សេតវិមាន — ទើបតែត្រូវបានអនុម័តឲ្យក្លាយជាចៅក្រមតុលាការកំពូល លោកស្រី Ketanji Brown Jackson បានថ្លែងអំពីការតែងតាំងដ៏ប្រវត្តិសាស្ត្រនេះ នៅក្នុងពិធីអបអរសាទរមួយកាលពីរសៀលថ្ងៃសុក្រ ទី ៨ ខែមេសា នៅបរិវេណវាលស្មៅខាងត្បូងនៃសេតវិមាន។
លោកស្រី Jackson ថ្លែងថា៖ «យើងបានធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ការការពារសហភាពរបស់យើង។ នៅក្នុងគ្រួសារខ្ញុំ យើងបានចំណាយពេលតែមួយជំនាន់ប៉ុណ្ណោះ ដើម្បីធ្វើដំណើរពីជំនាន់បែងចែកវណ្ណៈ ទៅកាន់តុលាការកំពូលនៃសហរដ្ឋអាមេរិក»។
លោកស្រី Jackson ជាស្ត្រីអាមេរិកាំងដើមកំណើតអាហ្រ្វិកដំបូងគេបង្អស់ដែលបានក្លាយជាចៅក្រមមួយរូបក្នុងចំណោមចៅក្រម ៩ រូប នៃតុលាការកំពូលនៅសហរដ្ឋអាមេរិក និងជាចៅក្រមស្បែកខ្មៅទី ៣ នៅក្នុងប្រវត្តិសាស្ត្រនៃតុលាការកំពូលអាមេរិក។ លោកស្រីបានកត់សម្គាល់អំពីផ្លូវដ៏វែងឆ្ងាយដែលស្ត្រីអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ បានកាន់តំណែងជាចៅក្រមក្នុងតុលាការដ៏ជាទីគោរពនេះ។
ដោយមានការទះដៃអបអរសាទរពីអ្នកចូលរួម លោកស្រី Jackson បានថ្លែងថា៖ «យើងបានចំណាយពេល ២៣២ ឆ្នាំ និងការតែងតាំងពីមុនៗចំនួន ១១៥ លើកដើម្បីឱ្យមានស្ត្រីស្បែកខ្មៅម្នាក់ ត្រូវបានជ្រើសតាំងជាចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក។ តែយើងធ្វើបានសម្រេចហើយ។ យើងទាំងអស់គ្នា យើងទាំងអស់គ្នា យើងធ្វើបានសម្រេចសមិទ្ធផលនេះហើយ»។
ដោយមានការរំភើបចិត្ត លោកស្រី Jackson បានដកស្រង់ពាក្យសម្តីរបស់កវីនិពន្ធលោកស្រី Maya Angelou នៅក្នុងសុន្ទរកថារបស់លោកស្រីថា៖ «នាំយកអំណោយដែលបុព្វបុរសបស់ខ្ញុំបានផ្តល់ឱ្យ ខ្ញុំជាក្តីប៉ងប្រាថ្នានិងជាក្តីសង្ឃឹមរបស់ទាសករ»។
លោកប្រធានាធិបតី Joe Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris បានអមលោកស្រី Jackson ដើម្បីអបអរសាទរការកាន់តំណែងរបស់លោកស្រី ជាចៅក្រមរបស់តុលាការកំពូល មួយថ្ងៃក្រោយពីព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដោយ ៥៣ សំឡេងគាំទ្រ ទល់នឹង ៤៧ សំឡេងជំទាស់ ក្នុងការអនុម័តការតែងតាំងរបស់លោកស្រី Jackson។
លោក Biden ដែលបានធ្វើការឃោសនាបោះឆ្នោតដោយសន្យាថានឹងស្នើបេក្ខជនជាស្ត្រីស្បែកខ្មៅម្នាក់សម្រាប់តំណែងជាចៅក្រុមតុលាការកំពូល បានកត់សម្គាល់អំពីដំណើរការអនុម័តការតែងតាំងដ៏លំបាករបស់លោកស្រី Jackson ដែលមានការគាំទ្រពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋតែមួយក្រុមតូចប៉ុណ្ណោះ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «ខ្ញុំបានដឹងថា បុគ្គលដែលខ្ញុំបានស្នើឈ្មោះទៅ នឹងត្រូវឆ្លងកាត់ដំណើរការអនុម័តតែងតាំងដ៏ឈឺចាប់និងដ៏លំបាកមួយ។ តែខ្ញុំត្រូវតែនិយាយប្រាប់អស់លោកអ្នកថា អ្វីដែលលោកស្រីចៅក្រម Jackson បានឆ្លងកាត់ គឺលើសពីនេះទៅទៀត។ លោកស្រីបានឆ្លងកាត់ការប្រើពាក្យសម្តីបែបវាយប្រហារ កំហឹង ការនិយាយបង្អាក់ជាច្រើនលើកជាច្រើនសារ ការអះអាងនិងការចោទប្រកាន់ដ៏ថោកទាប និងគ្មានមូលដ្ឋានជាទីបំផុត»។
