លោក កឹម សុខា ថា លោក​ធ្វើ​អ្វី​ដោយ​«ឆន្ទៈពិត» ក្រោយពី​លោក សម រង្ស៊ី ហៅ​លោក​ថា ជា​«ចំណាប់ខ្មាំង»​នយោបាយ

រូបឯកសារផ្គុំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំពីររូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ។

នៅ​ក្នុង​សារ​ឆ្លើយ​ឆ្លង​ដែល​សំដៅ​ទៅ​ដៃ​គូ​សម្ព័ន្ធ​នយោបាយ​របស់​លោក​ ​លោក​ កឹម សុខា ​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ​អះអាង​ថា ​លោក​បង្ហោះ​សារ​ចេញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​លោក។​

នៅ​ថ្ងៃ​ពុធ​នេះ ​លោក ​កឹម សុខា ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ ​«ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ​តាម​លទ្ធភាព ​កាលៈ​ទេសៈ ​និង​ដោយ​ឆន្ទៈ​ពិត​របស់​ខ្ញុំ ​មិន​ធ្វើ​តាម​អ្នកណា​គំរាម​បង្ខំ​ខ្ញុំ​ឡើយ ​ជា​ពិសេស​អ្វី​ដែល​ខ្ញុំ​ផ្សព្វផ្សាយ​ក្នុង​ផេក​ផ្លូវការ​របស់​ខ្ញុំ»។​

កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ លោក​ កឹម សុខា​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ជា​អក្សរ និង​មិន​មាន​សំឡេង​ថា​ ​លោក ​សម រង្ស៊ី ​និង​សហការី​នៅ​តែ​បន្ត​យក​ឈ្មោះ ​និង​រូប​ថត​របស់​លោក​ទៅ​ប្រើ​ប្រាស់​ភ្ជាប់​ជាមួយ​សកម្ម​ភាព​នានា ​ដែល​លោក​ថា​ «មិន​មាន​ការ​អនុញ្ញាត ​ឬ​ការ​គាំទ្រ»ពី​រូប​លោក​ឡើយ។​

លោក​បន្ថែម​ថា៖ ​«លើស​ពី​នេះ​ទៅ​ទៀត​ ជាក់​ស្តែង​ លោក​ សម រង្ស៊ី ​និង​សហការី​បាន​ដើរ​ចេញ​ពី​គោល​ការណ៍ ​និង​ស្មារតី​ដើម​នៃ​ការ​រួបរួម​ដោយ​ទៅ​បង្កើត​ចលនា​នយោបាយ​ផ្សេងៗ ​និង​មុខ​តំណែង​ខ្លួន​ឯង​ ជា​ពិសេស ​ថ្មីៗ​នេះ ​គឺ​ការ​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហ​ ឬ​នៅ​ពី​ក្រោយ​ការ​ដឹកនាំ​គណបក្ស​នយោបាយ​ចាស់​របស់​ពួក​គេ ​គឺ​គណបក្ស​ភ្លើង​ទៀន»។​

លោក​បញ្ជាក់​បន្ថែម​ថា៖ ​«ទង្វើ​របស់​ពួក​គេ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សម រង្ស៊ី​ និង​ កឹម សុខា​ មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ ​ព្រោះ​សកម្មភាព​ទាំង​អស់​នេះ ​មិន​មាន​ការ​គាំទ្រ ​ឬ​ជា​ជំហរ​របស់​ខ្ញុំ​ឡើយ»។​

ក្រោយ​ការ​បង្ហោះ​សារ​របស់​លោក​ កឹម សុខា ​លោក ​សម រង្ស៊ី​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា ​សារ​របស់​លោក​ កឹម សុខា​ «ជា​លទ្ធផល​នៃ​ការ​គំរាម​កំហែង​ពី​សំណាក់​លោក​ ហ៊ុន សែន ​ដែល​ភ័យ​ខ្លាច​ជា​ទីបំផុត​ចំពោះ​ឯកភាព​នៃ​អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ ​ហើយ​ដែល​ចាប់​យក​លោក ​កឹម សុខា​ ធ្វើ​ជា​ចំណាប់​ខ្មាំង​របស់​គាត់»។​

លោក ​អេង ឆៃអ៊ាង ​អនុ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ខាង​ក្រៅ​ប្រទេស ​ប្រាប់​វីអូអេ​ពី​សហ​រដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក ​កឹម សុខា ​«ស្ថិត​ក្នុង​គុក​ឥត​ជញ្ជាំង» ​មិន​មាន​សេរី​ភាព​ឡើយ​ ដូច្នេះ​លោក​ថា​ សារ​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ​ មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​លោក​ឡើយ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​សារ​របស់​គាត់ គឺ​ជា​សារ​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង ​ការ​គាប​សង្កត់​ពី​របប ​ហ៊ុន សែន​ មិន​មែន​ចេញ​ពី​ឆន្ទៈ​របស់​គាត់​នោះ​ទេ​បាទ»។​

លោក ​កឹម សុខា​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​កាល​ពី​ដើម​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ​បច្ចុប្បន្ន​នេះ​ កំពុង​រង់​ចាំ​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ ​ដែល​ត្រូវ​បាន​ពន្យារ​ដោយ​មិន​កំណត់​ពេល​វេលា។ លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ គឺ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ប្រទេស ​មិន​ឲ្យ​ធ្វើ​នយោបាយ ​ហើយ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក៏​ត្រូវ​បាន​ដាក់​កំហិត​ផង​ដែរ៕