សកម្មជន​ខ្មែរ​ក្រោម​ថ្លែង​ពី​វឌ្ឍនភាព​ក្នុង​ការ​តស៊ូ​មតិ​និង​ប្តេជ្ញា​ជម្នះ​ការ​លំបាក​សេសសល់

សកម្មជន​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​ដំណាច់​ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ថ្ងៃ​ទី​ ១០ ខែមីនា ឆ្នាំ២០២៣។

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​បាន​បង្ហាញ​នូវ​ចំណុច​វិជ្ជមាន​ជាក្តី​សង្ឃឹម​ខ្លះ​សម្រាប់​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ។

សកម្មជន​ខ្មែរ​ក្រោម​ជិត​មួយ​រយ​នាក់​ដែល​មក​ពី​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ Philadelphia ​រដ្ឋ​ Pennsylvania ​សហរដ្ឋ​អាមេរិក​ដើម្បីពិនិត្យ​មើល​លើ​សមិទ្ធផល​នៃ​សកម្មភាព​ក្នុង​រយៈពេល​ជិត១ឆ្នាំ​កន្លង​មក​នេះ។

លោក​ ប្រាក់ សេរីវុឌ្ឍ​ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្លែង​ថា​សហព័ន្ធបាន​ជូន​សេចក្តី​រាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ដើម្បី​ពិនិត្យមើល​ការរំលោភ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ក្រោម​ដោយ​ កុមារ​មិន​បាន​រៀនសូត្រ​ច្រើន​នោះ​ទេ។ ក្រុម​យុវជន​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​បាន​ចូល​រួម​ធ្វើ​សកម្មភាព​នៅ​ឆាក​អន្តរជាតិ​ដោយ​មាន​ការចូលរួម​ប្រជុំ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង New York​ ដើម្បី​ថ្លែង​ពី​សិទ្ធិ​ជនជាតិ​ដើម។

ដោយ​ឡែក​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ​ ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្លះ​បាន​ទៅ​ជួប​តំណាង​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ហូជីមិញដើម្បី​រៀបរាប់​ពី​ការ​លំបាក​របស់​ពួកគេ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក ​ប្រាក់​ សេរីវុឌ្ឍ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្លែងថា​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​កម្ពុជា​ក្រោម​គឺ​មិន​ស្ងាត់​ដូច​កាលពេល​២០​ ឬ​៣០​ ឆ្នាំ​មុន​ទៀត​ទេ​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​មតិ​របស់​សកម្មជន​ទាំង​នេះ​នៅ​ឆាក​អន្តរជាតិ​និង​មាន​បណ្តាញ​សង្គម​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោមអាច​ទទួល​បាន​ព័ត៌មាន​ដែល​ផ្សាយ​ពី​ក្រៅ​ប្រទេស។

លោក​ប្រាក់​ សេរីវុឌ្ឍ​បាន​បញ្ជាក់​បន្ថែម​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​នឹង​វីអូអេ​ខេមរភាសា​កាលពី​ថ្ងៃ​អង្គារ​ថា៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​ឃើញ​ឥឡូវ​ទាំង​យុវជន​យុវតីខ្មែរ​ក្រោម​ ទាំង​បងប្អូន​កសិករ​ខ្មែរ​ក្រោម​ទាំង​បងប្អូនកម្មករ​ធ្វើការ​តាម​រោងចក្រ​នៅ​ទឹកដី​កម្ពុជា​ក្រោម​ហ៊ាន​តវ៉ា​នឹង​ការរំលោភ​សិទ្ធិ​ផ្សេងៗ​ទាំង​សហជីព​ទាំង​អី​ហ្នឹង​ហ៊ាន​ចេញ​មុខ​តវ៉ា​គឺ​មិន​ដូច​ពី​ដើម​ទេ​ដែល​យើងបាក់ស្បាត​ដោយសារ​អាង​ថា​អន្តរជាតិ​គេ​ធ្វើ​អន្តរាគមន៍គាំទ្រ​ពី​ក្រោយ​ឲ្យ​តែ​យើង​ធ្វើ​ស្រប​តាម​ច្បាប់​អន្តរជាតិ»។

សកម្មជន​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​ដំណាច់​ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ថ្ងៃ​ទី​ ១០ ខែមីនា ឆ្នាំ២០២៣។

