លោក​កឹម សុខា​ អំពាវនាវ​ជា​ថ្មី​ឲ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក

រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំឡាយ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ គឺ​លោក ​កឹម សុខា​ នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អំពាវនាវ​សាជា​ថ្មី​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។​

លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​ នា​ពេល​រាត្រី​ថ្ងៃ​ទី ​២ ​ឈាន​ចូល​ថ្ងៃទី ​៣ ​ខែ​កញ្ញា ​ឆ្នាំ​ ២០១៧។​ មក​ទល់​ពេលនេះ​ លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅឃុំ​ តែ​សវនាការ​លើ​សំណុំ​រឿង​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស»​ របស់​លោក ​នៅ​តែ​បន្ត​អូស​បន្លាយ។​

នៅ​ថ្ងៃ​ពុធ​នេះ ​លោក​បាន​បង្ហោះ​សារ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ថា៖ ​«រហូត​មក​ដល់​ថ្ងៃ​នេះ​ អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយ ​ដែល​ខ្ញុំ​បាត់​បង់​នូវ​សិទ្ធិ​សេរីភាព ​ពិសេស​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ​ដើម្បី​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ»។​

លោក ​កឹម សុខា​ បន្ថែម​ថា៖​ «កាលៈទេសៈ​នេះ​ខ្មែរ​គួរ​តែ​មាន​ការ​ផ្សះ​ផ្សា​ជាតិ ​ឯក​ភាពជាតិ ​ហើយ​ខ្ញុំ​គួរ​តែ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ​ដើម្បី​អាច​ចូល​រួម​បម្រើជាតិ​មាតុភូមិ​ និង​ប្រជា​ពលរដ្ឋខ្មែរ​យើង​ ជា​ពិសេស​ចូលរួម​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត ​គឺ​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​សេដ្ឋ​កិច្ច​កម្ពុជា​ផ្ទាល់ ​និង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក»។​

សារ​របស់​លោក ​កឹម សុខា ​បន្ត​ទៀត​ថា​ ឆ្លង​តាម​សវនាការ​នៅ​តុលាការ​កន្លង​មក​ លោក​មើល​ឃើញ​ថា​មិន​មាន ​«ភស្តុតាង​ដាក់​បន្ទុក​ជាក់​លាក់​និង​គ្រប់គ្រាន់» ​ក្នុង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ដូច្នេះ​ឈរ​លើ​ស្មារតី​ខាង​លើ​នេះ រួម​ទាំង​ស្មារតី​ផ្សះ​ផ្សា​ជាតិ បង្រួម​បង្រួម​ជាតិ ខ្ញុំ​សូម​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​ និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បន្ត​ចូល​រួម​បម្រើ​ជាតិ​និង​ប្រជា​ពលរដ្ឋខ្មែរ​ ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​កាលៈទេសៈ​នៃ​ស្ថានភាព​បច្ចុប្បន្ន​នេះ​និង​ទៅ​អនាគត»។​

សវនាការ​លើ​សំណុំ​រឿង​លោក ​កឹម សុខា​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​មករា ​ឆ្នាំ​ ២០២០​ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា ​ដោយ​ក្រុមមន្ត្រី​លើក​ឡើង​ថា ​ជា​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។​

លោក​ កឹម សុខា ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង ​និង​លើក​លែង​ការ​ឃុំ​នៅ​ផ្ទះ​នោះ ​ត្រូវ​បាន​គេ​ឃើញ​ថា​ បាន​ចេញ​ដំណើរ​ទៅ​ទស្សន​កិច្ច​នៅ​តាម​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ​និង​បណ្ដា​ខេត្ត​ផ្សេង​ទៀត ​ដូចជា​ខេត្ត​កំពង់ចាម​ និង​ត្បូងឃ្មុំ​ជា​ដើម ​ទោះបី​លោក​ត្រូវ​តុលាការ​ព្រមាន​ដាស់​តឿន​ក្រើន​រំឭក​ពី​លក្ខខណ្ឌ​តម្រូវ​នៃ​នីតិវិធី​ឃ្លាំ​មើល​របស់​តុលាការក្ដី៕