ខ្មែរ-អាមេរិកាំង​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​សភា​និង​ព្រឹទ្ធសភា

រូប​ឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចូល​រួម​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋសភា​អាមេរិក (Congress) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ស្តារ​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី១៩ ខែ​មករា ឆ្នាំ​២០១៩។ (សុខ ខេមរា/VOA)

សកម្មជន​សហគមន៍​ធ្វើ​សកម្មភាព​ ​​​​ទៅ​ជួប​​សមាជិក​រដ្ឋសភា​និង​​ព្រឹទ្ធសភា​ដោយ​​ផ្ទាល់ ​ទូរស័ព្ទ​ទៅ​ការិយាល័យ​អ្នកតំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​ ​សរសេរ​ញត្តិ​សម្តែង​ការ​គាំទ្រ ​និង​ធ្វើការ​ជាមួយ​នឹង​អង្គការ​នានា​ដែល​លើក​កម្ពស់​សិទ្ធិ​មនុស្ស​​និង​លទ្ធិប្រជាធិបតេយ្យ។ ​

សកម្មជន​ខ្មែរ-អាមេរិកាំង​កំពុង​រៀបចំ​យុទ្ធនាការ​នានា​ដើម្បីបញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្ត្រសហរដ្ឋ​អាមេរិក​នៅ​តាម​មណ្ឌល​របស់​ខ្លួនឱ្យ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ចំនួន​ពីរ​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជានិង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។​

ក្នុង​ចំណោម​សកម្មភាព​ដែល​សកម្មជន​សហគមន៍​ធ្វើ​រួម​មាន​ការ​ទៅ​ជួប​អ្នក​តំណាងរាស្រ្ត​និង​សមាជិក​ព្រឹទ្ធសភា​ដោយផ្ទាល់ ​ការ​ទូរស័ព្ទ​ទៅ​ការិយាល័យ​អ្នកតំណាងរាស្ត្រ​និង​ព្រឹទ្ធសភា​ ការ​សរសេរ​ញត្តិ​សម្តែង​ការ​គាំទ្រ ​និង​ធ្វើការ​ជាមួយ​នឹង​អង្គការ​នានា​ដែល​លើក​កម្ពស់​សិទ្ធិ​មនុស្សនិង​លទ្ធិប្រជាធិបតេយ្យ។ ​

សេចក្តី​ស្នើ​ច្បាប់​ទាំង​ពីរ​គឺ​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍» ​(S.34)​ និង​«ច្បាប់​ស្តី​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា‍»​ (H.R. 526) ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្ត្រ​អាមេរិកាំង​ស្នើ​ឡើង​កាលពី​ដើម​ខែ​មករា​ក្នុង​គោល​បំណង​ពិនិត្យ​មើល​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ទូទៅ​(GSP) ដែល​កម្ពុជា​នាំ​ទំនិញ​ដោយ​រួច​ពន្ធ​ចូល​សហរដ្ឋ​អាមេរិក​និង​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ហើយ​រៀបចំ​ការបោះឆ្នោត​ដោយ​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ក៏​ដូច​ជា​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​អង្គការសង្គម​ស៊ីវិល អ្នកសារព័ត៌មាន​និង​អ្នកនយោបាយ​បក្ស​ជំទាស់​ដែល​បាន​រង​គ្រោះ​ដោយ​សារ​យុទ្ធនាការ​បង្ក្រាប​ពីអាជ្ញាធរ​កម្ពុជា។

លោក​អ៊ុង ឫទ្ធី​ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នៅ​ក្នុង​រដ្ឋ​ម៉ាស្សាឈូសិត ​និង​ជា​ប្រធាន​សាខាគណបក្ស​សង្គ្រោះជាតិ​អាមេរិក ​(CNRPA) ​បាន​បញ្ជាក់​ប្រាប់​ VOA​ ថា ​សេចក្តី​ស្នើ​ច្បាប់​ទាំងពីរ​នេះ​នឹង​ដំណើរ​ការ​ទៅមុខ​បាន​ល្អដោយសារ​តែ​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍»​ត្រូវ​បាន​ស្នើ​ឡើង​ម្តង​កាល​ពី​ឆ្នាំ​២០១៨ហើយ​ទទួលបាន​ការ​គាំទ្រ​ជា​ឯកច័ន្ទ​ពី​សភា​តំណាងរាស្ត្រ។