សម្រាប់​គោលដៅ​នៅ​ឆ្នាំ២០២៣​គឺ​សហព័ន្ធ​នឹង​បន្ត​សកម្មភាព​ការទូត​ដោយ​មាន​ការ​បញ្ជូន​តំណាងចូលរួម​ប្រជុំ​នៅ​វេទិកា​អន្តរជាតិ​នានា​ទាក់ទង​នឹង​បញ្ហា​បរិស្ថានដែល​បង្កឡើងដោយ​ទឹក​សមុទ្រ​ ហូរ​ចូល​វាលស្រែ​កសិករ​ ការ​ប្រើ​ជី​គីមី​ដែល​ប៉ះពាល់​ដល់​ជីវចម្រុះ​និង​សុខភាព​ពលរដ្ឋ។ អ្នកតស៊ូ​មតិ​ក៏​នឹង​បន្ត​លើក​ឡើង​ពី​សិទ្ធិ​ជនជាតិ​ដើម​និង​សិទ្ធិ​សាសនា​ផង​ដែរ។ ​

លោក​ ប្រាក់ សេរីវុឌ្ឍ​ បាន​ថ្លែង​ថា​ការ​ធ្វើ​ដូច​នេះ​ដើម្បី​ទប់ទល់​នឹង​បិទបាំង​ការពិត​ដោយ​រដ្ឋាភិបាល​វៀតណាម​នៅ​ឆាក​អន្តរជាតិ។

លោក​បាន​បន្ថែម​ថា៖​ «ភាគច្រើន​រដ្ឋាភិបាល​វៀតណាម​ទៅ​មិន​ដែល​និយាយ​ការពិត​ទេ​និយាយ​តែ​រឿង​សម្បូរ​សប្បាយ​។ ប៉ុន្តែ​យើង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​សេចក្តី​រាយការណ៍​យើង​បញ្ជូន​សេចក្តី​រាយ

ការណ៍​ទៅ​ប្រទេស​សមាជិក​ផ្សេងៗ​ដែល​ជា​អ្នក​ឯកទេស​សួរ​ដេញដោល​ប្រទេស​វៀតណាម​នោះ​។ យើង​ឲ្យ​ព័ត៌មាន​ទៅ​គេ​ឲ្យ​គេ​ដឹង​ដូច្នេះ​គេ​សួរ​អ្វី​ដែល​វៀតណាម​លាក់​កំបាំង។ ដូច្នេះ​លាក់​មិន​ជិត​ទេ​ ការ​ចាប់​យុវជន​ ចាប់​ព្រះ​សង្ឃ​ជាដើម»។​

សហព័ន្ធ​ក៏​នឹង​សិក្សា​រៀន​សូត្រ​ពី​ប្រទេស​មួយ​ចំនួន​ដែល​ខិតខំ​តស៊ូ​រហូត​ដល់​បាន​ឯករាជ្យ​ក្នុង​នោះ​មាន​ប្រទេស​ទីម័រ​ខាងកើត។​

លោក​ប្រាក់​ សេរីវុឌ្ឍ​បាន​បន្ថែម​ថា៖ «យើង​សុំ​ទៅ​រៀន​សូត្រ​ពី​គេ​ថា​តើ​គេ​ធ្វើ​ដូច​ម្តេច​ដើម្បី​បាន​សេរីភាព​ តំណាង​ពីមុន​ជា​ជនជាតិ​ធ្លាប់​ត្រូវ​គេ​ជិះជាន់​ ឥឡូវ​គេ​បាន​ទៅ​ជា​ប្រទេស។ យើង​នឹង​សុំ​ទៅ​ជួប​អ្នកដឹកនាំ​នៅ​ប្រទេស​ទីម័រ​ខាងកើត​ដែល​ជាប់​ឥណ្ឌូណេស៊ី​ ដែល​គេ​បាន​ឯករាជ្យ​ហើយ​និង​ទៅ​អឺរ៉ុប​ផង​ដើម្បី​សិក្សា​រៀនសូត្រ​ពី​គេ​ថា​តើ​គេ​រំដោះខ្លួន​បាន​ឯករាជ្យ​ដែរ​ហ្នឹង​ថា​តើ​គេ​ធ្វើ​ដូច​ម្តេច​ខ្លះ»។​

ក្នុង​ចំណោម​ការងារ​ការទូត​គឺ​នឹង​មាន​ទាក់ទង​មន្ត្រី​រដ្ឋាភិបាលបារាំង​ដើម្បី​ឲ្យ​គេ​ដឹង​ថាខ្មែរ​ក្រោម​ធ្លាប់​ជួយ​ច្បាំង​ក្នុង​សង្គ្រាម​លោក​លើកទី២​និង​សង្គ្រាម​បារាំង​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​វៀតមិញ​ក្នុង​ទសវត្សរ៍​១៩៤០​និង​១៩៥០។

ការ​ជួបជុំ​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​ក៏​មាន​ការ​ប្រារព្ធ​ដល់​ទិវា​អន្តរជាតិ​ស្ត្រី​ផងដែរ​ដែល​ជា​ការ​បង្ហាញ​ស្នាដៃ​និងបញ្ហា​ប្រឈម​ដែល​ស្ត្រី​ខ្មែរ​ក្រោម​នៅ​ជួប​ប្រទះ។

