លោក កឹម សុខា​ នឹង​ចុះឈ្មោះ​បោះឆ្នោត​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

រូបភាព​ឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយ​នឹង​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សសង្រ្គោះ​ជាតិ កាល​ពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិច​ក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)

អ្នក​នាំ​ពាក្យ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា លោក កឹម សុខា អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ប្រសិន​បើ​​តុលាការ​មិន​ទាន់​អនុវត្ត​ទោស​លើ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ។

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បញ្ជាក់​ថា លោក កឹម សុខា មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត ដរាប​ណាសាល​ក្រម​តុលាការ​ដែល​បានកាត់​ទោស​រូប​លោក​មិន​ទាន់​ចូល​ជា​ស្ថាពរ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​នេះ​ក្រោយ​ពេល​លោក​ កឹម សុខា ប្រកាស​ថា​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រោយ​ពេល​បញ្ចប់​ពិធី​បុណ្យភ្ជុំបិណ្ឌ។

លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា លោកនឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រោយ​ពេលពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ស្រប​ពេល​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) លើក​ឡើង​ថា លោក កឹម សុខា មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​បោះ​ឆ្នោត​បាន​ ប្រសិន​បើលោក​មិន​មែន​កំពុង​ស្ថិត​ក្នុង​លក្ខ​ខណ្ឌ​នៃ​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ។​

កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​សម្រេចដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ខែ​ និង​ពិន័យ​ជាប្រាក់​ចំនួន​៨​សែន​រៀល ​ពី​បទ «បដិសេធ​មិន​ចូល​ខ្លួន» ដោយ​គ្មាន​មូល​ហេតុ​ត្រឹមត្រូវ​ទាក់​ទង​នឹង​រឿង​អា​ស្រូវ​ស្នេហា​លួច​លាក់​ជា​មួយ​អតីត​នារី​កាត់សក់​វ័យ​ក្មេង​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ ខុម ចាន់​តារ៉ាទី ហៅ​ស្រីមុំ។

លោក​ កឹម សុខា ​ដែល​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិក្នុងសង្កាត់​ចាក់អង្រែ​លើ​ដើម្បី​គេច​ពីការ​តាម​ចាប់ខ្លួន​អស់​រយៈពេល​ជាង​៤​ខែ​កន្លង​មក​បាន​លើក​ឡើង​ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​ក្រោយ​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចប់។ លោកក៏​បាន​ប្រកាសថា លោក​សុខ​ចិត្ត​សុំ​អង្វរដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​និង​សកម្ម​ជន​ផ្សេងៗ​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

លោក​ កឹម សុខា​ បាន​មាន​ប្រសាសន៍​ថា៖

«ទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ក៏​ខ្ញុំ​សុខ​ចិត្ត​អង្វរ​ដែរ​ ធ្វើ​ម៉េចឲ្យ​បាន​ដោះ​លែង​បងប្អូន​យើង​ទាំង​អស់​ដែល​ជា​សកម្មជន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ក៏​ដូចជា​សកម្មជន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ឬក៏​អ្នកតស៊ូ​ទាំង​ឡាយ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ដីធ្លី ក៏​ដូចជា​គ.ជ.ប​ហ្នឹង។ ខ្ញុំ​នឹង​ព្យាយាម​ត​ទៅ​ទៀត ហើយ​ខ្ញុំ​សំណូមពរ​តទៅ​ទៀត ប៉ុន្តែ​ខ្ញុំជឿ​ថា​ថ្ងៃ​ណា​មួយ​ខ្មែរ​នឹង​ជួ​បជុំ​គ្នា យើង​ខ្ញុំយល់​ឃើញថា​មាន​តែ​ការយល់​គ្នា​រវាង​ខ្មែរ​និង​ខ្មែរទេ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​បាន»។

អ្នក​នាំ​ពាក្យ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា លោក កឹម សុខា អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ប្រសិន​បើតុលាការ​មិន​ទាន់​អនុវត្ត​ទោស​លើ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ។ លោក​បាន​បន្ថែម​ថា លោក កឹម​ សុខា ក៏​នឹងអាច​បោះ​ឆ្នោត​បាន​ទៅ​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​ចែង។

លោក​ ហង្ស​ ពុទ្ធា​ បាន​បញ្ជាក់​ថា៖

«កាលណា​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត គឺ​មាន​សិទ្ធិ​បោះ​ឆ្នោត​ហើយ ប៉ុន្តែ​បើ​សិន​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​ហើយ ហើយ​ក្នុងពេល​បោះ​ឆ្នោត​គាត់​ស្ថិត​ក្នុងស្ថានភាព​ជាប់ពន្ធនាគារ​អាហ្នឹង​គាត់​អត់​មាន​ឱកាសបោះ​ឆ្នោតទេ បើសិនជា​គាត់​ចេញ​មក​វិញ​គាត់​អាច​បោះឆ្នោតបាន​ហើយ ប៉ុន្តែ​គាត់​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​សិន​បាន​អាច​បោះ​ឆ្នោត​បាន»។​

