បន្ទាប់ពីខ្ចីប្រាក់ពីចិនអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនិងកម្មវិធីមួយចំនួនរបស់រដ្ឋាភិបាលមក មានការលើកជាសំណួរឡើងថា តើប្រទេសកេនយ៉ាអាចសងបំណុលទាំងនេះទៅដល់ប្រទេសចិនបានដែរឬទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៤ ខែតុលាកន្លងទៅ លោក Ukur Yatani រដ្ឋមន្ត្រីហិរញ្ញវត្ថុកេនយ៉ាបានថ្លែងថា ប្រទេសលោកមិនដែលខកខានក្នុងការសងបំណុលដល់ម្ចាស់បំណុលរបស់ខ្លួននោះទេ។
លោករដ្ឋមន្ត្រីរូបនេះបានប្រតិកម្មទៅនឹងរបាយការណ៍សារព័ត៌មានដែលថា ធនាគារចិនបានពិន័យប្រទេសកេនយ៉ាក្នុងទឹកប្រាក់ ១១ លានដុល្លារអាមេរិក ចំពោះការខកខានក្នុងការសងបំណុលដែលខ្លួនបានខ្ចីដើម្បីសាងសង់គម្រោងផ្លូវរថភ្លើងស្តង់ដារ (Standard Gauge Railway) នោះ។
ប្រទេសអាហ្វ្រិកខាងកើតមួយនេះបានខ្ចីប្រាក់ចំនួន ៤ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ខ្សែផ្លូវរថភ្លើងពីកំពង់ផែ Mombasa ទៅទីក្រុង Naivasha ដែលមានប្រវែងប្រមាណ ១០០ គីឡូម៉ែត្រពីរដ្ឋធានីនៃប្រទេសនេះ។
លោក Samson Cherargei ជាសមាជិកព្រឹទ្ធសភានិងជាសមាជិកគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរួបរួម ដែលកំពុងកាន់អំណចនៅក្នុងប្រទេសកេនយ៉ាបានប្រាប់ VOA ថា រដ្ឋាភិបាលមានជំហររឹងមាំដែលអាចសងបំណុលដែលមានទឹកប្រាក់ ១០ លានលាន shillings ដែលជារូបិយវត្ថុកេនយ៉ា ឬស្មើនឹង ៨២ ពាន់លានដុល្លារអាមេរិកបាន។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា បំណុលចំនួន ១០ លានលាន shillings លុយកេនយ៉ា ដែលសាធារណរដ្ឋកេនយ៉ាជំពាក់ នៅតែមានស្ថិរភាពនៅឡើយទេ ហើយរដ្ឋាភិបាលអាចសងបំណុលនេះបាន ហើយក្នុងនាមសភា យើងបានធានាថា យើងទទួលបានរបាយការណ៍បច្ចុប្បន្នភាព រយៈពេលមធ្យមជាទៀងទាត់ ពាក់ព័ន្ធនឹងការសងបំណុលសាធារណៈរបស់រដ្ឋាភិបាល។ ដូច្នេះ ខ្ញុំជឿជាក់ខ្លាំងថា រដ្ឋាភិបាលនឹងអាចសងបំណុលសាធារណៈនេះបាន»។
កាលពីខែមិថុនាកន្លងទៅ សភាក្នុងអាណត្តិមុនបានបង្កើនកម្រិតបំណុលសាធារណៈ ទៅដល់ ៨៣ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់រដ្ឋាភិបាលថ្មី ឱ្យខ្ចីប្រាក់បានកាន់តែច្រើនថែមទៀត ដើម្បីប្រតិបត្តិការកម្មវិធីរបស់ខ្លួន។
លោក Samuel Nyandemo បង្រៀនមុខវិជ្ជាសេដ្ឋកិច្ចនៅសាកលវិទ្យាល័យណៃរ៉ូប៊ី។ លោកនិយាយថា កេនយ៉ាមិនអាចមានស្ថិរភាពដោយខ្លួនឯងដោយមិនខ្ចីប្រាក់ពីប្រភពខាងក្រៅនោះឡើយ ប៉ុន្តែត្រូវតែប្រើប្រាស់ប្រាក់ដែលខ្លួនខ្ចីពីក្នុងស្រុកនិងអន្តរជាតិនោះឱ្យមានប្រសិទ្ធភាព។
