ប្រជាពលរដ្ឋនៅស្រុកចំនួនពីរនៃខេត្តកំពង់ស្ពឺ បានបន្តទាមទារសំណងពីក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ដែលពួកគេចោទថា បានឈូសឆាយបំពានយកដីស្រែរបស់ពួកគេ សម្រាប់វិនិយោគលើការដាំដុះដំណាំអំពៅ។
ក្រុមប្រជាពលរដ្ឋប្រមាណជាជាង១០០នាក់ មកពីស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រនេះ បានមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឲ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយទំនាស់ដីធ្លី ដែលពួកគេមានជាមួយក្រុមហ៊ុនស្ករអំពៅចំនួនពីររបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ ២០១០។
ក្នុងដៃកាន់បណ្តាទាមទារយុត្តិធម៌ ក្រុមប្រជាពលរដ្ឋមួយចំនួនដែលចូលរួមក្នុងការតវ៉ាទាមទាររកសំណងពីក្រុមហ៊ុនស្ករអំពៅនេះ បាននិយាយថា ពួកគេពុំទាន់បានទទួលសំណងសមស្របណាមួយពីក្រុមហ៊ុនស្ករអំពៅ សម្រាប់ដីរបស់ពួកគេដែលរហូតមកដល់ពេលនេះ បានក្លាយជាចម្ការអំពៅ។
អ្នកស្រី ប៉ុក សុន វ័យ ៥១ ឆ្នាំ អ្នកតវ៉ាមកពី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ VOA ថា គ្រួសារអ្នកស្រី ដែលមានសមាជិកចំនួន៨នាក់ បានជួបប្រទះនឹងផលវិបាកផ្នែកសេដ្ឋកិច្ច នៅក្រោយពេលក្រុមហ៊ុនស្ករអំពៅបានយកដីរបស់អ្នកស្រីដោយគ្មានការផ្តល់សំណង។
អ្នកស្រីថ្លែងពន្យល់ថា៖
«ចម្ការបន្តិចបន្តួច ហូបអត់ដែលគ្រាន់ បើគេយកចម្ការ យកស្រែអស់បីហិកតាបាត់ទៅហើយ អត់មានអី ធ្វើស្រែឲ្យកូនហូបទៀតទេ ហើយទៅធ្វើការ លី យ៉ុងផាត់ ថ្ងៃណាគេដេញ ដេញទៅ ថ្ងៃណាគេឲ្យធ្វើ ឲ្យទៅ»។
អ្នកស្រីបញ្ជាក់ទៀតថា ប្រជាពលរដ្ឋប្រមាណ៤៨គ្រួសារ នៅក្នុងភូមិ ដែលអ្នកស្រីរស់នៅ មានទំនាស់ជាមួយក្រុមហ៊ុន តែក្រោយមកមានប្រជាពលរដ្ឋ២៥គ្រួសារបានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន។ អ្នកស្រីនិយាយថា អ្នកដែលបដិសេធមិនយកសំណងពីក្រុមហ៊ុន ដោយសារពួកគេយល់ថា សំណងនោះ មិនអាចឲ្យពួកគេរស់នៅក្នុងជីវភាពសមរម្យបាន ដូចគ្រាដែលពួកគេមានដីស្រែគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល។
អ្នកស្រីបន្តថា ដីគឺជាតម្រូវការចំបាច់សម្រាប់គ្រួសារអ្នកស្រី និងអ្នកភូមិផ្សេងទៀតដែលរងការបំពានពីក្រុមហ៊ុនស្ករអំពៅ របស់លោកឧកញ៉ា លី យ៉ុងផាត់។ អ្នកស្រីបន្ថែមថា ការងារដែលទទួលបានពីចម្ការអំពៅ មិនបានផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពអ្នកភូមិនោះ ហើយអ្នកភូមិត្រូវខ្ចីលុយពីគ្រឹះស្ថានផ្តល់ប្រាក់ ដើម្បីដោះស្រាយគ្រាមានធុរៈ ឬអាសន្នដូចជាជំងឺជាដើម។
បើយោងតាមការបញ្ជាក់ពីអ្នកភូមិដែលឡើងមកតវ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនមិនបានផ្តល់ដំណឹងជាមុនអំពីគម្រោងវិនិយោគចម្ការអំពៅរបស់ខ្លួននោះទេ ដែលជាហេតុធ្វើឲ្យពួកគេមិនដឹងថា តើដីរបស់ពួកគេស្ថិតក្នុងតំបន់ក្រុមហ៊ុនត្រូវវិនិយោគ ឬយ៉ាងណានោះឡើយ។ រហូតដល់ពេលក្រុមហ៊ុន ចាប់ផ្តើមឈូសឆាយដី ទើបពួកគេ ដឹងថា ដីរបស់ពួកគេបានរងផលប៉ះពាល់។ ប្រជាពលដ្ឋដែលមកតវ៉ា នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នេះ មកពីស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោក ចាន់ សុខឃឿន តំណាងប្រជាពលរដ្ឋមកពីឃុំ អមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ VOA ថា ទំហំផ្ទៃដីទំនាស់ដែលក្រុមហ៊ុន Phnom Penh Sugar កំពុងមានជាមួយប្រជាពលរដ្ឋប្រមាណ៥៦១គ្រួសារ គឺមានចំនួនជិត២.