ប្រជាសហគមន៍នៅខេត្តកំពង់ស្ពឺទទូចឱ្យតុលាការផ្តល់យុត្តិធម៌លើជម្លោះការពារព្រៃឈើជាមួយយោធា

ពលរដ្ឋនៅសហគមន៍ព្រៃមេត្តាធម្មជាតិ ប្រមូលផ្តុំគ្នានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ។ (Facebook/Khmer Thavrak - ខ្មែរថាវរៈ)

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើធម្មជាតិ​ ក្នុង​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ​ បាន​ទទូច​សុំ​តុលាការ​ខេត្ត ផ្តល់​យុត្តិធម៌​ដល់​ពួកគេ ​ដោយ​ពួកគេ​អះអាង​ថា ​ក្រុម​ទាហាន​ដែល​ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ អៀម ម៉ៅ ​បាន​វាយ​ពួកគេ​ ក្នុង​ជម្លោះ​ដីធ្លី​សហគមន៍​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០២២។​

ការ​ស្នើ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​កោះ​ហៅ​ប្រជា​សហគមន៍​ជិត​២០​នាក់ ​ឱ្យ​មក​បំភ្លឺ ​នៅ​ថ្ងៃ​ទី ២០ ​និង​ថ្ងៃ​ ២១ ​ខែ​ធ្នូ​ ក្នុង​នាម​ពួកគេ​ជា​ជន​រង​គ្រោះ ​និង​ខ្លះ​ជា​សាក្សី។​ ​នេះ​បើ​តាម​ដីកា​កោះ​ហៅ​ដែល​វីអូអេ​ទទួល​បាន។

លោក ​ឃន សារិទ្ធិ​ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ដែល​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ ៦ ​នាក់​ដែល​ប្តឹង​លោក ​អៀម ម៉ៅ ​និង​បក្ខពួក​ពីបទ​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ​ប្រាប់​វីអូអេ​ថា ​ លោក​ប្តឹង​ដោយ​សារ​តែក្រុម​ទាហាន​ដែល​ដឹកនាំ​ដោយ​លោក ​អៀម ម៉ៅ ​ទាហាន​កង​ពល​ង ៧០ ​បាន​ប្រើប្រាស់​ហិង្សា​លើ​ប្រជា​សហគមន៍​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​ទំនាស់​ដីធ្លី​ដែល​មិន​ទាន់​បាន​បោះ​បង្គោល​ព្រំដែន​ច្បាស់​លាស់​ថា​ដីណា​ជា​របស់​សហ​គមន៍​ និង​ដី​ណា​ជា​ដី​របស់​ទាហាន។​ លោក​បន្ត​ថា​ ហិង្សា​តែង​តែ​កើត​មាន​នៅ​ពេល​ពលរដ្ឋ​ចុះ​ទៅ​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុម​ទាហាន​ដែល​បាន​ចុះ​មក​ឈូស​ឆាយ​ដី​ដែល​មិន​ទាន់​បោះ​បង្គោល​ព្រំ​ច្បាស់​លាស់។​

បើ​តាម​ពលរដ្ឋ​រូប​នោះ ​ក្រុម​ទាហាន​បាន​ដក​ហូត​ទូរស័ព្ទ​មួយ​ចំនួន​របស់​ប្រជា​សហគមន៍ ​ដែល​បាន​ថត​សកម្ម​ភាព​ហិង្សា​ទាំង​នោះ។​

លោក​ថ្លែង​ថា៖​ «បាទ! ​ប្រជា​ពលរដ្ឋ​ គាត់​បាន​ចុះ​ទៅ​ហាម​ឃាត់ ក្រុម​អៀម ម៉ៅ ​ហ្នឹង។​ គាត់​ឈូស​ឆាយ​ អត់​មាន​ព្រំ​ អី​ត្រឹមត្រូវ​ អត់​មាន​ការ​ជូន​ដំណឹង​អី​អ៊ីចឹង។ ​ អ៊ីចឹង​ពេល​ហ្នឹង​ហើយ​ពេល​ដែល​កើត​ហិង្សា។​ ហើយ​ប្រជា​ពលរដ្ឋ ​យើង​ទៅ ​គឺ​អត់​មាន​អី​ទេ ​គ្រាន់​តែ​និយាយ​ សុំ​ហាម ​សុំ​ផ្អាក​សកម្ម​ភាព​ ដើម្បី​ពួក​ខ្ញុំ​ប្តឹង​រក​ដំណោះ​ស្រាយ​សិន តែ​គាត់ ​ គាត់​អត់​និយាយ​ហេតុ​ផល​ទេ ​គឺ​ពេល​ដែល​យើង​ទៅ គឺ​ប្រើ​ហិង្សា​តែ​ម្តង»។​

