នៅថ្ងៃទី៩ សប្តាហ៍ទីប្រាំនៃសវនាការកាត់ក្តីសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចោទសួរលោកកឹម សុខា អំពីការបង្កើតគណបក្សសង្គ្រោះជាតិ ដែលជាអង្គហេតុថ្មីនៃសវនាការ ដែលអាចប្រើពេល៣ខែ។
នៅក្នុងបន្ទប់សវនាការសម្រាប់ថ្ងៃទី៩នេះ មានមន្ត្រីសិទ្ធិមនុស្ស តំណាងស្ថានទូត និងអ្នកសារព័ត៌ និងសហការីលោកកឹម សុខា ព្រមទាំងមន្ត្រីនគរបាលជាង៣០នាក់ បានចូលស្តាប់ការកាត់ក្តីលោកកឹម សុខា ដែលផ្តើមដោយការប្រកែករបស់សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺលោកចាន់ចេន ដែលបានទាត់ចោលភស្តុតាងដែលទាញចេញពីគណនីហ្វេស៊ុកឈ្មោះកូនខ្មែរ។ លោក ចាន់ ចេន បានចោទថា ហ្វេសប៊ុកកូនខ្មែរនេះ គ្មានម្ចាស់ពិតប្រាកដ។
តំណាងអយ្យការមួយរូបគឺលោក ប្លង់ សុផល បានការពារភស្តុតាងនេះថា មានសុពលភាព ហើយចោទសហមេធាវីរបស់លោក កឹម សុខា ថា បានធ្វេសប្រហែសមិនតវ៉ា សុំមោឃៈភាពភស្តុតាងនេះ នៅក្នុងដំណាក់កាលស៊ើបសួរ។
ក្រោយការតតាំងគ្នាលើភស្តុតាងដែលទាញចេញពីគណនីហ្វេសប៊ុកកូនខ្មែរនេះជិតមួយម៉ោងមកនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកកូយ សៅ បានប្រកាសអំពីអង្គហេតុថ្មី គឺការបង្កើតគណបក្សសង្គ្រោះជាតិ។
លោក លី ចាន់តុលា មេធាវីមួយរូបនៃដើមបណ្តឹងរដ្ឋប្បវេណី បានសួរលោកកឹម សុខា អំពីទំនាក់ទំនងលោកជាមួយលោកសម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងធំមួយ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោកបានសួរលោកកឹម សុខា ថា «មុនឆ្នាំ២០១២ លោកស្គាល់លោកសម រង្ស៊ីទេ?» លោក កឹម សុខា ដែលពាក់ម៉ាស់ជាប់នឹងមុខបានលើកឡើងថា៖ «ខ្ញុំស្គាល់គាត់ជាអ្នកនយោបាយម្នាក់»។
លោកមេធាវី លី ចាន់តុលា បានសួរដេញដោលលោកកឹម សុខា ទាក់ទងនឹងសារនយោបាយរបស់លោកសម រង្ស៊ី និងការចុះកិច្ចព្រមព្រៀងបង្កើតគណបក្សសង្គ្រោះជាតិនៅក្នុងខែកក្កដា ឆ្នាំ២០១២។
លោក លី ចាន់តុលា ដែលបានហៅលោកសម រង្ស៊ីថា ជាទណ្ឌិតនោះ បានសួរលោកកឹម សុខាថា «តើលោកមានស្គាល់ចរិតនយោបាយរបៀបម៉េចរបស់លោកសម រង្ស៊ី?» លោកកឹម សុខា បានតបវិញថា៖ «មិនស្គាល់ចរិតគេអស់ទេ»។
ភ្លាមៗនោះ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា មួយរូបទៀត គឺអ្នកស្រីម៉េង សុភារី បានជំទាស់ការសួរសំណួរ ដែលមានការពាក់ព័ន្ធនឹងលោក សម រង្ស៊ី។ ក៏ប៉ុន្តែការសួរដេញដោលពាក់ព័ន្ធនឹងលោកសម រង្ស៊ី បានបន្ត។
ដំណាលគ្នានឹងការសួរដេញដោលនោះ មេធាវីដើមបណ្តឹមរដ្ឋប្បវេណីរូបនេះ ក៏បានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះ ចាក់ឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញអំពីការថ្លែងរបស់លោក សម រង្ស៊ី នៅទីក្រុងឡូវែល រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
