សហភាព​អឺរ៉ុប​ដាក់​«ស្ករត្នោត​កំពង់ស្ពឺ» ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ទី​២​របស់​កម្ពុជា

បុរស​ម្នាក់​រែក​​​បំពង់​ដាក់​ទឹកត្នោត​ទៅ​ផ្ទះ​ដើម្បី​ផលិត​ស្ករ​ត្នោត​នៅ​ភូមិសំរោងនៅភាគ​ខាងជើង​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ធ្នូ ឆ្នាំ២០១៧។

នៅ​៣​ឆ្នាំ​បន្ទាប់​ពី​ម្រេច​កំពត​របស់​កម្ពុជា​ត្រូវ​បាន​សហភាព​អឺរ៉ុប​ទទួលស្គាល់​ជា​ផ្លូវការ​ថា ​ជា​«ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ» ​ដែល​ទទួល​បាន​ការ​ការពារ​នោះ​​ ​សហភាព​អឺរ៉ុប​​ក៏​បាន​ទទួល​ស្គាល់​ផលិតផល​​«ស្ករត្នោត​កំពង់ស្ពឺ»​ជាផលិតផល​សម្គាល់​ភូមិសាស្ត្រ​​នៅ​ដើមខែ​មេសា​នេះ។

នៅ​ដើម​ខែ​មេសា​នេះ​សហគមន៍​អឺរ៉ុបបាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ​ស្ករត្នោត​កំពង់ស្ពឺ​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​ជា​ទំនិញ​សម្គាល់ភូមិសាស្ត្រ​ ឬ Protected Geographical Indications​ ​(PGI)​ ដែល​ការណ៍​នេះបាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទីពីរ​ ​បន្ទាប់​ពី​ម្រេច​កំពត។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​កែច្នៃ​ស្ករ​ត្នោត​កំពង់ស្ពឺ​ ​Confirel និង​លិខិត​របស់​ប្រធាន​គណៈកម្មការ​សហគមន៍​អឺរ៉ុប។

ក្រុមហ៊ុន​កែច្នៃ​ស្ករត្នោត​កំពង់ស្ពឺ Confirel​ បាន​ឲ្យ​ដឹង​ ក្នុង​សេចក្តី​ប្រកាស​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖​

«ស្ករ​ត្នោត​កំពង់ស្ពឺ​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​ និង​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី២​ ខែ​មេសា​ ឆ្នាំ​២០១៩។ ​នេះ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​ខ្មែរ​ទី​ពីរ​ហើយ​បន្ទាប់​ពី​ម្រេច​កំពត​របស់​កម្ពុជា​ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​ដោយ​សហ​ភាព​អឺរ៉ុប​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦»។

រូបភាពឯកសារ៖ ​ចម្ការ​ម្រេច​មួយ​កន្លែង។ ម្រេច​កំពត​របស់​កម្ពុជា​ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​ដោយ​សហ​ភាព​អឺរ៉ុប​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។

លោក​ ហ៊ឹម ពិសិដ្ឋ​ អគ្គនាយ​ករង​ក្រុមហ៊ុន​ Confirel ​មាន​ប្រសាសន៍​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ចុះ​បញ្ជី​ស្ករត្នោត​កំពង់ស្ពឺ​ ជា​ទំនិញសម្គាល់​ភូមិសាស្ត្រ​នេះ​ នឹង​ជំរុញ​ឲ្យ​មានការ​បង្កើន​ការ​ផលិត​ និង​លក់​ស្ករត្នោត​កំពង់ស្ពឺ​នេះ​ទៅ​ឲ្យសហគមន៍​អឺរ៉ុប​ និង​ប្រទេស​ផ្សេង​ទៀត​ ​នៅ​ក្រៅ​តំបន់​អឺរ៉ុប​ ​បន្ថែម​លើ​កំណើន​នៃ​ការ​លក់​ស្ករ​ត្នោត​កំពង់ស្ពឺ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។

