លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា វិបត្តិនៅក្នុងប្រទេសស៊ីរីបានទៅដល់ពេលវេលាសំខាន់មួយហើយ ហើយសេចក្តីសម្រេចចិត្តដែលនឹងត្រូវធ្វើក្នុងពេលអនាគតឆាប់ៗនេះអាចបញ្ចប់សង្គ្រាមឬមួយ «នាំឱ្យមានជម្រើសពិបាកៗមួយចំនួនក្នុងពេលអនាគត»។
លោក Kerry បានមានប្រសាសន៍ប្រាប់សន្និសីទសន្តិសុខនៅក្នុងក្រុង Munich នៃប្រទេសអាល្លឺម៉ង់ថា «យើងសង្ឃឹមថាសប្តាហ៍នេះអាចនាំឱ្យមានសប្តាហ៍មួយនៃការផ្លាស់ប្តូរ»។
លោក Kerry បានមានប្រសាសន៍ថា «ពេលនេះជាពេលវេលាសំខាន់មួយ» ដែលការផ្លាស់ប្តូរសំខាន់នឹងកើតមានឡើង។
លោក Kerry បាននិយាយបន្តថា «សេចក្តីសម្រេចដែលនឹងមានធ្វើក្នុងពេលប៉ុន្មានថ្ងៃ ប៉ុន្មានអាទិត្យ និងប៉ុន្មានខែខាងមុខនេះអាចបញ្ចប់សង្គ្រាមក្នុងប្រទេសស៊ីរី ឬមួយប្រសិនបើមានការជ្រើសរើសខុស ជម្រើសទាំងនេះអាចបើកទ្វារឱ្យមានសង្គ្រាមធំជាងមុន»។
លោក Kerry បានគូសបញ្ជាក់អំពីប្រធានបទធំៗពីរក្នុងសុន្ទរកថារបស់លោកទៅកាន់វេទិកាសាកលអំពីគោលនយោបាយសន្តិសុខ។
លោកបានគូសបញ្ជក់អំពីការគាំទ្រយ៉ាងខ្លាំងរបស់ស.រ.អា.ដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងទ្វីបអឺរ៉ុបនៅពេលដែលពួកគេប្រឈមមុខនឹងវិបត្តិជាច្រើនដែល
មានរួមបញ្ចូលលំហូរជនភៀសខ្លួនពីសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីនិងស្ថានការណ៍មិនល្អនៅក្នុងប្រទេសអ៊ុយក្រែនរវាងរដ្ឋាភិបាលក្រុង Kiev និងពួកទាមទារបំបែករដ្ឋទ្រទ្រង់ដោយរុស្ស៊ី។
អ្នកការទូតកំពូលរបស់ស.រ.អា.រូបនេះក៏បានមានប្រសាសន៍ច្រើនអំពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីធ្វើឱ្យមានកិច្ចឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរីនិងការផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យប្រាកដប្រជាថា ជំនួយមនុស្សធម៌អាចទៅដល់តំបន់ស៊ីវិលមានការឡោមព័ទ្ធ៕