មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​អាជ្ញាធរ​ខេត្ត​កំពត​ដែល​ទើប​តែ​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ថ្ងៃ​​តែ​មួយ​ដែល​ទំនប់​កំចាយ​បើក​ទ្វារ​ទឹក

រូបឯកសារ៖ លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)

មាន​ការ​រិះគន់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ចំពោះ​ការ​ចេញ​ប្រកាស​របស់​អាជ្ញាធរ​ខេត្ត កំពត​ អំពី​ការ​បើក​ទ្វារ​ទំនប់​វារីអគ្គិសនី​កំចាយ​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ជូនដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​​ ដើម្បី​បង្ការ​ទឹក​ជន់​លិច។ ក៏​ប៉ុន្តែ​មន្ត្រី​សាលាខេត្ត​កំពត​អះអាង​ថា​ កម្រិត​ទឹក​បាន​ថយ​ចុះ ហើយ​បាន​ការពារ​ថា​ ការ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​នោះ​ មិន​បាន​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់​នោះ​ទេ។

អាជ្ញាធរ​ខេត្ត​កំពត​បាន​ចេញ​សេចក្តីប្រកាស​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​អំពី​ការ​បើក​ទ្វារ​រំដោះ​ទឹក​ចេញ​ពី​ក្នុង​អាង​ទំនប់​វារីអគ្គិសនី​កំចាយ​ក្នុង​ថ្ងៃ​ដដែល​ និង​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​នេះ ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ទឹក​ជន់​លិច។​ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​របស់​រដ្ឋបាល​ខេត្ត​កំពត​ដែល​ ​VOA​ ​ទទួល​បាន។​

ការ​ចេញ​ប្រកាស​អំពី​ការ​បើក​ទ្វារ​ទឹក​នេះ​រង​ការរិះគន់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ ​ដោយ​សារ​តែ​ការ​ចេញ​ប្រកាស​នោះ​ត្រូវ​បានធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​នៃ​ការ​ណែ​នាំ​ប្រជាពលរដ្ឋ។​

លោក​ ​ស៊ឹង សែនករុណា​ ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ​(Adhoc)​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​

«បាទ​នេះ​ ជា​ការ​ជូនដំណឹង​មួយ​ ដែល​ប្រកៀក​ប្រកិត​មែនទែន​ ហើយ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្នឹង​ អាច​ថា​មានការ​ភ័យ​ ស្លន់​ស្លោ​ក៏​ថា​បាន​ដែរ​ ពីព្រោះ​វា​មាន​ភាព​កៀក​ថ្ងៃ​ពេក»។​

តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត កំពត ​ចុះ​ថ្ងៃ​ទី​២០​ ​ខែ តុលា​ ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យ​ដើម​ថា៖​

«គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត កំពត​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​មាន​ភូមិសាស្ត្រ​រស់​នៅ​អម​សង​ខាង​ដង​ព្រែក​កំពង់បាយ​ជ្រាប​ថា​ ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វារីអគ្គិសនី​កំចាយ​ថ្ងៃ​ទី ​២០​ ខែ តុលា​ ឆ្នាំ​ ២០១៨​ ​វេលា​ ម៉ោង ១០នាទីព្រឹក​ មាន​កម្ពស់​ ១៤៦, ៩៥ ម៉ែត្រ​ ​ទឹក​ហូរ​ចូល​អាច​មាន​ចំនួន​៦៦០០ម៣/វិនាទី។​ ​ក្រុមការងារ​បច្ចេកទេស​របស់​ក្រុមហ៊ុន​វារីអគ្គិសនី​កំចាយ​នឹង​បើក​ទ្វារ​ដើម្បី​រំដោះ​ទឹក​ជា​បណ្តើរៗ​ចេញ​ពី​ទំនប់​វារីអគ្គិសនី​នា​ព្រឹក​នេះ។​ ​ការ​បើក​ទ្វារ​ទឹក​នេះ​នឹង​បណ្តាល​ឲ្យ​ជន់​លិច​នៅ​ភូមិសាស្ត្រ​ភូមិឃុំ​ ស្រុក​មួយ​ចំនួន​នៅ​អម​សង​ខាង​ដង​ព្រែក»។​

សេចក្តី​ប្រកាស​នេះ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​និង​ពលរដ្ឋ​តាម​ន័យ​ដើម​ថា៖