«បី​ឆ្នាំ​ចុង​ក្រោយ​ហើយ​ ២០១៦​ ២០១៧​ ២០១៨​ ហ្នឹង​ គឺ​កើន​ យើងកើន​ កើន​ កើន​មួយ​កន្លះ ​មួយ​ជិត​មួយ​ជា​ពីរ​ មួយ​ជា​ពីរ​រហូត​ ប៉ុន្តែ​ដល់​ពេលឆ្នាំ​២០១៩​ហ្នឹង​ យើង​ក៏​គិត​រួច​ហើយ​ថា​ បើ​ចុះ​បញ្ជី​នៅ​សហគមន៍​អឺរ៉ុប​បាន​ហើយ​គឺ​យើង​ បង្កើន​ការ​លក់​ហ្នឹង​តែម្តង​ ព្រោះ​គេ​ជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​យើង។​ ហើយ​យើង​តស៊ូ​ខ្លាំង​ណាស់​ទម្រាំ​បានសហគមន៍​អឺរ៉ុប​ទទួល​ស្គាល់​ បាន​ បាន​ បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ ដូច​ថ្ងៃ​នេះ​ហ្នឹង»។

ការ​ចុះបញ្ជី​ស្ករ​ត្នោត​កំពង់ស្ពឺ​នេះ​ បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន​ ដោយ​សារ​មាន​ការ​ជំទាស់​ពី​ប្រទេស​នាំ​ចេញ​ស្ករ​ស​មួយ​ចំនួន​ដែល​នៅ​ក្រៅ​សហភាព​អឺរ៉ុប​ និងជា​សមាជិក​របស់​សហភាព​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២៨​ប្រទេស​នេះ។​ នេះ​បើ​យោង​តាម​លិខិត​របស់​លោក Jean-Claude Juncker ​ប្រធាន​គណៈកម្មការ​អឺរ៉ុប។

លិខិត​របស់​លោក Jean-Claude Juncker​ ប្រធាន​គណៈកម្មការ​អឺរ៉ុប ចុះ​ថ្ងៃ​ទី​២ ខែ​មេសា​ ឆ្នាំ​២០១៩​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ប្រទេស​ដែល​ជំទាស់​នឹង​ការ​ចុះ​បញ្ជី​របស់​ស្ករ​ត្នោត​កំពង់ស្ពឺ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​ការពារនោះ​ មាន​ប្រទេស​ស្វ៊ីស (Switzerland) និង​ប្រទេស​ប៊ែលហ្ស៊ិក​ (Belgium)។​ ក្រុមហ៊ុន Sucre Suisse SA​ ​របស់​ប្រទេស​ស្វ៊ីសបាន​លើក​ឡើង​ថា​ ​ការ​ពណ៌នា​ពី​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ គឺ​មិន​ច្បាស់លាស់​ ហើយ​មិន​ស្រប​តាម​និយម​ន័យ​របស់​ស្ករស​ដែល​កំណត់​នៅក្នុងសារា​ចរ​ក្រុម​ប្រឹក្សា​មួយ​នៃ​គណៈកម្មការ​អឺរ៉ុប។

ចំណែក​ប្រទេស​ប៊ែលហ្ស៊ិក​ បាន​ជូនដំណឹង​ពី​ការ​ជំទាស់​របស់​ខ្លួន តែ​ក្រោយ​មក​ក៏​បាន​ដកការ​ជំទាស់​របស់​ខ្លួន​វិញ។​ លិខិតរបស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​មិន​បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ជំទាស់​របស់​ប្រទេស​ ប៊ែល​ហ្ស៊ិក​ដែល​ជាសមាជិក​សហគមន៍​អឺរ៉ុប​នោះទេ។