០០០ហិកតា។ រីឯ លោក ផង់ សុគិត តំណាងប្រជាពលរដ្ឋមកពីឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានបញ្ជាក់ថា ប្រជាពលរដ្ឋជាង៧០០គ្រួសារ កំពុងមានទំនាស់ជាមួយក្រុមហ៊ុន Kompong Speu Sugar។ តែលោកមិនទាន់អាចឲ្យដឹងពីទំហំដីដែលកំពុងស្ថិតក្នុងទំនាស់នេះទេ។
VOA ព្យាយាមសុំការអធិប្បាយពីតំណាងក្រុមហ៊ុន Phnom Penh Sugar តែទូរស័ព្ទរោទិ៍ គ្មានអ្នកទទួល។ VOA ក៏មិនអាចទាក់ទងលោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចផងដែរ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ VOA នៅរសៀលថ្ងៃសុក្រនេះថា មន្ត្រីក្រសួងបានទទួលញត្តិពីប្រជាពលរដ្ឋហើយលោកថា ក្រសួងនឹងធ្វើការទៅតាមនីតិវិធីសុរិយោដីដើម្បីដោះស្រាយវិវាទដីធ្លីនេះ។
«យើងមានគណៈកម្មការសុរិយោដីបីថ្នាក់ជាតិ ថ្នាក់ខេត្ត ហើយនិងថ្នាក់ក្រុង ស្រុកខ័ណ្ឌ។ អ៊ីចឹងគណៈកម្មការសុរិយោដីហ្នឹង គាត់ដោះស្រាយវិវាទតាមថ្នាក់នីមួយៗ គេមាននីតិវិធី មានគោលការណ៍ក្នុងការដោះស្រាយ ហើយការដោះស្រាយរបស់គណៈកម្មការសុរិយោដីហ្នឹងគឺ ផ្អែកលើការសម្រុះសម្រួល ជាយន្តការធំ ហើយគោលការណ៍ច្បាប់នេះ ជាបង្អែកហើយ។ អ៊ីចឹងការដោះស្រាយ គឺវាត្រូវដោះស្រាយអ៊ីចឹង»។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា ដែលទទួលបានការពឹងពាក់ពីប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធនឹងជម្លោះនេះ ថ្លែងថា រាជរដ្ឋាភិបាលត្រូវពន្លឿនការដោះស្រាយទំនាស់ដីធ្លី ជាលក្ខណៈប្រព័ន្ធសម្រាប់ជម្លោះដីធ្លី ដែលមានអាយុកាលប្រាំឆ្នាំមកនេះ។ លោកអះអាងថា បើការដោះស្រាយនៅតែធ្វើឡើង ជាលក្ខណៈក្រុម និងដាច់ដោយឡែងពីគ្នានោះ នោះជម្លោះនឹងមិនបញ្ចប់ទេ។
«លក្ខណៈប្រព័ន្ធយ៉ាងម៉េច បានន័យថា យើងឲ្យអ្នកដែលប៉ះពាល់ទាំងអស់ហ្នឹងធ្វើការចុះឈ្មោះទៅ ហើយមានគណៈកម្មការចម្រុះមក មានខាងរដ្ឋាភិបាលហើយនិងមានអ្នកដែលឃ្លាំមើល ដូចជាខាងអង្គការ ដែលធ្វើការទៅលើបញ្ហាហ្នឹងឲ្យគាត់ជួយគាត់ចូលរួមឃ្លាំមើលទៅ ក៏ដូចជាសហគមន៍អឺរ៉ុប ដែលគាត់ចូលរួមតាំងពីដំបូងដែរ។ អ៊ីចឹង យើងធ្វើជាមួយគ្នាទៅ ប្រហែលជារឿងហ្នឹងអាចបញ្ចប់បាន។ ប៉ុន្តែបើធ្វើជាដុំ ជាដុំអ៊ីចឹង វាពិបាកបានន័យថា ដោះបានតែមួយដុំទៅ មួយចំនួនទៅ ហើយអ្នកដែលនៅសល់ហ្នឹង ក៏នៅតែធ្វើការបន្តការតវ៉ាទៅទៀតទៅ»។
ឧស្សាហកម្មស្ករសផលិតពីអំពៅនៅកម្ពុជានេះ ត្រូវគេដឹងថា មានបញ្ហាចម្រូងចម្រាសជាច្រើនទាក់ទិនការរំលោភបំពានសិទ្ធិមនុស្ស។
ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនេះ មិនមែនកើតមានតែនៅក្នុងខេត្តកំពង់ស្ពឺនោះទេ វាថែមទាំងបានកើតមាននៅខេត្តមួយចំនួនទៀត រួមមានខេត្តកោះកុង និងខេត្តព្រះវិហារ។ ជម្លោះជាច្រើនផ្សេងទៀត នៅបន្តជាប់គាំង និងជាញឹកញយបានកើតជាការតវ៉ា ដូចករណីជម្លោះដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺនេះ ដោយសារកង្វះយន្តការដោះស្រាយជម្លោះជាលក្ខណៈប្រព័ន្ធ។ នេះបើយោងតាមក្រុមសង្គមស៊ីវិល ដែលតាមដានអង្កេតជម្លោះដីធ្លីក្នុងឧស្សាហកម្មស្ករអំពៅ៕