សវនាការពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង នឹងបន្តធ្វើឡើងវិញជាធម្មតានៅថ្ងៃពុធខាងមុខនេះ ក្រោយផ្អាកអស់រយៈពេលមួយសប្តាហ៍ ដោយសារមេធាវីរបស់រដ្ឋាភិបាលម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា កំពុងរងការចោទប្រកាន់អំពីការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ប្រាប់ VOA នៅថ្ងៃចន្ទថាតុលាការនឹងបន្តសវនាការសំណុំរឿងរបស់លោក កឹម សុខា ជាធម្មតានៅថ្ងៃពុធសប្តាហ៍នេះ ដោយអនុវត្តតាមវិធានការសុខាភិបាល ដែលមានជាធរមានដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
«គេនៅតែរៀបចំវិធានការ បែបបទ វិធានការរដ្ឋបាល វិធានការសុខាភិបាលដដែល ពាក់ម៉ាស់ បាញ់អាល់កុលដដែល រក្សាគម្លាតអីដូចគ្នា»។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
លោក ចាន់ ចេន មេធាវីមួយរូបដែលការពារក្តីឲ្យលោក កឹម សុខា និយាយថាក្រុមមេធាវីមានការបារម្ភអំពីវីរុស ប្រភេទអូមីក្រុង ដែលកំពុងឆ្លងរាលដាលយ៉ាងច្រើនករណីក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។ប៉ុន្តែលោកថាក្រុមមេធាវីនឹងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ហើយក៏ជំរុញឲ្យតុលាការពន្លឿនការកាត់ក្តីនេះផងដែរ។
លោកមេធាវីបញ្ជាក់តាមសារជាអក្សរក្នុងន័យដើមថា៖ «យើងគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល តែសហមេធាវី ក៏ដូចជាឯកឧត្តម កឹម សុខា និងប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្រឯកឧត្តម កឹម សុខា រួមទាំងសហគមន៍អន្តរជាតិផងដែរ នៅតែចង់ឃើញតុលាការពន្លឿនការកាត់សេចក្តីប្រកបដោយយុត្តិធម៌សម្រាប់ឯកឧត្តម កឹម សុខាគឺទម្លាក់បទចោទប្រកាន់ ព្រោះឯកឧត្តម កឹម សុខាមិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់នោះទេ»។
សាលាដំបូងរាជធានីភ្នំពេញកាលពីខែមករា បានសម្រេចបើកសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញ ក្រោយផ្អាកអស់រយៈពេលជិត២ឆ្នាំ។
គិតចាប់តាំងពីខែមករាមកនោះតុលាការបើកសវនាការរៀងរាល់ព្រឹកថ្ងៃពុធតែមួយព្រឹកប៉ុណ្ណោះក្នុងមួយសប្តាហ៍។សវនាការក្នុងខែមករា និងក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ដំណើរការទៅបាន៣លើកប៉ុន្តែមេធាវីចុងចោទថា តុលាការមិនទាន់សម្រេចសេចក្តីអ្វីលើលោក កឹម សុខា នៅឡើយ។ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃសវនាការលើកទី៤ ត្រូវបានលើកពេល ដោយសារមេធាវីម្នាក់របស់តំណាងរដ្ឋាភិបាលបានឆ្លងជំងឺកូវីដ១៩។
