សវនាការសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ត្រូវបានតុលាការបន្តឡើងវិញនៅថ្ងៃពុធនេះ ចំពេលដែលនយោបាយនៅកម្ពុជា មានស្ថានភាពវិវត្តគួរឲ្យកត់សម្គាល់។
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ លោក កឹម សុខា បានទៅចូលរួមសវនាការ ដែលត្រូវបានតុលាការពន្យារពេលអស់រយៈពេលជិតពីរឆ្នាំ ក្រោមហេតុផលថា បារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រោយការប្រកាសពន្យារពេល ក្រុមមេធាវីដែលការពារក្តីឲ្យលោក កឹម សុខា បានស្នើឱ្យតុលាការ បន្តសវនាការឡើងវិញ ប៉ុន្តែ ត្រូវបានតុលាការច្រានចោលជាបន្តបន្ទាប់។
មុនធ្វើដំណើរទៅចូលរួមសវនាការនៅព្រឹកថ្ងៃពុធនេះ លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មាននៅក្រៅគេហដ្ឋានរបស់លោកថា លោកទន្ទឹងរង់ចាំសវនាការនេះឱ្យត្រឡប់មកវិញជាយូរមកហើយ។ លោកបន្ថែមដោយសង្ឃឹមថា តុលាការ នឹងទម្លាក់ចោលបទចោទលើរូបលោក។
«ខ្ញុំសង្ឃឹមថា ថ្ងៃនេះ តុលាការ នឹងសម្រេចទម្លាក់ចោលការចោទប្រកាន់មកលើរូបខ្ញុំ ដើម្បីកម្ពុជាយើងបោះជំហានទៅរកការផ្សះផ្សាបង្រួបបង្រួមជាតិ ហើយយើងមានសាមគ្គីភាព ដើម្បីអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នាតទៅទៀត»។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានជុំវិញគម្រោងវិលចូលរួមធ្វើនយោបាយវិញ លោកនិយាយថា៖ «វាអាស្រ័យទៅលើអ្វីដែលប្រាថ្នាចង់បាន ហើយបាន នឹងបានហើយ»។ យ៉ាងណាក្តីលោក កឹម សុខា សុំមិនបញ្ជាក់ថា លោកនឹងចូលរួមជាមួយគណបក្សនយោបាយណាមួយនោះទេ។
ចាប់តាំងពីចុងឆ្នាំ២០២១ មក នយោបាយនៅកម្ពុជា មានស្ថានភាពគួរឲ្យចាប់អារម្មណ៍ ពិសេសក្នុងរង្វង់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ថា លោក សម រង្ស៊ី និងសហការី យកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពនានា ដោយមិនមានការអនុញ្ញាត និងមិនមានការគាំទ្រពីរូបលោក។ លោកបន្ថែមថា សកម្មភាព និងទង្វើមួយចំនួនរបស់លោក សម រង្ស៊ី និងសហការី សបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទៀតទេ។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី និងសហការីនៅក្រៅប្រទេស បានតបវិញថា លោក កឹម សុខា កំពុងស្ថិតក្រោមសម្ពាធពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យលោកចេញឆ្ងាយពីលោក សម រង្ស៊ី ដែលបានចងក្រងសម្ព័ន្ធភាពនយោបាយជាមួយគ្នាតាំងពីឆ្នាំ២០១២ មក។ ជាការលើកឡើងដែលទាំងលោក កឹម សុខា និងរដ្ឋាភិបាលលោក ហ៊ុន សែន បានបដិសេធ។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ មក គណបក្សនយោបាយថ្មីមួយចំនួនដែលបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមានខ្លះជាក្រុមអ្នកនយោបាយស្និទ្ធនឹងលោក កឹម សុខា កំពុងបង្កើនសកម្មភាពក្នុងការស្វែងរកសំឡេងគាំទ្រ។