បើ​តាម​លោក ​ឃន សារិទ្ធិ ​ពលរដ្ឋ​បាន​ប្តឹង​លោក ​អៀម ម៉ៅ ​និង​បក្ខ​ពួក តាំង​ពី​ថ្ងៃ​ដែល​ប្រើ​ប្រាស់ ហិង្សា​លើ​ប្រជា​សហ​គមន៍​ គឺ​តាំង​ពី​ថ្ងៃ​ទី ៩​ ខែ​មីនា​ ឆ្នាំ ​២០២២។​ លោក​ស្នើ​ឱ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ ជួយ​រក​យុត្តិធម៌​ជូន​ប្រជា​សហ​គមន៍។​

លោក​បន្ថែម​ថា៖​ «បាទ!​ សម្រាប់​ខ្ញុំ​ ខ្ញុំ​ចង់​ឃើញ​ថា ​សូម​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ ​ហើយ​ពួក​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ តុលាការ​នឹង​មិន​មាន​ភាព​លម្អៀង។​គាត់​នឹង​ប្រកាន់​នូវ​គោល​ជំហរ​ច្បាប់​ ហើយ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ»។​

លោក ​ឃន សារិទ្ធិ ​អះអាង​ថា​ ប្រជា​សហ​គមន៍​តែង​តែ​អាស្រ័យ​ផល ​និង​ការពារព្រៃ​សហ​គមន៍​«ឧត្ដម​ស្រែ​ពស់»​ ឬ​ ហៅថា​ «ព្រៃ​ឈើ​មេត្តា​ធម្មជាតិ»​ជាង​ ២០ ​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ការ​ចុះ​បញ្ជី​ដី​សហ​គមន៍​ត្រឹម​ត្រូវ​នៅ​ក្រសួង​បរិស្ថាន​ ក្នុង​ទំហំ​ផ្ទៃដី​ជាង​២០០០​ហិកតា។​

ប៉ុន្តែ​កាលពី​ឆ្នាំ ​២០០៨ ដី​សហ​គមន៍​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឱ្យ​ទៅ​ក្រុមហ៊ុន​ដំឡូង​មី​មួយ​ចំនួន​ និង​ក្នុង​ឆ្នាំ​ ២០១៧ ​រដ្ឋ​បាន​កាត់​ដី​សហ​គមន៍​ជាង​៧០​ហិកតា​ឱ្យ​ទៅ​ក្រុម​យោធា​ «ង​៧០»​ ចំនួន​ ១២ ​គ្រួសារ​ ដែល​ដឹកនាំ​ដោយ​ឈ្មោះ​ អៀម ម៉ៅ។ ​លុះ​ដល់​ឆ្នាំ​ ២០១៩ ​ទើប​ប្រជា​សហ​គមន៍​ធ្វើ​បច្ចុប្បន្ន​ភាព​ផ្ទៃ​ដី​សហ​គមន៍​ ដែល​នៅ​សល់​ ផ្ទៃដី​ត្រឹម​តែ​៨៨៧​ហិកតា ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​មន្ទីរ​បរិស្ថាន​ និង​អាជ្ញាធរ​ភូមិ​ឃុំ​ និង​ដីមួយ​ផ្នែក​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន។​

លុះ​ក្រោយ​មក​ រដ្ឋាភិបាល​បាន​កាត់​ដី​សហ​គមន៍​ទំហំ​២ ៦២,២៤ ​ហិកតា ​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​ដែល​ស្ថិត​នៅ​ភូមិ​ពោធិ៍​មាស​ ឃុំ​ត្រពាំង​ជោរ ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ ​ឱ្យ​ទៅ​គ្រួសារ​យោធិន​បញ្ជា​ការដ្ឋាន​រថក្រោះ​កងទ័ព​ជើង​គោក។​ ប៉ុន្តែ​លោក​ថា​ ការ​កាត់ដី​សហ​គមន៍​ពេល​នោះ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​សហ​គមន៍​ឡើយ។​

