ស.រ.អា.និយាយថា ខ្លួនកំពុងពិចារណាអំពីកិច្ចចរចាដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ីនៅពេលដែលមានក្តីកង្វល់កាន់តែខ្លាំងអំពីការបង្កើនយោធារបស់រុស្ស៊ីក្នុងប្រទេសស៊ីរី និងក្តីកង្វល់អំពីគោលបំណងរបស់អាជ្ញាធរវិមានក្រឹមឡាំងដែលចង់បញ្ជូនទាហានប្រយុទ្ធទៅកាន់ប្រទេសជាតិនៃភូមិភាគមជ្ឈឹមបូព៌ាដែលខ្ទិចខ្ទាំដោយសារសង្គ្រាមមួយនេះ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍ថាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានជំនឿថា ការពិភាក្សាបែបនេះជាមួយរដ្ឋាភិបាលក្រុងមូស្គូមានសារៈសំខាន់ នៅស្របពេលដែលស.រ.អា.និងពួកសម្ព័ន្ធមិត្តរបស់អាមេរិកកំពុងស្វះស្វែងដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរីដែលមានភាពធ្ងន់ធ្ងរឡើងៗ និងលំហូរនៃក្រុមជនភៀសខ្លួនរាប់ម៉ឺននាក់ដែលគេចចេញពីសង្គ្រាមស៊ីវិលនោះហើយចូលទៅក្នុងទ្វីបអឺរ៉ុប។
នៅពេលជាមួយគ្នានេះដែរ នៅឯក្រសួងការពារប្រទេសស.រ.អា. ក្រុមមន្ត្រីបាននិយាយថា លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ashton Carter បាន«ធ្វើការសន្ទនាមួយប្រកបដោយការស្ថាបនា»អំពីបញ្ហាប្រទេសស៊ីរីជាមួយលោករដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី Sergei Shoygu។
មន្ត្រីស.រ.អា.បាននិយាយថា លោក Carter និងលោក Shoygu បានយល់ព្រមរក្សាការទាក់ទងគ្នាអំពី«វិស័យដែលស.រ.អា.និងប្រទេសរុស្សីមានការយល់ឃើញដូចគ្នានិងវិស័យដែលប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា»។ លោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា.បាននិយាយដែរថា ការយកជ័យជម្នះលើពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម ជាអាទិភាពកំពូល ក៏ប៉ុន្តែគោលដៅនេះក៏ត្រូវធ្វើឡើងអមដោយកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅកាន់អន្តរកាលនយោបាយមួយក្នុងរដ្ឋធានីដាម៉ាស់ផងដែរ។
ចំពោះស.រ.អា. អន្តរកាលនយោបាយមានន័យថា ការចាកចេញពីតំណែងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad។ ប្រទេសរុស្ស៊ីគឺជាសម្ព័ន្ធមិត្តគ្មានងាករេរបស់ប្រធានាធិបតី Assad៕