យ៉ាង​ណា​ក្តី​មានតែ​ក្រុមហ៊ុន​ Sucre Suisse SA​ របស់​ប្រទេស​ស្វ៊ីស ​ ដែល​បង្ហាញ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​ តែ​ក្រោយ​ការ​ពិគ្រោះ​យោបល់​គ្នា​មក​នោះ​ ប្រទេស​ស្វ៊ីស ក៏​បាន​ទម្លាក់​ចោល​ការ​ជំទាស់​របស់​ខ្លួន ​ហើយ​ក៏​បាន​បើក​ផ្លូវ​ឲ្យ​ស្ករ​ត្នោត​កំពង់​ស្ពឺ​របស់​កម្ពុជា ​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​ការពារ។

លោក ​ហ៊ឹម ពិសិដ្ឋ ​អគ្គ​នាយករង​ក្រុមហ៊ុន​ Confirel​ ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា​ មាន​ការ​ពន្យល់​ដល់​ភាគី​ជំទាស់​នឹង​ការ​ចុះបញ្ជី​របស់​ស្ករត្នោត​កំពង់ស្ពឺ​ ហើយ​ក្រុមហ៊ុន​លោក​បាន​រួម​ចំណែក​ច្រើន​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ សមាគម​លើក​កម្ពស់​ស្ករត្នោត​កំពង់ស្ពឺក្នុង​ការ​ផ្តល់​ហេតុ​ផល​បញ្ជាក់​ពី​លក្ខណៈ​សម្បតិ្ត​របស់​ស្ករត្នោត​កំពង់ស្ពឺ​ ដែល​អាច​ទទួល​បានការ​ការពារ​ថា ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នោះ។

លោក​បញ្ជាក់​ប្រាប់ VOA ថា៖

«ខាង​ខ្ញុំ​ជា​ក្រុមហ៊ុន​ហ្នឹង ក៏​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ពន្យល់​ ក្នុង​ការ​ស្រាវជ្រាវ​ រក​អត្ថបទ​ ស្រាវជ្រាវ​ហើយ​និង​ឯកសារ​ មក​អំណះអំណាង​ ជាពិសេស​យក​ស្ករត្នោត​ហ្នឹង​ទៅ​វិភាគ​គុណភាព​ ហើយ​បាន​យក​គុណភាព​អស់ហ្នឹង​យក​មក​អះអាង​ប្រាប់​គេ​ថា​ ពាក្យ​ថា​ ស្ករត្នោត​ហ្នឹង​ វា​មាន​សារធាតុ​ផ្អែម​ហ្នឹង​ប៉ុណ្ណេះ​ ហើយ​សារធាតុ​រ៉ែ​ សារធាតុ​អី​ផ្សេងៗ​ ហើយ​និង​មានវត្តមាន​ហៅ​ថា​ សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ហ្នឹង​ វា​មានប៉ុណ្ណេះ​ ​ប៉ុណ្ណេះ​ យក​ទៅ​ពន្យល់​ប្រាប់​គេ​ឡើង​ច្បាស់​រហូត​ បាន​គេ​យល់​ហើយ​ បាន​គេ​ព្រម»។

​អគ្គ​នាយក​រង​ក្រុមហ៊ុន​ Confirel ​នេះ​ អះអាង​ថា​ ​វា​ជា​មោទនភាព​មួយ​របស់​កម្ពុជា​ ដែល​អាច​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ទទួល​ស្គាល់​ស្ករ​ត្នោត​កំពង់ស្ពឺ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ។​ លោក​ ហ៊ឹម ពិសិដ្ឋ​ បាន​ពន្យល់​ពី​គុណ​សម្បត្តិ​របស់​ស្ករត្នោត​កំពង់ស្ពឺ​ដែល​អាច​ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​ និង​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​សហភាព​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ទី២​ ខែ​មេសា​ កន្លង​ទៅ​នោះ។

«ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ហ្នឹង​វា​ វា​ផ្តោត​ទៅ​លើ​ចេះ​ ទី​មួយ​ទីតាំង​ ទីតាំង​ដែល​យើង​ដាំ​ដើម​ត្នោត​ ទីតាំង​ប្រមូល​ផល​ត្នោត​ហ្នឹង​ វា​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ហើយ​ទីតាំង​ហ្នឹង​វា​មាន​សណ្ឋាន​ដី​ខុស​ប្លែក​ពី​កន្លែង​ផ្សេងៗ​ អ៊ីចឹង​ធ្វើ​ឲ្យ​ ស្ករត្នោត​ហ្នឹង​វា​មាន​គុណភាព​ខុស​ពី​កន្លែង​ផ្សេង​អាហ្នឹងទីមួយ។​ ទី​ពីរ​កត្តា​ពូជ​ ​ត្នោត​ហ្នឹង​វា​មែន​ទែន​ បើ​ត្នោត​នៅ​កំពង់ស្ពឺ​ វា​មាន​ គេ​ហៅ​ថា​ អា​ពូជ​វា​ វា​របៀប​ខុស​ប្លែក​ពី​ ពី​ ពី​កន្លែង​ផ្សេងៗ។​ ហើយ​ទី​បី​ គឺ​កត្តា​បរិយាកាស បរិយាកាស​ក៏​ធ្វើ​ឲ្យ​ដំណាំ​ហ្នឹង​ វា​ វា​មាន​ រសជាតិ​ខុស​ប្លែក​ពី​ផ្សេងៗ​ដែរ។​ ឧទាហរណ៍​ ថា​បើ​សិន​ជា​យើង​យក​ពូជ​ហ្នឹង​ដដែល​ហ្នឹង​ យក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង​ ​ក៏​អត់​បាន​ដែរ​ អត់​បាន​រស​ជាតិ​អ៊ីចឹង​ដែរ»។

លោក​ សំ សារឿន​ ប្រធាន​សមាគម​លើក​កម្ពស់​ស្ករ​ត្នោត​កំពង់ស្ពឺ ​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុម​ប្រជាកសិករ​ដែល​ជា​អ្នក​ផលិត​ស្ករ​ត្នោត​មាន​ចិត្ត​ត្រេកអរ​នឹង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ទទួល​ស្ករ​ត្នោត​កំពង់ស្ពឺ​ជាទំនិញ​សម្គាល់​ភូមិសាស្ត្រ ​ឬ​ហៅ​កាត់​ថា​ ​GI។​ លោក​ថា​ ការ​ចុះ​បញ្ជី​ ផ្តល់​ផល​ចំណេញ​សំខាន់ៗ​បី​ដល់​ប្រទេស​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា៖

«ទី​មួយ​គឺ​កសិករ​ គាត់​ទទួល​បាន​កម្រៃ​ខ្ពស់​ ផលិតផល​ស្ករ​ហ្នឹង​គឺ​ វា​បាន​តម្លៃ​ខ្ពស់​ ជីវភាព​គាត់​ធូរធា​ឡើង​ បាន​ន័យថា​ អ្នក​ប្រកបមុខ​របរ​ឡើង​ត្នោត​ គាត់​មាន​កម្រិត​ធូរធា។ ទី​ពីរ​គឺ​មាន​ភាព​ល្បី​នៃ​ប្រទេស​កម្ពុជា​យើង​ ព្រោះ​យើង​ដឹង​ថា​ អត្តសញ្ញាណ​ជាតិ​ ដើម​ត្នោត​យើង​គឺ​ជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ។​ ហេតុ​ដូច្នេះ​ យើង​បាន​ចុះ​ការពារ​ស្ករត្នោត​ ដូច​ជា​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដែរ។ ​អ៊ីចឹង​ បាន​ថា​ កម្ពុជា​យើង​មាន​ការ​ល្បី​រន្ទឺ​ទៅ​លើ​អន្តរជាតិ​ ក្នុង​ការ​ផលិតផល​ដែលមាន​ស្តង់ដារ​កម្រិត​ស្តង់ដារ។​ ហើយ​ទីបី​ទៀត​នោះ​គឺ​ គឺ​សប្បាយ​ចិត្ត​បំផុត​ត្រង់​ប្រជាជន​ទូទាំង​ពិភពលោកដែល​ញ៉ាំ​ស្ករ​ត្នោត​កំពង់ស្ពឺ​គឺ​ធានា​បាន​សុខភាព​ល្អ​ មិន​ប៉ះពាល់​សារធាតុ​គីមី មិន​ព្រួយ​បារម្ភ​ ហើយ​មិន​កើត​ទឹក​នោម​ផ្អែម»។

