ស្ពាន​សំខាន់​មួយ​ដែល​ឆ្លងកាត់​ព្រំដែន​រវាង​ស.រ.អ. ​និង​កាណាដា ត្រូវ​បាន​បើក​ឡើង​វិញ បន្ទាប់​ពីប៉ូលិស បាន​បណ្តេញ​ក្រុម​អ្នកប្រឆាំង​តវ៉ា​ចេញ

ក្រុមបាតុករ​ដែល​ប្រមូល​ផ្តុំគ្នា​ប្រឆាំង​នឹង​ការរឹត​បន្តឹង​កូវីដ១៩ លើកដៃ​គ្រវី និង​លើក​បដា ពេល​រថយន្ត​បើក​ឆ្លងកាត់​នៅ​ឧទ្យាន Pat Sole ក្បែរ​ស្ពានPeace Bridge ​កាលពី​ថ្ងៃសៅរ៍​ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ទីក្រុង​ Buffalo រដ្ឋ New York សហរដ្ឋ​អាមេរិក។

ចំណុច​ឆ្លងកាត់​ដ៏មមាញឹក​មួយ​កន្លែងនៅ​ព្រំដែនរវាង​សហរដ្ឋ​អាមេរិក​ និងប្រទេស​កាណាដា​ ត្រូវ​បាន​បើក​ឡើងវិញ​ហើយកាល​ពី​យប់​ថ្ងៃ​អាទិត្យកន្លងទៅនេះ បន្ទាប់ពី​ក្រុម​អ្នក​ប្រឆាំង​តវ៉ានឹង​ការឹត​បន្តឹងនៃ​ជំងឺ​កូវីដ១៩ បាន​បិទច្រក​នេះ​ អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លង​មក ស្រប​ពេល​ដែល​មន្ត្រី​កាណាដា មិន​បាន​បង្ក្រាបទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​ដែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​រដ្ឋធានី​អូតាវ៉ា​នៃ​ប្រទេស​កាណាដា​នោះ។ នេះ​ បើតាម​ការ​ចេញ​ផ្សាយរបស់​ទី​ភ្នាក់​ងារ​ព័ត៌មាន AP។

ក្រុមហ៊ុន Detroit International Bridge Co. បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ស្ពាន​ឯកអគ្គរដ្ឋទូត ​ឬ Ambassador Bridge ត្រូវ​បានបើក​ឡើង​វិញ​ទាំង​ស្រុង​ដោយ​អនុញ្ញាត​ឲ្យ​មាន​ដំណើរការ​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​ឡើងវិញរវាង​កាណាដា​ និង​សហរដ្ឋ​អាមេរិក។ លោក​ស្រី Esther Jentzen អ្នក​នាំពាក្យ​របស់​ក្រុម​ហ៊ុន Detroit International Bridge Co. បានបញ្ចាក់​នៅ​ក្នុង​សារ​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ក្រោយ​មក​ទៅឲ្យ​ទីភ្នាក់​ងារ​ព័ត៌មាន AP ថា ស្ពាន​នេះ ​ត្រូវ​បាន​បើកឲ្យមាន​ចរាចរ​ឡើង​វិញ​នៅ​ម៉ោង​ប្រមាណ១១យប់ ថ្ងៃអាទិត្យ​ ម៉ោង​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក។

ច្រក​ឆ្លងកាត់​នេះ ជា​ធម្មតា​មាន​ទំនិញ​ឆ្លង​កាត់​ប្រមាណ ២៥% នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ការបិទ​ខ្ទប់​ដោយ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​នៅ​ខាង​ព្រំដែន​កាណាដា​នោះ​ បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ពាណិជ្ជកម្មរវាង​ប្រទេស​ទាំង​ពីរ​ ដោយ​ធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​បង្ខំ​ចិត្ត​បិទ​រោង​ចក្រ​ផលិត​រថយន្ត​ជា​ច្រើន​កន្លែង​របស់​ខ្លួន។

ប៉ូលិស​នៅ​ទីក្រុង Windsor នៃ​ខេត្ត Ontario របស់​កាណាដា បាន​និយាយកាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា មនុស្ស​រាប់សិបនាក់​ ត្រូវបាន​ចាប់​ខ្លួន​ដោយ​សន្តិវិធី​ ហើយ​រថយន្តប្រមាណ ​៧ គ្រឿង​ ត្រូវ​បាន​អាជ្ញាធរ​អូស​ចេញ​ និង​ ៥ ​គ្រឿង​ទៀត ​ត្រូវ​បាន​ឃាត់ទុក​ ខណៈពេល​ដែល​ក្រុម​ប៉ូលិស បានបណ្តេញ​ក្រុម​បាតុករចុង​ក្រោយចេញពី​ទីតាំងជិត​ស្ពាន​នោះ​ ដែលតភ្ជាប់ទីក្រុង​ទៅ​កាន់រោង​ចក្រ​ផលិត​រថយន្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កាណាដា​ និង​ទីក្រុង Detroit នៃ​រដ្ឋ Michigan របស់​សហរដ្ឋ​អាមេរិក។

ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រឆាំង​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​អូតាវ៉ា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីក្រុង​នេះ​ ​ហើយ​ពលរដ្ឋរស់​នៅ​ក្នុង​តំបន់​នោះ​ មាន​អារម្មណ៍​មួម៉ៅទៅ​នឹង​ភាព​អសកម្ម​របស់​ប៉ូលិស​ ដែល​មិន​ចាត់ការ​លើ​ក្រុម​បាតុករ​ និង​បាន​ដាក់​សម្ពាធ​ទៅ​លើ​នាយករដ្ឋមន្ត្រី​កាណាដា​លោក​ Justin Trudeau ដែល​បាន​បើក​កិច្ចប្រជុំ​មួយ​ជា​មួយ​គណៈរដ្ឋមន្ត្រី​របស់​លោក​កាលពី​យប់​ថ្ងៃ​អាទិត្យ។

ការធ្វើ​បាតុកម្ម​នេះ ទទួល​បាន​ការគាំទ្រនៅ​ពាស​ពេញ​កាណាដា​ និង​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដូច​ជាក្នុង​ប្រទេស​បារាំង នូវែសសេឡង់ ​និង​ហូឡង់​ជា​ដើម។ ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បាន​ព្រមាន​ថា ក្រុម​ប្រឆាំង​តវ៉ា​ដែល​ជា​អ្នក​បើករថយន្ត​ដឹក​ទំនិញ​ធំ​ៗ អាច​រៀបចំការប្រឆាំងដូច​គ្នា​នេះ​ផង​ដែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោកJoe Biden កាល​ពី​ថ្ងៃ​អាទិត្យ បាន​ទទួល​ស្គាល់​នូវ​ដំណោះ​ស្រាយដោយ​សន្តិវិធីកាលពី​ថ្ងៃ​អាទិត្យ​ចំពោះ​ការ​ធ្វើ​បាតុកម្ម​នេះ​ ដោយ​និយាយ​ថា​ «វា​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ខូច​ខាត​កាន់​តែ​រីក​ធំ​ឡើង» ទៅ​លើ​ជីវិត​ និង​ជីវភាពរបស់​ប្រជាពលរដ្ឋ​ទូទៅនៅ​តាម​បណ្តោយ​ព្រំដែនប្រទេស​ទាំង​ពីរ។

ទីប្រឹក្សា​ក្រសួង​សុន្តិសុខ​មាតុភូមិ​អាមេរិក​លោក​ស្រីបណ្ឌិត Liz Sherwood-Randall ​បាន​និយាយ​នៅ​ក្នុង​សេក្តី​ថ្លែង​ការណ៍​ថា «យើង​ត្រៀមខ្លួនជានិច្ច​ដើម្បី​គាំទ្រ​ដល់​ដៃគូ​កាណាដា​របស់​យើង​ នៅ​ពេល​ដែល​មានសារៈសំខាន់​ដើម្បី​ធានា​ថា ការស្តារ​ឡើង​វិញ​នូវ​ចរាចរ​នៃ​ពាណិជ្ជកម្ម​ អាច​បន្តឡើង​វិញ​ជា​ធម្មតា»។

ការរឹត​បន្តឹងជំងឺ​កូវីដ១៩នៅ​ក្នុង​ប្រទេស​កាណដា មាន​លក្ខណៈ​តឹងរឹង​ជាង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ពលរដ្ឋ​កាណាដា​ភាគ​ច្រើនជា​ទូទៅបាន​គាំទ្រ​នូវ​វិធានការនេះ។ ពលរដ្ឋ​កាណា​ដា​ភាគ​ច្រើន​ បាន​ចាក់​វ៉ាក់សាំង​ជំងឺកូវីដ១៩​រួច​ហើយ ហើយ​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ ​មាន​ចំនួន​ប្រមាណ​១ភាគ​៣​នៃចំនួន​អ្នក​ស្លាប់​ក្នុង​សហរដ្ឋ​អាមេរិក៕