ស្របពេលជាមួយគ្នានេះ គណបក្សភ្លើងទៀនដែលបង្កើតឡើងដោយលោក សម រង្ស៊ី និងកំពុងត្រូវបានដឹកនាំដោយមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី ក៏កំពុងដំណើរការសកម្មឡើងវិញក្នុងទ្រង់ទ្រាយធំ ឈានទៅរកការបោះឆ្នោតឃុំសង្កាត់នាខែមិថុនាឆ្នាំ២០២២ ខាងមុខផងដែរ។
អ្នកឃ្លាំមើលសង្គមមួយចំនួនយល់ឃើញថា យោងតាមស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា អាចនឹងត្រូវបានតុលាការកាត់ទោសលោកជាមុន ទើបមានការលើកលែងទោសជាក្រោយ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយប្រាប់ VOA ថា សវនាការលើលោក កឹម សុខា ជាថ្មីនេះ គ្រាន់តែជានីតិវិធីនយោបាយដែលមិនទាន់អាចធ្វើឲ្យនយោបាយនៅកម្ពុជាប្រែប្រួលនៅឡើយទេ។ លោកថា លោក កឹម សុខា អាចនឹងចូលរួមជីវភាពនយោបាយវិញ លុះត្រាការបែកបាក់រវាងលោក សម រង្ស៊ី និង លោក កឹម សុខា មានភាពខ្លាំងក្លាជាងនេះ។
«បើលទ្ធផលចេញច្បាស់កាលណា ខ្ញុំគិតថា កៀកជិតបោះឆ្នោតឃុំសង្កាត់ហ្នឹង ឬក៏បោះឆ្នោតជាតិឆ្នាំក្រោយ។ អាហ្នឹងខ្ញុំគិតថា អាចទៅរួច ពីព្រោះបើយើងមើលទៅលើទិន្នន័យចាស់របស់ survey [ការស្ទង់មតិ] របស់ក្រុមហ៊ុនបរទេស ឆ្នាំ២០១៦-២០១៧ survey [ការស្ទង់មតិ] របស់អ្នកស្រាវជ្រាវនៅកម្ពុជា កាលណាមានវត្តមានបុគ្គលនយោបាយលោក សម រង្ស៊ី ឬលោក កឹម សុខា គណបក្សប្រជាជនពិបាក.... ទៅប្រឈមនឹងបញ្ហាប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចដែរ»។
អ្នកវិភាគនយោបាយរូបនេះបន្ថែមថា ការផ្តល់សេរីភាពឲ្យលោក កឹម សុខា នឹងស្ថិតក្រោមរូបភាពនៃការកាត់ទោស រួចទើបអាចនឹងមានការស្នើឲ្យមានការលើកលែងទោសជាក្រោយ។
ស្រដៀងគ្នានេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា ការទម្លាក់ចោលបទចោទលើលោក កឹម សុខា ឬក៏ការលើកលែងទោស សុទ្ធតែអាចធ្វើទៅរួច ប្រសិនបើមានការត្រូវរ៉ូវខាងនយោបាយ។
«ខាងគណបក្សកាន់អំណាច បើយើងនិយាយឲ្យចំទៅ គេលែងខ្លាចទៅលើផ្លូវច្បាប់ហ្នឹងទៀតហើយ មានន័យថា ទោះបីជា ក្នុងទិដ្ឋភាពការឆ្លុះបញ្ចាំងថា ទម្លាក់បទចោទទៅ ការរំលាយខុស ឬក៏ពង្វាងឲ្យមានការលើកលែងទោសជំនួសហ្នឹង ខ្ញុំគិតថា គ្រាន់តែជាការបំពេញនីតិវិធីបន្ថែមទេ។ ប៉ុន្តែចំណុចស្នូលដែលសំខាន់នោះ គឺទាក់ទងជាមួយនឹងការត្រូវរ៉ូវនយោបាយណាមួយរវាងភាគីដែលពាក់ព័ន្ធ ពិសេសគណបក្សប្រឆាំង ឬសហគមន៍អន្តរជាតិក្នុងការជំរុញឲ្យមានការទម្លាក់បទចោទ»។
ទោះយ៉ាងណាកញ្ញាថា សវនាការលើលោក កឹម សុខា ជាថ្មីក្នុងពេលបច្ចុប្បន្ននេះ គ្រាន់តែជាសវនាការដែលធ្វើឡើងតាមនីតិវិធី មិនទាន់អាចមានលទ្ធផលណាមួយធ្វើឲ្យប្រែប្រួលនយោបាយនោះទេ។
ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលតែងឃ្លាំមើលសវនាការរបស់លោក កឹម សុខា យល់ថា សវនាការលោក កឹម សុខា គឺជារឿងនយោបាយដែលលទ្ធផលនៃការកាត់ក្តី នឹងសម្រេចដោយអ្នកនយោបាយ។ អ្នកស្រីថា បើតាមការឃ្លាំមើល សេណារីយ៉ូដែលអាចឲ្យលោក កឹម សុខា ធ្វើនយោបាយឡើងវិញបាន លុះត្រាតែមានការកាត់ទោសជាមុន ហើយមានការស្នើសុំលើកលែងទោសជាក្រោយ។
«ជារបត់មួយដែលខ្ញុំមើលឃើញថា វាអាចទៅរួចច្រើនជាងការដែលមានការទម្លាក់បទចោទ ព្រោះការទម្លាក់បទចោទ វាមិនអាចទៅរួច ដោយសារបើអ៊ីចឹង បានន័យថា ការរំលាយគណបក្ស ការចាប់ខ្លួនលោក កឹម សុខា ហើយការដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតកន្លងមក ហើយដែលគណបក្សជំទាស់ មិនអាចចូលរួមប្រកួតប្រជែងនោះ វាទៅជារឿងមួយដែលជាការចោទប្រកាន់ដោយខុសទាំងស្រុង។ អ៊ីចឹង ខ្ញុំគិតថា វាមិនអាចទៅរួចនោះទេ»។
យ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា សំណុំរឿងរបស់លោក កឹមសុខា គឺសម្រេចលើតុលាការ។ លោកថា ប្រសិនបើតុលាការកាត់ទោសលោក កឹម សុខា នោះលទ្ធភាពដែលលោក កឹម សុខា អាចត្រូវបានលើកលែងទោស គឺត្រូវសម្រេចដោយនាយករដ្ឋមន្រ្តី។
«នៅស្រុកខ្មែរមានច្បាប់មួយដែលជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្រ្តី ទើបអាចវិនិច្ឆ័យថា តើបុគ្គលដែលជាប់ទោសហ្នឹង អាចទទួលបានការអធ្យាស្រ័យ ឬការអនុគ្រោះ។ នាយករដ្ឋមន្រ្តីហ្នឹង គឺមានបុព្វសិទ្ធិក្នុងការសរសេរលិខិតថ្វាយព្រះមហាក្សត្រដើម្បីសុំលើកលែងទោស ប៉ុន្តែការលើកលែងទោសហ្នឹង ទាល់តែចប់ការចោទប្រកាន់ ទាល់តែមានដំណើរការអនុវត្តទៅលើពេលវេលានៃការជាប់ទោសនោះសិន»។
លោក ផៃ ស៊ីផាន បន្តថា លោក កឹម សុខា អាចធ្វើនយោបាយឡើងវិញបាន លុះត្រាតែសំណុំរឿងរបស់លោក ត្រូវបញ្ចប់នៅតុលាការ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ តាមការចោទប្រកាន់ពីបទក្បត់ជាតិ។ ក្រោយការចាប់ខ្លួន លោកត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំអស់រយៈពេលជាងមួយឆ្នាំ។ ក្រោយមក លោកត្រូវបានដោះលែង តែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដោយមានដាក់កំហិតការធ្វើដំណើរ មិនអនុញ្ញាតឲ្យទៅក្រៅប្រទេស និងមិនឲ្យធ្វើនយោបាយរហូតដល់ពេលបច្ចុប្បន្ន៕