ប្រធាន​សមាគម​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា​ ស្ករ​ត្នោត​កំពង់ស្ពឺ​ ត្រូវ​បាន​ទទួល​ស្គាល់ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១០។ ​បន្ទាប់​មក​ ស្ករត្នោត​ដែល​មាន​លក្ខណៈ​ពិសេស​នេះ​ ក៏​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ ប្រទេស​ថៃ​ និង​វៀត​ណាម នៅ​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ចុះបញ្ជី​ស្ករត្នោត​កំពង់​ស្ពឺ​ជា​ទំនិញ​ភូមិសាស្ត្រ​ និង​ដែល​ត្រូវ​បាន​ការពារ​ផងនោះ។

ចាប់​តាំង​ពី​ការ​ចងក្រង​សមាគម​ក្នុង​ឆ្នាំ​២០០៨​មក​នោះ​ សមាគម​នេះ​ មាន​សមាជិក​ជា​អ្នក​ផលិត និង​ទិញស្ករ​ត្នោត​ចំនួន​១៨៧​នាក់។ សមាគម​នេះ​ អាច​ផលិត​ស្ករត្នោត​បាន​ប្រមាណ ២០០​តោន​កាល​ពី​ឆ្នាំ​២០១៨​ តែ​ស្ករ​ដែល​អាច​លក់​ក្នុង​ឋានៈ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​បាន​ គឺ​មាន​តែ​៨០​តោន​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ក្រុមហ៊ុន​ខ្លះ​មិន​ចង់​ប្រើ​ស្លាកសញ្ញា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ។

លោក​ ហ៊ឹម ពិសិដ្ឋ អគ្គនាយករង​ក្រុមហ៊ុន​កែច្នៃ​ស្ករ​ត្នោត​កំពង់ស្ពឺ​ Confirel​ បាន​ឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​របស់​ ​លោក​នឹង​បង្កើន​ការ​នាំ​ចេញ​ស្ករ​ត្នោត​កំពង់ស្ពឺ​ឲ្យ​កើន​ពី​ជាង​១០០​តោន​ ទៅ​ជាង​២០០​តោន​នៅ​ឆ្នាំ​២០១៩​ និង​២០២០​ខាង​មុខ​ ក្រោយ​ការ​នាំ​ចេញ​ប្រមាណ​ជាង​១០០​តោន​កាល​ពី​ឆ្នាំ​មុនៗ​ ពោល​គឺ​នៅ​មុន​ការ​ចុះ​បញ្ជី​របស់​ស្ករ​ត្នោតកំពង់ស្ពឺ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​ការពារ។​ លោក​ថា​ ក្រៅ​ពី​ការ​នាំចេញ​ទៅ​ទី​ផ្សារ​នៅ​តំបន់​អឺរ៉ុប​នោះ​ ស្ករត្នោត​កំពង់ស្ពឺ​ក៏​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ កោះ​តៃវ៉ាន់​ និង​ជប៉ុន។

​ក្រោយការ​ចុះបញ្ជី​ស្ករត្នោត​កំពង់ស្ពឺ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​ការពារ​នេះ លោក​ ហ៊ឹម​ ពិសិដ្ឋ​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ បន្ត​គាំទ្រ​ និង​ការពារ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ផង​ដែរ។

