លោក ជា ចំរើន បានដាក់ពាក្យជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី សុំលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃពុធម្សិលមិញ ក្រោយពីមានបញ្ហាចម្រូងចម្រាសខ្លះផ្នែកមុខជំនួញ។
នៅក្នុងលិខិតដែលដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល VOA ទទួលបាននោះ លោក ជា ចំរើន បានបញ្ជាក់ថា៖
«ខ្ញុំបាទបានចូលបំរើជាសមាជិកគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយឥឡូវខ្ញុំបាទសុំលាឈប់បំរើការងារគណបក្ស ប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»។
លោក ជា ចំរើន ពុំបានបញ្ជាក់លម្អិតពីមូលហេតុ ពុំបានបញ្ជាក់ពីតួនាទីក្នុងបក្ស ដែលលោកលាឈប់នោះទេ។ លោក ជា ចំរើន ត្រូវគេដឹងថាជា សមាជិកសកម្មនៃសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្ស ប្រជាជនកម្ពុជានិងជាអតីតអ្នកតំណាងរាស្ត្រកាលពីអាណត្តិមុន។
ថ្លែងបញ្ជាក់ប្រាប់ VOA ក្រោយពីការដាក់ពាក្យលាឈប់នេះ លោក ជា ចំរើន អះអាងពីមូលហេតុត្រួសៗថា៖
«បញ្ហាទី១ ខ្ញុំចង់ធ្វើការបង្រៀនក្មេងជំនាន់ក្រោយអំពីប្រជាធិបតេយ្យ ទី១ បើខ្ញុំមានឱកាស ខ្ញុំនឹងបង្កើតគណបក្សនយោបាយមួយដោយប្រមូលផ្តុំ ក្រុមបញ្ញវ័ននិងយុវជនដើម្បីធ្វើឲ្យចំគោលដៅប្រជាធិបតេយ្យ ដូចជាការបង្ហាត់បង្រៀន ការអប់រំប្រជាពលរដ្ឋ យើងមិនចង់ឃើញទិដ្ឋភាពទូទៅ សព្វថ្ងៃរវាងបក្សទាំងពីរដែលមានអំណាចនៅឈ្លោះគ្នា មិនគិតអំពី ខ្វល់អំពីប្រជារាស្ត្រនៅតាមមូលដ្ឋានទេ ដែលគេដាច់បាយ ដាច់ទឹក ស្រែចំការ អត់មានអ្នកណាចុះទៅជួយមើលទេ»។
លោកថ្លែងថានៅក្នុងគណបក្សប្រជាជនកម្ពុជាលោកមិនអាចធ្វើការងារ បំរើសង្គមបានទេ ដោយសារថាសិទ្ធិរបស់លោកមានកម្រិត។
«ព្រោះនៅក្នុងបក្សមានដែនកំណត់បក្ស នៅក្នុងសង្គមមានសេរីភាព គេធ្វើ នៅក្នុងសង្គមមានសេរីភាព ឧទាហរណ៍ក្នុងអង្គការក្រៅរដ្ឋាភិបាល ឬនៅ ក្នុងបក្សមួយដែលយើងធ្វើដោយខ្លួនយើង រឿងហ្នឹងយើងមានសេរីភាព ច្រើនជាងសម្រាប់ជួយជាតិមាតុភូមិ»។
លោក ជា ចំរើនធ្លាប់មានបញ្ហាមុខជំនួញក្រុមហ៊ុន ហើយមានការប្តឹងផ្តល់ ដែលលោកបានចាញ់ភាគីម្ខាងទៀត។ លោកចាត់ទុកថានោះជារឿង អយុត្តិធម៌សង្គមមួយដែលលោកបានប្រឈម។ លោកក៏ជាអតីតសាកលវិទ្យាធិការចំរើនពហុវិជ្ជានិងជាអតីតប្រធានអង្គការ KYDO ផងដែរ។
ការលាឈប់ពី គណបក្សដ៏កម្រសម្រាប់គណបក្សប្រជាជនកម្ពុជានេះ អាចជាការរំជើបរំជួលសម្រាប់គណបក្សនេះយ៉ាងណាទេ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយមួយ បាននិយាយថា បើលោក ជា ចំរើន ពិតជាចេញដោយខ្លួនគាត់ មែននោះជារឿងអាចប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាខ្លះដែរ តែចាំ មើលដែរថាគាត់នឹងធ្វើអ្វីដែលអាចមានបញ្ហាផ្ទៃក្នុងត្រូវលេចចេញអ្វីខ្លះ តាមរយៈការចាកចេញរបស់គាត់នោះ។
«បើសិនជាអញ្ចឹងមែនអាចបាត់បង់រូបភាពគណបក្សប្រជាជនដែលតែងតែប្រមូលផ្ទៃក្នុងមិនឲ្យមានការបែកបាក់គ្នា ហើយជារូបភាពមួយដែលគណបក្សប្រជាជនតែងតែមាន»។
តែលោកថាគណបក្សប្រជាជនមិនដែលហ៊ានវះកាត់ផ្ទៃក្នុងរបស់ខ្លូនទេ ទោះជាមានមន្ត្រីធ្វើខុសច្បាប់ក៏នៅតែឱបក្រសោបការពារគ្នា ដើម្បីរក្សាអ្វីមួយដែលលោកវីរៈអះអាងថាជាភាពស្មោះត្រង់នោះ។
ទោះជាយ៉ាងណាក៏ដោយ លោក សុខ ឦសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា សមាជិកគណបក្សលោកមានជាង៥លាននាក់ ហើយការសម្រេចចិត្តរបស់បុគ្គលម្នាក់គឺជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួនមិនប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគណបក្សលោកទេ។
«អត់មានបញ្ហាអីទេ មនុស្សរាប់លាននាក់ ជាង៥លាននាក់ ហើយលាឈប់មួយ អត់មានបញ្ហាទេ។ នេះជារឿងធម្មតាទេរឿងនេះ វាជាសិទ្ធិ នយោបាយរបស់ពលរដ្ឋគ្រប់រូប»។
មន្រ្តីសំខាន់មួយរូបរបស់គណបក្សប្រជាជនកម្ពុជាបានលាឈប់ពីបក្សកាលពីទសវត្សន៍ទី១៩៩០ ដែរ នោះគឺលោក គង់ គាំ ដែលមកចូលរួមជាមួយគណបក្សជំទាស់បច្ចុប្បន្ន។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់កាប់អំណាចជាង៣០ឆ្នាំមកហើយពេលនេះគណបក្សសង្គ្រោះជាតិគឺជាដៃគូ ប្រជែងនយោបាយសំខាន់សម្រាប់ការបោះឆ្នោតកន្លងមកនិងការបោះឆ្នោត ឃុំសង្កាត់និងបោះឆ្នោតជាតិនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ នៅពេលខាងមុខ៕
ទស្សនាបទសម្ភាសន៍ជាមួយលោក ជា ចំរើន
Your browser doesn’t support HTML5