«​សូម​អាជ្ញាធរ​ភូមិ ឃុំ​ ស្រុក​ បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ និង​ត្រៀម​លក្ខណៈ​ធ្វើការ​ជម្លៀស​បង​ប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទី​ទួល​មាន​សុវត្ថិភាព​ក្នុង​ករណី​គ្រោះអាសន្ន​កើត​មាន​ឡើង។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ»។​

លោក​ ​វ៉ែន ស៊ីថា​ ​នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពត​បាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​ចេញ​សេចក្តីជូនដំណឹង​នេះ​ ​មិន​មាន​ភាព​ប្រញាប់ប្រញាល់​នោះ​ទេ។​ ​លោក​អះអាង​ថា​ ​ទឹក​ក៏​បាន​ស្រក​ហើយ​ក៏​គ្មាន​ការ​ជន់​លិច​នោះ​ដែរ។​

លោក​ វ៉ែន ស៊ីថា បាន​ថ្លែង​ថា៖

«មាន​អី​ប្រថុច​ញុច​ចឹង​ មាន​អី​វា​ បាទ​ព្រោះ​ទឹកហ្នឹង​តែ​ល្ងាច​ បើក​ពី​ព្រឹក​ល្ងាច​ទៅ​អស់​ហើយ​ហ្នឹង»។

ក៏​ប៉ុន្តែ​ លោក​ ​ស៊ឹង សែនករុណា​ ​អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ថា​ ​អាជ្ញាធរត្រូវ​តែ​មាន​ភាព​ហ្មត់ចត់​ចំពោះ​ការ​ចេញ​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ ហើយ​ក៏​ត្រូវ​មាន​ក្រុម​ប្រចាំការ​តាម​មើល​កម្ពស់​ទឹក​ផង​ដែរ​ ដើម្បី​បង្ការ​គ្រោះ​អាសន្ន​នានា​ តួយ៉ាង​ដូច​ជា ការ​បាក់​ទំនប់​នៅ​ប្រទេស​ ឡាវ​ ជា​ដើម។​

​«យើង​ឃើញ​ហើយ​ថា​ អំពី​ទំនប់​វារីអគ្គិសនី​នេះ​ មាន​ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់​ដូច​ជា​មហន្តរាយ​មួយ​ដែល​យើង​ធ្លាប់​ឃើញ​ថ្មី​ៗ​នៅ​ប្រទេស ​ឡាវ​ អីចឹង។ ដូច្នេះ​ហើយ​កម្ពុជា​យើង​ដែល​ហេតុ​ដែល​មានទំនប់​វារីអគ្គិសនី​ហ្នឹង​គួរតែ​រឹត​បន្តឹង​ឲ្យ​មែន​ទែន​ កុំ​ឲ្យ​មាន​ការ​ធ្វេសប្រហែស​ ដល់​ថ្នាក់​ភ្លាម​ ជូនដំណឹង​ភ្លាមៗ​ចឹង​ គួរតែ​មានការ​ជូន​ដំណឹង​រយៈពេល​យូរ​ ដើម្បី​ឲ្យ​ពលរដ្ឋ​មានការ​ត្រៀម​ខ្លួន ហើយ​ក៏​គួរ​តែ​មាន​ក្រុម​ប្រចាំការ​ ក្រុម​បច្ចេកទេស​ត្រួតពិនិត្យមើល​ក្នុង​កម្ពស់​ទឹក​ហ្នឹង​ឲ្យបាន​ត្រឹមត្រូវ​ ជៀស​វាង​កុំ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ប្រកៀកប្រកិត​ ដូចដែល​គាត់​បាន​ជូនដំណឹង​ហ្នឹង​បាទ»។

​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​បាក់​ទំនប់ ​Xe-Pian Xe-Namnoy ​ក្នុង​ខេត្ត​ ​Attapeu​ ​ប្រទេស​ឡាវ​ ​ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា។​ ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ និង​ប្រមាណ​៧​ពាន់​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​ទំនប់​វារីអគ្គីសនី​ដ៏​មហន្តរាយ​នេះ។​ ការ​បាក់​ទំនប់​នេះ​ ជា​ការ​បាក់​ទំនប់​លើក​ទីពីរ​នៅ​ប្រទេស​ឡាវ​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ​បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​អភិវឌ្ឍ​ថាមពល​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ប្រទេស​ឡាវ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​រួច​មក៕