បក្ស​ប្រឆាំង​នៅ​កេនយ៉ា​ធ្វើ​បាតុកម្ម​តវ៉ា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​សប្តាហ៍​ទី៣

U.S. Coast Guard rescue swimmer Samuel Knoeppel, center, and Randy Haba, bottom right, approach to Willie Schubert and his dog on a stranded van in Pollocksville, North Carolina, in the aftermath of Hurricane Florence.

បាតុករ​កេនយ៉ា​រាប់​រយ​នាក់​ បាន​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី១៦​ ខែ​ឧសភា​នេះ ដោយ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ធំ​មួយ​ក្នុង​គណៈកម្មា​ធិការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស។​ ក្រុម​ប៉ូលិស​បាន​ឆ្លើយ​តប​វិញ​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​បាញ់​ទឹក​បំបែក​ហ្វូង​បាតុករ​តវ៉ា។

នៅ​ថ្ងៃចន្ទ​ក្នុង​សប្តាហ៍​ទី៣​ក្នុង​ខែ​ឧសភា​នេះ​ ក្រុម​បាតុករ​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​គណៈកម្មការ​តំបន់​ និង​រៀប​ចំ​ការ​បោះឆ្នោត​ឯករាជ្យ​កេនយ៉ា​ នៅ​រដ្ឋធានី​ណៃរ៉ូប៊ី​ ទាម​ទារ​ឲ្យ​សមាជិក​គណៈកម្មការ​នេះ​លាលែង​ចេញ​ពី​មុខ​តំណែង។ ក្រុម​បាតុករ​តវ៉ា​ក៏​បាន​កាន់​កាប់​ប៉ែក​បស្ចិមប្រទេស​ផង​ដែរ។

ក្រុម​បាតុករ​តវ៉ា​ ដែល​ភាគ​ច្រើនជា​អ្នក​គាំទ្រ​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ហៅ​កាត់ថា​ CORD បាន​ចោទ​ប្រកាន់​គណៈកម្មការ​តំបន់​ និង​រៀប​ចំការ​បោះឆ្នោត​ឯករាជ្យ​ ហៅ​កាត់ថា​ IEBC ថា​បាន​ជួយ​សម្ព័ន្ធ​គណបក្ស​ Jubilee ដែល​កំពុង​ដឹកនាំ​ប្រទេស។​ ក្រុម​បាតុករ​តវ៉ា​ បាន​និយាយថា​ គណៈកម្មការ​អសមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិ​ធម៌ និង​តម្លាភាព។​

សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​សម្ព័ន្ធ​គណបក្ស​ប្រឆាំង CORD លោក​ James Orengo បាន​ដឹកនាំ​ហ្វូង​បាតុករតវ៉ា​ និង​បាន​ស្រែក​ថា «គ្មាន​កំណែ​ទម្រង់​ គ្មាន​ការ​បោះឆ្នោត»។​ លោក​បាន​បន្ថែម​ថា​ នឹង​មិន​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​ដែល​រៀបចំ​ដោយ​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។​

«ដូច្នេះ​ យើង​ទាម​ទារ​ឲ្យ​មាន​ភាព​ច្បាស់លាស់​ថា​ ប្រសិន​បើ​មាន​ការ​បោះឆ្នោត​ នោះ​ការ​បោះឆ្នោត​ត្រូវ​ធ្វើ​ឡើង​តាមការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​កេនយ៉ា​ ដែល​បាន​ចែងថា​ ការ​បោះឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។​ ការ​បោះ​ឆ្នោត​នោះ​ គឺ​ជា​ការ​បោះឆ្នោត​ ដែល​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ទាំងអស់​ ហើយ​អ្នក​បោះឆ្នោត​ទាំងអស់​មាន​ឱកាស​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត»។​

បាតុកម្ម​នា​ថ្ងៃ​ទី​១៦​ ខែឧសភា​ មិន​បាន​ឈាន​ទៅ​ដល់​ការ​សម្តែង​មតិ​ឡើយ​ ពីព្រោះ​ក្រុម​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​បាញ់​ទឹក​បំបែក​ហ្វូង​បាតុករ​តវ៉ា។​

លោក​ Orengo និយាយ​ថា បាតុករ​តវ៉ា​ម្នាក់ ដែល​លោក​បាន​អម​នាំ​យក​ទៅ​មន្ទីរពេទ្យ​ ត្រូវ​បាន​ប៉ូលិស​បាញ់​ដោយ​គ្រាប់​កាំភ្លើង​ពិត។​

សាក្សី​ម្នាក់​ឈ្មោះ​ Ali Hassan ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ក្បែរ​អគារ​គណៈកម្មការ​នេះ បាន​និយាយថា​ គាត់​រងគ្រោះ​ ដោយ​សារ​តែ​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​តវ៉ា​ និង​ក្រុម​ប៉ូលិស។​

«ក្រុម​បាតុករ​តវ៉ា​បាន​សម្រុក​ចូល​ក្នុង​ភោជនីយដ្ឋាន​ខ្ញុំ​ ពួកគេ​បាន​វាយ​បំផ្លាញ​របស់​របរ​នានា។​ ក្រុម​ប៉ូលិស​បាន​តម្រង់​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ចូល​ក្នុង​ភោជនីយដ្ឋាន​ និង​ក្នុង​ចង្រ្កាន​បាយ»។​

លោក​ Orengo បាន​បដិសេធ​លើ​ការណ៍​ដែល​និយាយ​ថា ក្រុម​បាតុករ​តវ៉ា​គ្មាន​សណ្តាប់ធ្នាប់។​

«មិន​អញ្ជឹង​ទេ វា​ជា​រឿង​ប្រជាភិថុត​ ជារឿង​ប្រជាភិថុត។ បាតុករ​តវ៉ា​ទាំងអស់​ ក្រុម​យើង​ទាំងអស់​គ្នា​កាន់​តែ​មែក​ឈើ​ បាតុករ​តវ៉ា​ទាំងអស់​ត្រូវ​បាន​ប្រាប់​ឲ្យ​កាន់​មែកឈើ​ ឬ​កាន់​កន្សែង​ដៃ»។​

លោក​ Orengo និយាយថា​ ក្រុម​បាតុករ​តវ៉ា​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​រៀងរាល់​ថ្ងៃ​ច័ន្ទ​ រហូត​ដល់​រដ្ឋាភិបាល​សម្រេច​ចិត្ត​មក​អង្គុយ​ជាមួយ​នឹង​ក្រុម​ប្រឆាំង​ និង​ផ្តើម​ជជែក​ពិភាក្សា​អំពី​ដំណើរ​ការ​នៃការ​បោះឆ្នោត។​

ប្រទេស​កេនយ៉ា​ គ្រោង​នឹងរៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​សមាជិក​រដ្ឋ​សភា​នៅខែ​សីហា​ ឆ្នាំ២០១៧​ខាង​មុខ៕​

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី