លោក​ John Kerry ជូប​ជាមួយ​មេដឹកនាំ​អាស៊ី​កណ្តាល

រដ្ឋ​មន្រ្តី​ការបរទេសសហរដ្ឋ​អាមេរិក​និង​​បណ្តា​ប្រទេស​ក្នុង​អាស៊ី​កណ្តាល​ហៅ​កាត់​ C5+1 ឈរ​ថត​រូប​នៅ​​ក្រុង​ Samakand ប្រទេស​ Uzbekistan។​

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry បាន​ជួប​ជាមួយ​មេដឹកនាំ​កាន់​អំណាច​ផ្តាច់ការ​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​ (Uzbekistan)​ និង​ក្រុម​មន្ត្រី​មក​ពី​ប្រទេស​ឯ​ទៀតៗនៃ​អាស៊ី​កណ្តាល​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ក្រុម​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ពិភពលោក។​

ទស្សនកិច្ច​របស់​លោក​ Kerry នៅ​ក្នុង​អាស៊ី​កណ្តាល​មាន​ឡើង​នៅ​ក្រោយ​ការ​ឈប់​សំចត​របស់​លោក​ក្នុង​ទ្វីប​អឺរ៉ុប​និង​ភូមិ​ភាគ​មជ្ឈិម​បូព៌ា។ ​កាល​ពី​ថ្ងៃ​អាទិត្យ​លោក​បាន​ជួប​ជា​មួយ​ក្រុម​មេដឹកនាំ​នៃ​អតីត​សាធារណរដ្ឋ​សូវៀត​ប្រាំ​គឺ​ប្រទេស​ Kazakhstan, Tajikistan, Turkmenistan និង​ប្រទេស Uzbekistan។

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​នេះ​ខ្វល់​ខ្វាយ​អំពី​ការងើប​ឡើង​វិញ​នៃ​ពួក​តាលីបង់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​អំពី​ការ​ជ្រើសរើស​ប្រជារាស្ត្រ​របស់​ពួក​គេ​ឱ្យ​ចូល​បម្រើ​ការ​ក្នុង​អង្គការ​ភេរវជន​ដូចជា​ក្រុម​រដ្ឋ​ឥស្លាម​ជា​ដើម។​ លោក​ Kerry បាន​មាន​ប្រសាសន៍​អំពី​កង្វល់​ទាំង​នេះ​នៅ​ក្នុង​ការ​ប្រជុំ​នៅ​ក្នុង​ក្រុង​ Samakand នៅ​តាម​ផ្លូវ​សូត្រ​បុរាណ។

លោក​ Kerry បាន​មានប្រសាសន៍​ថា​ «យើង​នឹង​និយាយ​គ្នា​អំពី​ការលូតលាស់​សេដ្ឋកិច្ច​និង​ការភ្ជាប់​ការ​ទាក់ទង​គ្នា​ បរិស្ថាន​ សន្តិសុខ​និង​ស្ថេរភាព​ក្នុង​តំបន់​ និង​សិទ្ធិ​រស់​នៅ​ជា​មនុស្សជាតិ។​ នៅ​ក្នុងពេល​ជា​ពិសេសនៃ​ប្រវត្តិសាស្ត្រ​នេះ​ បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​សន្តិសុខ​ នឹង​ទៅជាមួយ​គ្នា។​ បញ្ហា​ទាំង​ពីរ​នេះ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅមក។»

កាល​ពី​ពេល​មុន​នោះ​លោក​Kerryបាន​ធ្វើការ​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ Islam Karimov នៅ​ក្នុង​ជំនួប​កម្រ​មាន​មួយ​រវាង​មន្ត្រី​អាមេរិកាំង​ជាន់​ខ្ពស់​និងអ្នក​កាន់​អំណាច​ផ្តាច់ការ​ម្នាក់​ ដែល​ជា​ទីដៅ​ញឹកញយ​របស់​ក្រុម​អ្នករិះគន់​លោក​ខាង​សិទ្ធិ​មនុស្ស។​

ប្រធានាធិបតី​អ៊ូសបេគីស្ថាន​ដែល​មាន​អាយុ៧៧​ឆ្នាំ​រូប​នេះ​ បាន​ដឹក​នាំ​ប្រទេស​លោក​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក៕