នៅក្នុងដំណើរការអនុម័តតែងតាំងនោះ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋខ្លះបានព្យាយាមបង្ហាញថា លោកស្រី Jackson ជាចៅក្រមដែលអត់ឱនដល់ឧក្រិដ្ឋជនថតរូបអាសអាភាសរបស់កុមារ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋតែបីនាក់ប៉ុណ្ណោះគឺ លោកស្រី Susan Collins លោកស្រី Lisa Murkowski និងលោក Mitt Romney បានបោះឆ្នោតយល់ព្រមអនុម័តការតែងតាំងចៅក្រមអាយុ ៥១ឆ្នាំ រូបនេះ។ លោកស្រី Marjorie Taylor Greene ដែលជាញឹកញយជាសមាជិកសភាតំណាងរាស្ត្រដ៏ចម្រូងចម្រាស់ម្នាក់នៃក្រុមអភិរក្សនិយមជ្រុលនៅក្នុងគណបក្សសាធារណរដ្ឋ បានថ្កោលទោសសហការីរបស់លោកស្រី ដែលបានគាំទ្រលោកស្រី Jackson ថា «លម្អៀងទៅលើជនបំពានផ្លូវភេទលើកុមារ»។
លោក Biden បានមានប្រសាសន៍ថា នៅពេលមានការវាយប្រហារទាំងនេះ លោកស្រី Jackson នៅតែមានឥរិយាបថសមរម្យ ស្រគត់ស្រគំ មានការអត់ធ្មត់និងការទប់ចិត្តយ៉ាងល្អ។
លោក Biden បានមានប្រសាសន៍ដោយទះដៃសាទរដល់ចៅក្រម Jackson ថា៖ «លោកស្រីចៅក្រម លោកស្រីជាមនុស្សស័ក្តិសមតាមនិយមន័យនៃអ្វីដែលយើងជាជនមានដើមកំណើតអៀរឡង់ហៅថា សេចក្តីថ្លៃថ្នូរ។ លោកស្រីមានសេចក្តីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់»។
លោកស្រីអនុប្រធានាធិបតី Harris ដែលជាស្ត្រីស្បែកខ្មៅដំបូងគេដែលបានកាន់តំណែងបច្ចុប្បន្នជាអនុប្រធានាធិបតីអាមេរិក ក៏បានមានប្រសាសន៍ដែរនៅក្នុងពីធីអបអរសាទរនៅសេតវិមាននោះ ដោយលោកស្រីបាននិយាយទៅកាន់លោកស្រី Jackson ថា លោកស្រី «បំផុសគំនិតលើកទឹកចិត្តដល់មេដឹកនាំជំនាន់ក្រោយៗ»។
លោកស្រី Harris បានមានប្រសាសន៍ថា៖ «ពួកគេនឹងមើលដំណើរសវនាការនៃការតែងតាំងលោកស្រី និងអានសេចក្តីសម្រេចរបស់លោកស្រី»។
លោកស្រីអនុប្រធានាធិបតី Harris បានធ្វើជាអធិបតីនៅក្នុងពេលបោះឆ្នោតអនុម័តការតាំងតែងដ៏ប្រវត្តិសាស្ត្រនោះ ទោះបីជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ មិនត្រូវការសំឡេងបោះឆ្នោតរបស់លោកស្រី នៅក្នុងករណីដែលសំឡេងបោះឆ្នោតរបស់ព្រឹទ្ធសភាមកពីគណបក្សទាំងពីរស្មើគ្នាក៏ដោយ។
នៅក្នុងសវនាការដែលមានរយៈពេល ៤ ថ្ងៃរបស់គណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភាកាលពីខែមុន សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានសរសើរលោកស្រី Jackson អំពីបទពិសោធន៍ជ្រៅជ្រះរបស់លោកស្រី ដោយបានបម្រើការងារជិត ១០ ឆ្នាំនៅតុលាការកម្រិតសហព័ន្ធនិងឧទ្ធរណ៍ និងជាស្មៀនរបស់លោក Stephen Breyer ដែលជាចៅក្រមតុលាការកំពូល ដែលលោក Biden បានស្នើលោកស្រី Jackson ឱ្យកាន់តំណែងជំនួស។
លោក Dick Durbin ប្រធានគណៈកម្មាធិការតុលាការរបស់ព្រឹទ្ធសភា បានមានប្រសាសន៍នៅមុនការបោះឆ្នោតអនុម័តការតែងតាំងលោកស្រី កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសា ថា៖ «លោកស្រីជាអ្នកជំនាញច្បាប់ដ៏មានទេពកោសល្យខ្ពស់ ក្នុងជំនាន់នេះ»។
លោក Durbin បានមានប្រសាសន៍បន្ថែមថា៖ «ដោយមានការអនុម័តតែងតាំងលោកស្រីចៅក្រម Ketanji Brown Jackson ឱ្យកាន់តំណែងចៅក្រមក្នុងតុលាការខ្ពស់បំផុតនៃប្រទេសនេះ យើងមិនមែនគ្រាន់តែធ្វើឱ្យមានសមិទ្ធផលដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេ តែយើងក៏ថែមទាំងបន្តធ្វើតាមប្រពៃណីដ៏ល្អប្រសើរមួយរបស់អាមេរិក នៅក្នុងការលើកតម្កើងមនុស្សម្នាក់ក្នុងចំណោមជនដ៏ល្អបំផុតនិងពូកែបំផុតខាងច្បាប់ ឱ្យកាន់តំណែងដ៏មានកិត្តិយសមួយនេះ។ គ្មាននរណាម្នាក់ស័ក្តិសមនឹងទទួលកិត្តិយសខ្ពង់ខ្ពស់នេះ ក្រៅពីលោកស្រីនោះទេ»។
លោក Durbin ដែលជាសមាជិកព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ Illinois មកពីគណបក្សប្រជាធិបតេយ្យ បានមានប្រសាសន៍ទៀតថា៖ «ដូចដែលយើងបានដឹងក្នុងពេលមួយខែមុននេះ លោកស្រីជាមនុស្សល្អបំផុតក្នុងចំណោមយើងទាំងអស់គ្នា។ លោកស្រីបានបូជាជីវិតរបស់លោកស្រី ដើម្បីបម្រើប្រទេសយើង។ លោកស្រីបានធ្វើកិច្ចការជាច្រើនក្នុងកម្រិតទាំងអស់នៃប្រព័ន្ធតុលាការសហព័ន្ធយ៉ាងប្រសើរ ហើយរាល់ពេល លោកស្រីពិតជាមានទេពកោសល្យលេចធ្លោ»។
លោកស្រី Jackson ក៏ជាអតីតមន្ត្រីការពារក្តីដំបូងគេម្នាក់ដែរ ដែលបានក្លាយជាចៅក្រមតុលាការកំពូល។ ប្រវត្តិលោកស្រីដែលតំណាងឲ្យជនជាប់ចោទ ហើយក្រោយមកធ្វើជាចៅក្រុមដែលបានកាត់ទោសឧក្រិដ្ឋជនផលិតរូបអាសអាភាសកុមារ បាននាំឱ្យមានការតវ៉ាពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដែលអះអាងថា លោកស្រីមានជំហរទន់ជ្រាយលើរឿងឧក្រិដ្ឋកម្ម។
លោក Ted Cruz សមាជិកព្រឹទ្ធសភាមកពីសាធារណរដ្ឋបានទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ មុនការអនុម័តតែងតាំងលោកស្រី Jackson ថា៖ «ជាមធ្យម នៅទូទាំងប្រទេស ចៅក្រមសហព័ន្ធក្នុងស្រុកទាំងអស់កាត់ទោសក្រុមជនឧក្រិដ្ឋពីបទចែកចាយរូបអាសអាភាសកុមារឱ្យជាប់គុករយៈពេល ១៣៥ ខែ គឺ ៧៥ ខែយូរជាងទោសទាបបំផុតតាមច្បាប់ដែលបានតាក់តែងឡើង។ លោកស្រីចៅក្រម Jackson ជាមធ្យម បានកាត់ទោសជនជាប់ចោទដូចគ្នាទាំងនោះ តែ ១១,៩ ខែ ច្រើនជាងតាមច្បាប់ប៉ុណ្ណោះ។ នេះជាលំនាំដ៏រំខានមួយ»។
នៅក្នុងសវនាការតែងតាំងលោកស្រី Jackson ក្រុមអ្នកតាមដានពីសមាគមអ្នកច្បាប់អាមេរិកាំង ដែលជាសមាគមក្រុមមេធាវីនិងក្រុមនិស្សិតច្បាប់ដែលកំណត់ស្តង់ដារនៅតាមមហាវិទ្យាល័យនីតិសាស្ត្រ បានច្រានចោលការចោទប្រកាន់ដែលថាលោកស្រី «មានជំហរទន់ជ្រាយលើរឿងឧក្រិដ្ឋកម្ម»។