លោក​អ៊ុង ឫទ្ធី​បាន​បន្ថែម​ថា៖

«សព្វថ្ងៃ​នេះ​យើង​កំពុងតែ​ធ្វើការ​ជាមួយ​ខាង​ព្រឹទ្ធសភា​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ច្បាប់​ថ្មី​ដែល​ទើប​តែ​ព្រាង​ឡើង​គឺ​S-34 ​ដែល​មាន​ទម្រង់​ទ្រង់ទ្រាយ​ដូច​អ្វី​ដែល​សហភាព​អឺរ៉ុប​បាន​ធ្វើ​ខាង​ផ្នែក​ពាណិជ្ជកម្ម។ ហើយ​សកម្មជន​យើង​សព្វថ្ងៃ​កំពុង​តែ​ធ្វើ​ញត្តិ​ឬ​យក​ហត្ថលេខា​ចែក​មុខព្រួញ​គ្នា​ដើម្បីទាក់​ទង​អ្នក​តាក់​តែង​ច្បាប់​នៅ​តាម​រដ្ឋ​នីមួយៗ​ដើម្បី​រុញច្រាន​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​ច្បាប់​ទាំងពីរ​ហ្នឹងជាប់​ជាស្ថាពរ​ដើម្បី​អនុវត្ត​ច្បាប់‍»។​

លោក​សារ៉ាត់ សាយ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​រ៉ូដ អាយឡឹន ​បាន​បញ្ជាក់​ថា​ក្រុម​លោក​គ្រោង​នឹងជួបជាមួយ​អ្នកតំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​របស់​ខ្លួន​ដើម្បី​ស្នើ​ឱ្យ​ពួកគេ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

លោក​សារ៉ាត់ ​បាន​បញ្ជាក់​ថា​ លទ្ធផល​នៃ​ការ​ធ្វើ​បាតុកម្ម​ជាច្រើន​សាររបស់​សហគមន៍​ខ្មែរ-​អាមេរិកាំងក្នុង​ពេល​កន្លង​មក​បាន​ឮ​ដល់​អ្នក​តាក់តែងតែង​អាមេរិកាំង៖

«ពេញចិត្ត​ ប៉ុន្តែ​ចង់​បាន​ច្រើន​ជា​នេះ​ទៀត​ ឱ្យ​លឿន​ជាង​នេះ ឱ្យ​បាន​ឆាប់។ បាន​ជោគជ័យ​ដែរ​ ដែល​យើង​ធ្វើ​បាតុកម្ម‍»។​

សេចក្តី​ស្នើ​«ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍»​ (HR526) ​ត្រូវ​បាន​លោក​ថេត យូហូ (Ted Yoho) អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ផ្លរីដា ​បាន​ស្នើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ខែ​មករា​។ នៅ​ពេល​នេះ​មានការ​គាំទ្រ​ពី​អ្នក​តំណាងរាស្ត្រ​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​ដូច​ជា​លោក​ អេលៀត អ៊ីងហ្កេល ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​និង​ជា​អ្នក​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​ញូវយ៉ក ​លោក​ ប្រែដ សឺមែន ​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​និង​ជា​អ្នកតំណាង​រាស្ត្រប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​និង​លោក​អាឡាំង ឡូវឹនសល ​សហ​ប្រធាន​ក្រុមការងារទទួល​បន្ទុក​កិច្ចការ​កម្ពុជា​និង​ជា​អ្នក​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​ជាដើម។

សេចក្តី​ស្នើ​ច្បាប់​ HR526 ​នេះ​កំពុង​ស្ថិតនៅ​គណៈកម្មការ​កិច្ចការ​បរទេស​និង​គណៈកម្មការ​នីតិកម្មរបស់សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក។​ ប៉ុន្តែ​គណៈកម្មការ​ទាំងនេះ​នៅ​មិន​ទាន់​មានគម្រោង​ដាក់​ចូល​ក្នុង​របៀបវារៈ​ប្រជុំ​នៅឡើយ​ទេ​នៅ​ពេល​ដែល ​VOA ​ទាក់ទង​ក្នុង​សប្តាហ៍​នេះ។​

មន្ត្រី​អ្នកនាំពាក្យ​គណៈកម្មការ​កិច្ចការ​បរទេស​គឺ​លោក ធីម មុលវី ​បាន​បញ្ជាក់​ប្រាប់ VOA ​ថា ​ដោយ​សារ​តែ​ច្បាប់​នេះ​ធ្លាប់​បាន​សភា​តំណាងរាស្ត្រ​អាណត្តិ​មុន​អនុម័ត​ម្តង​រួច​ហើយ​គឺ​វា​ទំនង​ជា​នឹងត្រូវ​អនុម័ត​បាន​ទៀត​ដោយ​មិន​មាន​បញ្ហា​អ្វី​ទេ។ ​

