អភិបាល​រង​ខេត្ត​កែប​រត់​គេច​ខ្លួន ​ក្រោយ​មាន​ករណី​ហិង្សា​ និង​បៀត​បៀន​លើ​ស្រ្តី

រូបឯកសារ៖ រូបសំណាក​តំណាង​ឱ្យ​ឆ្នេរសមុទ្រ​នៅ​ក្នុង​ខេត្ត​កែប ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ អភិបាល​រង​ខេត្ត​កែប ​លោក ​ភូ លិ ​បាន​រត់​គេច​ខ្លួន​ខណៈ​នគរបាល​បាន​កសាង​សំណុំ​រឿង​ប្រើ​ប្រាស់​ហិង្សា ​និង​បៀត​បៀន​លើ​ស្រ្តី​ និង​បញ្ជូនទៅ​តុលាការ។​

លោក ​សម្បត្តិ សុធារដ្ឋ ​ស្នងការ​នគរបាល​ខេត្ត​កែប ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ នគរបាល​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​ រួច​ហើយ​បាន​កសាង​សំណុំ​រឿង​មួយ​នេះ​បញ្ជូន​ទៅ​តុលាការ។ ​ លោក​បន្ថែម​ថា​ ក្រោយ​ពេល​កើត​ហេតុ ​អភិបាល​រង​ខេត្ត​រូប​នោះ​បាន​រត់​គេច​ខ្លួន​បាត់។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​បញ្ចប់​តំណែងលោក ​ភូ លិ ​តាម​សំណើ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ក្រោយ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ប្រើ​ប្រាស់​ហិង្សា ​និង​បៀតបៀន​ស្រ្តី​ក្នុង​ពិធី​ជប់លៀង​មួយ។ ​នេះ​បើ​យោង​តាម​អនុ​ក្រឹត្យ​មួយ​ច្បាប់​ចុះ​ថ្ងៃទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០​២២។​ អនុក្រឹត្យ​មួយ​នេះ​មិន​បាន​បញ្ជាក់​មូល​ហេតុ​នៃ​ការ​បញ្ចប់​មុខ​តំណែង​នេះ​ឡើយ។​

ក្រោយ​ការ​បញ្ចប់​មុខ​តំណែង​នេះ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ចេញ​ញត្តិ​គាំទ្រ​មួយ ​ដោយ​លើក​ឡើង​ថា​ ស្រ្តី​ម្នាក់​នោះ​គឺ​ជា​មន្រ្តី​រាជ​ការ​ពន្ធដារ​ថ្នាក់​ប្រធាន​ការិយាល័យ​នៃ​ពន្ធដារ​ខេត្ត​កែប។ ​ញត្ដិ​លើក​ឡើង​ថា ​អភិបាល​រង​ខេត្ត ​លោក ​ភូ លិ ​បាន​ប្រើ​អំពើ​ហិង្សា ​និង​បៀត​បៀន​លើ​ស្រ្តី​២រូប​ កាល​ពី​យប់​ថ្ងៃទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០២២។ ​ស្រ្តី​ម្នាក់​នោះ​របួស​យ៉ាង​ធ្ងន់​ធ្ងរ​រហូត​ដល់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្រ្គោះ​បន្ទាន់​ដោយ​មាន​ការ​ដេរ​មុខ​របួស​ស្នាម​១៦​ថ្នេរ។​

ញត្តិ​បញ្ជាក់​ថា៖ ​«ចំណាត់​ការ​ដ៏​ត្រឹម​ត្រូវ ​និង​ទាន់​ពេល​វេលា​នេះ​គឺជា​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ស្រ្តី​រង​គ្រោះ​ទាំង​ពីរ​រូប ​រួម​ទាំង​ស្រ្តី​មួយ​រូប​ដែល​ជា​មន្រ្តី​រាជការ​ពន្ធដារ​ផង​ដែរ»៕