កាលពី​ថ្ងៃ​ទី ២០​ ខែ​សីហា​ ឆ្នាំ​ ២០២១ ​ រដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រឹត្យ​មួយ​ ដោយ​សម្រេច​កាត់​ដី​ទំហំ​ ២៦២,២៤​ ហិកតា ​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ដែល​ស្ថិត​នៅ​ភូមិ​ពោធិ៍មាស​ ឃុំ​ត្រពាំង​ជោរ ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ ​ដើម្បី​ផ្ដល់​ជា​កម្មសិទ្ធិ​ជូន​គ្រួសារ​យោធិន​បញ្ជា​ការដ្ឋាន​រថ​ក្រោះ​កងទ័ព​ជើង​គោក ​និង​ប្រជា​ពលរដ្ឋ​សរុប​ ៤១ ​គ្រួសារ​ សម្រាប់​កសាង​លំនៅ​ឋាន​ និង​បង្ក​បង្កើន​ផល។ ​នេះ​បើ​តាម​អនុក្រឹត្យ​ដែល​វីអូអេ​ទទួល​បាន។​

ពលរដ្ឋ​ម្នាក់​ទៀត​ អ្នកស្រី​ ឃន ខន​ អាយុ​ ៦៧ ​ឆ្នាំ​ អះអាង​ថា​ក្រុម​ទាហាន​ដែល​ដឹក​នាំ​ដោយ​លោក ​អៀម ម៉ៅ ​បាន​វាយ​អ្នកស្រី ​បណ្តាល​ឱ្យ​បាក់​ដៃ​ កាល​ពី​ខែ​មីនា ​ឆ្នាំ​ ២០២២។ ​អ្នកស្រី​ក៏​ជា​អ្នក​ប្តឹង លោក ​អៀម ម៉ៅ ​ពី​បទ​ហិង្សា។ ​អ្នកស្រី​ស្នើ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជា​សហ​គមន៍​ ខណៈ​ពលរដ្ឋ​បាន​ចូល​រួម​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ ដើម្បី​ទុក​ជា​ជម្រក​សត្វ ​និង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ។​

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«ប្តឹង​អំពើ​ហិង្សា​បាន​វាយ​លើ​ប្រជា​ពលរដ្ឋ ​លើ​រូប​ខ្ញុំ​អី​បាក់​ដៃ ​បាក់​ជើង ​ត​ដែក​ ត​អ៊ី​អ៊ីចឹង។​ ហើយ​បើ​ខ្ញុំ​នៅ​ការពារ​ព្រៃ​ឈើ​នៃ​វត្ត​មេត្តា​ធម្មជាតិ​ហ្នឹង ​យើង​គ្រាន់​តែ​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​មើល ​ហើយ​សត្វ​ជ្រក​គ្រប់​ប្រភេទ ​ម្ល៉ោះ​ហើយ​ ខ្ញុំ​ការពារ​ទៅ»។

អ្នកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​កំណត់​ព្រំ​សហ​គមន៍​ឱ្យ​បាន​ច្បាស់​ ព្រោះ​អ្នកស្រី​ថា​ ​ក្រុម​ទាហាន​នោះ ​តែង​តែ​ប្រើ​ប្រាស់​គ្រឿង​ចក្រ ​ដើម្បី​ឈូស​ឆាយ​ព្រៃ​សហ​គមន៍​ជា​បន្ត​បន្ទាប់។​

អ្នកស្រី​បន្ថែម​ថា៖ ​«ខ្ញុំ​អត់​ចង់​បាន​អី​ទេ។ ​ចង់​ថា​ប្រជា​ពលរដ្ឋ​ គឺ​ចង់​បាន​ឱ្យ​មាន​កំណត់​ព្រំ​ឱ្យ​ទៅ​វាស់​វែង​ឱ្យ​ប្រជា​ពលរដ្ឋ​ប៉ុន្មាន ​ទាហាន​ប៉ុន្មាន​ ឱ្យ​ដឹង​ព្រំ​គេ​ ព្រំ​ឯង​មក ​ស្រណុក​ប្រជា​ពលរដ្ឋ​ខ្ញុំ​ រស់​ស្រួល​ផង។​ អត់​បាន​រក​ស៊ី​អី​ទេ ​គិត​តែ​នៅ​ការពារ​ព្រៃ​ហ្នឹង​ លោកគ្រូ អើយ! ​ រាល់​ថ្ងៃ​ហ្នឹង​ពិបាក​ណាស់»។

ស្រ្តី​ម្នាក់​ដែល​អះអាង​ថា​ ជា​ភរិយា​របស់​លោក​ អៀម​ ម៉ៅ ​និង​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ ស្វាមី​របស់​អ្នកស្រី​ឈ្មោះ ​អៀម ម៉ៅ ​បាន​វាយ​ប្រជា​ពលរដ្ឋ។​

