តំណាង​អ្នក​ផលិត​ស្ករ​ត្នោត​កំពង់ស្ពឺ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក្សា​ទុក​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA

រូបឯកសារ៖ កសិករម្នាក់ឡើងយកទឹកត្នោតនៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤។ 

ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ និង​​​សិទ្ធិ​ការងារ​ផ្សេង​ទៀត​ ក៏​ជា​ផ្នែក​មួយ​​ដែល​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាន​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យកម្ពុជា​ចំណេញ​ប្រាក់​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពី​ការ​​នាំ​ចេញ​ទំនិញ​ដោយ​មិន​បង់​ពន្ធ។

តំណាង​អ្នក​ផលិត​ស្ករ​ត្នោត​កំពង់ស្ពឺ​ ដែលជា​ទំនិញ​ភូមិសាស្ត្រ​ទើប​ទទួល​ស្គាល់​ និង​ការពារ​ដោយ​សហភាព​អឺរ៉ុប​ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ និង​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​ការ​ប្រឈម​នឹង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​អំពី​ការ​ដក​កម្ពុជា​ ជា​បណ្តោះអាសន្ន​ចេញ​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ Everything But Arms ឬ (EBA)។

ស្ករ​ត្នោត​កំពង់ស្ពឺ​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​និង​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩។ ស្ករ​ត្នោតកំពង់ស្ពឺ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​ខ្មែរ​ទី​ពីរបន្ទាប់​ពី​ម្រេច​កំពត​ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​ដោយ​សហភាព​អឺរ៉ុប​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។

លោក ​សំ​ សារឿន​ ប្រធាន​សមាគម​លើក​កម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ បាន​ប្រាប់​ VOA ​ក្រោយ​ការ​ចុះបញ្ជី​ស្ករ​ត្នោត​កំពង់ស្ពឺ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ថា​ លោក​មិន​ចង់​ឃើញ​ក្រុម​អ្នក​នយោបាយ​ណា​មួយ​ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​នាំ​ស្ករ​ត្នោត​កំពង់ស្ពឺ​ ទៅ​កាន់​ទី​ផ្សារ​សហភាព​អឺរ៉ុប​ ដោយ​មិន​បាច់​បង់​ពន្ធ​គយនោះ​ទេ។

​លោក​និយាយថា​ ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​អ្នក​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​ផង​ដែរ។

«ត្រូវ​តែ​ពាក់ព័ន្ធ​ ត្រូវ​តែ​ប៉ះពាល់​ក្មួយ។ បើ​សិន​ជា​អឺរ៉ុប​ឃ្លុំ​ហ្នឹង​វា​ ក៏​យើង​ស្នើ​សុំ​ដែរ​ សុំ​ថា​ ធ្វើ​ម៉េច​ឲ្យ​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា។ យើង​ត្រូវ​ថា​ កុំ​ធ្វើ​អ្វី​ដែល​មិន​គួរ​នឹង​ធ្វើ​ទីមួយ។ ទី​ពីរ​ កុំ​ធ្វើ​ទៅ​តាម​បុគ្គល​មួយ​នាក់​ ពីរ​នាក់​ ស្នើ​សុំ​ទៅ​ហើយ​ សុទ្ធ​តែ​និយាយ​អ៊ី​ចេះ​ អ៊ី​ចុះ។ អាហ្នឹង​គឺ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ។ សម្រាប់​ប្រជាជន​យើង​ ទីមួយ​ គឺ​អ្នក​ដែល​ស្នើ​សុំ​ទៅ​ពាក់ព័ន្ធ​អ្នក​ស្នើ​សុំ​ អ្នក​ដែល​និយាយ​អត់​ហេតុផល​នោះ។ អត់​ដឹង​ថា​ ប្រជាជន​កម្ពុជា​រង់​ចាំ​យ៉ាង​ម៉េចទេ»។

លោក​ សំ សារឿន​ លើក​ឡើង​បន្ត​ទៀត​ថា៖

«កន្លង​ទៅ​បាន​លើក​លែង​ពន្ធ​ គឺ​ប្រជាជន​កម្ពុជា​សប្បាយ​ចិត្ត​ណាស់​ ក៏​ប៉ុន្តែ​ដល់​ពេល​អស់​លោក​មួយ​ក្តាប់​តូច​ ដែល​តូច​បំផុត​ហ្នឹង​ មិន​ដឹង​ជា​ប្រជាជន​យ៉ាង​ម៉េច​ មិន​ដឹង​ស្រុក​ខ្មែរ​យ៉ាងម៉េច​ផងស្រែក​ទៅ​អ៊ីចេះ​ ស្រែក​ទៅ​អ៊ីចុះ ធ្វើ​ឲ្យ​មាន​បញ្ហា​កើត​ឡើង»។

តំណាង​កសិករ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ មក​ពី​បី​ស្រុក​ក្នុង​ប្រទេស​កម្ពុជា​ ​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ពិចារណា​ ការពារ​កុំ​ឲ្យ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ដ៏​មាន​សារៈសំខាន់​នេះ៖

«ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សមាគម​តំណាង​ឲ្យ​កសិករ​ បី​ស្រុក​ក្នុង​តំបន់​សមាគម​នេះ​ គឺ​សុំ​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ជន... ដែល​ធ្វើ​ឲ្យ​មាន​ការ​ជាប់​ពន្ធ​នៅ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិករ​ ព្រោះ​កសិករ​របស់​ខ្ញុំ​មិន​មែន​ធ្វើ​តែ​ត្នោត​ទេ​ គាត់​មាន​ធ្វើ​ស្រែ​ គាត់​មាន​ធ្វើ​អីៗ។ ជួន​កាល​ គាត់​ធ្វើ​ កូន​គាត់​ធ្វើ​កម្មករ​រោងចក្រ​អី​អ៊ីចឹង​ទៅ​ អាហ្នឹង​ជា​បញ្ហា​មួយ​ដែរ​ ណា​ប្អូន!»។

ក្រុម​អ្នកការពារ​សិទ្ធិ​កម្មករ​នានា​មើល​ឃើញ​ថា​ បញ្ហា​ឋានៈ​អនុគ្រោះពន្ធ​ EBA​ គឺ​ជា​វិបត្តិ​មួយ​ ដែល​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ការ​ជាប់​គាំង​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ ដោយ​ហេតុ​គណបក្សប្រឆាំង​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​តុលាការ​ខ្មែរ​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧​នោះ​ មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​វិលមក​រក​ឆាក​នយោបាយ​កម្ពុជា​វិញ។

ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ផ្សេង​ទៀត​ ក៏​ជា​ផ្នែក​មួយ ដែល​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ បាន​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះចំណេញ​ប្រាក់​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពី​ការនាំ​ចេញ​ទំនិញ​ដោយ​មិន​បង់​ពន្ធ។

ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ធ្លាក់ចុះ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ បាន​នាំ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​ប្រកាស​ការ​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ពី​ការ​ដែលអាច​ដក​ហូត​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ដដែល​នេះ​ពី​ប្រទេស​កម្ពុជា។

សហគមន៍​អឺរ៉ុប​ប្រកាស​ពី​ដំណើរ​នៃ​ការ​ដកហូត​ការ​អនុគ្រោះ​នេះ​កាល​ពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៩​ ដោយ​បាន​ផ្តល់​ហេតុផល​ត្រួសៗ​ថា ​កម្ពុជា​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ​ក្នុង​នោះ​មាន​ការ​ច្រាន​ចោល​សិទ្ធិ​នយោបាយ​ ​សកម្មភាព​រឹត​បន្តឹង​នានា​ទៅ​លើ​សង្គម​ស៊ីវិល​ ​សហជីព​ ​ការ​រិតត្បិតសេរីភាព​សារព័ត៌មាន​ ​និង​ការ​ដោះស្រាយ​បញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ​ដែល​ផ្តោត​ជា​ពិសេស​លើ​ដី​ដែល​ប្រើប្រាស់​សម្រាប់​បម្រើ​ដល់​ការ​ផលិត​ស្ករស។

លោក​ ហ៊ឹម ពិសិដ្ឋ​ អគ្គនាយក​រង​ក្រុមហ៊ុន​កែច្នៃ​ស្ករ​ត្នោត​កំពង់ស្ពឺ Confirel​ ដែល​ជា​អ្នកនាំ​ចេញ​ស្ករត្នោត​កំពង់ស្ពឺ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី ​ដូច​ជាកូរ៉េ​ និង​ជប៉ុន​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ចំពោះ​បញ្ហា​ EBA។ តែ​លោក​ជឿ​ថា​ រដ្ឋាភិបាល​កម្ពុជា​ នឹង​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដើម្បីសម្រួល​ដល់​ការ​ព្រួយបារម្ភ​របស់​អ្នក​បញ្ជា​ទិញ​ ក៏​ដូចជា​កសិករ។

ជំនួស​ឲ្យ​ការ​បារម្ភ​នឹង​លទ្ធភាព​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ EBAនេះ​ លោក ​ហ៊ឹម ពិសិដ្ឋ ​អះអាង​ថា​ ក្រុមហ៊ុន​លោក​នឹង​បង្កើន​ការ​ទិញ​ស្ករត្នោត​កំពង់ស្ពឺ​មួយ​ជា​ពីរ ឬ​មួយ​ជា​បី​ដង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។​

