សមាគមខ្មែរកម្ពុជាក្រោមស្នើទៅព្រះមហាក្សត្រ និងស្ថាប័នកំពូលៗរបស់កម្ពុជា ឱ្យលើកយកបញ្ហារបស់ខ្មែរក្រោមដាក់ជូនប្រធានាធិបតីវៀតណាម ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ដើម្បីឱ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
ក្នុងលិខិត ៥ ច្បាប់ ចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ ដែលសមាគមខ្មែរកម្ពុជាក្រោមបានយកទៅដាក់ជូនខុទ្ទកាល័យព្រះមហាក្សត្រនិងសម្តេចម៉ែ រដ្ឋសភា ព្រឹទ្ធសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានលើកឡើងអំពីបញ្ហានានាដែលប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមកំពុងជួបប្រទះ។ បញ្ហាទាំងនោះរួមមាន ការរើសអើងពូជសាសន៍ ការធ្វើទុក្ខបុកម្នេញ ការចាប់ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមជាង ១០ អង្គនាក់ដាក់ពន្ធនាគារ ការរំលោភសិទ្ធិមនុស្ស និងការប្រមាថបន្ទាបបន្ថោកខ្មែរកម្ពុជាក្រោមឥតស្រាកស្រាន្តជាដើម។
ការស្នើសុំរបស់សមាគមខ្មែរកម្ពុជាក្រោម ធ្វើឡើងមុនពេលប្រធានាធិបតីវៀតណាមលោក តូ ឡឹម (To Lam) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី ១២ និង ១៣ ខែកក្កដា ដែលគ្រោងចូលគាល់ព្រះមហាក្សត្រកម្ពុជា និងមានជំនួបជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
លោក សឺន ជុំជួន អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា សមាគមរំពឹងថា ស្ថាប័នកំពូលរបស់ជាតិនឹងអាចនាំយកបញ្ហាខ្មែរក្រោម ដូចជាការរំលោភសិទ្ធិ និងការធ្វើទុក្ខបុកម្នេញផ្សេងទៀតឱ្យប្រមុខរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានដឹងនិងដោះស្រាយ។
បើតាមលោក សឺន ជុំជួន សមាគមខ្មែរកម្ពុជាក្រោមធ្លាប់ស្នើសុំដោយផ្ទាល់ទៅរដ្ឋាភិបាលវៀតណាម និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ប៉ុន្តែសមាគមមិនដែលទទួលបានការឆ្លើយតបជាវិជ្ជមានណាឡើយ ទើបសមាគមខ្មែរកម្ពុជាក្រោមសម្រេចចិត្តស្នើសុំរដ្ឋាភិបាលកម្ពុជាឱ្យជួយអន្តរាគមន៍ ដោយសារតែខ្មែរកម្ពុជាក្រោមនៅតែចាត់ទុករដ្ឋាភិបាលកម្ពុជា ជាអាណាព្យាបាលរបស់ខ្លួន។
លោកប្រាប់វីអូអេថា៖ «យើងគិតថា ដាក់របាយការណ៍ហ្នឹងទៅ សង្ឃឹមថាស្ថាប័នទាំង ៤ ហ្នឹង នឹងពាំនាំបញ្ហារបស់ខ្មែរក្រោម ទៅដល់ប្រមុខរដ្ឋាភិបាលវៀតណាម ដើម្បីស្នើទៅដល់រដ្ឋាភិបាលវៀតណាមដោះស្រាយបញ្ហាដែលកំពុងតែមានការរំលោភសិទ្ធិមនុស្សខ្មែរក្រោមជាដើម»។
គិតរហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ សមាគមខ្មែរកម្ពុជាក្រោម មិនទាន់ទទួលបានការឆ្លើយតបពីស្ថាប័នណាមួយវិញនៅឡើយទេ ជុំវិញលិខិតសុំកិច្ចអន្តរាគមន៍នេះ ខណៈខុទ្ទកាល័យនាយករដ្ឋមន្ត្រី បដិសេធមិនបានទទួលយកលិខិតស្នើសុំ។ នេះបើតាមលោក សឺន ជុំជួន។
ទោះជាយ៉ាងណា អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍រូបនេះ បញ្ជាក់ថា ខ្មែរកម្ពុជាក្រោមប្តេជ្ញាតស៊ូមតិទាំងក្នុងតំបន់និងអន្តរជាតិ ដោយមិនបណ្តែតបណ្តោយ ឱ្យខ្មែរកម្ពុជាក្រោមរស់នៅរងទុក្ខវេទនា ក្រោមការរឹតត្បិតសិទ្ធិសេរីភាពបែបនេះឡើយ។