ស្រ្តី​រូប​នេះ​ថ្លែង​ថា៖​ «ក្នុង​ឆ្នាំ​ ២០២២​ ប្តី​ខ្ញុំ​មិន​ដែល​ទៅ​វាយ​ពី​ណា​គេ​ផង។​ និយាយ​រួម​ដី​ហ្នឹង​ រឿង​ដី​ហ្នឹង​មិន​មែន​ជា​ដី​របស់​ ង៧០​ទេ។ ​កាសែត​ល្មមៗ ​ គាត់​នៅ​តែ​ឆ្ងល់​ថា ​នៅ​តែ​យល់​ច្រឡំ​ថា​ ជាដី​របស់​ ង៧០។ ​គាត់​នៅ​តែ​យល់​ច្រឡំ​ថា​ ដីហ្នឹង​របស់ ​ង៧០ ។ ​ ហើយ​ទាហាន​គាត់​ចេញ​ចូល​ជា​ធម្មតា ​ គាត់​ទៅ​គេង​នៅ​ផ្ទះ​ខ្ញុំ។​ ផ្ទះ​ខ្ញុំ​នៅ​ក្រោយ​ដី​ហ្នឹង​ ហើយ​ចម្ការ​វា​ទើប​ជាប់​គ្នា។ ​ហើយ​ដី​ហ្នឹង ​ប្តី​ខ្ញុំ​មាន​ឈ្មោះ​មែន​៥​ហិកតា​ និយាយ​ទៅ ​[ដែល]​ទាហាន ​ង៧០ ​ប៉ុន្មាន​នាក់។​ តែ​ដី​ហ្នឹង​ធំ​បំផុត​ គោល​បំណង​របស់​[កងពល]​រថ​គ្រោះ​ទេ ​ហើយ​នៅ​តែ​យល់​ច្រឡំ​ថា​ ដី​របស់​ទ័ព​ប្តី​ខ្ញុំ ​អៀម ម៉ៅ ៗ​ អ៊ីចឹង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ លោក ​ផេង ស៊ីភ័ណ បាន​នៅ​ឡើយ​ទេ។​

អភិបាល​ខេត្ត​កំពង់ស្ពឺ ​លោក​ វ៉ី សំណាង​ ប្រាប់​វីអូអេ​ថា​ លោក​និង​អាជ្ញាធរ​បាន​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ប្រជា​សហ​គមន៍​ និង​ក្រុម​យោធា​ជា​ច្រើន​លើក ​ច្រើន​សា ​ប៉ុន្តែ​មិន​ទាន់​រក​ចំណុច​រួម​ឃើញ​នៅ​ឡើយ​ទេ។ ​លោក​បន្ថែម​ថា​ ក្រុម​ការងារ​នឹង​ព្យាយាម​ដោះ​ស្រាយ​បន្ត​ទៀត ​ប៉ុន្តែ​បញ្ហា​ចម្បង ​គឺ​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បោះ​បង្គោល​បែង​ចែង​ដី​ឱ្យ​បាន​ច្បាស់​លាស់។

លោក​ថ្លែង​ថា៖ ​«ចុះ​ទៅ​ច្រើន​ដង​ហើយ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ រឿង​ព្រំ​ប្រទល់ ​នៅ​តែ​មួយ​ដណ្តើម​អញ្ចេះ​ មួយ​ដណ្តើម​អញ្ចុះ។ ​មួយ​ថា​នៅ​នេះ​ មួយ​ថា​នៅ​នោះ។ ​អ៊ីចឹង​យើង​មិន​ដឹង​កំណត់​ម៉េច​បាន​ ពីព្រោះ​ព្រំ​ដី ​វា​ទាល់​ណា តែ​គាត់​ឯកភាព​គ្នា​ទាំង​សង​ខាង»។​

លោក​អំពាវនាវ​ទៅ​អង្គការ​នានា​ដែល​មាន​ថវិកា ​សូម​ផ្តល់​ដល់​សហ​គមន៍​ ដើម្បី​បោះ​បង្គោល​កំណត់​ព្រំ​សហ​គមន៍​ឱ្យ​បាន​ច្បាស់​លាស់។​