លោក​ជា មាស ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នៅ​រដ្ឋ​ផែនស៊ីលវេនៀ (Pennsylvania ) ​និងជា​អ្នក​នាំពាក្យ​នៃ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ (CNRP-USA) ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា ​លោក​សង្ឃឹម​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៩នេះ។

លោក​បន្ថែម​ថា៖

«ច្បាប់​ទាំងអស់​នេះ​មិន​មែន​អាមេរិកាំង​ទៅ​ទាត់​ចោល​ព្រះរាជាណាចក្រ​កម្ពុជា​បើ​សិន​ជា​ខ្ញុំ​មើល​ច្បាប់​ហ្នឹង​ន័យ​ឱ្យ​ខ្លី​ហើយ​ស្រួល​យល់​គេ​ថា​ «គណនេយ្យភាព‍» គឺ​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​នៅ​ក្នុង​ការ​រកស៊ី​មុខ​របរ​ជំនួញ​ទាំងឡាយ​ណា​ដែល​នាំ ចូល​មក​សហរដ្ឋ​អាមេរិក​។ នេះ​គឺ​ច្បាប់​H.R.526។ រី​ឯ​ច្បាប់​S.34នេះ​គេ​ចោទ​ធ្ងន់​មិនមែន​លើ​កងប្រដាប់​អាវុធ​ទាំង​អស់​ហ្នឹង​ទេ​គេ​ចោទ​ធ្ងន់​ទៅលើ​អ្នកមាន​អំណាច​ អ្នកបញ្ជាការ​ទាំងឡាយ​ណា​ដែល​អាក្រក់ៗ​គេ​យក​មក​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ នៅ​ក្នុង​ន័យ​ពិចារណា​តទៅមុខ​ទៀត‍»។​

ប្រទេស​កម្ពុជា​បាន​នាំ​ទំនិញ​ក្នុង​តម្លៃ​៤០០​លាន​ដុល្លារ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​ក្រោម​កម្មវិធី​GSP ​ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​យ៉ាងហោចណាស់​៨០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ សេចក្តី​ស្នើ«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍» ដែល​ត្រូវ​បាន​ស្នើ​ឡើង​កាលពី​ថ្ងៃ​ទី​៨ខែ​មករា​ មាន​គោល​បំណង​សើរើ​ឋានៈ​អនុគ្រោះ​ពន្ធដែល​កម្ពុជា​ទទួល​បាន។ ​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បានបញ្ជូន​ទៅ​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់​ព្រឹទ្ធសភា​ប៉ុន្តែ​ក៏​នៅ​មិន​ទាន់​មាន​គម្រោង​ដាក់​ចូល​ប្រជុំ​នៅ​ឡើយ​ដែរ។

រូប​ឯកសារ៖ កម្មករ​ស្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ជប៉ុន​មួយ​កន្លែង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៤។ (Reuters)

​ប៉ុន្តែ​នៅ​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​ជាងគេ​បំផុត​របស់​កម្ពុជា​ ក្រុម​ប្លុក​ដែល​មាន​២៨​ប្រទេស​នេះបាន​ចាប់​ផ្តើម​ដំណើរការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ» (EBA) ​ពី​ប្រទេស​កម្ពុជា​ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​មក​នេះ។ ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​សន្សំ​ប្រាក់​បាន​ជាង៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។​

លោក​ថេត គ្រូស​ (Ted Cruz) សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ រដ្ឋ​តិចសាស ​និង​ជា​អ្នក​ស្នើ​សេចក្តី​ព្រាងច្បាប់​S-34 នេះ​ឡើង​បាន​បញ្ជាក់​តាម​សារ​ធ្វីតធឺ​ (Twitter) ដោយ​ស្វាគមន៍​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ថា៖

«នេះ​ជា​ជំហាន​ដ៏​គួរ​ឱ្យ​ស្វាគមន៍​មួយទៀត​ពី​សហភាព​អឺរ៉ុប​ដែល​ពិនិត្យមើល​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ជន​ផ្តាច់ការ​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា‍»។

​លោក​ថេត គ្រូស​បាន​បន្ថែមថា​សេចក្តី​ស្នើ​ច្បាប់​ដែល​លោក​និង​លោក​គ្រីស ឃូន ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ឌែលឡាវែ (Delaware) ​បាន​ស្នើ​ឡើង​គឺ​នឹង​តម្រូវ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ដូច​គ្នា​ដែរ។

ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​សហរដ្ឋ​អាមេរិក​ក្រោម​កម្មវិធី​GSP ​គឺជា​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ ​រី​ឯ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​សហភាព​អឺរ៉ុប​គឺ​ភាគច្រើនជា សម្លៀកបំពាក់ ​ស្បែកជើង ​ផលិតផល​កសិកម្ម​និង​កង់​ដោយមិន​បង់​ពន្ធ​អ្វី​ទាំងអស់​តាំង​ពី​ឆ្នាំ​២០០១​មក។