បើតាមលិខិតទាំង ៥ ច្បាប់ ដែលសមាគមខ្មែរកម្ពុជាក្រោមបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងបានដាក់ទៅស្ថាប័នកំពូលៗរបស់កម្ពុជា បានរៀបរាប់ថា៖ «បន្ទាប់ពីបារាំងកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមមក ខ្មែរក្រោមត្រូវរស់នៅក្រោមការត្រួតត្រាដោយរដ្ឋាភិបាលវៀតណាម ក្នុងស្ថានភាពកំព្រាឪពុកម្តាយ និងអាណាព្យាល ពោលគឺព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលខ្មែរ។ ការរស់នៅក្នុងស្ថានភាពដ៏អយុត្តិធម៌ ការរើសអើងពូជសាសន៍ ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្ស និងការប្រមាថ មើលងាយ បន្ទាបបន្ថោកគ្រប់រូបភាពមកលើខ្មែរក្រោម បង្កឱ្យមានការឈឺចាប់ឥតស្រាកស្រាន្ត»។
ក្នុងលិខិតនោះបន្តថា៖ «បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាមបានចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹក និងដាក់ពន្ធនាគារ រួមទាំងប្រជារាស្ត្រខ្មែរក្រោមដទៃទៀតសរុបចំនួន ១៣ អង្គ/រូប ហើយថ្មីៗនេះព្រះសង្ឃវៀតណាមមួយអង្គបានប្រមាថមើលងាយជាសាធារណៈមកលើអត្តសញ្ញាណពូជសាសន៍ខ្មែរ ដែលជាការប្រព្រឹត្តផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្ស អន្តរជាតិ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យព្រះបរមរាជវាំងបាននៅឡើយទេ។ ចំណែកអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា លោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា មិនទទួលទូរស័ព្ទ។
លោក ម៉ម ប៊ុននាង ដែលជាអ្នកនាំពាក្យព្រឹទ្ធសភាអាណត្តិមុន ប្រាប់វីអូអេថា លោកមិនអាចអត្ថាធិប្បាយអ្វីបាននោះទេ ដោយសារស្ថាប័នមិនទាន់មានការតែងតាំងអ្នកនាំពាក្យថ្មីជាផ្លូវការ។
វីអូអេក៏មិនទាន់អាចសុំការបញ្ជាក់ពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានដែរ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
បើតាមរបាយការណ៍ចុងក្រោយនៃស្ថានភាពព្រះសង្ឃ និងពលរដ្ឋខ្មែរនៅកម្ពុជា ក្រោម ចុះថ្ងៃទី ៨ ខែកក្កដា ដែលសមាគមខ្មែរកម្ពុជាក្រោម ដាក់ទៅកាន់ស្ថាប័នកំពូលរបស់កម្ពុជាដែរនោះ រៀបរាប់បញ្ហាប្រឈមថា រដ្ឋាភិបាលវៀតណាមនៅតែបន្តចាត់ វិធានការប្រឆាំងខ្មែរក្រោម ដូចជាការរឹបអូសយកដីធ្លី ស្រែចំការពីខ្មែរក្រោម យកទៅចែកឱ្យអ្នកជំនួញជនជាតិវៀតណាម ឬយកលេសរក្សាដីស្រែទាំងនោះជាតំបន់ការពារ ឬជាសម្បត្តិរដ្ឋ ដោយមិនផ្តល់សំណងត្រឹមត្រូវ។ នៅកម្ពុជាក្រោម មិនអនុញ្ញាតឱ្យប្រើប្រាស់ភាសាខ្មែរជាភាសាផ្លូវការនោះទេ ដោយកូនខ្មែរក្រោមចង់ចេះភាសាខ្មែរ ត្រូវទៅរៀនតាមទីវត្តអារាម។
សមាគមខ្មែរកម្ពុជាក្រោមបន្ថែមថា រដ្ឋាភិបាលរៀតណាមមិនអនុញ្ញាតឱ្យខ្មែរក្រោមសិក្សាពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្រកម្ពុជាក្រោម។ ខ្មែរក្រោមមិនមានសិទ្ធិទទួលបានព័ត៌មាននោះទេ ដោយអាជ្ញាធរសម្ងាត់រៀតណាមតែងឃ្លាំមើលនៅពេលខ្មែរក្រោមផ្តល់ព័ត៌មានអំពីការរំលោភសិទ្ធិមនុស្សដល់អ្នកសារព័ត៌មានបរទេស និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងការចាប់ផ្សឹកព្រះសង្ឃ និងចាប់ឃុំខ្លួនសកម្មជនខ្មែរក្រោមចំនួន ១៣ អង្គ/នាក់ ដាក់ពន្ធនាគារ និងបញ្ហាប្រឈមមួយចំនួនទៀត។
គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ មានរយៈពេល ៥៦ ឆ្នាំមកហើយ។ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការក្នុងប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត រំពឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម នឹងបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យរាល់កិច្ចព្រមព្រៀង អនុស្សារណៈនិងការយោគយល់គ្នា និងទិសដៅដែលបានដាក់ចេញបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ៕