល់​កុមារ​ដែល​នៅ​តំបន់​ឆ្ងាយ​ពី​វត្ត​ផង​ដែរ៕