មេធាវី៥រូបដែលការពារក្តីឲ្យ លោក កឹម សុខា បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ជំទាស់នឹងគម្រោងបើកសវនាការជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញនិងចោទតុលាការថា បានធ្វើខុសនីតិវិធី ពាក់ព័ន្ធនឹងសំណុំរឿងរបស់ប្រធានស្ដីទីគណបក្សប្រឆាំង ដែលរងការចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
កាលពីថ្ងៃទី២៣ ខែសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង បានបញ្ចប់ការស៊ើបសួរសំណុំរឿងលោក កឹម សុខា ពីបទ «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងបទសញ្ចារកម្ម។
ក្នុងពាក្យបណ្ដឹង ដែលដាក់ទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៤ ខែសីហា ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានលើកឡើងថា ការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កូនក្តីរបស់ពួកគេ។
ពាក្យបណ្ដឹងនោះបន្ថែមថា មេធាវីបានប្ដឹងជំទាស់នឹងការសម្រេចមួយចំនួនរបស់ចៅក្រមស៊ើបសួរនោះ ហើយរហូតមកដល់ពេលនេះ ដំណើរការនៃបណ្ដឹងជំទាស់នោះ នៅមិនទាន់ចប់ជាស្ថាពរនៅឡើយ។
លោកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវី៥នាក់នោះ ប្រាប់ VOA ថា ក្នុងរាល់ការបិទបញ្ចប់ការស៊ើបសួរ តុលាការត្រូវចេញដីកាដំណោះស្រាយ ឬហៅថាដីកាបិទការស៊ើបសួរដើម្បីបញ្ជូនទៅជម្រះ និងទុករយៈពេល៥ថ្ងៃដើម្បីឲ្យភាគីចុងចោទប្ដឹងមិនសុខចិត្តលើការស៊ើបអង្កេតនោះ ។
ប៉ុន្តែលោកស្រីថា ចៅក្រមស៊ើបសួរនៃសាលាដំបូង លោក ថាន់ ឡេង បានធ្វើខុសនីតិវិធី ដោយបានបញ្ជូនសំណុំរឿងទៅជម្រះមុនពេលមានការសម្រេចលើការប្ដឹងមិនសុខចិត្តនោះ។
លោកស្រីបន្ថែមថា៖ «តុលាការធ្វើដូច្នេះ យើងយល់ថាកូនក្តីយើងខ្ញុំហ្នឹងក្លាយទៅជាជនរងគ្រោះដោយប្រព័ន្ធតុលាការ អញ្ចឹង រហូតដល់ពេលនេះបញ្ជូនមកទៅក្រមជំនុំជម្រះទៀត។ អភ័យឯកសិទ្ធិ ក៏នៅមិនទាន់បានដក ហើយយើងបានធ្វើតវ៉ាទាក់ទងនឹងអភ័យឯកសិទ្ធិ និងដាក់លិខិតច្រើនលើកច្រើនសារហើយទៅតុលាការនោះ ហើយមិនត្រឹមតែប៉ុណ្ណោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានធ្វើសេចក្ដីថ្លែងការណ៍ច្រើនដែរទាក់ទងនឹងអភ័យឯកសិទ្ធិ ប៉ុន្តែយើងឃើញថានៅតែអត់មានប្រសិទ្ធភាព»។
លោកស្រី ម៉េង សុភារី ឲ្យដឹងទៀតថា លោកស្រីទើបតែទទួលបានដីកាពីសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅជំនុំជម្រះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទីព្រឹក។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ប្រាប់ VOA ថា សាលាដំបូងបានបញ្ជូនឯកសារពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខាទៅសាលាឧទ្ធរណ៍អស់ហើយ។
លោកជំរុញឲ្យសហមេធាវីរបស់លោក កឹម សុខា ប្ដឹងទៅឧទ្ធរណ៍ បើមានការមិនសុខចិត្តណាមួយ។
«ខ្ញុំអត់មានយោបល់ទេរឿងអស់ហ្នឹងនោះ ព្រោះយើងធ្វើការតាមនីតិវិធី បើគាត់គិតថាអញ្ចឹង គាត់ប្ដឹងទៅសាលាឧទ្ធរណ៍ហ្នឹងហើយឲ្យសាលាឧទ្ធរណ៍មើលទៅ»។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានសាលាឧទ្ធរណ៍លោក យូ ប៊ុនឡេង និងអ្នកនាំពាក្យ លោក ទូច ថាវរិទ្ធ បានទេនៅថ្ងៃសុក្រ ទី២៦ ខែសីហានេះ។
ចំណែកសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហុង គឹមសួន លើកឡើងថា តុលាការអាចបញ្ជូនសំណុំរឿងទៅជំនុំជម្រះបានលុះត្រាតែតុលាការជូនដំណឹងទៅភាគីដើមចោទ និងចុងចោទឲ្យបានដឹង ដើម្បីឲ្យភាគីដែលមិនសុខចិត្តនឹងការបិទការស៊ើបសួរនោះ អាចដាក់ពាក្យប្ដឹងតវ៉ាមុននឹងបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។
«បើសិនជាក្នុងការតវ៉ាតាមផ្លូវច្បាប់រហូតមក មេធាវីស្ថិតក្នុងសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរហ្នឹងមិនទាន់ចប់ទេ ចៅក្រមហ្នឹងនៅតែបញ្ជូនរឿងដោយមិនទាន់បញ្ចប់រឿងពេញលេញផង អាហ្នឹងខុសនឹងនីតិវិធីហើយ ខុសហ្នឹងច្បាប់ ខុសហ្នឹងនីតិវិធីហើយ»។
កាលពីខែកក្កដា ឆ្នាំ២០១៦ លោកចៅក្រម ថាន់ ឡេង បានសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសកម្ពុជា។
ចៅក្រមរូបនេះ បញ្ជាក់ថាប្រសិនបើជនត្រូវចោទគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្ន។
រហូតមកដល់ពេលនេះ លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើរយៈពេលបីខែហើយ បន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក និងបន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោក ដោយមិនបានសម្រេចពីសំណាក់អាជ្ញាធរ។
សំណុំរឿងលោក កឹម សុខា ត្រូវបានក្រុមអង្គការជាតិ និងអន្តរជាតិចាត់ទុកថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើប្រធានស្ដីទីបក្សប្រឆាំងនោះផងដែរ។
ក្រុមអ្នកវិភាគ អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សយល់ថា ទាក់ទងនឹងសំណុំរឿងនេះ តុលាការធ្វើឡើងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលការលើកឡើងនេះ៕