លោក ​John Kerry ​បាន​រំឭក​​ពីកេរតំណែល​របស់​លោក​អំពី​សាលាក្តី​ខ្មែរ​ក្រហម

លោក John Kerry រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ផ្តល់សន្និសីទសារព័ត៌មាន (Press Statement) អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅសណ្ឋាគារ Raffle Le Royal នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)

លោកJohn Kerry ​ រដ្ឋ​មន្ត្រី​ការ​បរទស​​សហ​រដ្ឋ​អាមេរិក​ បាន​រំឭក​​ពី​កេរ​ដំណែល​របស់​លោក​ដែល​លោក​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​តុលាការ​កាត់ក្តី​​កាត់​ទោស​ខ្មែរ​ក្រហម។​

លោក John Kerry​ រដ្ឋ​មន្ត្រី​ការ​បរទសសហ​រដ្ឋ​អាមេរិក​ បាន​រំឭកពី​កេរ​ដំណែល​របស់​លោក​ដែល​លោក​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​តុលាការ​កាត់ក្តី​ចម្រុះ​រវាង​រដ្ឋាភិបាលខ្មែរ​និង​អ.ស.ប.​ក្នុង​ការ​កាត់​ទោស​ខ្មែរ​ក្រហម។​

នៅ​កំឡុង​ពេល​សន្និសីទ​ព័ត៌មានកាល​ពី​ថ្ងៃ​ម្សិលមិញ​ បន្ទាប់​ពី​ទស្សន​កិច្ច ​ពីរ​ថ្ងៃ​របស់​លោក​ លោក ​John Kerry ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​ព័ត៌មាន​ថា ​លោក​មាន​ភាព​សប្បាយ​រីករាយ​ដែល​លោក​បាន​ជួយ​ធ្វើ​ឲ្យដំណើរ​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរនេះ​មក​ទល់​សព្វ​ថ្ងៃ​នេះ។​

«កាល​ពី​ច្រើន​ឆ្នាំ​មុន​ ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​ទំនាក់​ទំនង​អន្តរជាតិ​នៃ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ទី​នេះ​ជា​ច្រើន​លើក​នៅ​ក្នុង​ទស​វត្សរ៍​១៩៩០​ដើម្បី​ជួយ​រក​វិធី​ធ្វើ​ឲ្យ​មេដឹកនាំខ្មែរ​ក្រហម​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិការណ៍​ដ៏​អាក្រក់​នៃ​វាល​ពិឃាត​ដែល​មាន​មនុស្ស​ស្ទើរ​តែ​ពីរ​លាន​នាក់​ត្រូវ​បាន​សម្លាប់​ ​ហើយ​យើង​អាច​រក​ដំណោះ​ស្រាយ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​ដែល​នាំឲ្យមេ​ដឹកនាំ​ខ្មែរ​ក្រ​ហមមាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋ​នៃ​សម័យ​ប៉ុល ពត»។​

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​បន្ថែម​ទៀត​ថា៖​

«មិនមែន​គ្រប់​គ្នា​បាន​ទទួល​កាត់​ទោស​ពី​តុលាការ​នោះ​ទេ។​ ប៉ុល ពត​ផ្ទាល់​បាន​ស្លាប់​មុនការកាត់ទោសដូច​អ្នក​ផ្សេងៗ​ទៀត​ដែរ។​ ប៉ុន្តែ​មាន​អ្នក​ខ្លះ​នៅ​ក្នុង​ពន្ធនាគារ នា​ពេល​បច្ចុប្បន្ន​ដែល​ជា​លទ្ធផល​នៃ​ការងារ​ជា​បន្តបន្ទាប់​ ​ហើយ​ការ​ទទួល​ខុស​ត្រូវ​នៅ​តែ​បន្ត»។

លោក​ប៊ូ ម៉េង ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពីគុកទួលស្លែងរបស់ខ្មែរ​ក្រហម​ បាន​និយាយ​ថា​ លោក​មិនពេញ​ចិត្ត​នឹង​ដំណើរ​ការ​កាត់​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។​ លោក​មាន​ប្រសាសន៍​ថា​ តុលាការ​មាន​ដំណើរ​ការ​យឺត​ខ្លាំង​ក្នុងការ​កាត់ទោស​ជន​ជាប់​ចោទ។​

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​ «​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ជាមួយ​សាលាក្តីខ្មែរក្រហម​នេះ»។​

លោក​មាន​ប្រសាសន៍​ថា ​ទាំង​អ្នក​ដែល​រង់​ចាំ​ឲ្យមាន​ការ​កាត់ទោសមេ​ដឹកនាំ​ខ្មែរ​ក្រហម ​និង​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​មនុស្ស​នេះ​ បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ មុន​ពេល​ដែល​ពួក​គេ​ទទួល​បាន​នូវ​យុត្តិធម៌​ពី​សាលាក្តី​កូន​កាត់​មួយ​នេះ។

«កន្លង​មក​មាន​ស្លាប់​ហូរ​ហែ​ទៅ​ហើយ។​ ខ្ញុំ​ព្រួយ​ចិត្ត​ណាស់​ ដោយ​សារ​សាលាក្តី​ហ្នឹង​វា​យឺត​ពេក! ​ធ្វើ​ការ​នឹង​ដូច​ជា​តឹង​ដូច​អូស​ឫស្សី​ច្រាស់​ចុង។​ អូស​ឫស្សី​ច្រាស់​ចុង​លំបាក​យ៉ាងម៉េច?​ ​ក្មួយ​ដឹង​ហើយ!»​

ដើម​បណ្តឹងភាគ​ច្រើន​បាន​ត្អូញត្អែរ​ថា ​ដំណើរ​ការ​សាលាក្តី​នេះ​មាន​ភាព​យឺតយ៉ាវ​ ហើយ​ពួក​គេ​មិន​បាន​ទទួល​យុត្តិធម៌​ពេញលេញ​ដោយស្ងប់​ចិត្ត​នោះ​ទេ។​

លោក​ប៊ូ ម៉េង​បាន​អំពាវនាវឲ្យអង្គការ​សហ​ប្រជាជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ដំណើរ​ការ​សាលាក្តី​ខ្មែ​ក្រហម​ ដើម្បីរក​យុត្តិធម៌ក្នុង​ពេល​ឆាប់ៗ។​

«សំណូមពរ​របស់​ខ្ញុំ​ ​គឺ​ឲ្យកាត់ឲ្យរហ័ស»។

សាលាក្តី​នេះ​ទើប​តែ​កាត់​ទោសជន​ជាប់​ចោទ​ម្នាក់​គត់​គឺ​កាំង​ ហ្កេច​អ៊ាវ​ ហៅ​ឌុច​ ដែល​ជា​ប្រធាន​គុក​ទួល​ស្លែង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជិត​ពីរ​លាន​នាក់។​

ជន​ជាប់ចោទ​ដទៃ​ទៀត​បាន​ស្លាប់​មុន​ការ​កាត់​ទោស​ ហើយ​នៅ​សល់​តែ​មេដឹកនាំ​ពីរ​រូប​តែ​ប៉ុណ្ណោះ​គឺ​នួន​ ជា ​អតីត​បង​ធំ​ទី​២​ និង​ខៀវ​ សំផ​ន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម។ ​ សាលាក្តីនេះ​កំពុង​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​២​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​នានា ​រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍៕