សាលាក្ដីខ្មែរក្រហម កាលពីថ្ងៃចន្ទ បានបើកសវនាការបណ្ដឹងសាទុក្ខលើសំណុំរឿង០០២/០២របស់អតីតមេដឹកនាំខ្មែរក្រហមលោក ខៀវ សំផន ក្នុងអ្វីដែលហាក់បង្ហាញសញ្ញានៃការឈានទៅរកទីបញ្ចប់នៃអង្គជំនុំជម្រះដែលដំណើរការអស់ជាង១០ឆ្នាំមកហើយ។
ក្នុងសម្លៀកបំពាក់អាវរងាពណ៌គគី មាត់និងច្រមុះបិទដោយម៉ាស បុរសចំណាស់វ័យ៩០ឆ្នាំដែលមានបែកប្រជ្រុយពេញផ្ទៃថ្ងាស គឺលោក ខៀវ សំផន អតីតប្រធានរដ្ឋរបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានគេឃើញមានបង្ហាញវត្តមានដោយផ្ទាល់នៅបន្ទប់ដាច់ដោយឡែកមួយសម្រាប់ក្រុមការពារក្ដីក្នុងសាលសវនាការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោក ខៀវ សំផន ដែលជាអតីតមេខ្មែរក្រហមថ្នាក់ខ្ពស់តែម្នាក់គត់ដែលនៅរស់រាន ធ្លាប់ត្រូវបានកាត់ទោសជាប់ពន្ធនាគារមួយជីវិតរួចមកហើយ ក្នុងសំណុំរឿង០០២/០១ ទាក់ទិននឹងការជម្លៀសបណ្ដេញចេញដោយបង្ខំពីទីក្រុងភ្នំពេញ និងតំបន់ផ្សេងទៀត និងការសម្លាប់ ទាហានរបបសាធារណរដ្ឋខ្មែរ ក្រោយខ្មែរក្រហមចូលកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥។
សវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ដែលប្រព្រឹត្តទៅនៅសប្ដាហ៍នេះ នឹងផ្ដោតលើសាលដីកាកាលពីឆ្នាំ២០១៨របស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ឱ្យ នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ចាមនិងវៀតណាម ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ និងអំពើមនុស្សឃាត ប្រព្រឹត្តដោយរបបកម្ពុជាប្រជាធិបតេយ្យ។
ដោយសារតែលោក នួន ជា អតីតបងធំទីពីរនៃរបបខ្មែរក្រហម បានស្លាប់ អំឡុងពេលជាប់ឃុំខ្លួនក្នុងខែសីហា ឆ្នាំ២០១៩ បទចោទនិងដំណើរការនីតិវិធីប្រឆាំងរូបលោក ក្នុងសំណុំរឿង ០០២/០២ ត្រូវផុតរលត់។
លោក ខៀវ សំផន មិនបានឡើងថ្លែងនៅក្នុងសវនាការនាថ្ងៃដំបូងនេះទេ។ តែលោក គង់ សំអុន ដែលជាសហមេធាវីការពារក្ដីរបស់លោក បានឡើងបង្ហាញសារណា ដោយបានវាយប្រហារលើអង្គជំនុំជម្រះសាលាដំបូង ថាបាន«រំលោភ»នីតិវិធី ហើយក្នុងបណ្ដឹងសាទុក្ខរបស់លោក ខៀវ សំផន នោះបានស្នើអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីធ្វើមោឃភាពលើសាលដីការបស់សាលាដំបូង និងការចោទប្រកាន់ផ្សេងទៀត។ លោក ខៀវ សំផន ក៏បានស្នើឲ្យតុលាការកែប្រែការផ្តន្ទាទោសមួយជីវិត មកជាការដាក់ពន្ធនាគារក្នុងពេលកំណត់ណាមួយ។
លោក គង់ សំអុន បានចោទអង្គជំនុំជម្រះសាលាដំបូងថាមិនបានគោរពតាមវិធានផ្ទៃក្នុងរបស់សាលាក្ដី ដោយមិនធ្វើសេចក្ដីសំអាងហេតុជាលាយលក្ខណ៍អក្សរ ពេលប្រកាសសាលក្រមសំណុំរឿង០០២/០២ កាលពីឆ្នាំ២០១៨ តែបានធ្វើនៅរយៈពេល៦ខែក្រោយនៅដើមឆ្នាំ២០១៩។
«សម្រាប់យើង ពិតជាមានបញ្ហា ហើយជាបញ្ហាធំទៀតផង គឺថាដើម្បីផ្ដល់យុត្តិធម៌ ចៅក្រមត្រូវគោរពច្បាប់ ចៅក្រមជាអ្នកធានាការគោរពច្បាប់ និងជាអ្នករក្សាសេរីភាពបុគ្គល និងសិទ្ធិជាមូលដ្ឋាន។ បើចៅក្រមខ្លួនឯងមិនគោរពនូវវិធានច្បាប់របស់ខ្លួន នោះគឺចប់តែម្ដង! នោះជាបរាជ័យក្នុងវិស័យច្បាប់ ជាការធ្វើតាមទំនើងចិត្ត គ្មាននីតិរដ្ឋ និងគ្មានទំនុកចិត្តលើយុត្តិធម៌»។
សហព្រះរាជអាជ្ញាជាតិ អ្នកស្រី ជា លាង បានឡើងតបនឹងក្រុមការពារក្ដីថាមិនមានការរំលោភបំពាននីតិវិធីណាមួយ ក្នុងការចាត់ការលើសំណុំរឿង០០២/០២ ដោយសាលាដំបូងឡើយ។
សវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង០០២/០២នេះ គ្រោងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃព្រហស្បតិ៍ ឬយ៉ាងយូរថ្ងៃសុក្រ ក្នុងសប្ដាហ៍នេះ ហើយតាមកាលវិភាគតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមនឹងចេញសេចក្ដីសម្រេចនៅចុងឆ្នាំ២០២២។ នេះបើយោងតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យរបស់សាលាក្ដី ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃចន្ទ។
ដោយសារតែការខ្វែងគំនិតគ្នានៅដំណាក់កាលអង្គបុរេជំនុំជម្រះ រវាងភាគីជាតិ និងភាគីអន្តរជាតិលើសំណុំរឿង០០៣ ប្រឆាំងនឹងមេទាហានជើងទឹកខ្មែរក្រហម មាស មុត និងសំណុំរឿង ០០៤ ប្រឆាំងនឹងអតីតលេខាតំបន់១៣របស់ខ្មែរក្រហម យឹម ទិត្យ ដំណើរការចុងក្រោយនៃសំណុំរឿង លោក ខៀវ សំផន នេះ អាចបង្ហាញនូវសញ្ញានៃការឈានទៅរកទីបញ្ចប់របស់សាលាក្ដីកូនកាត់នេះ ដែលបានចំណាយពេល១៥ឆ្នាំ និងចាយប្រាក់អស់៣៣០លានដុល្លារអាមេរិក។
លោក ឡុង បញ្ញាវុឌ្ឍ អ្នកអង្កេតការណ៍លើដំណើរការសាលាក្ដី បានប្រាប់វីអូអេថា៖
«តើនៅពេលដែលតុលាការកំពូលប្រកាសនូវសាលដីកាទាក់ទងនឹងសំណុំរឿង០០២/០២ វាជាសញ្ញានៅក្នុងការដំណើរការដាក់បញ្ចប់នូវប្រតិបត្តិការសាលាក្ដីខ្មែរក្រហមទៀត បើយើងមើលជាទូទៅ វាស្ថិតនៅក្នុងទិសដៅបែបហ្នឹងហើយ ពីព្រោះយើងគ្មានជំនឿថា សំណុំរឿង០០៣ និង០០៤ នឹងឈានទៅដល់ការជំនុំជម្រះឡើយ ដោយសារតែភាពខ្វែងគំនិតគ្នានៅក្នុងការចេញដីកាដំណោះស្រាយរៀងខ្លួន ហើយអង្គបុរេមិនអាចរកសំឡេងគាំទ្រលើសលប់បាននៅក្នុងការបញ្ជូនទៅជំនុំជម្រះ»។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខ្លួនលោកផ្ទាល់ធ្លាប់ជាអតីតមេបញ្ជាការអង្គភាពយោធាមួយនៅតំបន់បូព៌ារបស់ខ្មែរក្រហមផងដែរ មុននឹងភៀសខ្លួនទៅវៀតណាមក្នុងឆ្នាំ១៩៧៧ បានសម្ដែងការជំទាស់មិនចង់ឱ្យតុលាការខ្មែរក្រហមដំណើរការហួសពីសំណុំរឿង០០២ឡើយ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដី បានលើកឡើងថា លោកមិនដឹងច្បាស់លាស់ឡើយថាដំណើរការបង្ហើយនៃសំណុំរឿង០០២/០២នេះ ជាសញ្ញានៃការឈានទៅបិទបញ្ចប់សាលាក្ដីឬយ៉ាងណា តែបានរំលេចពីភាពជាប់គាំងខ្វែងគំនិតរវាងភាគីជាតិ និងភាគីអន្តរជាតិលើសំណុំរឿង០០៣ និង០០៤។
«អ៊ីចឹងអ្វីដែលដំណើរការពីពេលនេះ រហូតដល់ចុងឆ្នាំ២០២២ យើងខ្ញុំមិនទាន់បានច្បាស់លាស់ថាតើ នៅចុងឆ្នាំ២០២២ នៅពេលដែលប្រកាសសាលដីកាស្ថាពរលើសំណុំរឿង០០២/០២នេះបិទបញ្ចប់ ជាដំណើរការបិទបញ្ចប់ទាំងស្រុងនៃសាលាក្ដីនេះដែរទេ?»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា តុលាការនៅមានកិច្ចការមួយចំនួនទៀត ដូចជាការរៀបចំនីតិវិធីបិទបញ្ចប់ និងរៀបចំទុកដាក់ឯកសារជាង២លានទំព័រដែលចងក្រងបានពីសំណុំរឿង០០១ ដល់សំណុំរឿង០០២នេះ៕