តុលាការខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះលើអ្នកសារព័ត៌មាន លោក សុខ ឧត្តម ដែលត្រូវបានប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូប ក្រោយលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិតកន្លះឆ្នាំ។
លោក សុខ ឧត្តម អាយុ៣១ឆ្នាំ ដែលជាម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែននិងជាអ្នកសារព័ត៌មានម្នាក់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់» និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មួយថ្ងៃបន្ទាប់ពីលោកបានផ្សាយព័ត៌មានទាក់ទងនឹងទំនាស់ដីធ្លីក្នុងខេត្តកំពង់ឆ្នាំង។
លោក សុខ ឧត្តម ដែលមានទំព័រហ្វេសប៊ុកឈ្មោះ«ស្ថានីយព័ត៌មានវិទ្យុរិទ្ធិសែន» ត្រូវបានចោទប្រកាន់ថារាយការណ៍បែបញុះញង់» ឲ្យប្រជាពលរដ្ឋកាន់កាប់ដីរដ្ឋក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មេធាវីការពារឲ្យលោក សុខ ឧត្តម គឺលោក អ៊ុន ច័ន្ទថុល ប្រាប់ VOA នៅថ្ងៃអង្គារនេះថាកូនក្តីរបស់លោកបានប្រាប់តុលាការថាលោកមិនបានញុះញង់នោះទេ ហើយលោកគ្រាន់តែរាយការណ៍ព័ត៌មានតែប៉ុណ្ណោះ តាមប្រជាពលរដ្ឋដែលសុំរូបលោកឲ្យទៅជួយរាយការណ៍។ លោកមេធាវីបន្តថាតំណាងអយ្យការនៅតែបន្តចោទប្រកាន់កូនក្តីរបស់លោក តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើត្រូវរកឃើញកំហុស លោក សុខ ឧត្តម អាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំនៃបទចោទប្រកាន់នេះ។
លោកមេធាវីការពារក្តីមានប្រសាសន៍ថា៖ «ចំពោះខ្ញុំការពារ ខ្ញុំយល់ឃើញថាវាអត់មានធាតុផ្សំបទល្មើសក្នុងការចោទប្រកាន់ទៅលើមាត្រា៤៩៥ហ្នឹងទេ ដោយសារតែគាត់ជាអ្នកសារព័ត៌មានអាជីព។ គាត់ទៅយកព័ត៌មាន គាត់មិនមែនទៅញុះញង់ទេ»។
លោកមេធាវីបានការពារថាតុលាការមិនគួរប្រើក្រមព្រហ្មទណ្ឌចោទប្រកាន់កូនក្តីរបស់លោកទេ។ លោកពន្យល់ថាបើសិនជាអ្នកសារព័ត៌មានរាយការណ៍ខុស គួរតែមានការប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលក្នុងនោះមានការកែតម្រូវព័ត៌មាន ប្រសិនបើមានការផ្សាយខុស។
លោកបន្ថែមថា៖ «សំណុំរឿងនេះ អត់មានឲ្យកែតម្រូវ គឺប្តឹងហើយ ចាប់តែម្តង។ អញ្ចឹងហើយបានយើងជំទាស់។ យើងថាដូចជាធ្វើមិនត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ អញ្ចឹងហើយបានយើងសុំឲ្យដោះលែងកូនក្តីយើងចាប់ពីពេលហ្នឹងទៅ»។
បើតាមលោកមេធាវី កូនក្តីរបស់លោក ត្រូវបានប្តឹងដោយឈ្មោះ នូ សំរិទ្ធិ ដែលគេស្គាល់ថាជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ក្នុងខេត្តកំពង់ឆ្នាំង។
លោកមេធាវីមានប្រសាសន៍ថា៖ «លោក នូ សំរិទ្ធិហ្នឹង នៅក្នុងពាក្យបណ្តឹងគាត់ គាត់គ្រាន់តែថាលោក សុខ ឧត្តមហ្នឹង មានសកម្មភាពញុះញង់ បំផុសបំផុលឲ្យប្រជាពលរដ្ឋមានការតវ៉ាយកដី ដែលជាកន្លែងបាញ់គ្រាប់ពិតរបស់រដ្ឋ»។
សវនាការជំនុំជម្រះដែលមានរយៈពេលជាង២ម៉ោងក្នុងសាលកាត់ក្តីខេត្តកំពង់ឆ្នាំង មិនមានវត្តមានលោក នូ សំរិទ្ធិ ដែលជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានសឹករងខេត្តកំពង់ឆ្នាំង ដែលជាដើមបណ្តឹង ឬក៏មេធាវីរបស់លោក ចូលរួមនោះទេ គឺមានតែតំណាងអយ្យការ លោក ឡុង ស៊ីថា ដែលដាក់បន្ទុកលើអ្នកកាសែតលោក សុខ ឧត្តម។
VOAមិនអាចសុំការអត្ថាធិប្បាយពីលោក ឡុង ស៊ីថា បានទេនៅថ្ងៃអង្គារនេះ។ តុលាការនឹងប្រកាសសាលក្រមលើលោក សុខ ឧត្តម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ភរិយារបស់លោក សុខ ឧត្តម អ្នកស្រី នុត សុវន្ធូរ អាយុ៣៦ឆ្នាំ ដែលមានកូនតូច៣នាក់ មានប្រសាសន៍ថាការការចោទប្រកាន់ស្វាមីជារឿងអយុត្តិធម៌ ដោយអ្នកស្រីថាប្រជាពលរដ្ឋបានហៅស្វាមីឲ្យទៅជួយផ្សព្វផ្សាយជម្លោះដីធ្លីតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីថាស្វាមីត្រូវបានប្តឹងដោយមន្រ្តីយោធាម្នាក់ ឈ្មោះ នូ សំរិទ្ធិ ។
អ្នកស្រីមានប្រសាសន៍ថា៖ «គាត់នៅតែអះអាងអញ្ចឹងថាគាត់មិនបានទៅប្រព្រឹត្តដូចការចោទប្រកាន់របស់គេទេ ព្រោះអីគាត់ទៅ(ទី)ហ្នឹង តាមរយៈអ្នកសារព័ត៌មានម្នាក់ដែលហៅគាត់ទៅ»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំនៅតែគិតឃើញថាវាជារឿងអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំ។ ទីមួយគាត់ជាអ្នកសារព័ត៌មាន ហេតុអីមិនយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្តជាមួយគាត់»។
អ្នកស្រីឲ្យដឹងទៀតថា រាល់ការផ្សាយអត្ថបទកន្លងមក ស្វាមីរបស់អ្នកស្រី លោក សុខ ឧត្តម មានឯកសារគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយ។
មន្រ្តីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថាកន្លងទៅ លោក សុខ ឧត្តម តែងតែផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអំពើអយុត្តិធម៌ក្នុងសង្គម ការបំផ្លិចបំផ្លាញទ្រព្យសាធារណៈ និងការរំលោភបំពានរបស់អ្នកមានអំណាច។ លោកថាលោក សុខ ឧត្តម មិនបានញុះញង់អ្វីនោះទេ គឺគ្រាន់តែផ្សាយព័ត៌មាន ហើយមានការអំពាវនាវឲ្យអាជ្ញាធរពិនិត្យមើលករណីដីធ្លីនេះ។
លោកបញ្ជាក់ថា៖ «អញ្ចឹងគ្រាន់តែបំភ្លឺគេទៅ ថាអាហ្នឹងជាដីដែលរដ្ឋផ្តល់ឲ្យមកខាងយោធា គ្រប់គ្រងក្នុងនាមជារដ្ឋសម្រាប់បាញ់គ្រាប់ពិត។ អញ្ចឹងវាបានហើយ។ អត់គួរណាទៅធ្វើការប្តឹងផ្តល់ ដើម្បីបង្រ្កាបអ្នកសារព័ត៌មានហ្នឹងទេ»។
មន្រ្តីសិទ្ធិមនុស្សប្រចាំខេត្តកំពង់ឆ្នាំងរូបនេះ មិនអាចបញ្ជាក់ថាតើលោក នូ សំរិទ្ធិ មានដីធ្លីនៅតំបន់មានជម្លោះឬយ៉ាងណានោះទេ។
VOAមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក នូ សំរិទ្ធិ បាននៅឡើយទេ។
មុនពេលចាប់ខ្លួន ក្រសួងព័ត៌មានបានសម្រេចលុបចោលប្រកាសដែលអនុញ្ញាតឲ្យលោក សុខ ឧត្តម បើកស្ថានីយវិទ្យុ FM99.75MHz នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រឈ្មោះ«រិទ្ធិសែន»ដោយអះអាងថាម្ចាស់អាជ្ញាបណ្ណសារព័ត៌មានមួយនេះ«បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ឲ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្តិសុខ និងចលាចលសង្គម ដែលជាការរំលោភបំពានលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
កាលពីថ្ងៃច័ន្ទ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងបណ្តុំសមាគមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ៥៦ផ្សេងទៀត បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យ និងផ្តល់សេរីភាពពេញលេញដល់ពួកគេ។ ពួកគេបានស្នើឲ្យរដ្ឋាភិបាល ទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មានដែលពួកគេថា«គ្មានមូលដ្ឋាន និងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។
បើតាមក្រុមសិទ្ធិមនុស្សទាំងនោះ អ្នកសារព័ត៌មានយ៉ាងហោចណាស់១៣នាក់ បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ក្នុងនោះ មានមួយចំនួនត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងអំពើចារកម្មចំពោះសកម្មភាពរបស់ពួកគេក្នុងការផ្សព្វផ្សាយដំណឹងដែលមានលក្ខណៈរិះគន់តាមបណ្តាញអ៊ីនធឺណិត កាសែត និងការបញ្ចេញមតិលើបណ្តាញសង្គម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃអង្គារនេះ ក្រសួងព័ត៌មានលើកឡើងថាការចាប់ខ្លួនអ្នកសារព័ត៌មាន គឺ«អនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់» មិនមែនរំលោភបំពាន និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ៕