នៅក្នុងឃ្លីបវីដេអូខ្លីនោះ លោក សម រង្ស៊ី ត្រូវគេឃើញ ថ្លែងពីការទាមទារឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ងើបបះបោរផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ទាប់ពីបានចាក់បញ្ចាំងឃ្លីបវីដេអូដែលមានរយៈពេល៥០វិនាទីនោះ លោក លី ចាន់តុលា បានតាំងសំណួរសួរលោក កឹម សុខា ថា «លោកមានដែលឃើញឃ្លីបវីដេអូនេះទេ»? លោកកឹម សុខា មានប្រសាសន៍ថា៖ «អត់ដែលបានឃើញទេ»។
សំឡេងនៃអ្នកបកប្រែដល់អ្នកចូលរួមសវនាការដែលជាជនបរទេស បានលាន់ឮនៅក្នុងបន្ទប់សវនាការ ដែលបានធ្វើឲ្យលោក កូយ សៅប្រធានក្រុមប្រឹក្សាជំនុំជម្រះអន្តរាគមន៍សុំបន្ថយសំឡេងការបកប្រែដល់អ្នកចូលរួមសវនាការជាជនបរទេស ដែលក្នុងនោះមានមន្ត្រីទូតរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងបារាំង និងមន្ត្រីរបស់អង្គការសហប្រជាជាតិ។
លោក វង្ស ប៊ុនវិសុទ្ធ តំណាងអយ្យការមួយរូបទៀតបានចោទសួរលោក កឹម សុខា អំពីគំនិតដែលនាំដល់ការបង្កើតគណបក្សសង្គ្រោះជាតិ និងការណ៍ដែលមិនរំលាយគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី នៅក្រោយការបង្កើតគណបក្សសង្គ្រោះជាតិ។
លោក វង្ស ប៊ុនវិសុទ្ធ បានតាំងសំណួរទៅលោក កឹម សុខា ថា «តើលោកចាប់ផ្តើមមានគំនិតពេលណា បង្កើតបក្សថ្មីជាមួយទណ្ឌិតសម រង្ស៊ី?» លោក កឹម សុខា លើកឡើងថា លោកបានបង្កើតគណបក្សសិទ្ធិមនុស្ស ដើម្បីចូលរួមការបោះឆ្នោត ហើយដោយសារក្រោយការបោះឆ្នោតជាតិឆ្នាំ២០០៨ និងបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ គណបក្សលោកមិនបានសំឡេងគាំទ្រច្រើន ក៏លោកបានធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលស្នើឲ្យលោករួមគ្នានជាមួយគណបក្សរបស់លោកសម រង្ស៊ី។
លោក កឹម សុខា មានប្រសាសន៍ថា៖«ប្រជាពលរដ្ឋថា បើចង់បានច្រើនត្រូវរួមគ្នា។ នេះជាឆន្ទៈរបស់ប្រជាពលរដ្ឋ»។
លោក វង្ស ប៊ុនវិសុទ្ធ បានចោទសួរបន្តថា«តើមានការជួយជ្រោមខាងណា»? លោក កឹម សុខា ឆ្លើយភ្លាមថា ខ្មែរ ពោលគឺពលរដ្ឋខ្មែរពេញចិត្តឲ្យបង្កើត ហើយ «លើកសំណូមពរ ឲ្យមានបរទេសណាបង្ខំ ឬបញ្ជាទេ សំណូមពរកើតចេញពីប្រជាពលរដ្ឋខ្មែរ»។
តំណាងអយ្យការរូបនេះ បានជជីកសួរលោក កឹម សុខា អំពីកាលបរិច្ឆេទនៃការចរចាដំបូងៗ ដែលនាំដល់ការបង្កើតគណបក្សសង្គ្រោះជាតិ តែលោក កឹម សុខា ថាលោកមិនចាំ។
នៅចុងបញ្ចប់នៃសវនាការពេលព្រឹកនេះ ខាងភាគីសហមេធាវីលោក កឹម សុខា បានលើកជាសំណួរអំពីឯកសារលេខ៥ ដែលសំដៅដល់សេចក្តីថ្លែងការណ៍រួមរវាងគណបក្សសិទិ្ធមនុស្ស និងគណបក្សសម រង្ស៊ី អំពីការបង្កើតគណបក្សសង្គ្រោះជាតិ។
អ្នកស្រី ម៉េង សុភារី បានលើកពីចម្ងល់ អំពីប្រភពនៃឯកសារលេខ៥នោះថាបានពីតុលាការ ឬដើមបណ្តឹងរដ្ឋប្បវេណី។ តំណាងអយ្យការលោក ប្លង់ សុផល បានបញ្ជាក់ថា លោកមានតួនាទីត្រឹមប្រាប់លេខឯកសារ ហើយមិនអាចបញ្ជាក់ថា ឯកសារនោះនៅទីណាឲ្យប្រាកដទេ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះកូយសៅ ក៏បានស្នើជាយោបល់ឲ្យផ្អាកប្រមាណបីសប្តាហ៍ ដើម្បីពិនិត្យឯកសារ។
នៅពេលសវនាការនាពេលរសៀលបានចាប់ផ្តើមនោះ តំណាងអយ្យការលោកប្លង់ សុផល បានបន្តសួរដេញដោលលោកកឹម សុខាអំពីពាក្យពេចន៍លោកសម រង្ស៊ី ដែលបាននិយាយពីការបះបោររបស់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល និងការទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះពីតំណែង។
លោកប្លង់ សុផល បានសួរថា៖«តើលោកចូលរួបរួមគណបក្សសម រង្ស៊ី គោលបំណងដូចគ្នាទេ»។ លោក កឹម សុខា បានបញ្ជាក់ថា «គោលជំហរដូចក្នុងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ»។
លោក កឹម សុខាក៏បានស្នើក្រុមប្រឹក្សាជុំនុំចាក់ឃ្លីបវីដេអូចំនួនពីរ ដើម្បីបញ្ជាក់ពីគោលជំហរនិងបំណងរបស់លោកដែលមិនប្រើអំពើហិង្សា និងធ្វើបដិវត្តន៍ដើម្បីដណ្តើមអំណាច ហើយចង់បានតែការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវនិងយុត្តធម៌។
នៅមុនការអះអាងរបស់លោកកឹម សុខា នោះ តំណាងអយ្យការលោកប្លង់ សុផល បានលើកឡើងពីថ្លែងរបស់លោកកឹម សុខា នៅប្រទេសអូស្ត្រាលី និងចោទសួរលោកកឹម សុខាថា បើធ្វើតាមប្រជាធិបតេយ្យហេតុអ្វីយកជីវិតទៅប្តូរ? លោកកឹម សុខា បានពន្យល់ថា ការតស៊ូតាមការបោះឆោ្នតតែងមានការប៉ះពាក្យសម្តី ហើយអាចទទួលរងគ្រោះថា្នក់។ លោកកឹម សុខា ក៏បានបញ្ជាក់ថា លោកធ្លាប់រងការគំរាមដោយការភ្ជង់អាវុធ នៅពេលលោកធ្វើសកម្មភាពនយោបាយ។
ក៏ប៉ុន្តែលោកមេធាវីគី តិច ដែលការពារក្តីឲ្យរដ្ឋាភិបាល បានយកពេលនៃការជជែកដេញដោលរបស់ក្រុមមេធាវីការពារក្តីលោកកឹម សុខា អំពីសុចរិតភាពឯកសារទាក់ទិនការបង្កើតគណបក្សសង្គ្រោះជាតិថា អ្វីដែលជនជាប់លោកកឹម សុខាលើកឡើងមិនត្រឹមត្រូវទេ។
លោក គី តិច បានថ្លែងបញ្ជាក់ទៅអ្នកចូលរួមសវនាការដែលជាជនបរទេសថា ក្នុងយុទ្ធនាការបោះឆ្នោត រដ្ឋាភិបាលបានប្រគល់សិទ្ធិទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)និងកម្លាំងមានសមត្ថកិច្ច ហើយទូរទស្សន៍ជាតិកម្ពុជា បានចែកម៉ោងស្មើគ្នាដល់គណបក្សនយោបាយ។ បន្ថែមលើនោះសមត្ថកិច្ចការពារគ្រប់គណបក្សនយោបាយ។
លោកមេធាវីមានប្រសាសន៍ថា៖«ចំពោះដែលលើកឡើងថា គាត់ត្រូវបានគេភ្ជង់ ខ្ញុំគិតថា បើមានមែន ជនជាប់ចោទច្បាស់ជាប្តឹងមិននៅស្ងៀមចឹងទេ»។
លោកបានបន្ថែមថា៖«អត់មានទេស្លាប់ក្នុងយុទ្ធនាការបោះឆ្នោត ទាំងនេះជាការចោទដោយអសុទ្ធចិត្តមកលើរដ្ឋាភិបាលជាពិសេសសម្តេចតេជោ»។
នៅចុងបញ្ចប់នៃសវនាការនាសៀលថ្ងៃពុធនេះ មានការជជែកគ្នារវាងតំណាងអយ្យការលោកប្លង់ សុផល និងសហមេធាវីអំពីសុចរិតភាពនៃភស្តុតាងឯកសារនៅក្នុងDisc ១២៦ ដែលពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី អំពីការបង្កើតគណបក្សសង្គ្រោះជាតិ។ លោកមេធាវី ចាន់ ចេនបានស្នើក្រុមប្រឹក្សាជំនុំជម្រះចាក់Disc ១២៦នេះ តែត្រូវលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកកូយ សៅ បដិសេធ និងស្នើឲ្យក្រុមសហមេធាវីរបស់លោកកឹម សុខា ស្នើសុំចម្លងឯកសារនៅក្នុងDiscដដែលនោះ។
សវនាការថ្ងៃទី១០របស់លោកកឹម សុខា នឹងបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកុម្ភៈស្អែកនេះ៕