«គណបក្សកម្ពុជានិយម» ដែលទើបតែបង្កើតឡើងដោយអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តព្រៃវែង លោក យ៉ែម បុញ្ញឫទ្ធិ បានផ្តើមឲ្យមានការជួបជុំក្រុមអ្នកគាំទ្រគណបក្សជាលើកដំបូងនៅទីស្នាក់ការកណ្តាលបក្ស ស្ថិតនៅជាយក្រុងរាជធានីភ្នំពេញ ក្រោមពាក្យស្លោកលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីអនាគតកម្ពុជា។
ក្រសួងមហាផ្ទៃ បានផ្តល់សុពលភាពដល់គណបក្សរបស់លោក យ៉ែម បុញ្ញឫទ្ធិ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការជួបជុំអ្នកគាំទ្រជាង១៥០នាក់ កាលពីព្រឹកថ្ងៃសុក្រនេះ ធ្វើឡើងនៅចំពេលដែលកម្ពុជា ប្រារព្ធខួប៧៣ឆ្នាំនៃការបង្កើតទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
លោក យ៉ែម បុញ្ញឫទ្ធិ ដែលបាននិរទេសខ្លួនឯងទៅរស់នៅប្រទេសបារំាងមួយរយៈ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ បានប្រាប់សមាជិក សមាជិកាបក្ស និងតំណាងយុវជនក៏ដូចជាតំណាងស្ត្រីរបស់គណបក្សថា សិទ្ធិមនុស្សមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ពលរដ្ឋខ្មែរ និងគ្រប់មនុស្សជាតិដើម្បីបានរស់នៅជាមួយគ្នាក្នុងសេចក្តីថ្លៃថ្នូរ។
លោកថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំនៅតែយល់ឃើញថា យើងត្រូវតែខិតខំ ....ខិតខំព្យាយាម ដើម្បីទាមទារ ដើម្បីអនុវត្ត ទាមទារសិទ្ធិរបស់យើងក្នុងនាមសិទ្ធិជាពលរដ្ឋ សិទ្ធិរបស់យើងដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ សិទ្ធិរបស់យើងដែលមានចែងជាសាកលក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ។ ដូច្នេះការទទួលបានសិទ្ធិសេរីភាព ក្នុងការបំពេញការងារ សិទ្ធិសេរីភាពក្នុងការដើរហើរ សិទ្ធិសេរីភាពក្នុងការជួបជុំ សិទ្ធិសេរីភាពក្នុងការនិយាយ គឺជារឿងមួយដ៏សំខាន់ដែលយើងត្រូវតែបន្តការងាររបស់យើង ដើម្បីអនុវត្តឲ្យបានពេញលេញ»។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្ពុជានិយម ចុះថ្ងៃទី១០ ធ្នូ ឆ្នាំ២០២១គណបក្សយល់ឃើញថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពនៃការជួបជុំ សិទ្ធិទទួលបានព័ត៌មាន គឺជាគន្លឹះនៃការបំពេញបន្ថែមព័ត៌មានទៅវិញទៅមក ដើម្បីជាមូលដ្ឋាននៃដំណោះស្រាយប្រកបដោយយុត្តិធម៌។
ក្នុងការជួបជាមួយអ្នកគាំទ្រដែលមកពីបណ្តាខេត្តមួយចំនួន ក្នុងនោះមានខេត្តព្រៃវែង កំពង់ឆ្នាំងខេត្តកណ្តាល កំពត និងរាជធានីភ្នំពេញលោក យ៉ែម បុញ្ញឫទ្ធិថ្លែងថា៖ «យុត្តិធម៌សង្គម» ក៏ជាគ្រឹះនៃគោលនយោបាយរបស់គណបក្សលោក ដែលនឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ បើទោះជាមិនមានការគាំទ្រពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងលោក សម រង្ស៊ី ក៏ដោយ។
លោកប្រាប់ក្រុមអ្នកគាំទ្រថា៖ «ខ្ញុំបញ្ជាក់គោលនយោបាយរបស់កម្ពុជានិយម។ យុត្តិធម៌ គឺជាគ្រឹះនៃការអភិវឌ្ឍ គឺជាគ្រឹះដែលនាំឲ្យមានស្ថិរភាព នាំឲ្យមានសន្តិភាព ប្រកបដោយចីរកាល និងនិរន្តរកាល។ បើគ្មានយុត្តិធម៌សង្គមទេ វាតែងតែមានទំនាស់ ហើយតែងតែមានបញ្ហា។ ដំណោះស្រាយ តើត្រូវធ្វើដូចម្តេច? ពេលដែលមានបញ្ហា នៅពេលដែលមាន រឿងអយុត្តិធម៌សង្គម ទាល់តែអនុញ្ញាត បើកសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ប្រជាពលរដ្ឋលោកមានសិទ្ធិបញ្ចេញមតិ អ្នកសារព័ត៌មានលោកមានវិជ្ជាជីវៈ អាចសរសេរបញ្ចេញមតិ ដោយឈរលើគោលការណ៍ពិតនៃបញ្ហា។ យើងជាអាជ្ញាធរ គួរតែយកប្រមូលផ្តុំគំនិតទាំងអស់ បញ្ហាទាំងអស់នោះ យកមកដាក់លើតុ ហើយដោះស្រាយ»។
លោកបន្ថែមថា៖ «មិនមែនឲ្យតែសរសេរ សុទ្ធតែមកពីនេះ សុទ្ធតែមកពីនោះ ....មិនទទួលយកការ....មិនទទួលយក ការ....មិនទទួលស្គាល់បញ្ហា គឺជាបុព្វហេតុដែលនាំឲ្យកើតរឿងអយុត្តិធម៌។ អយុត្តិធម៌កាន់តែធំ នាំឲ្យមានបញ្ហាសង្គមកាន់តែខ្លាំង។ដូច្នេះគោលការណ៍របស់កម្ពុជានិយម គឺយុត្តិធម៌ជាមូលដ្ឋានគ្រឹះ»។
ការចាប់ផ្តើមដំណើរការគណបក្សកម្ពុជានិយម កើតមានឡើងនៅចំពេលមានសញ្ញានៃការប្រេះឆាកាន់តែខ្លាំងរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់បម្រាមធ្វើនយោបាយ និងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ មេដឹកនាំទាំងពីររបស់អតីតគណបក្សជំទាស់ ក៏កំពុងមានក្តីក្តាំឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ជាពិសេសបទក្បត់ជាតិនៅតុលាការក្នុងប្រទេសកម្ពុជាផងដែរ។
ក៏ប៉ុន្តែលោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកថា ការចេញសារនយោបាយបង្ហាញពីការមិនត្រូវគ្នារបស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរនោះ ទំនងជាពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាជាងការខ្វែងគំនិតគ្នា។
ដោយឡែកក្រុមអង្គការសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក៏បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នាថ្ងៃសុក្រនេះផងដែរ ក្រោមប្រធានបទ«រួមគ្នាជំរុញការគោរពសិទ្ធិមនុស្ស»។
ព័ត៌មានទាក់ទង៖ ក្រុមសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្ស ទាមទារឲ្យស្តារស្ថានភាពសិទ្ធិមនុស្ស និងទម្លាក់ចោលការចោទប្រកាន់លើពួកគេ
ស្របពេលមានការប្រារព្ធទិវាសិទ្ធិមនុស្សនេះ សកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិមួយចំនួន បានបន្តជាប់ឃុំក្នុងសំណុំរឿងញុះញង់ និងរួមគំនិតក្បត់ ចំពោះការនិយាយស្តីរបស់ពួកគេមួយចំនួនតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ស្ថានភាពសេដ្ឋកិច្ច និងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ឬការជេរប្រមាថមេដឹកនាំប្រទេស។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត យល់ថាស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាមានភាពល្អប្រសើរឡើង ឬល្អក់កករនោះ អាស្រ័យលើការស្រុះស្រួលរបស់អ្នកនយោបាយនៅក្នុងប្រទេស។ លោកថា ដើម្បីដោះស្រាយបញ្ហានយោបាយបានគឺតោងឲ្យអ្នកនយោបាយឈរលើគោលការណ៍ចរចា និងជជែកគ្នា ដោយឈរលើឧត្តមប្រយោជន៍ជាតិជាធំ៕