សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Lindsey Graham បានជួបជាមួយក្រុមមន្រ្តីនានានៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីទូលំទូលាយមួយ ដោយផ្តោតជាពិសេសទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងកសាងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមមន្រ្តី។
ការិយាល័យលោកនាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថានបានប្រកាសថា នៅក្នុងជំនួបរវាងលោក Graham និងលោក Imran Khan នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Graham បានថ្លែងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កោតសរសើរយ៉ាងខ្លាំងដល់ការបន្តជួយគាំទ្ររបស់ប៉ាគីស្ថានចំពោះដំណើរការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមន្រ្តីក៏បានដកស្រង់សម្តីរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះ ដែលបានសរសើរប្រទេសប៉ាគីស្ថាន ដែលបានសង់របងព្រំដែនដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។
ស្របពេលដែលប៉ាគីស្ថានកំពុងផ្តោតខ្លាំងលើសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Khan បានបញ្ជាក់ឡើងវិញថា ប៉ាគីស្ថាននឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលនៅក្នុងដំណើរការសន្តិភាពនិងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Graham ក៏ធ្លាប់បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសប៉ាគីស្ថានកាលពីខែកុម្ភៈ ដែលទស្សនកិច្ចនោះគឺជាការត្រួសត្រាយផ្លូវដល់កិច្ចប្រជុំរវាងលោក Khan និងលោក Trump នៅសេតវិមានកាលពីខែកក្កដាកន្លងទៅ៕