មេធាវីការពារក្តីលោក កឹម សុខាមួយរូបក្នុងចំណោមមេធាវីបួនរូបគឺលោកអាង ឧត្តមថ្លែងថា សវនាការរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះមិនមានភាពចម្រើនទៅមុខទេ ហើយខាងភាគីមេធាវីគ្រោងនឹងអញ្ជើញសាក្សីមកឆ្លើយបំភ្លឺសំណុំរឿងសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស នៅក្នុងសវនាការពេលក្រោយ។
លោក កឹម សុខាកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬតាមអ្វីដែលគេហៅម្យ៉ាងទៀតថាការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។កន្លងមកទាំងលោកកឹម សុខានិងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃពុធនេះ លោកមេធាវីអាង ឧត្តម លើកឡើងថា កិច្ចការកោះហៅសាក្សីជាបន្ទុក របស់ចៅក្រម។ ប៉ុន្តែលោកថា បើចៅក្រមមិនចង់កោះហៅសាក្សីទេ ក្រុមមេធាវីជនជាប់ចោទនឹងលើកជាសំណើឱ្យអញ្ជើញសាក្សី ដែលលោកអះអាងថា មានប្រទេសជាច្រើន ក្រៅពីសហរដ្ឋអាមេរិក។
លោកប្រាប់ក្រុមអ្នកកាសែតយ៉ាងដូច្នេះ៖ «មាន នៅក្នុងនោះមានសហគមន៍អឺរ៉ុប …មានក្រៅពីហ្នឹងទៀត។ ពេលហ្នឹងយើងនឹងស្នើសុំឱ្យតុលាការធ្វើសវនាការមួយដើម្បីសម្រេចថា ត្រូវកោះហៅអ្នកអស់ហ្នឹង ឬអត់។ យើងដឹងតម្រុយតុលាការហើយនឹងមិនធ្វើតាមយើង។ ប៉ុន្តែមិនធ្វើតាម យើងត្រូវតែធ្វើ! គាត់មិនឆ្លើយតប គាត់មិនធ្វើតាមសំណើរបស់មេធាវី អាហ្នឹងរឿងតុលាការផ្សេង»។
លោកផ្តល់សេចក្តីពន្យល់បន្ថែមថា ក្រុមមេធាវីត្រៀមដាក់ពាក្យនៅចុងខែមេសា ឬក៏ដើមខែឧសភា ឆ្នាំ២០២២នេះ ដើម្បីអញ្ជើញសាក្សីដែលជារដ្ឋបរទេស និងដែលពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា បើទោះបីតុលាការថា មិនអាចធ្វើបានទេ យោងទៅតាមអនុសញ្ញាទីក្រុងវីយេន(Vienna )។
«តុលាការបានកំណត់មិនហៅទេ ដោយសារគាត់ថា អនុសញ្ញាទីក្រុងវីយេនហ្នឹងមិនអនុញ្ញាត តែគាត់តុលាការបកស្រាយខុស។ ពួកយើងនឹងពិភាក្សាគ្នាក្នុងការដាក់ពាក្យសំណើសុំជាផ្លូវការ ឱ្យតុលាការកោះហៅអ្នកទាំងអស់ហ្នឹង»។
បើតាមលោកមេធាវីអាង ឧត្តម ក្នុងសវនាការលើកទី៣៧នេះ ភាគីតំណាងអយ្យការបន្តសួរសំណួរច្រំដែល ទាក់ទិនការចុះបញ្ជីឈ្មោះបោះឆ្នោត មុនការបោះឆ្នោតជាតិឆ្នាំ២០១៣។
តំណាងអយ្យការលោកប្លង់ សុផល មិនឆ្លើយសំណួរដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅថ្ងៃពុធនេះទេ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកលោកស៊ឹង សែនករុណាកត់សម្គាល់ថា សំណុំរឿងលោក កឹម សុខា បានអូសបន្លាយពេលមកជាង៤ឆ្នាំទៅហើយ គិតចាប់តាំងពីថ្ងៃចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែតុលាការ មិនទាន់បានបង្ហាញភស្តុតាងជាដុំកំភួនដែលអាចគាំទ្រដល់បទចោទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសដែលលោកកឹម សុខាកំពុងតទល់នោះទេ។
«ក្នុងការសាកសួរនេះ ខ្ញុំនៅតែមិនទាន់ឃើញថា តើអ្វីដែលជាការសាកសួរហ្នឹង វាឈានទៅដល់ការចោទប្រកាន់លោកកឹម សុខា អំពីបទសន្ទិដិ្ឋភាពជាមួយរដ្ឋបរទេសដោយរបៀបណានៅឡើយទេ។ ហើយមិនទាន់ឃើញថា ភស្តុតាងអ្វីដែលច្បាស់លាស់ក្នុងការយកមកបញ្ជាក់នោះទេ។ វាគ្រាន់តែជាការសាកសួរព័ត៌មានបំភ្លឺពីត្រឹមពីលោកកឹម សុខាតែប៉ុណ្ណឹង… ជាព័ត៌មានត្រឹមប៉ុណ្ណឹងឆ្លើយឆ្លងអំពីការ មុនរឿងរ៉ាវមុនបោះឆ្នោតតែប៉ុណ្ណឹង»។
សវនាការដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ គឺជាសវនាការលើកទី៣៧។ តុលាការនឹងបន្តសវនាការនៅថ្ងៃទី២៧ ខែមេសាខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងសវនាការមុនៗ ក្រុមប្រឹក្សាជំនុំជម្រះ បានដាក់បង្ហាញភស្តុតាងជាច្រើនដែលរួមមានឃ្លីបវីដេអូ រូបថត ឯកសារព័ត៌មានជាវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលភស្តុតាងទាំងនោះ មានខ្លះបង្ហាញពីសកម្មភាពនៃការចាប់ផ្តើមរៀបចំបង្កើតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១២ សកម្មភាពដឹកនាំបាតុកម្មរបស់លោកកឹម សុខានិងសហស្ថាបនិកគណបក្សសង្គ្រោះជាតិមួយរូបទៀតគឺលោកសម រង្ស៊ីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
ប៉ុន្តែភស្តុតាងសំខាន់មួយដែលតំណាងអយ្យការយកមកចោទប្រកាន់លោកកឹម សុខា គឺការថ្លែងសារនយោបាយរបស់លោកនៅប្រទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ អំពីការទទួលបានយុទ្ធសាស្ត្រនយោបាយពីសំណាក់សាស្ត្រាចារ្យនៅប្រទេសលោកសេរី ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលកម្ពុជា។ នេះជាភស្តុតាងមួយដែលត្រូវបានតុលាការកំពូលប្រើប្រាស់ផងដែរ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