«នេះ​គឺ​ជា​ជោគជ័យ​របស់​យើង​មួយ​ហើយ​ អ៊ីចឹង​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ លោក​បន្ត​ការ​គាំទ្រ​ ដំណើរការ​របស់​សមាគម​លើក​កម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ហ្នឹង​ឲ្យ​កាន់​តែ​ជោគជ័យ​តទៅ​ទៀត»។

​VOA​ មិន​ទាន់​អាចសុំ​ការ​អធិប្បាយ​ពី​លោក​ ឡៅ រាសី​ អនុប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

យ៉ាងណាក្តី​ ​លោក ស៊ាង​ ថៃ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​ ការ​សម្រេច​របស់សហភាព​អឺរ៉ុប​ដែល​ទទួល​យកស្ករត្នោតកំពង់ស្ពឺ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ កើត​មាន​ឡើង​ក្រោយ​ការ​ស្នើ​របស់​ក្រសួង​ពាណិជ្ជកម្ម។​ លោក​ថា​ ការ​ទទួល​ស្គាល់​នេះ​ នឹង​អាច​ជួយ​សម្រួល​ដល់​ការ​ទប់ស្កាត់​ការ​ក្លែង​បន្លំ​ស្ករត្នោត​កំពង់ស្ពឺ​ផងដែរ។

«ពេល​ដែល​យើង​បាន​ GI​ កាល​ណា​យើង​ក៏​ដោយ​ យើង​លក់​ទៅ​វា​មាន​ការ​បិទស្លាក​សញ្ញា​សម្គាល់​ GI ​នៅ​លើ​ផលិតផល​ហ្នឹង​ ដូច្នេះ​អា​ផលិតផល​ ដែល​គាត់​ធ្វើ​មិន​ត្រឹមត្រូវ​ គាត់​ក្លែងក្លាយ​ គឺ​គាត់​អត់​មាន​ស្លាកហ្នឹង​បិទ​ទេ​ ដូច្នេះថ្ងៃ​ក្រោយ​ទៅ ​យូរ​និង​ឆាប់​ អ្នក​ទិញ​គឺ​ថា​ គាត់​សំដៅ​ទៅ​លើ​ផលិតផល​ដែល​មាន​ម៉ាក​ត្រឹមត្រូវ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​រូបនេះ​ ឲ្យ​ដឹង​ទៀត​ថា​ ក្រសួង​កំពុង​ពិចារណា​លើ​ការ​ចុះ​បញ្ជី​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ផ្សេង​ទៀតជាទំនិញ​សម្គាល់​ភូមិសាស្ត្រ បន្ថែម​លើ​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ។ ផលិតផល​មួយ​ចំនួន​ដែល​អាច​ចុះ​បាន​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ក្នុងស្រុក​រួម​មាន ​ក្រូច​ពោធិ៍សាត់​ខេត្ត​បាត់ដំបង​ ក្រូច​ថ្លុង​ខេត្ត​ក្រចេះ​ ផ្លែ​មៀន​ខេត្ត​ប៉ៃលិន​ និង​ ពងទា​កូន​ឃុំ​ស្រែរនោង​ ​ខេត្ត​តាកែវ។

ស្ករ​ត្នោត​កំពង់ស្ពឺ​ ដែល​បាន​ក្លាយ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ ចុះ​បញ្ជី​ការពារ​នៅសហគមន៍​អឺរ៉ុប​កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ប្រភព​ដើម​មក​ពី​ស្រុក​ចំនួន​បី ​គឺ​ស្រុក​ឧត្តុង្គ ​ស្រុក​សំរោងទង​របស់​ខេត្ត​កំពង់​ស្ពឺ​ និង​ស្រុក​អង្គស្នួល​របស់​ខេត្តកណ្តាល។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សំ សារឿន​ ប្រធាន​សមាគម​លើក​កម្ពស់​ស្ករ​ត្នោត​កំពង់ស្ពឺ៕