លោក កឹម សុខា ដឹកនាំ​មន្ត្រី​គណបក្ស​ទៅ​ថៃ​សួរ​សុខទុក្ខ​តំណាងរាស្ត្រ​រងរបួស

រូបឯកសារ៖ លោក កឹម សុខា (កណ្តាល) ជា​អនុប្រធានគណបក្សសង្គ្រោះជាតិ។

ក្រុម​មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ចាក​ចេញ​ពី​​ប្រទេស​កម្ពុជា​​ទៅ​កាន់​ប្រទេស​ថៃនៅ​យប់ថ្ងៃអង្គារនេះ។

ក្រុម​មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ចាក​ចេញ​ពីប្រទេស​កម្ពុជាទៅ​កាន់​ប្រទេស​ថៃនៅ​យប់ថ្ងៃអង្គារនេះ។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក ​កឹម សុខ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​គេហ​ទំព័រ ​Facebook ​របស់​លោក​ប៉ុន្មាន​នាទី​ចេញ​ដំណើរ ដែល​មានសេចក្តី​ទាំងស្រុង​ថា៖

«ខ្ញុំ​ដឹក​នាំគណៈ​ប្រតិភូ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​រួម​មាន៖ ​លោក​ អេង ឆៃអ៊ាង ​លោក យ៉ែម បុញ្ញឫទ្ធិ ​និង​សហការី​មួយ​ចំនួន​ទៀត ​ទៅ​សួរ​សុខទុក្ខ​តំណាង​ រាស្ដ្រ គឺលោក​ញ៉យ ចំរើន ​និង​លោក ​គង់ សភា ​ដែល​រង​របួសជា​ទម្ងន់​ ដោយ​រងការ វាយ​ដំ​យ៉ាង​សាហាវ​ឃោរឃៅ​ពី​សំណាក់​បាតុករ ​ជាជនពាល​ក្នុងក្បួន​បាតុកម្ម​ ហិង្សា​នៅមុខ​រដ្ឋសភា ​កាលពី​ថ្ងៃ​ទី២៦ ​ខែ​តុលា​នេះ»។​

លោក​បាន​បន្ត​ថា ​អ្នក​តំណាង​រាស្ត្រ​រងគ្រោះ​ទាំង​ពីររូប​ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅក្នុងមន្ទីពេទ្យ​ប្រទេស​ថៃនោះ ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ ដែល​នេះ​ជា​រឿង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​

ការ​ចាកចេញ​របស់​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​នេះគឺ​ធ្វើ​ឡើង​ ក្រោយ​ពេលមនុស្ស​មួយ​ក្រុម ​ដែល​ទំនង​ជា​គាំទ្រ​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ទាមទារ​នៅ​រដ្ឋសភា​និង​នៅ​មុខផ្ទះ​របស់​លោក​កឹម សុខា​ ឲ្យ​លោក​ចុះ​ចេញពី​មុខ​តំណែង។​

លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ (ឆ្វេង) និង​លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង (ស្តាំ)​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពីថ្ងៃអង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយពេល​ពួក​លោក​ត្រូវ​បានបាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណរដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)

នៅ​សប្តាហ៍​នេះ​មេ​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ចេញ​សារ​គំរាម​ថា​ ​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោកសម រង្ស៉ី​អា​ចជាប់គុក ​ជាពិសេស​ទាក់ទង​នឹង​ការ​បង្ហោះ ​ឯកសារ​ព្រំដែន​ដែល​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ថា​ ជា​ឯកសារ​ក្លែងក្លាយ៕