ក្រុមមេធាវីរបស់លោក កឹម សុខា តែងតែជំរុញឲ្យតុលាការពន្លឿនការកាត់ក្តី និងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ពួកគេឲ្យបានឆាប់។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២លោកមេធាវី ផែង ហេង តំណាងឲ្យមេធាវីបួនរូបដែលការពារក្តីឲ្យលោក កឹម សុខា បានដាក់លិខិតមួយច្បាប់ទៅលោកចៅក្រម កូយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយស្នើសុំពន្លឿននីតិវិធីសវនាការសំណុំរឿងរបស់លោក កឹម សុខា។
ក្នុងលិខិតនោះ ក្រុមមេធាវីបានជម្រាបចៅក្រមតាមន័យដើមថា៖ «ដោយសារស្ថានភាពជំងឺកូវីដមិនអាចសន្មតជាមុនបាន និងដោយមើលឃើញថា សំណុំរឿងនេះបានដេញដោលក្នុងកម្មវិធីសវនាការជិត៣០ដងរួចហើយ ដូចនេះ ដើម្បីធានានូវការគោរពសិទ្ធិ ក៏ដូចជាយុត្តិធម៌សម្រាប់កូនក្តី យើងខ្ញុំស្នើសុំតុលាការពន្លឿននីតិវិធីសវនាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះជាចាំបាច់»។
លោក ផែង ហេង ប្រាប់វីអូអេបន្ថែមថា៖ «ចៅក្រមបកស្រាយកាលលើកមុនរួចហើយ តែគេនៅតែដាក់មួយពេលដដែល»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនលើកឡើងថាសវនាការលើសំណុំរឿងរបស់លោក កឹម សុខា មានរយៈពេលវែង ឬខ្លី គឺអាស្រ័យលើភាពស្មុគស្មាញនៃសំណុំរឿង និងការតតាំងរបស់ភាគីទាំងសងខាង។
«សំណុំរឿងថា វាត្រូវការរយៈពេលយូរ។ សវនាការវាច្រើនលើកមិនទាន់អាចបញ្ចប់បាន អាហ្នឹងវាជារឿងធម្មតា ។ វាអាស្រ័យទៅលើភាពស្មុគស្មាញនៃសំណុំរឿងនីមួយៗ និងការតតាំងគ្នារវាងដើមចោទ និងចុងចោទ ដែលមិនព្រមទទួលយកការចោទប្រកាន់នីមួយៗ។ គេតតាំងគ្នា បង្ហាញភស្តុតាងគ្នា ការពារខ្លួនតាមផ្លូវច្បាប់ទៅវិញទៅមកអាហ្នឹងជារឿងធម្មតា។ អ៊ីចឹង process [ដំណើរការ] ហ្នឹងវាត្រូវការពេល ដើម្បីឲ្យភាគីទាំងសងខាងតតាំងគ្នាឲ្យអស់ចិត្ត ប្រមូលភស្តុតាង មូលដ្ឋានផ្លូវច្បាប់ ការពារខ្លួនឲ្យអស់លទ្ធភាព»។
គួររម្លឹកផងដែរថាលោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទក្បត់ជាតិ។ ក្រោយការចាប់ខ្លួន លោកត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំអស់រយៈពេលជាងមួយឆ្នាំ។ បន្ទាប់មក លោកត្រូវបានដោះលែង តែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដោយមានដាក់កំហិតការធ្វើដំណើរ មិនឲ្យទៅក្រៅប្រទេស និងមិនឲ្យធ្វើនយោបាយរហូតដល់ពេលបច្ចុប្បន្ន។
មុនពេលលោកកឹម សុខាចូលរួមសវនាការនៅថ្ងៃពុធសប្តាហ៍នេះ លោកកឹម សុខា បានមកតទល់ក្តីក្តាំរបស់លោកជិត៣០លើកមកហើយ។ ចំណែកភស្តុតាងសំខាន់ដែលតុលាការបានប្រើប្រាស់ក្នុងការបន្តជម្រះក្តីក្តាំក្បត់ជាតិរបស់មេដឹកនាំនយោបាយជំទាស់រូបនេះ គឺខ្សែអាត់វីដេអូមួយមានរយៈពេលជាងមួយម៉ោង ដែលគេឃើញលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សជំទាស់ នៅប្រទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៣។នេះជាភស្តុតាងមួយដែលត្រូវបានតុលាការកំពូលប្រើប្រាស់ផងដែរដើម្បីរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