ការចូលកាន់តំណែងរបស់លោកស្រី Jackson មិនកែប្រែតុល្យភាព ៦ ទល់នឹង ៣ ដែលភាគច្រើនគ្របដណ្តប់ដោយចៅក្រមដែលមាននិន្នាការនយោបាយបែបអភិរក្សនិយមនៅក្នុងតុលាការកំពូលនោះទេ។ ទោះជាយ៉ាងនេះក្តី ក៏សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ នៅតែសម្តែងកង្វល់អំពីការបោះឆ្នោតធ្វើសេចក្តីសម្រេចរបស់ចៅក្រម Jackson ដែលពួកគេបានចាត់ទុកថា នឹងមានជំហរបែបសេរីនិយម ដូចលោកស្រីចៅក្រម Elena Kagan និងលោកស្រីចៅក្រម Sonia Sotomayor ដែលអ្នកទាំងពីរនាក់ត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសា លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាអាមេរិក បាននិយាយនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាថា៖ «ប្រវត្តិប្រឡូកក្នុងប្រព័ន្ធតុលាការរបស់លោកស្រី ពោរពេញដោយករណីដែលលោកស្រីចៅក្រម Jackson បានធ្វើសេចក្តីសម្រច ដូចជាអ្នកអនុម័តគោលនយោបាយដោយប្រើការលម្អៀងផ្ទាល់ខ្លួន ជាជាងធ្វើសេចក្តីសម្រេចជាចៅក្រមម្នាក់ដែលធ្វើតាមខ្លឹមសារច្បាប់»។
សម្រាប់ក្រុមប្រជាធិបតេយ្យនិងការិយាល័យសេតវិមានរបស់លោក Biden វិញ ការតែងតាំងលោកស្រី Jackson ឱ្យចូលកាន់តំណែងដែលមានសុពលភាពមួយជីវិតនេះ គឺជាជ័យជម្នះមួយ នៅក្នុងអំឡុងពេលដ៏លំបាកមួយសម្រាប់គណបក្សប្រជាធិបតេយ្យ។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសាថា៖ «នេះជាថ្ងៃដ៏សែនសោមនស្ស ជាថ្ងៃដ៏សំខាន់ជាលើកដំបូងមួយ។ សមិទ្ធផលដ៏សំខាន់នេះគួរកើតមានឡើងតាំងពីជំនាន់មុនៗ តែយើងតែងតែដើរតាមមាគ៌ាមួយឆ្ពោះទៅកាន់សហភាពមួយដ៏ល្អប្រសើរជាងមុន។ តែយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិកនៅថ្ងៃនេះបានបោះជំហានដ៏ធំមួយទៅកាន់ការធ្វើឱ្យសហភាពរបស់យើងកាន់តែល្អប្រសើរជាងមុន»។
លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍ប្រាប់វីអូអេថា៖ «ខ្ញុំរំភើបចិត្តអំពីព្រឹត្តិការណ៍នេះ ហើយខ្ញុំមានមោទនភាពផងដែរ។ យើងបានចំណាយពេលយូរណាស់ដើម្បីបានសមិទ្ធផលនេះ។ តែវាជាពេលវេលាដ៏ប្រវត្តិសាស្ត្រមួយ ហើយជាពេលវេលាមួយដែលខ្ញុំមានមោទនភាព ដោយបានឃើញដោយផ្ទាល់នឹងភ្នែក។ ហើយខ្ញុំចាំមើលអ្វីដែលលោកស្រីអាចធ្វើឱ្យសម្រេចបាននៅ ក្នុងតុលាការនេះ»។
លោកស្រី Jackson ចូលរួមកាន់តំណែងជាចៅក្រុមតុលាការកំពូលបីនាក់ទៀត ដែលជាស្ត្រីគឺលោកស្រីចៅក្រម Sotomayor លោកស្រី Kagan និងលោកស្រី Amy Coney Barrett ហើយនេះជាលើកដំបូងហើយដែលតុលាការកំពូលសហរដ្ឋអាមេរិក មានចៅក្រមជាស្ត្រីចំនួន ៤ នាក់ នៅក្នុងពេលតែមួយ៕
អ្នកស្រី Margaret Besheer អ្នកយកព័ត៌មានឲ្យវីអូអូប្រចាំអង្គការសហប្រជាជាតិ រាយការណ៍បន្ថែម។
ប្រែសម្រួលដោយលោក ឈឹម សុមេធ