លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងជាប់ចោទពីបទក្បត់ជាតិហើយដែលបក្សរបស់លោកត្រូវបានរំលាយចោលត្រូវបាន តុលាការអនុញ្ញាតឲ្យចេញពីផ្ទះនិងធ្វើដំណើរក្នុងស្រុក តែមិនអាចធ្វើដំណើរចេញក្រៅពីប្រទេសកម្ពុជានិងចូលរួមក្នុងសកម្មភាពនយោបាយ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីតុលាការកម្ពុជា។
ការសម្រេចរបស់តុលាការកើតឡើងតែប៉ុន្មានថ្ងៃមុនពេលសហគមន៍អឺរ៉ុបចេញរបាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានិងមួយថ្ងៃបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក សម រង្សី និងក្រុមរបស់លោកបានធ្វើដំណើរមកដល់ប្រទេសម៉ាឡស៊ីដែលនាំឲ្យមានភាពតានតឹងនយោបាយកាន់តែខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃអាទិត្យនេះ ក្រោយទទួលបានការសម្រេចរបស់តុលាការថា៖ «ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ មិនមែនជាការលើកលែងការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនតែប៉ុណ្ណោះ។ ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ»។
លោកបន្ថែមថា៖ «ខ្ញុំរំពឹងថា សេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ»។
លោក អ៊ី រិន អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ ប្រាប់ VOA នៅថ្ងៃអាទិត្យនេះថា លោក កឹម សុខា នឹងមានសិទ្ធិធ្វើដំណើរបានតែក្នុងប្រទេសប៉ុណ្ណោះ។ លោកបន្ថែមថា លោក កឹម សុខា មិនអាចឈានជើងចេញពីប្រទេសកម្ពុជាបានទេ។
«អ៊ីចឹងគាត់អាចដើរហើរនៅក្នុងប្រទេសអីបានធម្មតា គាត់អាចធ្វើដំណើរអីក្នុងប្រទេស ព្រោះគេហាមតែមិនឲ្យចេញក្រៅប្រទេស»។
មន្ត្រីតុលាការកម្ពុជារូបនេះ បញ្ជាក់បន្តទៀតថាលោក កឹម សុខា អាចមានសិទ្ធិជួបប្រាស្រ័យទាក់ទងជាមួយសាធារណជនបាន តែអ្នកនបោយាយជំទាស់រូបនេះត្រូវតែនៅឲ្យឆ្ងាយពីការធ្វើនយោបាយ។
«និយាយទៅកុំតែធ្វើសកម្មភាពនយោបាយ»។
នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែករបស់សាលាដំបូងរាជធានីភ្នំពេញដែល VOA ទទួលបាននៅថ្ងៃអាទិត្យនេះ លោក កឹម សុខា បានទទួលការបន្ធូរបន្ថយឲ្យបានចេញក្រៅគេហដ្ឋានរបស់លោក ដោយយោងតាម«បញ្ហាសុខភាព»របស់លោកកឹម សុខា និងដោយសារ លោកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវធីក្នុងតុលាការ។
ទោះយ៉ាងណា ដូចការបញ្ជាក់របស់លោក អ៊ី រិន អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោកកឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ច ចំនួនបី គឺ៖ «មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច»។
លោក កឹម សុខា ត្រូវចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក កាលពីរំលងអាធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺពីរខែមុននឹងគណបក្សសង្គ្រោះជាតិត្រូវរំលាយ។ លោកត្រូវចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះអាចឲ្យលោកប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកមានកំហុស។
លោក កឹម សុខា ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេលជាងមួយឆ្នាំ មុននឹងលោកត្រូវបានប្តូរមកឃុំខ្លួនក្នុងផ្ទះក្រោមការឃ្លាំមើលរបស់តុលាការកម្ពុជា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានបង្ហោះសារតាមគណនីហ្វេសប៊ុករបស់លោកដោយចាត់ទុកថា ការបន្ធូរបន្ថយលក្ខខណ្ឌឃ្លាំមើលលោក កឹម សុខា របស់តុលាការទីក្រុងភ្នំពេញនេះជាយុទ្ធវិធី របស់គណបក្សកាន់អំណាចដើម្បីបំភាន់មតិអន្តរជាតិតែប៉ុណ្ណោះ។