វិស័យ​កាត់ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​៧០ម៉ឺននាក់​ដែល​ភាគ​ច្រើនជា​ស្ត្រី​មក​ពី​ទី​ជនបទ។

លោក​អ៊ុង ឫទ្ធី បាន​បញ្ជាក់​ថា៖

«ខ្ញុំ​សូម​សរសើរ​នូវ​ទឹកចិត្ត​ដ៏​មោះមុត​ហើយ​មិនព្រម​ថយ​ក្រោយ​ដោយសារ​ទង្វើ​ដែល​របប​លោក​ហ៊ុន សែន​បាន​ធ្វើ​បន្តិច​បន្តួច​ហ្នឹង​ហើយ​យើង​ឃើញ​ថា​សហគមន៍​អឺរ៉ុប​គេ​យល់​ច្បាស់​ណាស់​នូវ​អ្វី​ដែល​របប​លោក​ហ៊ុន សែន​បាន​កំពុង​ធ្វើ​ម្ល៉ោះ​ហើយ​ច្បាប់​របស់​គេ​ចេញ​គឺជា​ភាព​វិជ្ជមាន​មួយ​ដ៏​ធំ​ហើយ​គឺជា​ភាព​ជោគជ័យ​មួយ​ដ៏​សំខាន់​របស់​សកម្មជន​យើង​ដែល​កំពុង​ធ្វើការ​តស៊ូ​ជាពិសេស​សកម្មជន​សង្គ្រោះ​ជាតិ​របស់​យើង​ទាំងអស់​គ្នា​‍»។​

បច្ចុប្បន្ន​នេះ​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​លំនៅដ្ឋាន ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​នៅ​ជាប់​បណ្តឹង​នៅ​តុលាការ​នៅឡើយ ​សកម្មជន​សហជីព​មួយ​ចំនួន​ជាប់​បណ្តឹង​នៅ​តុលាការ​និង​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ។

លោក​គុជ ច័ន្ទ​លី​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ម៉ារីឡែន​ (Maryland) បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រួម​គ្នា​ធ្វើ​សកម្ម​ភាព​ទាក់ទង​អ្នកតំណាងរាស្ត្រ​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ឱ្យ​បាន​ច្រើន។​

«ខ្មែរ​យើង​ធ្វើ​ឬ​ខ្មែរ​យើង​មិន​មក​ជំរុញ​គេ​ក៏​គេ​នឹង​ត្រូវ​តែ​ធ្វើ​ដែរ​ពីព្រោះ​សហភាព​អឺរ៉ុប​គេ​បាន​ចាប់ផ្តើម​ឈាន​មួយ​ជំហាន​មុន​អាមេរិក​រួច​ទៅ​ហើយ​ ហើយ​អាមេរិក​នឹង​ចាប់ផ្តើម​ឈាន​ក្នុង​ពេល​ឆាប់ៗ​នេះ​ទៀត​។ ប៉ុន្តែ​បើ​សិន​ជា​បាន​សហគមន៍​ខ្មែរ​យើង​ជំរុញ​គេ​ថែម​ទៀត​គេ​រឹតតែ​ចង់​ឮ​ថែមទៀត​ពីព្រោះ​ថា​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​អ្នកនយោបាយ​ម្នាក់ៗ​បាន​អំណាច​ដោយ​សារ​សន្លឹក​ឆ្នោត​...។ ដូច្នេះ​បើ​សិន​ជាខ្មែរ​យើង​ណា​មាន​ការ​ឈឺចាប់​ពី​រឿង​ប្រទេស​ខ្មែរ​របស់​ខ្លួន​គួរតែ​មក​យំ​មក​ស្រែក​មក​ប្រាប់​គេ​ឱ្យ​ដឹង​ទៅ​គេ​នឹង​ជួយ​យើង​ដើម្បី​ឱ្យ​បាត់​ការ​ឈឺ​ចាប់‍»។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក៏​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ថា​ លោក​នឹង​ធ្វើ​ទុក្ខ​ទោស​អ្នកនយោបាយ​អតីត​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត​បើ​សិន​ជា​កម្ពុជា​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ។​

សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ដែល​ទទួល​ទិញ​ទំនិញ​កម្ពុជា​ជាង​៦៥​ភាគរយ​នៃ​ទំនិញ​នាំ​ចេញ​ទាំងអស់​ដែល​ភាគច្រើន​គឺ​ផ្នែក​កាត់ដេរ៕