លោក​បញ្ជាក់​ថា៖ ​«អាហ្នឹង​យើង​អត់ទាន់​បាន​ធ្វើ​អាហ្នឹង ​ដោយសារ​យើង​អត់​មាន​ថវិកា​សម្រាប់​ទ្រទ្រង់​សហ​គមន៍។​ អាហ្នឹង​សហ​គមន៍ ​គាត់​អត់​មាន​ពី​ណា​ជួយ​គាត់​ គាំទ្រ​គាត់។ ​ប្រសិន​បើ​មាន​អង្គការ​ណា​ដែល​គាត់​សល់​ថវិកា​ សល់​អី​ចុង​ឆ្នាំ​ យក​មក​ជួយ​គាត់ ​[គឺ]​ល្អ»។​

មន្ត្រី​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ លោក​ អាន ភិន​ ប្រាប់​វីអូអេ​ថា​ ករណី​នេះ​កើត​ឡើង​ដោយ​សារតែ​ទំនាស់​ដីធ្លី​រវាង​ប្រជា​សហ​គមន៍ ​និង​ក្រុម​ទាហាន​ ត្រង់​ចំណុច​ដី ​ដែល​មាន​ការ​ត្រួត​ស៊ី​គ្នា ​ដូច្នេះ​លោក​ថា​ បញ្ហា​នេះ​ត្រូវតែ​រៀប​ចំ​ឱ្យ​មាន​យន្តការ​ដោះ​ស្រាយ​ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​មួយ​នេះ។​

លោក​ថ្លែង​ថា៖ ​«ដី​ហ្នឹង ​វា​ត្រួត​ស៊ីគ្នា ​វា​ត្រួត​ស៊ី​គ្នា ​ត្រង់​ថា​ ដី​សហ​គមន៍​នៅ​តំបន់​ឈូស​ឆាយ ​ដល់​យោធា​ថា​ មិនមែន​ជា​ដី​សហ​គមន៍​ទេ។ ​អ៊ីចឹង​ឯក​ឧត្តម ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ លោក​គ្រាន់​តែ​ចុះ​ទៅ​ គឺ​គាត់​បាន​តែ​ចុះ​ទៅ ​ គាត់​គ្រាន់​តែ​សន្យា​ថា​នឹង​ឱ្យ​ក្រុម​ជំនាញ​ចុះ​កំណត់ ​បោះ​បង្គោល​និយាម​កា​ឱ្យ​បាន​ត្រឹមត្រូវ​ ទៅ​លើ​ដី​ហ្នឹង​ ថា​តើ​ដី​ណា​ជា​ដី​សហ​គមន៍​ ដីណា​ដែល​ជា​ដី​រដ្ឋាភិបាល​ធ្វើ​សម្បទាន​ឱ្យ​ក្រុម​ទាហាន។ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ យើង​អត់​ទាន់​ឃើញ​ចំណាត់​ការ​លើ​យន្តការ​ហ្នឹង​ទេ ​ការ​ដោះ​ស្រាយ​អី​ទេ»។​

គួរ​បញ្ជាក់​ថា ​ប្រជា​សហ​គមន៍​តែងតែ​អះអាង​ថា​ ទីតាំង​ដី​ដែល​ប្រជា​សហ​គមន៍​ការពារ​ព្រៃ​ឈើ​តែង​តែ​ត្រូវ​បាន​អ្នក​មាន​អំណាច​ឈូស​ឆាយ​លក់​ និង​ជួល​ជា​ហូរហែ​តាំង​ពី​ចុង​ឆ្នាំ​២០២១​មក ​ហើយ​ពួក​គេ​ថា​ ពួកគេ​តែង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ក្រោយ​មាន​ការ​កាប់​ឈូសឆាយ​តំបន់​ដី​ព្រៃ​ទាំង​នោះ ​ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។ ​

ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ ​ ​ប្រជា​សហ​គមន៍​ការពារ​ព្រៃ​ឈើ​មេត្តា​ធម្មជាតិ​ចំនួន​៧​នាក់​ក៏​ត្រូវ​បាន​លោក​ អៀម ម៉ៅ ​ប្តឹង​ឡើង​តុលាការ​ កាល​ពី​ខែ​តុលា​ ឆ្នាំ​ ២០២៣​ ពី​បទ​«ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​រំលោភ​លើ​កម្ម​សិទ្ធិ​ គំរាម​សម្លាប់ ​និង​ជេរ​ប្រមាថ» ​ប៉ុន្តែ​សំណុំ​រឿង​នេះ​ ប្រជា​សហគមន៍​ថា ​ពួក​គេ​បាន​ស្នើ​សុំ​តុលា​ការ​ឱ្យ​តម្កល់​ទុក​ដោយ​ឥត​ចាត់​ការ ​ប៉ុន្តែ​ពួកគេ​ថា​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វី​នៅ​ឡើយ​ទេ៕