លោកបានសរសេរក្នុងន័យដើមបន្ថែមថា៖ «កុំយល់ច្រឡំ! មិនមែនដោះលែងទេ គ្រាន់តែបន្ធូរពីការឃុំខ្លួននៅក្នុងផ្ទះឱ្យចេញក្រៅផ្ទះបាន ដោយមិនឱ្យចេញក្រៅប្រទេសនិងមិនត្រូវធ្វើសកម្មភាពនយោបាយ»។
សហគមន៍អន្តរជាតិ បានថ្កោលទោសការឃុំខ្លួនលោកកឹម សុខា ដោយពួកគេលើកឡើងថា ចំណាត់ការតុលាការប្រឆាំងលោកកឹម សុខា មានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។ រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់បង្ហាញភស្តុតាងគ្រប់គ្រាន់ ដើម្បីគាំទ្រការចោទប្រកាន់របស់តុលាការមកលើលោកកឹម សុខាថា បានរួមគំនិតជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះទេ។
ការសម្រេចរបស់តុលាការកម្ពុជាដែលបានអនុញ្ញាតឲ្យលោកកឹម សុខា បានដើរចេញពីផ្ទះ ធ្វើឡើងនៅស្របពេលសហភាពអឺរ៉ុបកំពុងត្រៀមចេញសេចក្តីរាយការណ៍លើកទី២ វាយតម្លៃលើស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA។
រដ្ឋាភិបាលខ្មែរមានពេលបីខែ បន្ទាប់ពីទទួលបានរបាយការណ៍នៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីឆ្លើយតប និងបន្តកិច្ចសន្ទនាជាមួយសហគមន៍អឺរ៉ុបក្រោមក្របខណ្ឌ ឋានៈអនុគ្រោះពន្ធ EBAនេះ រហូតដល់សហគមន៍ដែលមានប្រទេសជាសមាជិកចំនួន២៨ ចេញសេចក្តីសម្រេចចុងក្រោយលើការដកហូតឋានៈអនុគ្រោះពន្ធដដែលនេះពីកម្ពុជានៅខែកុម្ភៈឆ្នាំ២០២០។
អតីតសមាជិកសភាប្រទេសហ្វ៊ីលីពីន លោក Teddy Baguilat និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) ឬហៅកាត់ថា APHR ស្វាគមន៍ការសម្រេចរបស់តុលាការកម្ពុជាមិនឲ្យលោកកឹម សុខាជាប់ឃុំក្នុងផ្ទះ តែថា សិទ្ធិទាំងឡាយរបស់លោកកឹម សុខា ត្រូវតែបានស្តាឡើងវិញទាំងអស់។
លោក Teddy Baguilat បានបញ្ជាក់ VOA តាមសារអេឡិចត្រូនិកអ៊ីម៉ែលតាមអត្ថន័យដើមថា៖ «ជាការពិត យើងស្វាគមន៍ភាពប្រសើរឡើងណាមួយចំពោះលក្ខខណ្ឌសម្រាប់លោកកឹម សុខា ប៉ុន្តែការប្រើពាក្យថា ដោះលែង គឺធ្វើឲ្យមានការភាន់ច្រឡំ ហើយច្បាស់ណាស់នេះជាការប៉ុនប៉ងរបស់លោកហ៊ុន សែន ដើម្បីទប់មិនឲ្យមានទណ្ឌកម្មអន្តរជាតិមកលើលោក និងរបបរបស់លោកតែប៉ុណ្ណោះ ក្នុងនោះមានសហភាពអឺរ៉ុប ដែលកំពុងពិចារណាដកឋានៈអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ដោយសារតែការលោភសិទ្ធិមនុស្សក្រោមរដ្ឋាភិបាលបច្ចុប្បន្ន»។
លោក Teddy បានបន្ថែមថា៖ «អាជ្ញាធរកម្ពុជាត្រូវស្តាឡើងវិញជាបន្ទាន់នូវសិទ្ធិរបស់លោកកឹម សុខា ក្នុងនោះមានសិទ្ធិរបស់គាត់ ដើម្បីធ្វើចលនា និងសិទ្ធិចូលរួមបំពេញកិច្ចការសាធារណៈ និងនយោបាយ ហើយទម្លាក់ចោលរាល់ការចោទប្រកាន់ដែលមានជាប់ហេតុផលនយោបាយប្រឆាំងនឹងគាត់។ គាត់គួរតែត្រូវបានផ្តល់នូវលទ្ធភាពទទួលបានយុត្តិធម៌ និងសំណងចំពោះការឃុំខ្លួនគាត់ដោយខុសច្បាប់»។
ចំណែកលោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ VOA តាមសារអេឡិចត្រូនិកអ៊ីម៉ែលជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖ «ការដោះលែងលោក កឹម សុខា ពីការជាប់ឃុំក្នុងផ្ទះគឺជាការប៉ុនប៉ងចុងក្រោយដើម្បីធ្វើឲ្យកំហឹងរបស់សហគមអឺរ៉ុបមានភាពធូរស្រាលចំពោះវិធីមិនល្អដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកម្ពុជាបានធ្វើពាក់ព័ន្ធទៅនឹងការព្រួយបារម្ភដល់លើកឡើងនៅក្នុងដំណើរការ EBA»។