កញ្ញា ឆន ស្រីណែត ​អនុ​ប្រធាន​សមាគម​មិត្ត​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កម្ពុជា​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ (VOKK) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា​ស្ត្រី​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​បាន​ភៀសខ្លួន​មក​នៅ​កម្ពុជា​មិន​សូវ​ចេះ​អក្សរ​ខ្មែរ​ទេ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​កម្ពុជា។​

កញ្ញា​ស្រី​ណែត​បាន​បន្ថែម​ថា​ក្មេង​ស្រី​និង​ប្រុស​មិន​បាន​ចូល​សាលារៀន​ដោយសារ​ការ​ចំណាយ​ច្រើន​ហើយ​ឪពុក​ម្តាយ​របស់​ពួកគេ​ប្រកប​អាជីវកម្ម​តូចតាច​ដូចជា​លក់ដូរ​តាម​រទេះ​ជាដើម។ រីឯ​អ្នក​ដែល​បាន​ទៅ​រៀនសូត្រ​ក៏​រៀន​មិន​បាន​ជ្រៅជ្រះ​ដែរ​ដោយសារតែ​បញ្ហា​ជីវភាព​នេះ។

លោក ប៊ុន មុន្នី ​ប្រធាន​សមាគម​មិត្ត​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ជាក់​ថា​មាន​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ជាង​១​លាន​នាក់​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​ពួកគេ​ចំនួន​៣៥% ​មិនទាន់​មាន​ឯកសារ​ផ្លូវការ​ដើម្បី​ធ្វើ​ការងារនៅ​កម្ពុជា​ទេ។

លោក ​ប៊ុន មុន្នី​ បាន​ថ្លែង​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា​អាជ្ញាធរ​កម្ពុជា​ក៏​ពិបាក​ជួយ​សម្រួល​ដល់​ខ្មែរក្រោម​មួយ​ចំនួន​ដោយ​សារ​អ្នកខ្លះ​មិន​មាន​ឯកសារ​ដែល​បញ្ជាក់​ថា​ជា​ខ្មែរ​ក្រោម។ រីឯ​អ្នកខ្លះ​ទៀត​ជា​ជន​ពនេចរ​ដោយ​ស្នាក់នៅ​កន្លែង​មិន​ទៀង​ទាត់។ ទន្ទឹម​នឹង​នោះ​ដែរ​ក៏​មាន​ការ​បង្ក​ការ​លំបាក​ដោយ​អាជ្ញាធរ​ដែរ​ដោយសារ​ពួកគេ​ប្រកាន់​និន្នាការ​នយោបាយ​ ដោយ​លោក​អះអាង​ថា​អាជ្ញាធរ​យល់​ថា​អ្នក​ទាំង​នោះ​មាន​និន្នាការ​នយោបាយ​មិន​ស្រប​នឹង​គណបក្ស​កាន់​អំណាច។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch ​បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​វៀតណាម​រឹតត្បិត​ការ​គោរព​បដិបត្តិ​សាសនា​ដោយប្រើ​ច្បាប់​តឹងរ៉ឹង​ ការតម្រូវ​ឲ្យ​ចុះ​បញ្ចី​និង​ការ​តាម​ឃ្លាំ​មើល​ជាដើម។​

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៣​អង្គការ ​Human Rights Watch ​បាន​ថ្លែង​ថា​អាជ្ញាធរ​ប៉ូលិស​តាម​ឃ្លាំមើល យាយី​រំខាន​ បំភិត​បំភ័យ​និង​ជួនកាល​បង្ក្រាប​លើ​ក្រុម​សាសនា​ដែល​រដ្ឋ​ចាត់​ទុក​ថា​នៅ​ក្រៅ​ស្ថាប័ន​គ្រប់គ្រង​របស់​ពួកគេ​ក្នុង​នោះ​មាន​ក្រុម​កាន់​ព្រះពុទ្ធសាសនា​មួយ​ចំនួន​ផង​ដែរ។​

របាយការណ៍​នេះ​បាន​បន្ថែម​ថា៖ «អ្នក​កាន់​សាសនា​ឯករាជ្យ​ត្រូវ​ទទួលរង​ការរិះគន់​ជា​សាធារណៈ​ ការ​បង្ខំ​ឱ្យ​បោះបង់​ជំនឿ​ ការ​ឃុំខ្លួន​ ការ​សួរ​ចម្លើយ​ ការ​ធ្វើ​ទារុណកម្ម​ និង​ការ​ជាប់​ពន្ធនាគារ»៕