លោកថ្លែងដូនេះថា៖ «ខ្ញុំគិតថា កេនយ៉ាបានដើរដល់ចំណុចមួយ ដែលមិនអាចមានស្ថិរភាពដោយខ្លួនឯងទេ។ អ្វីល្អបំផុតដែលគេអាចធ្វើគឺកាត់បន្ថយការខ្ចីប្រាក់ ដោយខ្ចីប្រាក់តែនៅពេលដែលចាំបាច់ ហើយទឹកប្រាក់ដែលបានខ្ចី ត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាព»។
រដ្ឋាភិបាលកេនយ៉ារងការស្តីបន្ទោសចំពោះការខ្ចីប្រាក់ហួសកម្រិតក្នុងអតីតកាល និងវាយតម្លៃជ្រុលទៅលើគម្រោងសំខាន់ៗមួយចំនួន ដែលរុញឱ្យប្រទេសនេះ ជាប់បំណុលយ៉ាងច្រើនដែលត្រូវសងទៅវិញ។
លោក William Ruto ប្រធានាធិបតីថ្មីនៃប្រទេសកេនយ៉ា ស្នើឱ្យមានការកាត់បន្ថយកម្ចីប្រាក់ពីបរទេស និងស្វែងរកជម្រើសផ្សេងៗ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងរដ្ឋាភិបាលនានា។
លោក Nyandemo និយាយថា ក្រុមមន្ត្រីកេនយ៉ានឹងត្រូវចរចាជាមួយចិន និងយល់ព្រមលើវិធីសងបំណុលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
លោកថ្លែងបញ្ជាក់ថា៖ «ប្រាក់កម្ចីទាំងនោះមានចំនួនច្រើនណាស់។ ការព្យាយាមទី១ដែលរដ្ឋាភិបាលថ្មីត្រូវធ្វើ គឺចរចាឡើងវិញលើលក្ខខណ្ឌសម្រាប់ប្រាក់កម្ចីទាំងនោះដែលអាចនឹងមានការលំបាកបន្តិច។ ប្រាក់កម្ចីភាគច្រើនជាកម្ចីពាណិជ្ជកម្ម ហើយប្រាក់កម្ចីប្រភេទនេះតែងតែមានការប្រាក់ខ្ពស់។ ខ្ញុំគិតថា វិធីល្អបំផុតដែលរដ្ឋាភិបាលថ្មីអាចធ្វើបាន គឺស្នើសុំប្រាក់កម្ចីសម្បទាន និងកាត់បន្ថយចំនួនដែលខ្លួនបានខ្ចី និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយចំណាយសាធារណៈ»។
កាលពីខែមុន លោក Ruto បានបញ្ជាឱ្យរតនាគារជាតិកាត់បន្ថយចំណាយរដ្ឋាភិបាលចំនួន២ពាន់៥រយលានដុល្លារអាមេរិក។
អ្នកស្រី Sabina Chege ជាសមាជិកសភាមកពីគណបក្សប្រឆាំង។ អ្នកស្រីលើកឡើងថា រដ្ឋាភិបាលតាមរយៈអាជ្ញាធរប្រមូលប្រាក់ចំណូលរបស់កេនយ៉ា ឬ KRA ត្រូវបង្កើនប្រាក់ចំណូលតាមរយៈប្រមូលពន្ធដារ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។
អ្នកស្រីថ្លែងក្នុងសម្តីដើមថា៖ «រដ្ឋាភិបាលរបស់លោក Kenyatta សង្កត់ធ្ងន់លើការបង់ពន្ធ ហើយបញ្ហាទី ២ គឺការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីអាចមានប្រាក់សន្សំច្រើនពីរដ្ឋាភិបាល។ អ្វីដែលយើងកំពុងឃើញនៅពេលនេះជាមួយនឹងរដ្ឋាភិបាលបច្ចុប្បន្នគឺថា អ្នកដែលមានទំនាក់ទំនងនយោបាយជាមួយនឹងរបបសព្វថ្ងៃ ឬករណីពុករលួយបានរួចផុតពីបទចោទប្រកាន់។ ក្រុមមន្ត្រីនៃអាជ្ញាធរ KRA កំពុងមានការភ័យខ្លាចក្នុងការតាមដានបុគ្គលណាមួយដោយសារពួកគេមិនដឹងថា ពួកគេនឹងប៉ះពាល់មនុស្សខុសឬអត់នោះទេ។ ប៉ុន្តែការបំពេញតួនាទីបានធ្លាក់ចុះ»។
រដ្ឋាភិបាលកេនយ៉ាបង្គាប់ឱ្យអាជ្ញាធររកប្រាក់ចំណូលកេនយ៉ា ឱ្យប្រមូលពន្ធឱ្យបាន ២៥ ពាន់លានដុល្លារអាមេរិកនៅត្រឹមចុងឆ្នាំនេះ ដើម្បីជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍នានារបស់ប្រទេសនេះ៕