លោកបន្ថែមថា៖ «ប៉ុន្តែវាហាក់ដូចជាយឺតពេលបន្តិចទៅហើយសម្រាប់ការកំណត់ដំបូងនៅថ្ងៃទី១២ខែវិច្ឆិកា»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ ក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់ការចោទប្រកាន់លោកកឹម សុខាទាំងស្រុង។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សគូសបញ្ជាក់បន្ថែមទៀតថា ប្រជាជនខ្មែរមិនត្រូវភ្លេចថាខណៈពេលដែលលោកកឹម សុខាត្រូវបានជាប់ឃុំនៅក្នុងផ្ទះដោយអយុត្តិធម៌ អាជ្ញាធរកម្ពុជាបានបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នៅក្នុងប្រទេស។ លោកបានស្នើឲ្យមានការដោះលែងអ្នកទាំងនោះ។
លោក ផែង ហេង មេធាវីការពារក្តីមួយរូបរបស់លោកកឹម សុខា ចាត់ទុកថា ការសម្រេចរបស់តុលាការជាជំហានវិជ្ជមានមួយ តែនៅមិនទាន់ដល់កម្រិតដែលក្រុមមេធាវីចង់បាននោះទេ។ លោកប្រាប់ VOA នៅថ្ងៃអាទិត្យនេះថា៖
«ប៉ុន្តែអ្វីឲ្យដល់គោលដៅគឺថា យើងចង់បានយុត្តិធម៌សម្រាប់ខ្លួនយើង យើងចង់បានស្នើសុំឲ្យលើកលែងចោទប្រកាន់យើងនឹងនៅតែ បន្តតស៊ូ មតិតទៅទៀត សម្រាប់នីតិវិធី»។
ទស្សនា៖ បទសម្ភាសន៍ជាមួយលោក ផែង ហេង ភ្លាមៗក្រោយការចេញដីកា
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹម សុខា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ មិនទាន់ពេញចិត្តនៅឡើយ ចំពោះសេចក្តីសម្រេចរបស់តុលាការកម្ពុជា។
កញ្ញាបានបញ្ជាក់លើគណនី Twitter របស់កញ្ញានៅថ្ងៃអាទិត្យនេះថា ក្រុមមេធាវីការពារក្តីរបស់ឪពុកកញ្ញា បានដាក់ពាក្យតវ៉ាសុំឲ្យតុលាការកម្ពុជាដោះលែងឪពុកកញ្ញាឲ្យបានស្ថិតនៅក្រៅឃុំបីថ្ងៃ មុនតុលាការកម្ពុជាសម្រេចឲ្យឪពុកកញ្ញាមានសេរីភាពចេញពីក្រៅផ្ទះ។
កញ្ញាបានសរសេរជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖
«ថ្ងៃនេះ តុលាការកម្ពុជា បានសម្រេចលើកលែងការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើការឃុំខ្លួនគាត់ក្នុងផ្ទះ ប៉ុន្តែការរឹតបន្តឹងមួយចំនួននៅតែមាន។ យើងនៅតែបន្តអំពាវនាវឲ្យមានការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់លើរូបគាត់ និងផ្តល់ឲ្យគាត់ឡើងវិញនូវសិទ្ធិនយោបាយរបស់គាត់»។
ដោយឡែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលការទាមទាររបស់អង្គការសិទ្ធិមនុស្សនានាដែល ស្នើឲ្យមានការទម្លាក់ចោលបទប្រកាន់ប្រឆាំងនឹងលោកកឹម សុខា។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលម៉េចអាច ធ្វើតាមសំណើរបស់គាត់បាន ព្រោះអានេះជា ការសម្រេចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ»។
បន្ទាប់ពីការដោះលែងលោក កឹម សុខា ចេញពីការឃុំខ្លួនឲ្យនៅក្នុងផ្ទះតែស្ថិតនៅក្រោមការកំណត់របស់តុលាការស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «យើងកត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះ ប៉ុន្តែយើងទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរស្តារឡើងវិញទាំងស្រុងនូវសេរីភាពនិងសិទ្ធិនយោបាយរបស់លោក ស្ថិតក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក ដែលអ្នកជាច្រើន មើលឃើញថាមានចរិតនយោបាយ»។
សហរដ្ឋអាមេរិកក៏អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងដោយឥតលក្ខខណ្ឌអ្នកទាំងឡាយណា ដែលត្រូវបានចាប់និងឃុំខ្លួនដោយសារជំហរនយោបាយ និងដោយខុសច្បាប់ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy យល់ថា ការសម្រេចរបស់តុលាការកម្ពុជាលើករណីលោកកឹម សុខា ជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ក៏ប៉ុន្តែដើម្បីបង្ហាញការវិវត្តដ៏ពិតប្រាកដមួយនោះ «សិទ្ធិ និងសេរីភាពពេញលេញរបស់គាត់ត្រូវតែបានសា្តរឡើងវិញ»។
លោកបានសរសេរជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖ «ខ្ញុំបានជួបគាត់នៅក្នុងឆ្នាំ២០១៧ ហើយសង្ឃឹមថានឹងឃើញគាត់បានចូលរួមជីវិតនយោបាយពេញលេញឡើងវិញបានឆាប់ៗនេះ»៕