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រែ្វល ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត ប្រាប់​ថា លោក​សាទរ​ប្រសិន​បើ​លោក កឹម សុខា មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ លោក​បន្ថែម​ថា លោក​ជំរុញ​ឲ្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតសម្រួល​ដល់អ្នក​ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត​ ឲ្យ​មាន​សិទ្ធិ​ក្នុងការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

លោក​បញ្ជាក់​ថា៖

«បើសិនជា គ.ជ.ប យក​គោល​ការណ៍​ហ្នឹង គួរតែរៀប​ចំ​ក្រុមចុះឈ្មោះ​បោះ​ឆ្នោត​ទៅតាម​ពន្ធនាគារ​ដែរ ព្រោះ​មាន​អ្នក​ទើប​ជាប់​ពន្ធនាគារ​ដែលមិនទាន់​កាត់ទោស​ជាស្ថាពរ ដូច​លោក ចរិយា ដូច​ ណៃ វ៉ង់ដា ដូច​ នី សុខា អង្គការ​សិទ្ធិ​មនុស្ស ឬក៏​អ្នកស្រី​ទេព​វន្នី​អីហ្នឹង គាត់​ទើប​ជាប់​ពន្ធនាគារ​ហ្នឹង​ ត្រូវ​ឲ្យ​គេ​បានចុះ​ឈ្មោះ​ដែរ។ គ.ជ.ប គួរ​តែ​រៀប​ចំ​ក្រុម​ពិសេសដើម្បី​ទៅ​ដល់​ពន្ធនាគារ​ ដើម្បី​ឲ្យ​គេ​បានចុះឈ្មោះ​បោះ​ឆ្នោត​ដែរ ព្រោះ​រឿង​ហ្នឹង​សំខាន់​ដើម្បី​ឲ្យ​គេ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត បើ​មិន​អញ្ចឹង​ទេ​ដឹក​ពួកគេ​ឲ្យ​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផង»។

ពាក់ព័ន្ធ​នឹង​ការ​អង្វរ​របស់​លោក កឹម សុខា សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជនដែល​កំពុង​ជាប់​ឃុំ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ជា​រឿង​មិន​អាច​ទៅ​រួច។

លោក​ សុខ​ ឥសាន​ បាន​មាន​ប្រសាសន៍​ថា៖

«គាត់​ទើប​ប្រកាស​ថ្មីៗ​ថា​ គាត់​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ​ ឥឡូវ​មូល​ហេតុ​អី​ឲ្យ​យក​មក​ចរចា​នយោបាយដើម្បី​ដោះ​លែង​អ្នក​ទោស តើ​នីតិរដ្ឋ​នៅ​ឯណា តើ​រដ្ឋធម្មនុញ្ញ​នៅ​ឯ​ណា ហើយ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯក​រាជ្យ​របស់​ជាតិហ្នឹង​ទុក​នៅ​ឯ​ណា បើ​តុលាការ​ចេញ​សាល​ក្រម​ស្ថាពរ​ចំពោះ ​សម រង្ស៊ី​ តុលាការ​ចេញ​សាល​ក្រម​ហើយ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ប្តឹង​ទៅ​សាលា​កំពូល​ទៀតទៅ​ហើយ តើ​ឲ្យ​យក​បញ្ហា​នយោបាយ​មកដោះ​ស្រាយ​យ៉ាង​ម៉េច​ចេញ អាហ្នឹង​មិនអាច​ទៅ​រួចទេ»។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ក្នុង​រឿង​ក្ដី​ផ្សេងៗ​គ្នា ហើយ​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្សប្រឆាំង​មួយ​ចំនួន​ក៏​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ផង​ដែរ​ដោយ​សារសកម្មភាព​រិះគន់​រាជរដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ការ​ពារ​បូរណភាព​ទឹក​ដី។

មក​ដល់​ពេល​នេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ សកម្មជន​នយោបាយ​និងមន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ផ្សេង​ទៀត​ ក៏​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​និង​ការ​តវ៉ាបញ្ហា​ព្រំ​ដែន​រវាង​ប្រទេសកម្ពុជា-វៀតណាម​និង​ការ​ចោទ​ប្រកាន់​លើ​បទ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ដើម។

លោក កឹម សុខា អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ចាម​ក៏​បាន​បញ្ជាក់​ថា សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះជាតិ​នឹង​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃពុធ ទី​២៨ ខែ​កញ្ញា​នេះ​ ដោយ​លោក​រំពឹង​ថា​ដំណោះ​ស្រាយ​នយោបាយ​នឹង​មាន​សម្រាប់​កម្ពុជា៕