លោក ពិសិដ្ឋ បញ្ជាក់​ប្រាប់​ VOA ថា៖ «យើង​នឹង​ នឹង​បង្កើន​ការ​ទិញ​ហ្នឹង​ឲ្យ​បាន​មួយ​ជាពីរ​ ទៅ​មួយ​ជាបី​ដង»។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ​ស៊ាង​ ថៃ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម យល់​ថា​ កម្ពុជា​នៅ​មាន​សក្តានុពល​គ្រប់គ្រាន់​ ក្នុង​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប បើ​ទោះបី​ជា​សហគមន៍​នេះ ដក​ឋានៈអនុគ្រោះពន្ធ​ EBA ​នេះ​ ចេញ​ពី​កម្ពុជា​ជា​បណ្តោះអាសន្ន​ក៏​ដោយ​ចុះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​អះអាង​ថា​ ការ​កែទម្រង់​ជាច្រើន​ ដូច​ជា ​ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​ ដែល​រដ្ឋាភិបាល​បាន​ធ្វើ​រួច​មក​ហើយ​ និង​ដែល​កំពុង​បន្ត​ធ្វើ​ទៀត​នោះនឹង​បើក​ផ្លូវ​ឲ្យ​អ្នកជំនួញ​មាន​លទ្ធភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​សហភាព​អឺរ៉ុប។​

ជាង​នេះ​ទៅ​ទៀត​ ការ​លក់​ទំនិញ​ GI ឬ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ នឹង​នៅ​មាន​ភាព​ប្រកួត​ប្រជែង​ច្រើន​ដដែល​ ដោយសារ​តែ​ទំនិញ​នេះ​លក់បាន​ក្នុង​តម្លៃ​មួយ​ខ្ពស់​ជាង​ទំនិញ​ដទៃ៖

«ទំនិញ ​GI ​ឧទាហរណ៍​ ​ម្រេច​អ៊ីចឹង​ នៅ​អឺរ៉ុប​ហ្នឹង​ លក់​បាន​ថ្លៃ​ ដូច្នេះ​ គាត់​មាន​លទ្ធភាព​ប្រកួតប្រជែង​ ជាមួយ​ហ្នឹង​គេ​ អ៊ីចឹង​ស្ករ​ត្នោត​ ខ្ញុំ​សង្ឃឹម​ថា ដូច​អ៊ីចឹង​ដែរ។​ តែ​មាន​ GI​ គាត់​អាច​លក់​នៅអឺរ៉ុបបានថ្លៃ​ តែ​បាន​ថ្លៃ​ បាន​ន័យ​ថា​ បាន​ចំណេញ​ច្រើន​អំពី​ [ការ]​នាំ​ចេញ​ពី​កម្ពុជា​ទៅ។ ដូច្នេះ​ បើ​សិន​ជា​មិន​មាន​ EBA ក៏​គាត់​មានកម្លាំងប្រកួត។ ​ប៉ុន្តែ​បើ​សិន​ជា​មាន​ ចំណេញ​បាន​ច្រើន​ជាង​ អា​អត់​មាន»។​

លោក​ សំ សារឿន​ ប្រធាន​សមាគម​លើក​កម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ បាន​បញ្ជាក់​ទៀត​ថា​ ស្ករ​ត្នោត​កំពង់ស្ពឺ​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០។ ​បន្ទាប់​មក​ ស្ករត្នោត​ដែល​មាន​លក្ខណៈ​ពិសេស​នេះ​ ក៏​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​ប្រទេស​ថៃ​ និង​វៀត​ណាម ​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ចុះ​បញ្ជី​ស្ករ​ត្នោត​កំពង់​ស្ពឺ​ជា​ទំនិញ​ភូមិសាស្ត្រ​ និង​ដែល​ត្រូវ​បាន​ការពារ​ផងនោះ។

ចាប់​តាំង​ពី​ការ​ចងក្រង​សមាគម​ក្នុង​ឆ្នាំ​២០០៨​មក​នោះ​ សមាគម​នេះ​ មាន​សមាជិក​ដែល​ជា​អ្នក​ផលិត និង​ទិញ​ស្ករ​ត្នោត​ចំនួន​១៨៧​នាក់។ សមាគម​នេះ​ អាច​ផលិត​ស្ករត្នោត​បាន​ប្រមាណ ២០០​តោន នៅ​ឆ្នាំ​២០១៨​ ប៉ុន្តែ​ស្ករ​ដែល​អាច​លក់​ក្នុង​ឋានៈ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​បាន​ គឺ​មាន​តែ​៨០​តោន​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ក្រុមហ៊ុន​ខ្លះ​មិន​ចង់​ប្រើ​ស្លាកសញ្ញា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ។

ស្ករ​ត្នោត​កំពង់ស្ពឺ​ ដែល​បាន​ក្លាយ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ ចុះ​បញ្ជី​ការពារ​នៅសហគមន៍​អឺរ៉ុប​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ប្រភព​ដើម​មក​ពី​ស្រុក​ចំនួន​បី ​គឺ​ស្រុក​ឧត្តុង្គ ​ស្រុក​សំរោងទង​របស់​ខេត្ត​កំពង់​ស្ពឺ​ និង​ស្រុក​អង្គស្នួល​របស់​ខេត្ត​កណ្តាល៕